ធនាគារជាតិនៃកម្ពុជា​ សាកល្បង​កម្មវិធី​បង់ប្រាក់​ចល័ត​ថ្មី​

ធនាគារជាតិនៃកម្ពុជា​បាន​ប្រកាស​ថា​ កំពុង​ធ្វើ​តេ​ស្ត​ប្រព័ន្ធ​កម្មវិធី​បង់ប្រាក់​ចល័ត​ដែលគេ​ឱ្យឈ្មោះ​ថា​“ប្រព័ន្ធ​បាគង​” (Bakong​) ដោយ​យោង​តាម​ធនាគារ​កណ្តាល​ ប្រព័ន្ធ​ថ្មីនេះ​នឹង​ជួយ​សម្រួល​ដល់​ការផ្ទេរ​ប្រាក់​ និង​ការ​បង់ប្រាក់​(នៅ​ទូទាំង​ប្រទេស​) ស្រប​ពេល​ដែល​មានការ​បង្កើន​ការ​ដាក់បញ្ចូល​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​។

ធនាគារជាតិនៃកម្ពុជា​បានឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​៖“គម្រោង​នេះ​មាន​គោលបំណង​ផ្តល់​សេវា​ធនាគារ​ទៅដល់​តំបន់​ដែល​មិន​មាន​ធនាគារ​ ជាពិសេស​នៅ​តំបន់ជនបទ​”។ ធនាគារ​កណ្តាល​បានឱ្យ​ដឹង​ទៀត​ថា​៖ “ប្រព័ន្ធ​នេះ​មាន​សុវត្ថិភាព​ងាយស្រួល​ ឆាប់រហ័ស​ និង​មិន​គិតថ្លៃ​ ដោយ​បាន​កត់សម្គាល់​ថា​ ប្រព័ន្ធ​នេះ​ គឺជា​គំនិត​ផ្តួចផ្តើម​របស់​ធនាគារជាតិនៃកម្ពុជា​ផ្ទាល់​។ ”ប្រព័ន្ធ​ Bakong​» គឺជា​សេវា​ផ្ទេរ​ប្រាក់​តាម​ម៉ាស៊ីន​ដែល​មានស្រាប់​ និង​អាច​រកបាន​សម្រាប់​អតិថិជន​លក់រាយ​របស់​ធនាគារ​ដែល​ចូលរួម​នៅក្នុង​ប្រទេស​កម្ពុជា​”។

“ប្រព័ន្ធ​បាគង​”ជា​ប្រព័ន្ធ​ដែល​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ Download​ យក​ពី​ក្នុង​ទូរស័ព្ទ​ Smart​ Phone​ មក​ប្រើប្រាស់​ដោយ​បំពេញ​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់​ក្នុង​កម្មវិធី​។ បន្ទាប់ពី​បង្កើត​រួចរាល់​យើង​ទៅ​រក​ធនាគារ​ដែល​ជា​ដៃគូ​ជាមួយនឹង​ប្រព័ន្ធ​បាគង​នេះ​ ដោយ​ប្រាប់​ភ្នាក់ងារ​ធនាគារ​ថា​ ចង់​ដាក់បញ្ចូល​លុយ​ក្នុង​ប្រព័ន្ធ​បាគង​ នោះ​ខាង​ធនាគារ​ជា​ដៃគូ​នឹង​ដាក់​បញ្ចូល​ប្រាក់​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​បាគង​ ដោយ​ប្រើប្រាស់​បាន​ទៅតាម​ប្រព័ន្ធ​ QR​ Code​ ទៅតាម​ទីកន្លែង​ណា​ដែល​បញ្ជាក់​ថា​ មាន​ប្រើប្រាស់​ប្រព័ន្ធ​បាគង​។

សូមជម្រាប​ថា​ លោកជំទាវ​ ជា​ សិរី​ អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិនៃកម្ពុជា​ បាន​ប្រជុំ​ជាមួយ​គណៈកម្មការ​ទូទាត់​នៃ​សមាគម​ធនាគារ​នៅ​កម្ពុជា​ និង​តំណាង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​ ដើម្បី​ពិភាក្សា​អំពី​គម្រោង​បាគង​ដែល​ជា​គំនិត​ផ្តួចផ្តើម​ថ្មី​របស់​ធនាគារជាតិនៃកម្ពុជា​ពាក់ព័ន្ធ​នឹង​ករណី​សិក្សា​ពី​លទ្ធភាព​នៃ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​រូបិយវត្ថុ​អេឡិចត្រូនិក​សម្រាប់​ប្រតិបត្តិ​ការ​ទូទាត់​អន្តរ​ធនាគារ​។ជាក់ស្តែង​ ការ​លេចចេញ​ជារូបរាង​នៃ​ការ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​កម្មវិធី​“ប្រព័ន្ធ​បាគង​” NBC​ បាន​សហការ​ជាមួយ​ធនាគារ​ជា​ដៃគូ​ចំនួន​ 4ដំបូង​គេ​រួមមាន​ធនាគារ​អេ​ស៊ី​លីដា​ ធនាគារ​ FTB​ ធនាគារ​វឌ្ឍន​: និង​ធនាគារ​ឯក​ទេ​សវីង​។

