តម្លៃ​កៅស៊ូ​ធ្លាក់ចុះ​ តែ​ឆមាស​ទី1​ ឆ្នាំ2019នេះ​ កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​កើនឡើង​ 24ភាគរយ​

ទោះបីជា​ទីផ្សារ​កៅស៊ូ​បច្ចុប្បន្ន​មាន​ការ​ធ្លាក់​តម្លៃ​ចុះ​ក៏ដោយ​ តែ​ក៏​នៅ​ឆមាស​ទី1​ ឆ្នាំ2019​ នេះ​ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ចំនួន​ 104,261តោន​ ដែល​តួលេខ​នេះ​ត្រូវ​បាន​គេ​ឃើញថា​ មានការ​កើនឡើង​ 24​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​តាម​របាយការណ៍​ផ្លូវការ​របស់​អគ្គនាយក​ដ្ឋាន​កៅស៊ូ​ នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​។

យោង​តាម​តួលេខ​ពី​ក្រសួង​កសិកម្ម​បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​តម្លៃ​កៅស៊ូ​ ជាមធ្យម​មានតម្លៃ​ប្រមាណ​ជា​ 1,339ដុល្លារ​ក្នុង​1តោន​លើ​ទីផ្សារ​ក្នុង​ស្រុក​ ដែល​នេះ​ជា​ការ​ធ្លាក់ចុះ​ជាង​ 100ដុល្លារ​បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​កាលពី​ឆ្នាំមុន​។

ការ​ធ្លាក់​ថ្លៃ​នៃ​ជ័រកៅស៊ូ​នេះ​ ត្រូវ​បាន​មន្ត្រី​ជំនាញ​អះអាង​ថា​ ដោយសារ​កត្តា​ទីផ្សារ​សកលលោក​ ដែល​ធ្វើ​ឱ្យ​វិស័យ​ឧស្សាហកម្ម​កៅស៊ូ​ពិបាក​នឹង​ទទួល​បាន​ផល​ចំណេញ​ ហើយ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗនេះ​ តម្លៃ​កៅស៊ូ​បាន​ធ្លាក់ចុះ​ដោយសារ​តែ​ការ​ធ្លាក់ចុះ​នៃ​តម្រូវការ​នៅ​ទីផ្សារ​អន្តរជាតិ​ ជាពិសេស​ប្រទេស​ចិន​ ខណៈ​ដែល​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​នេះ​ក៏​កាន់តែ​ជួប​បញ្ហា​ប្រឈម​ផង​ដែរ​។

លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​ក្រុមហ៊ុន​ អាន​ ម៉ា​រឌី​ គ្រុប​ (An​ Mady​ Group​) ដែល​ជា​ក្រុមហ៊ុន​ចម្ការកៅស៊ូ​ និង​នាំចេញ​ផលិតផល​នេះ​បាន​ថ្លែង​ថា​៖ “នេះ​ជា​ដំណឹង​អាក្រក់​ សម្រាប់​វិនិយោគិន​ក្នុង​វិស័យ​កៅស៊ូ​កម្ពុជា​ ព្រោះ​នៅក្នុង​តម្លៃ​បច្ចុប្បន្ន​ អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះ​មិន​អាច​រស់រាន​បានទេ​ ហើយនិង​មិន​មាន​អ្នក​វិនិយោគ​ណា​ហ៊ាន​វិនិយោគ​លើ​វិស័យ​នេះ​ដែរ​ព្រោះ​នៅ​ប្រទេសជិតខាង​យើង​ ប្រទេស​ថៃ​ និង​វៀតណាម​គេ​មិន​មាន​យកពន្ធ​ទេ​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​៖ “សម្រាប់​កម្ពុជា​យើង​ ការ​លើកទឹកចិត្ត​ មិន​យកពន្ធ​ក្នុង​ការនាំចេញ​បាន​អនុវត្ត​តាំងពី​ឆ្នាំទៅមួយ​។ គឺ​តម្លៃ​ក្រោម​ 1,000​ដុល្លារ​ រដ្ឋ​មិន​យកពន្ធ​ទេ​។ បើ​លើស​ពី​ 1,000ដុល្លារ​ គាត់​គិត​ពន្ធ​ 50ភាគរយ​ គឺ​ស្មើនឹង​ 1,500​ ដុល្លារ​។ បើ​លើស​ពី​ 2,000​$ គាត់​គិត​ពន្ធ​ 150​%(គិត​ពី​តម្លៃ​លក់​)” លោក​ឧកញ៉ា​បាន​ពន្យល់​ថា​ “តម្លៃ​ផលិតកម្ម​ខ្ពស់​ជាង​តម្លៃ​ដែល​ផលិតផល​កំពុង​ត្រូវ​បាន​ជួញដូរ​ ព្រោះ​តម្លៃ​ដើម​របស់​ក្រុមហ៊ុន​ថ្លៃ​ដល់ទៅ​ 1,400​$ហើយ​ ឯតម្លៃ​កៅស៊ូ​បច្ចុប្បន្ន​តម្លៃ​ត្រឹមតែ​ជាង​ 1,300​$ប៉ុណ្ណោះ​ (បើ​យើង​លក់​ក្នុង​តម្លៃ​បច្ចុប្បន្ន​យើង​ត្រូវ​បង់​ 50​$សម្រាប់​ថ្លៃ​ពន្ធ​)”។ ប៉ុន្តែ​លោក​ឧកញ៉ា​បាន​បន្ថែម​ថា​ ចំពោះ​កសិករ​ខ្នាត​តូច​ តម្លៃ​បច្ចុប្បន្ន​អាច​មាន​និរន្តរភាព​។

លោក​ឧកញ៉ា​បាន​ពន្យល់​ទៀត​ថា​៖ “សម្រាប់​កសិករ​ខ្នាត​តូច​ គាត់​ផលិត​បាន​តិច​ មិន​លើស​ពី​តម្លៃ​ដែល​បាន​កំណត់​(ក្រោម​ 1,000ដុល្លារ​)ក្នុង​ការនាំចេញ​ រដ្ឋ​មិន​យកពន្ធ​ទេ​។ចំណែក​វិស័យ​ឯកជន​ ឬក្រុមហ៊ុន​សហគ្រាស​ គាត់​មិន​អាច​នាំចេញ​ក្នុង​ទំហំ​ប៉ុន​នោះ​បានទេ​។ហេតុនេះ​ការ​បង់ពន្ធ​ និង​តម្លៃ​ដើម​មិន​អាច​ឱ្យ​គាត់​រក​ចំណេញ​បាន​ឡើយ​”។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ថា​ ប្រទេស​វៀតណាម​ដែល​ជាទី​ផ្សារ​ធំ​បំផុត​សម្រាប់​កៅស៊ូ​កម្ពុជា​ បានឃើញ​ពី​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៃ​ការ​នាំ​ចេញទៅ​កាន់​ប្រទេស​ចិន​ ដោយសារតែ​ការ​ផ្លាស់​ប្តូរ​នយោបាយ​ចិន​ និង​ការភ័យខ្លាច​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​សហរដ្ឋអាមេរិក​ និង​ចិន​។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ទៀត​ថា​៖ “បញ្ហា​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​ដោយសារតែ​ផលិតកម្ម​កៅស៊ូ​របស់​កម្ពុជា​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ប្រទេស​ចិន​ ក្នុង​ការ​ដឹកជញ្ជូន​ដោយប្រយោល​ដែល​ត្រូវ​ឆ្លងកាត់​ប្រទេស​វៀតណាម​។ ដោយសារតែ​បញ្ហា​តម្លៃ​ទាំងនេះ​ វិស័យ​ឯកជន​កំពុង​ទាមទារ​ឱ្យ​មានការ​កាត់បន្ថយ​ពន្ធ​លើ​ការនាំចេញ​កៅស៊ូ​”។

