បុព្វលាភ​ក្រុមហ៊ុន​ធានារ៉ាប់រង​នៅ​កម្ពុជា​នឹង​បន្ត​កើនឡើង ខណៈ​ការពង្រឹង​ទីផ្សារ​ត្រូវបាន​ជំរុញ

រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ចំនួន​បុព្វលាភ​ក្រុមហ៊ុន​ធានារ៉ាប់រង​នៅ​កម្ពុជា​ មានការ​រីក​ធំធាត់​យ៉ាង​ឆាប់រហ័ស​ ដោយមាន​បុព្វលាភ​ធានារ៉ាប់រង​ដុល​សរុប35​% ជាមធ្យម​ក្នុង1ឆ្នាំ​ ហើយ​រយៈពេល​ 5ឆ្នាំ​ចុង​ក្រោយនេះ​ កើនឡើង​ដល់​ 196,4លាន​ដុល្លារ​ក្នុង​ឆ្នាំ2018​។

លោកជំទាវ​ ងួន​ សុខា​ រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បញ្ជាក់​ថា​ បុព្វលាភ​ក្រុមហ៊ុន​ធានារ៉ាប់រង​កម្ពុជា​ ត្រូវ​បាន​ព្យាករ​ថា​ កើនឡើង​ដល់260លាន​ដុល្លារ​នៅ​ចុងឆ្នាំ​នេះ​។ លោកជំទាវ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ជាមួយ​កំណើន​ទីផ្សារ​ក្នុង​ឆ្នាំ2018នេះ​ គ្រឹះស្ថាន​ធានារ៉ាប់រង​ទាំងអស់​បាន​បង្កើត​ការងារ​ពេញ​ម៉ោង​ 3ពាន់​កន្លែង​ និង​ការងារ​ក្រៅ​ម៉ោង​ 9ពាន់​កន្លែង​។

ការ​លើកឡើង​បែបនេះ​ របស់​លោកជំទាវ​រដ្ឋលេខាធិការ​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោកជំទាវ​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ “ទិវា​ធានារ៉ាប់រង​លើក​ទី1​” រៀបចំឡើង​កាល​ថ្ងៃទី25​ ខែកក្កដា​ ឆ្នាំ2019​ ក្រោម​ការចូលរួម​ពី​ឯកឧត្តម​អគ្គបណ្ឌិត​-សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋ​មន្ដ្រី​ រដ្ឋ​មន្ដ្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ រួម​ទាំង​ភ្ញៀវ​កិត្តិយស​ជាច្រើន​ទៀត​។

ឯកឧត្តម​ អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ បានឱ្យ​ដឹង​ថា​៖ “ខ្ញុំ​ពិតជា​មាន​សេចក្តី​រីករាយ​ ដោយ​បានឃើញ​ថា​ វិស័យ​ធានារ៉ាប់រង​បាន​ និង​កំពុង​បន្ត​រីកចម្រើន​ទៅមុខ​គួរ​ជា​ទី​មោទ​នៈ​ជាមួយនឹង​ការ​បោះជំហាន​ទៅមុខ​ប្រកបដោយ​ភាពរឹងមាំ​។ នេះ​គឺ​ជា​សក្ខីកម្ម​មួយ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ទំនាក់ទំនង​នៃ​ការបែងចែក​ផ្លែផ្កា​នៃ​ការ​រីកចម្រើន​របស់​សេដ្ឋកិច្ច​ជាតិ​ជាមួយ​ការ​អភិវឌ្ឍ​នៃ​វិស័យ​ធានារ៉ាប់រង​”។

ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​បាន​បញ្ជាក់​ថា​៖“វិស័យ​ធានារ៉ាប់រង​កំពុង​ក្លាយជា​សសរ​ស្តម្ភ​មួយ​ទៀត​នៃ​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ ហើយ​វិស័យ​នេះ​កំពុង​ជំរុញ​ឱ្យ​មានការ​រីកចម្រើន​លើ​វិស័យ​ជាច្រើន​ផ្សេងទៀត​។ ជាក់ស្តែង​បុព្វលាភ​ធានារ៉ាប់រង​អាច​ត្រូវ​បាន​ប្រើប្រាស់​ជា​មូលនិធិ​សន្សំ​ក្នុង​ប្រព័ន្ធ​ធនាគារ​ ឬអាច​ជា​មូលនិធិ​វិនិយោគ​លើ​ទីផ្សារ​មូលធន​ និង​ការ​វិនិយោគ​ផ្សេងទៀត​ជាដើម​”។

