ធនាគារ​ អេ​ស៊ី​លីដា​ ភី​អិ​លស៊ី​ ចាប់ដៃ​គូ​ជាមួយ​យូ​ញៀន​ ផេ​ ពង្រីក​សេវា​ទូទាត់​កាន់តែ​ទូលំទូលាយ​

ធនាគារ​ អេ​ស៊ី​លីដា​ ភី​អិ​លស៊ី​ បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​យូ​ញៀន​ផេ​(UnionPay​ International​) ក្នុង​ការ​សហការ​បោះពុម្ព​បណ្ណ​ឥណពន្ធ​អេ​ស៊ី​លីដា​យូ​ញៀន​ផេ​ (Contactless​ Debit​ Card​) ដើម្បី​ពង្រីក​បណ្តាញ​ប្រតិបត្តិ​ការ​ទូទាត់​សម្រាប់​អតិថិជន​ឱ្យ​កាន់តែ​ទូលំទូលាយ​លើ​ពិភពលោក​។

តាមរយៈ​កិច្ចសហការ​រវាង​ក្រុមហ៊ុន​ យូ​ញៀន​ផេ​ និង​ធនាគារ​អេ​ស៊ី​លីដា​នេះ​ នឹង​ធ្វើ​ឱ្យ​មានការ​ពង្រីក​នូវ​ផលិតផល​ និង​សេវាកម្ម​ទូទាត់​សម្រាប់​អតិថិជន​ ដើម្បី​ឱ្យ​មាន​ជម្រើស​កាន់តែ​ច្រើន​ ប្រកបដោយ​ភាព​ងាយស្រួល​ សុវត្ថិភាព​ ការ​ទូទាត់​ប្រកប​ដោយសក្តានុពល​ ជំរុញ​ឱ្យ​មាន​អត្ថ​ប្រយោជន៍​កាន់តែ​ច្រើន​ និង​កាន់តែ​មាន​ភាព​ផ្តាច់​មុខ​លើ​ការទិញ​ទំនិញ​ និង​ការ​ធ្វើដំណើរ​ជា​អន្តរជាតិ​។

លោក​បណ្ឌិត​ អុិន​ ចាន់​នី​ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ អេ​ស៊ី​លីដា​ ភី​អិ​លស៊ី​ បាន​លើកឡើង​ថា​ ការប្រកាស​កិច្ច​សហប្រតិបត្តិ​ការ​នៅ​ថ្ងៃនេះ​ គឺ​ដើម្បី​បម្រើ​អតិថិជន​រួម​ មានន័យថា​អាច​ជួយ​ដល់​អតិថិជន​របស់​អេ​ស៊ី​លីដា​ផង​ និង​អតិថិជន​របស់​យូ​ញៀន​ផេ​ផង​ សម្រាប់​ទូទាត់​ជា​អន្តរជាតិ​ផង​ និង​នៅក្នុង​ទីផ្សារ​កម្ពុជា​ផង​។ លោក​បណ្ឌិត​បាន​បញ្ជាក់​ផង​ដែរ​ថា​ ទាំង​ពាណិជ្ជករ​ និង​អតិថិជន​ ទូទៅ​ បច្ចុប្បន្ន​នេះ​មិនថា​ការ​ទៅក្រៅ​ប្រទេស​ដើម្បី​ធ្វើ​វិស្សមកាល​ឬធ្វើជំនួញ​នោះ​ទេ​ គាត់​ត្រូវការ​ប័ណ្ណ​ដែល​មាន​វិសាលភាព​ធំ​ទូលាយ​សម្រាប់​ធ្វើការ​ទូទាត់​ ហេតុនេះ​បើ​គិត​ដល់​ប័ណ្ណ​ដែល​មាន​វិសាលភាព​ធំ​ទូលាយ​ យូ​ញៀន​ផេ​ជា​ជម្រើស​ល្អ​បំផុត​ ព្រោះ​ស្ថាប័ន​នេះ​មាន​វិសាលភាព​ធំជាង​គេ​។ងាក​មក​កម្ពុជា​វិញ​ ស្ថាប័ន​ដែល​ធំ​ជាងគេ​ គឺ​អេ​ស៊ី​លីដា​ហេតុនេះ​ស្ថាប័ន​ធំៗ​ទាំង​ 2 នេះ​បាន​ចាប់ដៃ​គ្នា​ជា​ដៃគូ​យុទ្ធសាស្ត្រ​នឹង​ធ្វើ​ឱ្យ​អតិថិជន​កាន់តែ​មាន​ភាព​ងាយស្រួល​ និង​ប្រសើរ​ឡើង​។