“វិស័យ​ឯកជន​បាន​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​កសិកម្ម​យកពន្ធ​នាំចេញ​កៅស៊ូ​ សម្រាប់​តែ​ការ​ដឹកជញ្ជូន​លើស​ពី​ 2,000ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ 1តោន​។ ទោះជាយ៉ាងណា​ក៏ដោយ​ មិនទាន់​មានការ​ឆ្លើយតប​ពី​រដ្ឋាភិបាល​នៅឡើយ​ទេ​”។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក​ឧកញ៉ា​លឹម​ ហេង​។

លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​៖“តម្លៃ​កៅស៊ូ​នឹង​នៅ​ថេរ​រហូតដល់​ឆ្នាំក្រោយ​។ ក្នុង​តម្លៃ​បច្ចុប្បន្ន​ វិនិយោគិន​លើ​វិស័យ​កៅស៊ូ​ដែល​មាន​ស្រាប់​អាច​នឹង​នៅក្នុង​អាជីវកម្ម​ នេះ​បាន​ ប៉ុន្តែ​ការ​ទាក់ទាញ​វិនិយោគិន​ថ្មី​ នឹង​មានការ​លំបាក​។ បើ​គ្មាន​គោលនយោបាយ​ថ្មី​ ដែល​ផ្តល់​នូវ​ការ​លើកទឹកចិត្ត​ច្រើន​ទេ​ វិនិយោគិន​នឹង​មិន​ហ៊ាន​ចូល​មក​ទេ​។ ពួកគេ​នឹង​រង់ចាំ​រហូតដល់​ស្ថានភាព​ល្អ​ប្រសើរ​ឡើង​”។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ធ្លាប់​បាន​អំពាវនាវ​ដល់​កសិករ​ដាំដំណាំ​កៅស៊ូ​សូម​ឱ្យ​មានការ​អត់ធ្មត់​ចំពោះ​បញ្ហា​តម្លៃ​ជ័រកៅស៊ូ​ធ្លាក់​ថ្លៃ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​។ ដោយ​សម្តេច​បាន​មាន​ប្រសាសន៍​ថា​៖ “សុំ​ឱ្យ​កសិករ​ និង​អ្នក​វិនិយោគ​កុំ​ជ្រួលជ្រើម​ទៅតាម​ចរន្ត​ទីផ្សារ​ លឿន​ពេក​ ហើយ​ដាំដំណាំ​ណា​ដែល​មាន​ទីផ្សារ​មួយ​កញ្ជ្រោល​នោះ​។ កសិករ​ខ្លះ​បាន​កាប់​ដើមកៅស៊ូ​របស់​ពួកគេ​ចោល​ ហើយ​ជំនួស​ដោយ​ការ​ដាំ​ដើម​ស្វាយចន្ទី​វិញ​។ នៅ​ពេល​តម្លៃ​ស្វាយចន្ទី​ថយ​ចុះ​ ពួកគេ​នឹង​ត្រូវ​បង្ខំ​ឱ្យ​កាប់​ដើមឈើ​ទាំងនេះ​ និង​ស្វែងរក​ដំណាំ​ថ្មី​ដែល​មានតម្លៃ​ពលកម្ម​ច្រើន​”។

សូមជម្រាប​ថា​ គិត​មកដល់​បច្ចុប្បន្ន​នេះ​ កម្ពុជា​មានផ្ទៃ​ដី​ដាំ​កៅស៊ូ​សរុប​ចំនួន​ 434,013​ ហិ​កតា​ ក្នុង​នោះ​ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន​ 233,212ហិ​កតា​ ស្មើនឹង​ 54​% និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន​ 200,801ហិ​កតា​ ស្មើនឹង46​%។

ក្នុង​ឆ្នាំ2018​ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជាង​ 21ម៉ឺន​តោន​ ទទួល​បាន​ចំណូល​ជិត​ 300​ លាន​ដុល្លារ​អាមេរិក​។ ផលិតផល​ជ័រកៅស៊ូ​កម្ពុជា​បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ វៀតណាម​ សិង្ហបុរី​ និង​ម៉ាឡេស៊ី​៕

Advertisement