ឆមាសទី1 ឆ្នាំ2019 អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន 1,526លានដុល្លារ កើនជិត30%

នៅឆមាសទី1 ឆ្នាំ2019នេះ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធសម្រាប់ថវិកា​ជាតិ មានចំនួន 6,106.17ប៊ីលានរៀល ឬស្មើនឹងប្រមាណ 1,526.54លានដុល្លារអាមេរិក កើន​ឡើង​​​28.94% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ2018។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គ​នាយក​ដ្ឋា​នពន្ធដារ ។

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន​ពន្ធ​ដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូល​ពន្ធ​ប្រចាំខែមិថុនា និងសមិទ្ធផលឆមាសទី1 ឆ្នាំ2019 តាមរយៈការដាក់ឱ្យអនុវត្តនូវប្រព័ន្ធអនឡាញ សម្រាប់ ការស្នើសុំការបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែមតាមប្រព័ន្ធ​អន​ឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ (E-VAT Refund) ដោយបានបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រង ការប្រមូលអាករលើតម្លៃបន្ថែម និងទប់ស្កាត់ការគេច​វេះ ​កេង​បន្លំ​ប្រាក់​ពន្ធ ដែលជាលទ្ធផលរយៈពេល 6ខែ​ ឆ្នាំ2019 ចំណូលអាករលើ​តម្លៃបន្ថែម​កើន​ឡើង​36.​62​%​ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ2018។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងកោតសរសើរ ចំពោះសមិទ្ធផល ដែលសម្រេចបានក្នុងខែមិថុនា ក្នុងឆមាសទី1 ឆ្នាំ2019 នេះរបស់អគ្គនាយកដ្ឋានពន្ធដារ។

សម្រាប់ឆ្នាំ2019 នេះ ក្នុងការអនុវត្តការប្រមូលចំណូលពន្ធ និងឈានទៅការប្រមូលចំណូល​ពន្ធ គ្រប់តាមផែនការច្បាប់កំណត់ និងដើម្បីធានាបាននូវប្រសិទ្ធភាព ឈានទៅសម្រេចលើសផែន ការ ឱ្យបានជាអតិបរិមានោះ អគ្គបណ្ឌិតសភាចារ្យ បានគាំទ្រអគ្គនាយកដ្ឋានពន្ធដារ បន្តបេសកកម្ម​របស់ខ្លួន និងផ្តល់អនុសាសន៍ណែនាំលើវិធានការ និងទិសដៅត្រូវអនុវត្តបន្តដូចខាងក្រោម៖

1- រៀបចំធ្វើបច្ចុប្បន្នភាព និងសិក្សារៀបចំបន្ថែមនូវបទប្បញ្ញត្តិស្ដីពីពន្ធដារសម្រាប់គំាទ្រ ដល់ការអនុវត្តអនុក្រឹត្យនៃការលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាពដើម្បីធានានូវប្រសិទ្ធភាពនៃការលើកទឹកចិត្តផ្នែកពន្ធដារ ជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពង្រឹង និងជំរុញការ កាន់បញ្ជិកាគណនេយ្យព្រមទាំងបន្តផ្សព្វផ្សាយឱ្យបានជ្រួតជ្រាបដល់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ។

2-បន្តតាមដានវឌ្ឍនភាព និងអនុវត្តវិធានការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី18 កាលពីថ្ងៃទី29 ខែមីនា ឆ្នាំ2019 ដោយរៀបចំវិធានការ និងនីតិវិធីលម្អិតដើម្បីអនុវត្ត តាមដានវឌ្ឍនភាព និងវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្ត និងរៀបចំស្នើនូវវិធានការបន្ថែមក្នុងករណីចាំបាច់ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងកែលម្អចន្លោះខ្វះខាតក្នុងការអនុវត្ត។

3-ពិនិត្យ និងសិក្សាលើការលើកទឹកចិត្តផ្នែកពន្ធដារក្នុងការជំរុញ និងទាក់ទាញការវិនិយោគនៅកម្ពុជាដើម្បីជាធាតុចូលលើសេចក្តីព្រាងច្បាប់វិនិយោគថ្មី។

4-សម្រាប់ទិដ្ឋភាពការងារ និងកិច្ចសហប្រតិបត្តិការនានា៖ 1-ជំរុញ និងបង្កើនប្រសិទ្ធភាពនៃការផ្លាស់ប្តូរព័ត៌មានក្នុងចំណោមអង្គភាព ឬស្ថាប័នរដ្ឋពាក់ព័ន្ធ។ 2-បន្តយកចិត្តទុកដាក់ការចរចាកិច្ចព្រមព្រៀងនៃការចៀសវាងការយកពន្ធត្រួតគ្នា។ 3-ពិនិត្យ និងពង្រឹងការគ្រប់គ្រង ប្រមូលពន្ធលើវិស័យអចលនទ្រព្យ។ 4-ពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ ដោយកាត់បន្ថយឱ្យបានជាអតិបរមានូវបញ្ហាកកស្ទះ និងអសកម្មនានា និង5- ជំរុញការប្រមូលចំណូលពន្ធ ដែលគ្រប់គ្រងដោយអគ្គនាយក ដ្ឋានពន្ធដារ លើរាល់សហគ្រាស និងអាជីវកម្ម ដែលជ្រកក្រោមស្លាកយីហោកាស៊ីណូ ដែលមិនបានមកបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ និងមិនបានបង់ពន្ធស្របតាមច្បាប់កំណត់។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីបានផ្តាំផ្ញើបន្ថែមដល់ថ្នាក់ដឹកនាំ និង មន្ត្រីពន្ធដារគ្រប់លំដាប់ត្រូវប្រកាន់ខ្ជាប់នូវបាវចនា-គោលការណ៍រួម ក្នុងការបំពេញការងារក្នុងនោះ៖1- កៀរគរប្រមូលឱ្យអ្នកជាប់ពន្ធ ចូលក្នុងប្រព័ន្ធរួមមួយ។ 2-ធ្វើឱ្យអ្នកជាប់ពន្ធងាយស្រួលក្នុងការបង់ពន្ធ។ 3-រៀបចំប្រព័ន្ធការងារឱ្យលំបាក សម្រាប់ការគេចវេះពន្ធ និង4-ធានាឱ្យបាននូវការប្រកួត ប្រជែងដោយស្មើភាព មានសមធម៌ក្នុងការបង់ពន្ធ និងយុត្តិធម៌សង្គម៕

Advertisement