លោកជំទាវ​ ងួន​ សុខា​ បានឱ្យ​ដឹង​ដែរ​ថា​“ជាមួយ​កំណើន​នៃ​ការ​រីក​ធំធាត់​នៃ​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​នេះ​ក៏​ឃើញថា​ មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ចំនួន​31ក្រុមហ៊ុន​ ដោយ​ក្នុង​នោះ​ 13ក្រុមហ៊ុន​ ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ 11ក្រុមហ៊ុន​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ និង​ 7ក្រុមហ៊ុន​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាត​តូច​។ ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ដ​ចំនួន​1 ប្រតិបត្តិ​ករ​សុខភាព​ចំនួន3​ ក្រុមហ៊ុន​វាយតម្លៃ​ហានិភ័យ​ធានារ៉ាប់រង​ចំនួន3​ ក្រុមហ៊ុន​ជើងសា​ធានារ៉ាប់រង​ចំនួន16​ និង​ក្រុមហ៊ុន​ភ្នាក់ងារ​ធានារ៉ាប់រង​ចំនួន22​”។

លោកជំទាវ​បន្ថែម​ថា​ ក្រុមហ៊ុន​ទាំងអស់​មាន​គ្រប់​ប្រភេទ​ ទាំង​ក្រុមហ៊ុន​បរទេស100​% និង​ក្រុមហ៊ុន​ក្នុង​ស្រុក100​% និង​ក្រុមហ៊ុន​ចម្រុះ​។ ក្រុមហ៊ុន​ធានារ៉ាប់រង​ទាំងអស់​មានទ្រព្យ​សកម្ម​ 427,3លាន​ដុល្លារ​អាមេរិក​ និង​មូលនិធិ​ភា​គហ៊ុនិ​កចំនួន​ 243.9​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2018​។

លោកជំទាវ​ ងួន​ សុខា​ បញ្ជាក់​ថា​ សម្រាប់​ឆ្នាំ​2018​ ទីផ្សារ​ធានារ៉ាប់រង​កម្ពុជា​បាន​ធានា​ហានិភ័យ​ (Sum​ Insured​) ចំនួន​ 218ប៊ី​លាន​ដុល្លារ​អាមេរិក​ក្នុង​បណ្ណ​សន្យា​រ៉ាប់រង​ចំនួន​ 2.7លាន​ប័ណ្ណ​ ក្នុង​នោះ​ប័ណ្ណសន្យា​រ៉ាប់រង​ទូទៅ​ចំនួន​ 132ពាន់​ប័ណ្ណ​ ប័ណ្ណ​-សន្យា​រ៉ាប់រង​អាយុជីវិត​ 383ពាន់​ប័ណ្ណ​ និង​ 2.2លាន​ប័ណ្ណសន្យា​រ៉ាប់រង​ខ្នាត​តូច​។

ក្នុង​ការធានា​ហានិភ័យ​ទាំងអស់​នេះ​ ក្រុមហ៊ុន​ធានារ៉ាប់រង​បាន​រៀបចំ​បង្កើត​ផលិតផល​ធានារ៉ាប់រង​គ្រប់​ប្រភេទ​ សម្រាប់​អតិថិជន​មាន​ដូចជា​៖ ផលិតផល​ធានារ៉ាប់រង​លើ​ទ្រព្យសម្បត្តិ​ អគ្គិភ័យ​ ផលិតផល​ ​;ធានារ៉ាប់រង​វិស្វកម្ម​ ផលិតផល​ធានារ៉ាប់រង​ ការ​ដឹកជញ្ជូន​ទំនិញ​ ផលិតផល​ធានារ៉ាប់រង​យានយន្ត​ផលិតផល​ធានារ៉ាប់រង​សុខភាព​ ផលិតផល​ធានារ៉ាប់រង​គ្រោះថ្នាក់​បុគ្គល​ ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​មានកាល​កំណត់​ ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​មួយ​ជីវិត​កាល​ជាដើម​។

ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ បាន​បញ្ជាក់​ដែរ​ថា​៖“ទន្ទឹម​នេះ​វិស័យ​ធានារ៉ាប់រង​បាន​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​ភាពស៊ាំ​ ដើម្បី​ទប់ទល់​នឹង​វិបត្តិ​ បណ្តាល​មក​ពី​គ្រោះមហន្តរាយ​ ពិសេស​គ្រោះ​ធម្មជាតិ​ដែល​បណ្តាល​មក​ពី​ការប្រែប្រួល​អាកាសធាតុ​នេះ​ កំពុង​ក្លាយជា​ប្រធានបទ​ដ៏​សំខាន់​ ​;សម្រាប់​តំបន់​ និង​ពិភពលោក​។ ប្រទេស​កម្ពុជា​ជាស​មា​ជិ​កស្ថាបនិក​របស់​គម្រោង​គ្រប់គ្រង​ គ្រោះ​មហ​ន្ដ​រាយ​នៅ​អាស៊ី​អាគ្នេយ៍​ ដែល​គម្រោង​នេះ​ត្រូវ​បាន​គាំទ្រ​ ដោយ​ប្រទេស​ជប៉ុន​ និង​ធនាគារពិភពលោក​”។

