ម្នាស់​ជា​បន្លែ និង​ជា​ផ្លែឈើ​ដែល​ទីផ្សារ​ត្រូវការ​រៀងរាល់ថ្ងៃ

ម្នាស់​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ងាយស្រួល​ដាំ​ ដោយសារ​វា​លូតលាស់​លឿន​ និង​ឆាប់​ឱ្យ​ផល​ តែ​ក៏​មិន​ស្រួល​ក្នុង​ការថែទាំ​ប៉ុន្មាន​ដែរ​ ទាល់តែ​មាន​បទ​ពិសោធ​ទើប​អាច​ដាំ​បានផល​ល្អ​ និង​អាស្រ័យ​លើ​ប្រភេទ​ពូជ​ និង​បច្ចេកទេស​ដាំដុះ​ទៀតផង​។ ទោះបីជា​យ៉ាងណា​ក្តី​ ដំណាំ​ម្នាស់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចូលចិត្ត​ដាំ​នៅ​គ្រប់​ខេត្ត​ក្រុង​នៅក្នុង​ប្រទេស​កម្ពុជា​ពិសេស​ម្នាស់​ទឹកឃ្មុំ​ ដោយសារតែ​វា​អាច​រស់​បាន​នៅក្នុង​តំបន់​ដែល​មាន​សីតុណ្ហភាព​មធ្យម​ពី26​ ទៅ​ 28អង្សា​សេ​។ ដោយឡែក​ដំណាំ​នេះ​កំពុង​ត្រូវ​បាន​ប្រជាពលរដ្ឋ​សហគមន៍​សំបូរ​មានជ័យ​នាំគ្នា​ដាំ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ផង​ដែរ​។

លោក​ ឆេង​ ថុង​ ប្រធាន​សហគមន៍​សំបូរ​មានជ័យ​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​ សហគមន៍​របស់​លោក​មិនមែន​មាន​ដាំ​តែ​ដំណាំ​តែមួយមុខ​ទេ​ តែ​សហគមន៍​របស់​លោក​នៅ​មាន​ចម្ការ​ធំៗ​ជាច្រើន​ទៀត​ ដូចជា​ដើមកៅស៊ូ​ ស្វាយចន្ទី​ ស្រូវ​ និង​បន្លែ​បន្ទាប់បន្សំ​ដែល​រួមមាន​ ម្ទេស​ ម្ទេសប្លោក​ ត្រប់ស្រួយ​ ចេក​ ម្នាស់​ ផ្កា​ខាត់ណា​ ខ្ទឹមបារាំង​ ក្រូចឆ្មារ​ និង​ស្លឹកគ្រៃ​ផង​ដែរ​។

លោ​កថុង​ បាន​មានប្រសាសន៍​ថា​៖“ដើម​ម្នាស់​គេ​អាច​បណ្តុះ​ដោយ​គ្រាប់​(គ្រាប់​ម្នាស់​នៅក្នុង​ភ្នែកម្នាស់​) រួច​យកកូន​ទៅ​ដាំ​កូន​ ឬអាច​ដាំ​ដោយ​ដើម​ម្នាស់​ដែល​នៅ​ខាងចុង​ផ្លែ​ ឬខ្នែង​ដែល​នៅ​លើ​ដើម​ម្នាស់​ក៏បាន​។ បច្ចុប្បន្ន​ខ្មែរយើង​មាន​បច្ចេកទេស​ដាំ​ម្នាស់​តែ​ក្នុងរយៈពេល​ 6ខែ​ ទៅ​ 7ខែ​ប៉ុណ្ណោះ​ គឺ​អាច​ឱ្យ​វា​ចេញ​ផ្លែ​(ក្ដិ​ប)បាន​ហើយ​ និង​បន្ត​ពីនោះ​ត្រឹមតែ​ 2-3ខែ​ទៀត​ប៉ុណ្ណោះ​ ផ្លែ​ម្នាស់​នឹង​ទុំ​ និង​អាច​ប្រមូល​ផល​បាន​ហើយ​”។

ដំបូង​ត្រូវ​ភ្ជួរ​ដី​ឱ្យ​បាន​ 2 ទៅ​ 3ដង​ និង​រាស់​ដី​ឱ្យ​ម៉ដ្ឋ​ហើយ​ហាល​ដី​ឱ្យ​ឆ្អិន​ទើប​ធ្វើការ​ដាំដុះ​បាន​។ ដើម​ម្នាស់​មិន​អាច​រស់​បាន​នៅ​លើ​ដី​ដែល​លិចទឹក​បាន​ទេ​ ដូច្នេះ​ទើប​គេ​ច្រើន​ដាំ​ម្នាស់​នៅ​រដូវ​រងា​រ ឬរដូវប្រាំង​(រដូវ​ដែល​មិនសូវ​មាន​ភ្លៀង​ធ្លាក់​)។ បន្ទាប់ពី​ភ្ជួរ​ រាស់​និង​ហាល​ដី​ 3ដង​រួចហើយ​ គេ​ត្រូវ​ពូនដី​ជា​រង​ដែល​មាន​កម្ពស់​ពី2​ ទៅ​ 3តឹក​ ទទឹង​ 7តឹក​ និង​បណ្ដោយ​តាម​ប្រវែង​ដី​ ដោយ​ទុកចន្លោះ​ឆ្ងាយ​ពី​រង​មួយ​ ទៅ​ទី​រង​មួយ​ចម្ងាយ​ 6តឹក​ ទៅ​ 7តឹក​ និង​ក្នុង​ មួយ​រង​គេ​អាច​ដាំ​ដើម​ម្នាស់​បាន​ 2ជួរ​។

