តាមរយៈ​ពាណិជ្ជកម្ម​ សមាជិក​ WTO​ សន្យា​ផ្តល់​ជំនួយ​ដល់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​

សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ចំនួន​6 បាន​សន្យា​រួមបញ្ចូល​គ្នា​នូវ​ទឹកប្រាក់​ចំនួន​ 13​ លាន​ដុល្លារ​ ដើម្បី​ផ្តល់​ជា​ហិរញ្ញប្បទាន​ដល់​ក្របខ័ណ្ឌ​ចម្រុះ​ដែល​រួមបញ្ចូល​ Enhanced​ Integrated​ Framework​ឬ EIF​ ដែល​នេះ​ជា​ការ​បង្ហាញ​យ៉ាង​សំខាន់​នូវ​ការ​គាំទ្រ​ដល់​ពាណិជ្ជកម្ម​ជា​ឧបករណ៍​អភិវឌ្ឍន៍​។

ការសន្យា​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ដែល​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ទៅកាន់​ សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ និង​ដៃគូ​អភិវឌ្ឍន៍​នានា​នៅ​ឯអង្គការ​ពិគ្រោះ​យោបល់​ពិភពលោក​ សម្រាប់​ជំនួយ​ពាណិជ្ជកម្ម​សកល​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ ដែល​សម្តេច​បាន​អំពាវនាវ​ សុំ​ឱ្យ​មានការ​គាំទ្រ​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ (Less​ Deverlopment​ Country​ ឬ LDC​) នៅពេល​ពួកគេ​ខិតខំ​លុបបំបាត់​ភាព​ក្រីក្រ​ និង​បង្កើន​ទ្រព្យសម្បត្តិ​ជាតិ​។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​អង្គការសហប្រជាជាតិ​ ប្រទេស​អូស្ត្រាលី​ ដាណឺម៉ាក​ ហ្វាំងឡង់​ អាល្លឺម៉ង់​ ជប៉ុន​ និង​ស៊ុយអែត​ បាន​ប្រកាស​ពី​ការ​ប្តេជ្ញា​ចិត្ត​ថ្មី​ចំពោះ​ EIF​ ក្នុងអំឡុងពេល​ ពិនិត្យ​ឡើងវិញ​នូវ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​សកល​។

លោកស្រី​ Cecilia​ Scharp​ នាយក​នៃ​អង្គការ​អន្តរជាតិ​ និង​ជំនួយ​ផ្នែក​គោលនយោបាយ​ នៅ​ ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរ​ជា​តិ​ស៊ុយ​អ៊ែ​ត(Sida​)បាន​ប្រកាស​អំពី​ការ​រួមចំណែក​ដល់​ EIF​ ចំនួន​ 5លាន​ 4សែ​នក្រូ​ណា​(ប្រាក់​ស៊ុយអែត​)ឬស្មើនឹង​ 5,4លាន​ដុល្លារ​អាមេរិក​។ ទឹកប្រាក់​នេះ​នាំមក​នូវ​ចំនួន​សរុប​នៃ​ការ​គាំទ្រ​របស់​ស៊ុយ​អែ​ដដល់ទៅ​ 150លា​នក្រូ​ណា​សម្រាប់​ឆ្នាំ2017​-2022​។

លោកស្រី​បាន​ថ្លែង​ថា​៖“ទាំងនេះ​ ទាក់ទង​ទៅ​នឹង​គុណភាព​ផលិតផល​ បទដ្ឋាន​ ស្តង់ដារ​ កម្រិត​នៃ​សមត្ថភាព​ប្រកួតប្រជែង​ សមត្ថភាព​ ស្ថាប័ន​ លទ្ធភាព​ចូល​ទីផ្សារ​ យុទ្ធសាស្ត្រ​ និង​គោលនយោបាយ​សមស្រប​។ ប្រទេស​ស៊ុយ​អ៊ែ​តមាន​មោទនភាព​ក្នុងនាម​ជា​ម្ចាស់​ជំនួយ​ក្នុង​ការ​រួមចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ EIF​ ក្នុង​ការ​ជួយ​ដល់​បណ្តា​ប្រជាពលរដ្ឋ​ក្រីក្រ​ ក្នុង​ការ​លើកកម្ពស់​ពាណិជ្ជកម្ម​ និង​ជា​យន្តការ​សម្រាប់​ការ​អភិវឌ្ឍ​កំណើន​ និង​ការ​លុបបំបាត់​ភាព​ក្រីក្រ​”។

