កូរ៉េ-កម្ពុជា ជំរុញការបង្កើនកូតាសម្រាប់ពលករកម្ពុជា នៅឆ្នាំបន្តបន្ទាប់

សាធារណរដ្ឋ​កូរ៉េ​ នឹង​បន្ត​បង្កើន​កូតា​សម្រាប់​ពលករ​កម្ពុជា​បន្ថែម​ទៀត​ នៅក្នុង​ឆ្នាំ​បន្តបន្ទាប់​ ដោយសារតែ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​ បាន​អនុវត្ត​ទៅ​យ៉ាង​ល្អ​ប្រសើរ​ និង​កិច្ចសហការ​ល្អ​ រវាង​ប្រទេស​ទាំង2​ កម្ពុជា​-កូរ៉េ​។ នេះ​ជា​ការ​លើកឡើង​របស់​លោក​បណ្ឌិត​ KIM​ DONG​ MAN​ ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ​ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ ឯកឧត្តម​បណ្ឌិត​ អ៊ិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នា​ព្រឹក​ថ្ងៃទី​22​ ខែកក្កដា​ ឆ្នាំ​2019​ ស្តី​ពី​ប្រព័ន្ធ​អនុគ្រោះ​ការងារ​(EPS​) នៅ​ទី​ស្តី​ការក្រ​សួង​។

ឯកឧត្តម​ អ៊ិ​ត សំ​ហេង​ បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ HRD​-KOREA​ ដែល​បន្ត​ជួយ​ជ្រើសរើស​កម្លាំង​ពលកម្ម​បរទេស​ ជាពិសេស​បងប្អូន​ពលករ​-ពល​ការិនី​កម្ពុជា​។ លោក​រដ្ឋមន្ត្រី​សង្ឃឹមថា​ ក្នុង​អាណត្តិ​ការងារ​របស់​លោក​បណ្ឌិត​ KIM​ DONG​ MAN​ រយៈពេល​ 3ឆ្នាំនេះ​ នឹង​កាន់តែ​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​គណៈកម្មាធិការ​បណ្តុះបណ្តាល​ និង​បញ្ជូន​ពលករ​ទៅបរទេស​ នៃ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​(MTOSB​) និង​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​ក្រសួង​មុខរបរ​ និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ​ (HRD​-KOREA​) នឹង​កាន់តែ​ប្រសើរ​ឡើង​បន្ត​ទៀត​។

ទន្ទឹម​នឹង​នេះ​ដែរ​ លោក​ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ​ ប្តេជ្ញា​ជំរុញ​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ លើ​វិស័យ​នៃ​ការ​បញ្ជូន​ពលករ​នេះ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​ ដើម្បី​បម្រើ​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រទេស​ទាំង2​។

ក្នុង​ឱកាស​នោះ​ដែរ​ ភាគី​កូរ៉េ​នឹង​ផ្តល់​ជូន​នូវ​អ្នកបច្ចេកទេស​ ដើម្បី​ជួយ​បណ្តុះបណ្តាល​ផ្នែក​បច្ចេកវិទ្យា​ដល់​ពលករ​កម្ពុជា​ ដែល​កំពុង​បម្រើការ​ងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​ ឱ្យ​ទទួល​បាន​ជំនាញ​ខាង​បច្ចេកវិទ្យា​នេះ​កាន់តែ​ប្រសើរ​ ខណៈ​ពួកគេ​ត្រឡប់​មក​ស្រុកកំណើត​វិញ​ នឹង​មាន​ជំនាញ​មួយ​ច្បាស់លាស់​បន្ថែម​ទៀត​។

សូម​បញ្ជាក់​ថា​ ចាប់ពី​ឆ្នាំ​2007​មក​ ការ​ប្រឡង​តេ​ស្ត​សមត្ថភាព​កូរ៉េ​(EPS​-TOPIK​) រៀបចំ​បាន​ចំនួន​ 16​លើក​មក​ហើយ​(លើក​ទី​16​ កំពុង​អនុវត្ត​) ដែល​អនុវត្ត​ដោយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​ក្រសួង​មុខរបរ​ និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ​ (HRD​-Korea​) រួម​សហការ​ជាមួយ​គណៈកម្មាធិការ​បណ្តុះបណ្តាល​ និង​បញ្ជូន​ពលករ​ទៅបរទេស​(MTOSB​) ដែល​មាន​បេក្ខជន​ដាក់ពាក្យសុំ​សិទ្ធិ​ប្រឡង​សរុប​ចំនួន​ 434,054​នាក់​ ហើយ​បេក្ខជន​ប្រឡងជាប់​សរុប​ចំនួន​ 89,393​នាក់​។

ចាប់ពី​ឆ្នាំ​2018​ ការ​ជ្រើសរើស​បេក្ខជន​ដើម្បី​ដាក់ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ​នៅ​សាធារណរដ្ឋ​កូរ៉េ​ក្រោម​ប្រព័ន្ធ​ EPS​ ដោយ​ផ្អែកលើ​កត្តា​ 3យ៉ាង​ជាចាំបាច់​៖ ទី​1-តេ​ស្ត​ភាសា​កូរ៉េ​ EPS​-TOPIK​ តាម​ប្រព័ន្ធ​កុំព្យូទ័រ​។ ទី​2-តេ​ស្ត​ជំនាញ​ និង​ទី​3-ការវាយតម្លៃ​សមត្ថភាព​។

មានន័យថា​ បេក្ខជន​ដែល​ប្រឡងជាប់​តេ​ស្ត​សមត្ថភាព​កូរ៉េ​ ត្រូវ​ប្រឡងជាប់​តេ​ស្ត​ជំនាញ​ និង​ការវាយតម្លៃ​សមត្ថភាព​ ទើប​ក្លាយជា​បេក្ខជន​ជាប់​ជាស្ថាពរ​ មាន​សិទ្ធិ​ដាក់ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ​នៅ​សាធារណរដ្ឋ​កូរ៉េ​(ដែល​កន្លងមក​ បេក្ខជន​ប្រឡងជាប់​តេ​ស្ត​សមត្ថភាព​កូរ៉េ​ គឺ​អាច​ដាក់ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ​នៅ​សាធារណរដ្ឋ​កូរ៉េ​បានតែ​ម្តង​)។

បច្ចុប្បន្ន​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​4 សម្រាប់​រយៈពេល​នៃ​ការ​បញ្ជូន​នេះ​ តែបើ​ធៀប​ជាមួយ​ប្រទេស​ធំៗ​វិញ​ កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​1។ ពោល​គឺ​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​1 ដែល​បាន​បញ្ជូន​ពលករ​ច្រើនជាង​គេ​ក្នុងចំណោម​ 16​ប្រទេស​ ក្នុង​ឆ្នាំ​2019​នេះ​ (លេខ​2 ប្រទេស​នេប៉ាល់​ លេខ​3 វៀតណាម​ លេខ​4 ឥណ្ឌូ​នេ​ស៊ី​ និង​លេខ​5 ប្រទេស​ថៃ​)៕

Advertisement