គេ​ត្រូវ​ជ្រើសរើស​កូន​ម្នាស់​ណា​ដែល​ល្អ​មុននឹង​យក​ទៅ​ដាំ​។ មុននឹង​ដាំ​ គេ​ត្រូវ​បាច​ជី​ ឬកប់​ជី​ទ្រាប់​បាតដី​ ហើយ​ជី​ទ្រាប់​បាតដី​នោះ​ គេ​ត្រូវ​ជ្រើសរើស​យក​ប្រភេទ​ជីធម្មជាតិ​ទើប​ជាការល្អ​ ឬអាច​ប្រើ​ជី​ NPK​ ក៏​បាន​ដែរ​ រួចហើយ​គេ​ត្រូវ​រាយ​ទុយោ​ទឹក​ដើម្បី​បន្តក់​ទឹក​លើ​កូន​ម្នាស់​ទៅតាម​ជួរ​ និង​គ្រប​ថង់​ខ្មៅ​ពីលើ​ដែល​មាន​ចោះប្រហោង​សម្រាប់​ឱ្យ​កូន​ម្នាស់​លូត​លាស់​ឡើង​ និង​នៅ​ឆ្ងាយ​ពីគ្នា​ពី​ 1ដើម​ ទៅ​ 1ដើម​ប្រមាណ​ជា​ 60សង់ទីម៉ែត្រ​ 4ជ្រុង​ និង​មាន​ដង់ស៊ីតេ​ដាំ​ប្រមាណ​ជា​ 55,000គុម្ព​ក្នុង​ 1ហិ​កតា​ ឬក្នុង​ដី​មួយ​រ៉ៃ​(40ម៉ែត្រ4ជ្រុង​)គេ​អាច​ដាំ​បាន​ 13000កូន​។ ​

ការ​ដាំដុះ​ ស្រោចទឹក​ និង​ដាក់ជី​ គឺ​គេ​ត្រូវ​ធ្វើ​បន្ទាប់ពី​ដាក់ដាំ​រួច​ រហូតដល់​កូន​ម្នាស់​អាយុ​បាន​ 6ខែ​ ទៅ​ 7ខែ​ ហើយ​បើ​ដើម​ម្នាស់​មានការ​លូតលាស់​ល្អ​គេ​អាច​បញ្ជា​ឱ្យ​ចេញ​ផ្លែ​បាន​ និង2​ ឬ 3ខែ​ ក្រោយ​ផ្លែ​ម្នាស់​នឹង​ចាស់​ ឬស្រគាល​ទើប​គេ​អាច​កាត់​យក​ទៅ​លក់​បាន​។ លោក​ ឆេង​ថុង​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ សហគមន៍​របស់​លោក​អាច​បេះ​ផ្លែ​ម្នាស់​យក​ទៅ​លក់​បាន​ប្រមាណ​ជា2​ ទៅ​ 3តោន​ក្នុង​ 1ថ្ងៃ​ នៅពេល​ដែល​វា​ចាប់ផ្តើម​ផ្តល់​ផល​ពេញទំហឹង​។