EIF​ ធ្វើការងារ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ពាណិជ្ជកម្ម​ក្នុង​ភាពជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​លទ្ធិប្រជាធិបតេយ្យ​ ស្ថាប័ន​អភិវឌ្ឍន៍​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ក៏ដូចជា​គំនិត​ផ្តួចផ្តើម​ជំនួយ​ សម្រាប់​ពាណិជ្ជកម្ម​។ EIF​ ធ្វើការ​ចាប់ពី​តំបន់​អាហ្វ្រិក​ និង​អាមេរិក​ ទៅ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ដោយ​បាន​ជួយ​ដល់​ប្រទេស​ចំនួន​ 41​ ធ្វើស​មា​ហរ​ណកម្ម​ពាណិជ្ជកម្ម​ទៅ​ក្នុង​ផែនការ​អភិវឌ្ឍន៍​ជាតិ​របស់​ខ្លួន​ខណៈ​ដែល​គាំទ្រ​ដល់​សហគ្រាស​ខ្នាត​តូច​ជាមធ្យម​ 1,300សហគ្រាស​ និង​ស្ត្រី​ជាង​ 35.000នាក់​។

ការចូលរួម​ក្នុង​ពាណិជ្ជកម្ម​សកល​ គឺ​មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយមាន​ឧបសគ្គ​ និង​ឧបសគ្គ​មួយចំនួន​ដែល​ត្រូវ​យកឈ្នះ​លើ​បណ្ដា​ប្រទេស​ក្រីក្រ​ដើម្បី​ចូល​ រួម​ប្រកបដោយ​អត្ថន័យ​ និង​សមភាព​នៅក្នុង​ពាណិជ្ជកម្ម​អន្ដរ​ជាតិ​។

លោក​ Ratnakar​ Adhikari​ នាយក​ប្រតិបត្តិ​របស់​ EIF​ បាន​មានប្រសាសន៍​ថា​៖“ការ​ប្តេជ្ញា​ ចិត្ត​ ដែល​បាន​គ្រោងទុក​ទាំងនេះ​ពី​ម្ចាស់​ជំនួយ​របស់​យើង​នឹង​ជួយ​យ៉ាងច្រើន​ដល់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដែល​កំពុងធ្វើការ​នៅក្នុង​បរិយាកាស​ពាណិជ្ជកម្ម​ដ៏​លំបាក​ និង​នៅក្នុង​ការ​វិវឌ្ឍ​នៃ​ការ​ផ្លាស់​ប្តូរ​របស់​ពិភពលោក​។ រយៈពេល​ 10ឆ្នាំ​ EIF​ បាន​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ LDC​ ហើយ​យើង​បានឃើញ​ ភាព​ជោគជ័យ​ជា​បណ្តើរ​។ ប៉ុន្តែ​យើង​ត្រូវការ​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ហើយ​យើង​សង្ឃឹមថា​ អ្នកដទៃ​នឹង​ចូលរួម​ជាមួយ​ពួក​យើង​ ក្នុង​ការ​ដាក់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅក្នុង​កៅអី​អ្នកបើកបរ​សម្រាប់​ការ​អភិវឌ្ឍ​រួមគ្នា​”។

យោង​តាម​សេចក្តី​ថ្លែងការណ៍​បានឱ្យ​ដឹង​ថា​ ការ​ប្តេជ្ញា​ចិត្ត​ថ្មី​ដែល​បាន​គ្រោងទុក​ គឺ​ដើម្បី​ EIF​ ធ្វើការ​ដោះស្រាយ​ដោយ​ផ្ទាល់​នូវ​កង្វះខាត​ពាណិជ្ជកម្ម​ របស់​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ តាមរយៈ​វិធីសាស្ត្រ​រួម​ ដែល​ជា​ការស្រាវជ្រាវ​ផ្អែកលើ​ភ័ស្តុតាង​យុទ្ធសាស្ត្រ​ តាម​វិស័យ​ដែល​ផ្តោត​លើ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​ការសម្រប​សម្រួល​របស់​រដ្ឋាភិបាល​ដែល​ធ្វើ​ឱ្យ​មានការ​ងារ​ដោយ​ផ្ទាល់​នៅនឹង​កន្លែង​។

