ការ​វិនិយោគ​លើដី​ទំនេរ នៅតែមាន​ផល​ចំណូល​​ខ្ពស់

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​បញ្ជាក់​អំពី​ “ស្ថានភាព​វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា​” ពិសេស​កំណើន​នៃ​ការ​វិនិយោគ​លើ​ដី​ទំនេរ​ដែល​នៅតែ​មានផល​ចំណូល​គួរ​ឱ្យ​កត់សម្គាល់​។

លោក​ ច្រឹក​ សុ​ខនីម​ បានឱ្យ​ដឹង​ថា​៖ “សម្រាប់​វិស័យ​ដីធ្លី​ ឬដី​ទំនេរ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​មាន​សក្តា​នុ​ពល​ច្រើនណាស់​ ហើយក៏​អាច​រកចំណូល​បាន​ប្រាក់​ច្រើន​ដែរ​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ពី​វិស័យ​ដីធ្លី​នេះ​ ពីព្រោះ​ដី​ទំនេរ​យើង​ទិញទុក​ក្នុងរយៈពេល​ពី5​ ទៅ10ឆ្នាំ​គាត់​នឹង​ទទួល​បានផល​ចំណូល​ពី​ការ​វិនិយោគ​ហ្នឹង​ខ្ពស់​ បើ​ធៀប​ទៅ​និង​ប្រទេសជិតខាង​នៃ​បណ្តា​ប្រទេស​អាស៊ាន​”។

លោក​ សុ​ខនីម​ បាន​មានប្រសាសន៍​ថា​៖“ការ​វិនិយោគ​លើ​ដី​ទំនេរ​ បើ​យើង​និយាយ​អំពី​តំបន់​អាស៊ាន​ថៃ​ វៀតណាម​ គេ​ដើរមុន​យើង​ ដូចជា​នៅ​ទីក្រុង​ហូជីមិញ​ និង​ទីក្រុង​បាងកក​ តម្លៃ​ដី​គេ​មានតម្លៃ​ថ្លៃ​ជាង​យើង​គុណ​ 1ជា2​។ តម្លៃ​មានការ​កើនឡើង​ និង​សក្តា​នុ​ពល​នៅ​កើនឡើង​ខ្លះ​មែន​ តែ​មិន​កើនឡើង​ដូច​យើង​ទេ​។ តម្លៃ​សេដ្ឋកិច្ច​យើង​ វា​មាន​សក្តា​នុ​ពល​អភិវឌ្ឍន៍​ខ្ពស់​ ដោយសារតែ​ប្រទេស​យើង​កំពុង​អភិវឌ្ឍន៍​ ដូច្នេះ​រកស៊ី​នៅតែ​បាន​ល្អ​ ដោយឡែក​តម្លៃ​អចលនវត្ថុ​ក៏​កើនឡើង​ដែរ​។ បើ​ថៃ​ និង​វៀតណាម​មានតម្លៃ​ 10,000​$ យើង​នៅ​ត្រឹម​តម្លៃ​ 5,000​-6,000​$ ឬអាច​នៅកន្លែង​ខ្លះ​មានតម្លៃ10,000​$ ក៏​មាន​ តែ​គិត​ជាមធ្យម​ តម្លៃ​យើង​ប្រហែល​ 5,000​$ ឯគេ​ប្រហែល​ជា12,000​-13,000​$”។

លោក​ ច្រឹក​ សុ​ខនីម​ បាន​បញ្ជាក់​ថា​៖ “សក្តា​នុ​ពល​តម្លៃ​ កន្លែង​ពាណិជ្ជកម្ម​ Commercialល្អ​ៗ សម្រាប់​ 5ឆ្នាំ​ ទៅ​ 10ឆ្នាំខាងមុខ​ទៀត​ក៏​នៅតែ​ឡើង​ តែ​ការ​ឡើង​លឿន​ គឺ​ពី​ឥឡូវ​ទៅ​ 5ឆ្នាំ​ជា​កម្រិត​ ខ្ញុំ​ត្រូវ​គិតថា​ជាមធ្យម​ពី​ 10​ ទៅ​ 15​%ក្នុង1ឆ្នាំ​។ កន្លែង​ខ្លះ​អាច​លើស​ពី​ហ្នឹង​ តែ​ក៏អាច​តិច​ជាង​ហ្នឹង​ដែរ​ ប៉ុន្តែ​មូលហេតុ​អ្វី​បាន​ជា​ដូច្នេះ​? គឺ​ដោយសារតែ​តំបន់​ Commercial​ ធំៗ​ទាំងនោះ​ ខ្លះ​គាត់​បាន​អភិវឌ្ឍ​នាំ​ឱ្យ​កំណើន​នៃ​ការ​អភិវឌ្ឍ​ក៏​កាន់តែ​រីកចម្រើន​ ធ្វើ​ឱ្យ​របស់​ហ្នឹង​កាន់តែ​កម្រ​ទៅ​។ ដោយឡែក​បើ​គិតថា​ តម្លៃ5,000ក្នុង​ 1ម៉ែត្រការ៉េ​ ថ្លៃ​ តែបើ​គាត់​សាងសង់​ 40​ ឬ50ជាន់​ (1ជាន់​ថ្លៃ1ការ៉េ100​) អុីចឹង​តម្លៃ​ដី​នៅតែ​ធូរ​ថ្លៃ​។ អ្វី​ក៏​ដោយ​ វា​ជា​តម្លៃ​សេដ្ឋកិច្ច​ វា​អាស្រ័យ​ទៅលើ​ការ​ប្រើប្រាស់​របស់​អចលនទ្រព្យ​ គាត់​ច្នៃ​ការប្រើ​ប្រាស់​បាន​ល្អ​ តម្លៃ​សេដ្ឋកិច្ច​ហ្នឹង​ក៏​វា​ចាប់ផ្តើម​ធូរ​ថ្លៃ​ទៅ​តាម​ហ្នឹង​ដែរ​។ ជា​រួម​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​ នៅ​មាន​សក្តា​នុ​ពល​ខ្ពស់​ក្នុង​ការ​ធ្វើវិនិយោគ​ ទើប​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​ គាត់​មើលឃើញ​ គាត់​មក​វិនិយោគ​នៅ​ស្រុកខ្មែរ​ មាន​ជនជាតិ​ជាច្រើន​ មាន​ចិន​ ថៃ​ជប៉ុន​គាត់​មក​វិនិយោគ​ក្នុង​ប្រទេស​យើង​”។