ពូជ​ម្នាស់​ទឹកឃ្មុំ​នេះ​នៅពេល​យើង​ដាំ​រួច​ម្តង​ហើយ​ យើង​មិន​អាច​ដាំ​បន្ត​ទៀត​បានទេ​ លុះត្រាតែ​រក​ដី​ថ្មីទៀត​ដាំ​ទើប​ម្នាស់​ពូជ​នេះ​ ទទួល​បានផល​ល្អ​ហើយ​ទាល់តែ​ឆ្នាំ​បន្ទាប់មក​ទៀត​ ទើប​យើង​អាច​វិល​មក​ដាំ​លើ​ដី​ចាស់​វិញ​បាន​។ នេះ​ជា​វិធីសាស្ត្រ​មួយ​ដែល​យើង​កែ​លម្អ​ដី​ដើម្បី​ឱ្យ​អាច​ ដំណាំ​ម្នាស់​នេះ​បាន​តទៅទៀត​នៅ​លើ​ដី​ចាស់​។ ដំណាំ​ម្នាស់​នេះ​ គេ​ត្រូវការ​ប្រើ​ដើមទុន​ច្រើន​ ក្នុង​ការថែទាំ​ តែ​ក៏អាច​រក​ចំណូល​បាន​ច្រើន​ពី​ម្នាស់​ទឹកឃ្មុំ​នេះ​បាន​ដែរ​។លោក​ ឆេង​ ថុង​ បានឱ្យ​ដឹង​ទៀត​ថា​ សហគមន៍​របស់​លោក​មាន​ចម្ការ​ម្នាស់​ទឹកឃ្មុំ​ នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា​ 4ហិ​កតា​(1ហិ​កតា​ស្មើនឹង​ជាង​ 50,000​ដើម​) ឬប្រមាណ​ជាជាង​ 200,000​ ដើម​ ស្ថិត​ក្នុង​ភូមិ​សំបូរ​ ឃុំ​សូភាស​ ស្រុក​ស្ទឹងត្រង់​។ បច្ចុប្បន្ន​ផ្ទៃដី​ 4ហិ​កតា​ដែល​ដាំ​ម្នាស់​របស់​លោក​នេះ​ អាច​រក​ប្រាក់ចំណូល​បាន​ច្រើន​ល្មម​គ្រប់គ្រាន់​ក្នុង1រដូវ​។

ដោយឡែក​រឿង​តម្លៃនៅលើទីផ្សារ​វិញ​ លោក​ឆេង​ ថុង​ បាន​ប្រាប់​កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“ម្នាស់​ទឹកឃ្មុំ​ គឺជា​ផ្លែឈើ​ដែល​មានតម្លៃ​ខ្ពស់​ ដោយ​អាច​លក់​ចេញ​បាន​ក្នុង1ឡូ​(12ផ្លែ​) តម្លៃ24,000​រៀល​ និង​លក់​បោះ​ដុំ​នៅនឹង​ចម្ការ​តែម្ដង​បាន​តម្លៃ​ 20,000រៀល​ដែរ​ក្នុង​ 1ឡូ​ ដោយសារតែ​ផ្លែឈើ​ប្រភេទ​នេះ​យើង​អាច​លក់​បាន​ថ្លៃ​គួរសម​ និង​ពុំសូវ​មានការ​ប្រែប្រួល​តម្លៃ​ខ្លាំង​ប៉ុន្មាន​ទេ​។បន្ថែម​លើ​នេះ​ដើម​របស់​វា​ ខ្ញុំ​អាច​លក់​ទៅ​ឱ្យ​សួនសត្វ​ សម្រាប់​ធ្វើ​ជា​ចំណីសត្វ​ដំរី​បាន​ក្នុង​ 1តោន​ តម្លៃ​ 13ម៉ឺន​រៀល​ដែរ​ដែល​ចំការ​ម្នាស់​របស់​យើង​អាច​ប្រមូល​បាន​ប្រមាណ​ជា​ 40តោន​ដែរ​ក្នុង​មួយ​រដូវ​ដែល​ស្មើនឹង​ជាង​ 5លាន​រៀល​”។

បច្ចុប្បន្ន​ម្នាស់​ទឹកឃ្មុំ​របស់​សហគមន៍​សំបូរ​មានជ័យ​ ត្រូវ​បាន​ផ្គត់ផ្គង់​ទៅ​ឱ្យ​ផ្សារ​ MACRO​ នៅ​ភ្នំពេញ​ និង​ផ្សារ​ទំនើប​ជាច្រើន​ទៀត​ និង​ដោយសារតែ​វា​មាន​តម្រូវការ​ច្រើន​នៅ​តាម​ភោជនីយដ្ឋាន​ និង​សណ្ឋាគារ​ធំៗ​ ទើប​មាន​ឈ្មួញ​មក​ទទួលយក​ដល់កន្លែង​តែម្ដង​ក៏​មាន​។

លោក​បាន​ប្រាប់​កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ ទៀត​ថា​៖“សហគមន៍​របស់ខ្ញុំ​ ក៏​មាន​គោលបំណង​ពង្រីក​ការ​ដាំដុះ​បន្ថែម​ទៀត​ដែរ​ ជាពិសេស​ម្នាស់​ទឹកឃ្មុំ​នេះ​តែម្ដង​ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ដែល​កំពុង​មាន​តម្រូវការ​ខ្លាំង​ តែ​ពេលនេះ​ដី​ដែល​ត្រូវ​ពង្រីក​សម្រាប់​ការ​ដាំ​ម្នាស់​ទឹកឃ្មុំ​នេះ​កំពុង​ជាប់​ប្រើប្រាស់​សម្រាប់​ដំណាំ​ផ្សេងទៀត​ ដែល​មិន​អាច​ឱ្យ​សហគមន៍​សំបូរ​មានជ័យ​យើង​ពង្រីក​ការ​ដាំដំណាំ​ម្នាស់​ទឹកឃ្មុំ​នេះ​បាន​ទៀត​”៕

Advertisement