ប្រទេស​អភិវឌ្ឍន៍​តិចតួច​ចំនួន​ 47​ នៅ​លើ​ពិភព​លោក​ មាន​ប្រជាជន​ច្រើនជាង​ 1,000លាន​នាក់​។ទោះ​យ៉ាងណាក៏ដោយ​ ទំហំ​រួម​របស់​ពួកគេ​នៃ​ពាណិជ្ជកម្ម​សកល​ គឺ​តិច​ជាង​ 1%។ នេះ​បើ​យោង​តាម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ ប្រជាជាតិ​ LDC​មាន​ភាព​ងាយ​រងគ្រោះ​ ដោយសារ​វិបត្តិ​ នៅ​ខាងក្រៅ​ដូចជា​ការប្រែប្រួល​តម្លៃ​ទំនិញ​ ខណៈ​ពេល​ដែល​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត​ក្នុង​ កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ របស់​ប្រជាជន​ម្នា​ក់ៗ​ស្ថិតនៅ​ក្រោម​អត្រា​ដែល​ចាំបាច់​ដើម្បី​លុបបំបាត់​ភាព​ក្រីក្រ​ខ្លាំង​។

សម្ដេច​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​មានប្រសាសន៍​ថា​៖“រដ្ឋាភិបាល​មានបំណង​ផ្លាស់​ប្តូរ​ប្រទេស​កម្ពុជា​ទៅជា​ប្រទេស​ ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​ជាង​មុន​នៅ​ឆ្នាំ2030​ និង​ស្រុក​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​ជាង​ឆ្នាំ2050​។ ដើម្បី​សម្រេច​បាន​ ខ្ញុំ​សូម​អំពាវនាវ​ដល់​សមាជិក​ទាំងអស់​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ និង​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​បន្ត​គាំទ្រ​ដល់​ពួក​យើង​ និង​បណ្ដា​ប្រជាជាតិ​អភិវឌ្ឍន៍​ដទៃទៀត​ដើម្បី​ជួយ​យើង​បង្កើន​ការប្រកួត​ប្រជែង​របស់​យើង​”។

លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​ថា​៖“នៅក្នុង​គោលការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ប្រទេស​ជាស​មា​ជិ​កគ្រប់​ប្រទេស​តែង​មានការ​ផ្លាស់​ប្តូរ​ទំនិញ​ទៅវិញទៅមក​ដោយ​ ដោយ​ស្មើភាព​ និង​ដោយ​ស្របច្បាប់​។ ទន្ទឹម​នឹង​នេះ​គេ​ក៏​ជួយ​អភិវឌ្ឍ​ដល់​ប្រទេស​ក្រីក្រ​មួយចំនួន​ដែរ​ដែល​ហៅថា​ ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ដូចជា​ប្រទេស​យើង​ ជាដើម​”។

លោក​ឧកញ៉ា​ បាន​បន្ត​ទៀត​ថា​៖“ដូចជា​ប្រទេស​យើង​ កន្លងមក​បាន​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតទាប​ ដែល​ក្នុង​កម្រិត​នេះ​គេ​បាន​អញ្ជើញ​សម្តេច​នាយក​រដ្ឋមន្ត្រី​ធ្វើ​បទ​បង្ហាញ​ពី​ការ​អភិវឌ្ឍ​ប្រទេស​ គឺ​គេ​បាន​ទទួលស្គាល់​ថា​ យើង​មានការ​រីក​-ចម្រើន​ ហើយ​ជា​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ គឺ​គេ​បាន​ផ្តល់​ឱ្យ​ការ​អនុគ្រោះ​ពន្ធ​ ដូចជា​ EBA​ GSP​ ជាដើម​ ក្នុង​ការ​ទ្រទ្រង់​សេដ្ឋកិច្ច​”។

ឧកញ៉ា​ លឹម​ហេង​បាន​បញ្ជាក់​ទៀត​ថា​៖“ដូច្នេះ​ប្រទេស​ជាស​មា​ជិ​កត្រូវ​ទទួលផល​ប្រយោជន៍​ពីWTO​ យើង​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅឡើយ​ យើង​ក៏បាន​អំពាវនាវ​សុំ​ឱ្យ​មានការ​គាំទ្រ​ ហើយ​សមាជិក​ WTO​ មួយចំនួន​ក៏បាន​សន្យា​ផ្តល់​ជំនួយ​ ដូចដែល​យើង​ឃើញ​ហើយ​ថា​ សហគមន៍​អឺរ៉ុប​ក៏​បាន​ជួយ​យើង​ចំនួន​ 10ពាន់​លាន​ដុល្លារ​សម្រាប់​រយៈពេល​ 5ឆ្នាំទៅ​មុខ​ទៀតផង​ដែរ​៕

Advertisement