លោក​បាន​បញ្ជាក់​ថា​៖ “ដូច្នេះហើយ​ បាន​ជា​បរទេស​គាត់​មាន​បទ​ពិសោធ​ពី​ប្រទេស​របស់​គាត់​ គាត់​ទិញ​ដី​ទំ​នេរ​ធំៗ​ទុក​ ឱ្យ​តែ​គាត់​ដឹង​ពី​ម៉ាស្ទ័​ផ្លេន​រយៈពេល​វែង​គាត់​ទិញ​ដី​ជិ​តៗ​តំបន់​ហ្នឹង​ទុក​។ នេះ​ជា​បទ​ពិសោធ​នៃ​បណ្តា​ប្រទេស​ជឿនលឿន​ គាត់​មាន​បទ​ពិសោធ​ រួចហើយ​ការទិញ​ដី​ទុក​ការ​ទិញ​អ្វី​ៗផ្សេងទៀត​ វា​ហុច​សក្តា​នុ​ពល​ក្នុង​ការ​វិនិយោគ​ ចំណូល​សម្រាប់​បុគ្គល​ហ្នឹង​ខ្ពស់​ ក្នុងរយៈពេល​វែង​។ ដោយឡែក​សម្រាប់​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ឬពាណិជ្ជកម្ម​ យើង​ក៏បាន​លើកទឹកចិត្ត​ឱ្យ​ទិញ​ដើម្បី​ការ​អភិវឌ្ឍ​ និង​ដើម្បី​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ កើន​ខ្ពស់​ជាង​ហ្នឹង​បន្ត​ទៅទៀត​ផង​ដែរ​”។

លោកស្រី​ តាំង​ ហួរ​ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ ​Amatak​ Property​ Servic​ ក៏បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា​៖ “ពាក់ព័ន្ធ​ទៅ​នឹង​ការ​វិនិយោគ​លើ​ដី​ទំនេរ​ វា​អាច​នឹង​ក្លាយទៅជា​ការ​រកបាន​ចំណូល​ដ៏​ល្អ​មួយ​ នៅពេល​លក់​អចលនទ្រព្យ​ទាំងនេះ​។

លោកស្រី​បន្ត​ថា​៖ “មិន​ចំពោះតែ​អ្នកទិញ​ដើម្បី​ធ្វើការ​វិនិយោគ​បន្ត​នោះ​ទេ​ គឺ​តាមរយៈ​បទ​ពិសោធ​ខ្ញុំ​សព្វថ្ងៃ​ទិញ​ដី​អាច​ទទួលផល​ចំណេញ​ច្រើនជាង​ទិញ​ផ្ទះ​ ហើយ​បើ​សួរ​ថា​ វា​ត្រូវ​ប្រើ​រយៈពេល​ប៉ុនណា​ក្នុង​ការ​ទទួល​ប្រាក់ចំណេញ​នោះ​? វា​មិន​ទៀង​ទេ​ អាស្រ័យ​លើ​ដី​នោះ​ស្ថិតនៅ​ទីតាំង​ណា​? ចំពោះ​ដី​នៅក្នុង​ក្រុង​វិញ​តម្លៃ​ឡើង​លឿន​ណាស់​ ដោយសារ​តំបន់​ខ្លះ​គេ​ហៅថា​ តំបន់​ពាណិជ្ជកម្ម​។ ឧទាហរណ៍​បើ​តម្លៃ​ដី​5,000ក្នុង​ 1ម៉ែត្រការ៉េ​ ហើយ​បើ​គេ​សាងសង់​ច្រើន​ជាន់​ គេ​កាន់តែ​បាន​ចំណេញ​ខ្ពស់​។ ព្រោះ​ដី​ថ្លៃ​យើង​សង់​ទាប​មិន​អាច​ចំណេញ​បានទេ​។ តែ​ប្រសិនបើ​យើង​ចង់​សង់​បែប​លំនៅ​ឋាន​ទាប​ៗ ទាល់តែ​ដី​នៅ​តំបន់​ជាយក្រុង​ដែល​កំពុង​ចាប់ផ្តើម​អភិវឌ្ឍន៍​។

លោកស្រី​បន្ត​ផ្តល់​យោបល់​ថា​៖“បើ​យើង​ចង់​ទិញ​ដី​រក​ផល​ចំណេញ​ច្រើន​ យើង​គួរតែ​ទិញ​ដី​នៅ​តំបន់​អភិវឌ្ឍន៍​នៅ​ជាយក្រុង​ ដល់​មាន​ចំងាយ​ 20​-30​គីឡូម៉ែត្រ​ពី​ក្រុង​ តែ​ជា​តំបន់​ ឬជាទី​តាំង​ដែល​អាច​មាន​អំណោយផល​ក្នុង​ការលក់ដូរ​ និង​មាន​ចរន្ត​ក្នុង​ការ​ជួញដូរ​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ដូចជា​តំបន់​ និង​ផ្លូវ​ក្រវាត់ក្រុង​ជាដើម​”៕

Advertisement