​រដ្ឋាភិបាល​កម្ពុជា​ ​បានសម្រេច​ចាត់វិធានការ​លើ​ក្រុមហ៊ុន​នាំ​សំរាម​មក​កម្ពុជា​ ​

សន្និសីទ​សារព័ត៌មាន​ទាក់ទង​នឹង​កាកសំណល់​ប្លាស្ទិក​ ​ចំនួន​ ​83កុងតឺន័រ​ត្រូវ​បាន​រៀបចំឡើង​តាម​ការ​គ្រោងទុក​ ​ដោយមាន​ការចូលរួម​ពី​មន្ត្រី​សំ​ខាន់​ៗ​ ​ដើម្បី​ត្រៀមខ្លួន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ផង​ដែរ​ ​។​

​ ​ឯកឧត្តម​ ​គុណ​ ​ញឹម​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​ ​បាន​មានប្រសាសន៍​ថា​៖​«​ ​រាជរដ្ឋាភិបាល​បានសម្រេច​ឱ្យ​ក្រុមហ៊ុន​ ​CHUNGYUEN​ ​PLASTIC​ ​MANUFACTURE​ ​CO​.​,​LTD​ ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ចប់​សព្វគ្រប់​ត្រឹម​ថ្ងៃទី24​ ​ខែសីហា​ ​ឆ្នាំ2019​ ​ជាកំហិត​។​ ​ក្នុងករណី​ក្រុមហ៊ុន​ខកខាន​មិនបាន​អនុវត្ត​ ​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ​នឹង​បន្ត​ចាត់វិធានការ​តាមផ្លូវ​តុលាការ​ស្របតាម​ច្បាប់​ជាធរមាន​ ​។​

​ ​ឯកឧត្តម​ ​គុណ​ ​ញឹម​ ​បាន​បញ្ជាក់​ថា​៖​ ​«​រាជរដ្ឋាភិបាល​កម្ពុជា​ ​បានសម្រេច​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ខាងលើ​ដូច​ខាងក្រោម​៖​
​1​-​ត្រូវ​នាំចេញ​ទំនិញ​កាកសំណល់​ប្លាស្ទិក​ទាំង​ ​83កុងតឺន័រ​ ​ត្រឡប់ទៅ​ប្រទេស​ដើម​វិញ​។​
​2​-​ត្រូវ​រង​ពិន័យ​រដ្ឋបាល​ជា​ប្រាក់​ ​1,037,500,000រៀល​ ​ដែល​ត្រូវ​បង់​ចូល​ជា​ប្រយោជន៍​ថវិកាជាតិ​។​
​3​-​ក្រុមហ៊ុន​ត្រូវ​អនុវត្ត​ចំណុច​ទី1​ ​និង​ទី2​ ​ខាងលើ​ឱ្យ​បាន​ចប់​សព្វគ្រប់​ត្រឹម​ថ្ងៃទី24​ ​ខែសីហា​ ​ឆ្នាំ2019ជាកំហិត​។​

​ឯកឧត្តម​ ​នេត្រ​ ​ភក្ត្រា​ ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​លើកឡើង​ថា​ ​ការសម្រេច​នេះ​គឺ​ ​យោង​តាម​បញ្ញត្តិ​ស្តី​ពី​ទោសទណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ជាធរមាន​ ​និង​ស្របតាម​អនុសញ្ញា​បា​សែល​ស្តី​ពី​ការ​ត្រួតពិនិត្យ​ ​ចលនា​ដឹកជញ្ជូន​ ​និង​ការបោះបង់​ចោល​សំណល់​គ្រោះថ្នាក់​ឆ្លងដែន​។​ ​ ​ឯកឧត្តម​បន្ត​ថា​ ​បើ​តាម​ការស្រាវជ្រាវ​ ​និង​ពិសោធន៍​កាកសំណល់​ ​ប្លាស្ទិក​ចំនួន​ ​83កុងតឺន័រ​ ​ទម្ងន់​ ​1,592​ ​តោន​ ​គឺ​មិន​មានផល​ប៉ះពាល់​ដល់​សុខភាព​ ​និង​បរិស្ថាន​នោះ​ទេ​។​

​ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​រវាង​ក្រសួងបរិស្ថាន​ ​និង​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ​នៅ​ថ្ងៃទី30​ ​ខែកក្កដា​ ​ឆ្នាំ2019នេះ​ ​បានឱ្យ​ដឹង​ថា​ ​មុន​យក​មក​ទម្លាក់​ចោល​នៅ​កម្ពុជា​ ​កាក​ ​សំណល់​ប្លាស្ទិក​ ​83កុងតឺន័រ​ ​គឺ​បាន​ឆ្លងកាត់​កំពង់ផែ​ប្រទេស​សិង្ហបុរី​ ​(​22ជើង​)​ ​ម៉ាឡេស៊ី​ ​(​2ជើង​)​ ​និង​វៀតណាម​ ​(​3ជើង​)​។​

​ ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្ត​ថា​ ​ទំនិញ​ជា​កាកសំណល់​ប្លាស្ទិក​បាន​នាំចូល​មក​ជាច្រើន​ជើង​ ​តាម​នាវា​ដឹកជញ្ជូន​ចំនួន​ ​(​27លើក​)​ ​មកដល់​ ​និង​សំចត​នៅ​ទីលាន​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ ​ដែល​លើក​ទី1​ ​នា​ខែកញ្ញា​ ​ឆ្នាំ2018​ ​និង​លើក​ចុងក្រោយ​នា​ខែមករា​ ​ឆ្នាំ2019​ ​សរុប​ទាំងអស់​ចំនួន​ ​83កុងតឺន័រ​។​ ​ក្នុង​នោះ​មាន​កុងតឺន័រ​ចំនួន​ ​70​ ​(​ទម្ងន់​ ​1322តោន​)​ ​បាន​នាំចេញ​មក​ពី​សហរដ្ឋអាមេរិក​ ​និង​កុងតឺន័រ​ចំនួន​ ​132​ ​(​មាន​ទម្ងន់​ ​270តោន​)​ ​បាន​នាំចេញ​មក​ពី​ប្រទេស​កាណាដា​។​

​ ​សូម​បញ្ជាក់​ថា​ ​កាក​សំ​ណ​ល់​បា្លស្ទិ​ក​ដែល​មាន​ទម្ងន់​ ​1,592តោន​នេះ​ត្រូវ​បាន​នាំមក​ដល់​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ​ ​ដោយមាន​ក្រុមហ៊ុន​ ​CHUNGYEN​ ​PLASTIC​ ​MANUFACTURE​ ​CO​.​,​ ​LTD​ ​ជា​អ្នកទទួល​ទំនិញ​។​ ​ក្រុមហ៊ុន​នេះ​មាន​ប្រធាន​ជា​ជនជាតិ​ខ្មែរ​ ​ហើយ​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​ ​នៅ​ថ្ងៃទី20​ ​ខែកក្កដា​ ​ឆ្នាំ2018​៕​

Advertisement