លោក​ យក់​ ចំរើន​ឬទ្ធិ​ អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​ ហ្វ័​រតេ​ បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នពាណិជ្ជ​ថា​៖“ការរៀបចំ​កម្មវិធី​ “ទិវា​ធានារ៉ាប់រង​លើក​ទី1​”នេះ​ គឺជា​ការ​ផ្តួចផ្តើម​ថ្មី​មួយ​ដែល​បណ្តា​ប្រទេស​មួយចំនួន​ក៏​គេ​ធ្លាប់ធ្វើ​ដែរ​ ដើម្បី​ទាក់ទាញ​ទីផ្សារ​ធានារ៉ាប់រង​ ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា​ យើង​មាន​ធានារ៉ាប់រង​ យើង​មានការ​គ្រប់គ្រង​ច្បាស់លាស់​ និង​ផ្តល់​ទំនុកចិត្ត​ទៅដល់​ទីផ្សារ​ធានារ៉ាប់រង​ ពិសេស​ទៅដល់​ពលរដ្ឋ​ដែល​ចង់​ប្រើ​សេវា​ធានារ៉ាប់រង​”។

លោក​ អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​ ហ្វ័​រតេ​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​៖“ក្នុង​គោលបំណង​ដ៏​ពិសេស​នោះ​ គឺទី1​-ចង់​បញ្ជាក់​ថា​ ទីផ្សារ​ធានារ៉ាប់រង​ត្រូវ​បាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ថែបំប៉ន​។ ទី2​-គឺជា​អត្ថន័យ​សម្រាប់​ក្រុមហ៊ុន​ធានារ៉ាប់រង​ទាំងអស់​រួមគ្នា​ ដើម្បី​ផ្លាស់​ប្តូរ​យោបល់​គ្នា​ដាក់​តាំង​បង្ហាញ​ផលិតផល​ធានារ៉ាប់រង​ដែល​កន្លងមក​ពុំ​ដែល​បាន​ធ្វើ​រួមគ្នា​ទេ​ ដូច្នេះ​គឺ​ធ្វើ​ឱ្យ​ប្រជាជន​យល់​កាន់តែ​ច្បាស់​ដែល​យើង​ចង់​ធ្វើ​ឱ្យ​វិស័យ​ធានា​រ៉ា​បរ​ងនេះ​ត្រូវ​បាន​ទទួល​ចំណាប់​អារម្មណ៍​កាន់តែ​ខ្លាំង​”។

លោក​ យក់​ ចំរើន​ឬទ្ធិ​ អគ្គនាយក​ក្រុម​ហ៊ុន​ហ្វ័​រតេ​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​៖“ខ្ញុំ​គិតថា​ក្នុង​ពេល​កន្លងមក​នេះ​ បើ​យើង​ថា​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ពី​សេវា​ធានារ៉ាប់រង​នេះ​ឱ្យ​ទូលំទូលាយ​ពេក​ ក៏​មិន​មែនដែរ​ តែ​ការ​ទទួលយក​សេវា​នេះ​ គឺ​ឃើញថា​មាន​ការ​កើនឡើង​ ដោយសារតែ​ការប្រតិបត្តិ​ការ​កន្លងមក​របស់​វិស័យ​ធានារ៉ាប់រង​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ពីមុខ​របរ​ធានារ៉ាប់រង​ និង​ទីផ្សារ​របស់​វា​ ដែល​ជា​តឹកតាង​នោះ​ គឺ​យើង​ទទួល​បាន​កំណើន​បុព្វលាភ​ធានារ៉ាប់រង​នៅ​កម្ពុជា​មានការ​រីក​ធំធាត់​រហូតដល់​ជិត​ 200លាន​ដុល្លារ​ និង​បាន​ធ្វើការ​ព្យាករ​ថា​ នៅ​ដំណាច់ឆ្នាំ​ និង​កើន​ដល់​ 260លាន​ដុល្លារ​ ដែល​យើង​ឃើញថា​ ទីផ្សារ​ធានារ៉ាប់រង​យើង​មានការ​-រីកចម្រើន​ខ្លាំង​”៕

Advertisement