ជប៉ុនផ្តល់ថវិកាជាង 31ម៉ឺនដុល្លារអាមេរិក សម្រាប់គម្រោងលើកកម្ពស់ការអប់រំ

រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ថវិកាសរុបចំនួន 310,777ដុល្លារអាមេរិកដល់អង្គការ សមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan) ក្រោមគ្រោងការឧបត្ថម្ភ ជំនួយឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។

កិច្ចសន្យាផ្តល់ជំនួយនេះត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ  ឯកឧត្តម ហូរីណូអ៊ូជិ ហ៊ីដេ​ហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំ​ព្រះរាជាណា​ចក្រកម្ពុជា និងលោកស្រី MUKA Satomi នាយិកា​ស្តីទីប្រចាំប្រទេសនៃអង្គការ AAR Japan សម្រាប់គម្រោងលើកកម្ពស់ការអប់រំ​បរិយាប័ន្ន​សម្រាប់​កុមារពិការតាមរយៈការពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃការអប់រំបរិយាប័ន្ន។

ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានមានប្រសាសន៍ថា៖«នៅក្នុងគម្រោងនេះ AAR Japan នឹងបង្កើតនូវប្រព័ន្ធវាយតម្លៃ លើការអនុវត្តការអប់រំបរិយាប័ន្ន និងអនុវត្តសកម្មភាព ​ដើម្បីគាំទ្រ​ដល់​ការបង្កើនសមត្ថភាពរបស់គណៈកម្មការគាំទ្រជនពិការថ្នាក់រដ្ឋបាលឃុំ»។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា៖« តាមរយៈគម្រោងនេះបរិយាកាសសិក្សា និងគុណ ភាពនៃការអប់រំសម្រាប់កុមារដែលមានពិការភាពនឹងត្រូវបានកែលម្អៗ»។

គួរបញ្ជាក់ផងដែរថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋា​ភិបាល​ជប៉ុន​បានចាប់ផ្តើម នៅប្រទេសកម្ពុជាតាំងពីឆ្នាំ2002 ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋា​ភិបាល​ជប៉ុនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាម កម្រិតមូលដ្ឋាន។

ចាប់តាំងពីឆ្នាំ2002 មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង 36លានអាមេរិកដល់​គម្រោង​118 ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំ នៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យ​កសិកម្ម និង សកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕

Advertisement