លោក​បណ្ឌិត​ អុិន​ ចាន់​នី​ បាន​មានប្រសាសន៍​ថា​៖ “នេះ​ជា​ជំហាន​វិជ្ជមាន​ថ្មី​មួយទៀត​ដែល​ពីមុន​មក​ អេ​ស៊ី​លីដា​ធ្លាប់​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ត្រឹមតែ​ការ​ទូទាត់​ធម្មតា​ តែ​បច្ចុប្បន្ន​នេះ​យើង​បាន​បោះពុម្ព​ប័ណ្ណ​សម្រាប់​ប្រើប្រាស់​ជា​ផ្លូវការ​ ដែល​ប័ណ្ណ​នេះ​មាន​លក្ខណៈ​ពិសេស​ គឺ​មិនបាច់​ស៊ក​បញ្ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ឆូត​កាត​ដែល​នាំ​ឱ្យ​ចំណាយពេល​វេលា​យូរ​នោះ​ទេ​ វា​ជា​ប្រភេទ​ប័ណ្ណ​ម្យ៉ាង​ដែលគេ​ហៅថា​ Contact​ less​ Card​ ដែល​អាច​ទូទាត់​ដោយ​គ្រាន់តែ​ដាក់ពីលើ​ម៉ាស៊ីន​ឆូត​កាត​ ចំណាយពេល​ខ្លី​ និង​មាន​សុវត្ថិភាព​ខ្ពស់​”។

លោក​ប្រធាន​នាយក​ប្រតិបត្តិ​បាន​បន្ត​ទៀត​ថា​ យើង​តាំងចិត្ត​ថា​ ស្តាប់​អតិថិជន​របស់​យើង​ ហើយ​ងាក​មក​គិត​បន្ថែម​ដើម្បី​ធ្វើ​យ៉ាងណា​ឆ្លើយតប​ទៅ​គាត់​វិញ​ឱ្យ​បាន​ល្អ​។ សព្វថ្ងៃ​នេះ​អតិថិជន​របស់​យើង​បាន​បង្ហាញថា​ ការប្រើ​ប្រាស់​សេវាកម្ម​នៅ​តាម​បញ្ជរ​ បើ​ទោះបីជា​ចំណាយពេល​ត្រឹមតែ2​ ឬ 3នាទី​ ក៏​រាប់​ថា​យូរ​ដែរ​ ហើយ​ការប្រើ​ប្រាស់​នៅ​ម៉ាស៊ីន​អេ​ធី​អឹ​មក៏​រាប់​ថា​ចំណាយពេល​វេលា​ច្រើន​ដែរ​ ដោយ​ក្នុង​នោះ​មានតែ​ការប្រើ​ប្រាស់​តាម​សេវាកម្ម​អេ​ស៊ី​លីដា​ទាន់ចិត្ត​ប៉ុណ្ណោះ​ ទើប​មាន​ភាព​ឆាប់រហ័ស​ និង​ប្រសិនបើ​អតិថិជន​ទៅក្រៅ​ប្រទេស​ គាត់​ចាំបាច់​ត្រូវតែ​ប្រើប្រាស់​ប័ណ្ណ​នេះ​។ ហេតុនេះ​ហើយ​ទើប​យើង​ស្តាប់​អតិថិជន​ ហើយ​អភិវឌ្ឍ​បច្ចេកវិទ្យា​របស់​យើង​ ដោយ​ការ​ចាប់ដៃ​គ្នា​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើងជា​មួយ​យូ​ញៀន​ផេ​នៅ​ថ្ងៃនេះ​។

លោក​ Yang​ Wennhui​ នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ យូ​ញៀន​ផេ​ ប្រចាំ​នៅ​អាស៊ី​អាគ្នេយ៍​ បាន​លើកឡើង​ថា​ នៅក្នុង​ប្រទេស​កម្ពុជា​ កាត​ យូ​ញៀន​ផេ​ ត្រូវ​បាន​គេ​ប្រើប្រាស់​ជាង80ភាគរយ​នៃ​ម៉ាស៊ីន​អេ​ធី​អឹម​ និង90ភាគរយ​នៃ​ម៉ាស៊ីន​ឆូត​កាត​នៅ​ទូទាំង​ប្រទេស​។ ការ​ចូល​ទីផ្សារ​បាន​បន្ត​ពង្រីក​ ហើយ​អតិថិជន​កាន់តែ​ច្រើន​កំពុង​ប្រើប្រាស់​ ដែល​ជា​កាត​ជម្រើស​ដែល​បង្ហាញថា​ យូ​ញៀន​ផេ​ ជា​វិធី​ទូទាត់​ដ៏​មាន​សារៈសំខាន់​ចំពោះ​ប្រជាជន​កម្ពុជា​។ យូ​ញៀន​ផេ​ មានដៃ​គូ​ជាមួយ​ស្ថាប័ន​ប្រមាណ​ជាង​ 2,000នៅ​លើ​ពិភពលោក​ ហើយ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ជាង​ 174ប្រទេស​ ដែល​មាន​ចេញ​កាត​រហូតដល់​ទៅ​ 7.5ពាន់​លាន​កាត​។

យូ​ញៀន​ផេ​ ចាត់ទុក​ធនាគារ​អេ​ស៊ី​លីដា​ជា​ដៃគូ​ប្រកបដោយ​គុណ​តម្លៃ​ និង​ជា​ដៃគូ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម​នៅ​កម្ពុជា​។ យើង​នឹង​បង្កើន​កិច្ចសហការ​កាន់តែ​ប្រសើរ​ដើម្បី​ជំរុញ​ឱ្យ​ការបម្រើ​អតិថិជន​កាន់តែ​មាន​ភាព​សម្បូរ​បែប​ និង​បន្ត​បង្កើន​ភាពរឹងមាំ​នៅក្នុង​ទីផ្សារ​កម្ពុជា​៕

Advertisement