ឆមាស​ដើមឆ្នាំ​នេះ​ កម្ពុជា​ទទួល​បាន​ជើងហោះហើរ​កើនឡើង15​%

July 20, 2019​ ម៉ោង 10:54 am

មួយ​រយៈ​ចុងក្រោយ​នេះ​ វិស័យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ ទទួល​បានការ​ហោះហើរ​ត្រង់​មក​ពី​បណ្តា​ប្រទេស​នានា​ច្រើនជាង​មុន​ ជាពិសេស​ពី​ប្រទេស​ដែល​ស្ថិតនៅ​ក្នុង​តំបន់​អាស៊ាន​តែម្ដង​ ដូចជា​ប្រទេស​ចិន​ សាំងហ្គាពួរ​ ម៉ាឡេស៊ី​ ឥណ្ឌូ​នេ​ស៊ី​ ហ្វីលីពីន​ ថៃ​ វៀតណាម​ ឡាវ​ ជាដើម​ ដែល​ការណ៍​នេះ​កាន់តែ​ជួយ​ជំរុញ​ឱ្យ​វិស័យ​មួយ​នេះ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​ ដែល​ជា​លទ្ធផល​ ក្នុងរយៈពេល​6ខែ​ដើមឆ្នាំ2019នេះ​ កម្ពុជា​ទទួល​បាន​ជើងហោះហើរ​សរុប​រហូតដល់​ 20,433លើក​ កើនឡើង​ប្រមាណ​ 15​% បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ឯកឧត្តម​ ស៊ិន​ ចាន់​សិរី​វុត្ថា​ អ្នកនាំពាក្យ​ រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​៖“នៅក្នុង​រយៈពេល​ 6ខែ​ដើមឆ្នាំ2019​ កន្លងទៅ​នេះ​ វិស័យ​ដឹកជញ្ជូន​តាមផ្លូវអាកាស​របស់​កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ​ ដោយ​ចំនួន​ជើង​ហោះហើរ​បាន​កើនឡើង15​% ហើយ​ចំនួន​អ្នកធ្វើ​ដំណើរ​ក៏​មានការ​កើនឡើង​ 25​%ដែរ​”។

ឯកឧត្តម​បន្ត​ឱ្យ​ដឹង​ថា​៖“ក្នុងរយៈពេល​ 6ខែ​ដើមឆ្នាំ​នេះ​ ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ មាន​ការហោះហើរ​សរុប​ចំនួន​ 4,589ជើង​ ដោយ​ការហោះហើរ​អន្តរជាតិ​មាន​ចំនួន​ 1,648លើក​ ហើយ​ក្នុង​ស្រុក​មាន​ចំនួន​ 2,941លើក​។ ព្រលា​នយន្តហោះ​ខេត្តសៀមរាប​ មានការ​ហោះហើរ​អន្តរជាតិ​ចំនួន​ 8,189លើក​ និង​ជើងហោះហើរ​ក្នុង​ស្រុក​ 2,776លើក​។ ដោយឡែក​ ព្រលា​នយន្តហោះ​ខេត្ត​ព្រះសីហនុ​ មានការ​ហោះហើរ​សរុប​ចំនួន​ 4,151លើក​ ក្នុង​នោះ​ការហោះហើរ​អន្តរជាតិ​មាន​ចំនួន​ 2,638លើក​ ហើយ​ក្នុង​ស្រុក​មាន​ចំនួន​ 1,513លើក​ និង​ជើងហោះហើរ​ជា​លក្ខណៈ​ជួល​ (Charter​ Fly​) មាន​ចំនួន​ 728លើក​”។

ជាមួយនឹង​ការ​កើនឡើង​នៃ​ជើងហោះហើរ​នេះ​ គេ​ក៏​សង្កេតឃើញ​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​ ក៏​មានការ​កើនឡើង​ផង​ដែរ​ ជាពិសេស​ភ្ញៀវ​ទេសចរ​ចិន​ជាង​ 1.1លាន​នាក់​ បាន​មក​ទស្សនា​កម្ពុជា​ក្នុងរយៈពេល​ 5ខែ​ដំបូង​នៃ​ឆ្នាំនេះ​ គឺ​កើនឡើង​ 40​% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ក្រ​សួង​ទេសចរណ៍​កម្ពុជា​។

របាយការណ៍​នេះ​បាន​បន្ត​ឱ្យ​ដឹង​ថា​ ប្រទេស​ចិន​នៅ​តែ​ជា​ប្រភព​ភ្ញៀវ​ទេសចរ​បរទេស​ច្រើនជាង​គេ​នៅ​កម្ពុជា​ ដែល​មាន​ចំនួន​ 38​% នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប​មក​កម្ពុជា​ក្នុង​អំឡុង​ខែមករា​ដល់​ខែឧសភា​ឆ្នាំនេះ​។

ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ចិន​គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​។ លោក​បាន​បន្ត​ថា​៖“យើង​សង្ឃឹមថា​ នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ប្រហែល​ 2.6លាន​នាក់​ក្នុង​ឆ្នាំ2019​ នេះ​ និង​ចំនួន​ 3លាន​នាក់​នៅ​ឆ្នាំ2020​ ហើយ​ចំនួន​នេះ​នឹង​កើន​ដល់​ 5លាន​នាក់​នៅ​ឆ្នាំ2025​ និង​រហូតដល់​ 8លាន​នាក់​នៅ​ឆ្នាំ2030​”។ យោង​តាម​របាយការណ៍​នេះ​បានឱ្យ​ដឹង​ថា​ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ 2.89​លាន​នាក់​បាន​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ ក្នុងរយៈពេល​ 5ខែ​ដំបូង​នៃ​ឆ្នាំនេះ​ គឺ​កើនឡើង​ 11.4​% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

កាលពី​ឆ្នាំ2018​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ 6.2លាន​នាក់​ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​មាន​ចំនួន​ 2លាន​នាក់​ ហើយ​កម្ពុជា​ទទួល​បាន​ប្រាក់ចំណូល​សរុប​ចំនួន​ 4.35ពាន់​លាន​ដុល្លារ​អាមេរិក​ ពី​វិស័យ​ទេសចរណ៍​ ដោយ​វិស័យ​នេះ​រួមចំណែក​ 12,7​% ដល់​ផលិតផល​ក្នុង​ស្រុក​សរុប​កម្ពុជា​។ នេះ​បើ​តាម​លោក​រដ្ឋមន្ត្រី​បាន​បញ្ជា​ក់់​។

លោកស្រី​ ឆាយ​ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ថា​៖ “នៅពេល​ដែល​វិស័យ​ហោះហើរ​កាន់តែ​មាន​ភាព​ទូលំទូលាយ​ វា​នឹង​ជួយ​ជំរុញ​ឱ្យ​កម្ពុជា​កាន់តែ​មានឱកាស​អូសទាញ​បណ្តា​ភ្ញៀវ​ទេសចរ​ ក៏ដូចជា​អ្នក​វិនិយោគ​នានា​ឱ្យ​ចូល​មក​ស្វែងយល់​ពី​កម្ពុជា​ ដើម្បី​រក​ឱកាស​វិនិយោគ​”។

លោកស្រី​បាន​បញ្ជាក់​ថា​៖“ពេលនេះ​កម្ពុជា​កំពុងតែ​មាន​ភាព​ទាក់ទាញ​លើ​វិស័យ​ហោះហើរ​កាន់តែ​ច្រើន​ ខណៈ​ដែល​បណ្តា​ប្រទេស​នានា​នៅ​លើស​កល​លោក​ក៏​កំពុងតែ​ពិចារណា​ភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​ដែរ​។ ខ្ញុំ​ក៏​សូម​បង្ហាញ​ពី​ភាព​សាទរ​ជាមួយនឹង​សមិទ្ធផល​ដែល​វិស័យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ទទួល​បាន​នៅពេល​នេះ​”។ ស្របគ្នា​នេះ​ដែរ​ កិច្ចប្រជុំ​កម្រិត​អគ្គនាយក​ទេសចរណ៍​អាស៊ាន​លើក​ទី50​ (ASEAN​ NTOs​) ជា​ផ្លូវការ​នៅ​ខេត្តសៀមរាប​ ក៏បាន​ជំរុញ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា​ឱ្យ​ចូលរួម​ជំរុញ​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នេះ​ឡើង​ ដោយ​លើកទឹកចិត្ត​ឱ្យ​មានការ​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ និង​ពង្រីក​ការហោះហើរ​ត្រង់​បន្ថែម​ឱ្យ​បាន​ច្រើន​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​កាន់តែ​ច្រើន​ និង​ទាក់ទាញ​ការ​តភ្ជាប់​ការហោះហើរ​ត្រង់​ពី​បណ្ដា​ប្រទេស​គោលដៅ​នានា​។ ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ប្រទេស​សមាជិក​អាស៊ាន​ត្រូវ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ដោះស្រាយ​រួមគ្នា​ ក្នុង​នោះ​ត្រូវ​ជំរុញ​ការ​ធ្វើដំណើរ​ទស្សនា​កម្សាន្ត​ផ្ទៃក្នុង​អាស៊ាន​ឱ្យ​បាន​ផុសផុល​ឡើង​ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ទទួល​បាន​កំណើន​ជាមធ្យម​ 4%ក្នុង​ 1ឆ្នាំ​ និង​ជំរុញ​ឱ្យ​ទេសចរ​ អាច​ធ្វើដំណើរ​ទស្សនា​កម្សាន្ត​បាន​ដោយខ្លួនឯង​ ពិសេស​ដំណើរ​កម្សាន្ត​ឆ្លង​ប្រទេស​។

យោង​តាម​របាយការណ៍​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​បាន​បង្ហាញថា​ ពេញ​មួយឆ្នាំ2018​ តំបន់​អាស៊ាន​ទាំងមូល​ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រមាណ​ 135លាន​នាក់​ កើនឡើង​ 7.6​%៕