នៅក្នុង​ការ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ “ប្រព័ន្ធ​បាគង​” ត្រូវ​បាន​គូសបញ្ជាក់​ថា​ គឺជា​ដំណើរ​វឌ្ឍនភាព​ក្នុង​យុគសម័យ​ថ្មី​របស់​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ ធនាគារជាតិនៃកម្ពុជា​ពិតជា​មាន​មោទនភាព​ណាស់​ដែល​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ការ​ដាក់​ដំណើរការ​ប្រព័ន្ធ​បច្ចេកវិទ្យា​ Blockchain​ ដ៏​ទំនើប​ចុងក្រោយ​គេ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ដើម្បី​ផ្តល់​លទ្ធភាព​ក្នុង​ការ​ធ្វើ​ និង​ជំ​រុ​ញប​រិយា​ប័ន្នហិរញ្ញវត្ថុ​សំដៅ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប​។

ធនាគារជាតិនៃកម្ពុជា​បានឱ្យ​ដឹង​ថា​ ប្រព័ន្ធ​នេះ​អនុញ្ញាត​ឱ្យ​ផ្ទេរ​ប្រាក់​រៀល​ ឬដុល្លារ​អាមេរិក​“អ្នកប្រើ​លែង​ត្រូវការ​ស្គាល់​តួលេខ​ច្រើន​នៃ​គណនី​ធនាគារ​របស់​អ្នកទទួល​ទៀតហើយ​ ដោយ​ឥឡូវនេះ​ពួកគេ​អាច​ផ្ទេរ​ប្រាក់​ដោយ​ផ្ទាល់​ទៅ​លេខទូរស័ព្ទ​របស់​ពួកគេ​ ឬស្គែ​នកូដ​ QR​ តាមរយៈ​កម្មវិធី​ ប្រព័ន្ធ​បាគង​ ឬតាម​រយៈ​សេវាកម្ម​ធនាគារ​ផ្សេងទៀត​ ដែល​ផ្តល់​ដោយ​ធនាគារ​សមាជិក​។ វា​ឥតគិតថ្លៃ​ និង​អាច​ប្រើ​បាន​ 24​/7ក្នុងរយៈពេល​ 365​ ថ្ងៃ​”។

លោកស្រី​ សូ​ផន​ ណា​រី​ នាយិកា​រង​ប្រតិបត្តិ​របស់​ធនាគារ​អេ​ស៊ី​លីដា​ បាន​ប្រាប់​ថា​ ប្រព័ន្ធ​ថ្មីនេះ​ស្រដៀង​ទៅ​នឹង​កាបូប​ឌីជីថល​របស់​ធនាគារ​អេ​ស៊ី​លីដា​។លោកស្រី​បាន​និយាយ​ថា​ កម្មវិធី​ Toan​ Chet​ របស់​អេ​ស៊ី​លីដា​មាន​ឈ្មួញ​ប្រហែល​ 20​%ដោយមាន​អតិថិជន​ជាង​ 980.000​ នាក់​ ទទួលយក​ការ​ទូទាត់​តាម​រយៈ​កម្មវិធី​។ ពោល​ជាមធ្យម​មាន​ 69,671ប្រតិបត្តិ​ការ​ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​កម្មវិធី​រៀងរាល់ថ្ងៃ​ជាមធ្យម​ 17,740,211ដុល្លារ​ក្នុង​ 1ថ្ងៃ​។

លោកស្រី​បាន​មានប្រសាសន៍​ថា​៖“យើង​នឹង​ភ្ជាប់​ប្រព័ន្ធ​របស់​យើង​ គឺ​អេ​ស៊ី​លីដា​ទាន់ចិត្ត​ Toan​ Chet​ ទៅ​នឹង​ ”ប្រព័ន្ធ​បាគង​” ដែល​កម្មវិធី​នេះ​នឹង​អនុញ្ញាត​ឱ្យ​អតិថិជន​របស់​យើង​ផ្ទេរ​ប្រាក់​តាមរយៈ​ប្រព័ន្ធ​បាគង​។ វា​មិនមែន​ជា​កម្មវិធី​នៃ​ការប្រកួត​ប្រជែង​នោះ​ទេ​ គឺ​បាគង​បាន​នាំ​ធនាគារ​ទាំងអស់​មក​ជាមួយគ្នា​ ដោយ​និយាយ​អំពី​ការ​តភ្ជាប់​គ្នា​ និង​ធ្វើការ​ជាមួយគ្នា​”។

កាលពី​ខែកុម្ភៈ​ ធនាគារ​កណ្តាល​នៃ​ប្រទេស​កម្ពុជា​ និង​ថៃ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា​ (MOU​) ដើម្បី​បង្កើត​ប្រព័ន្ធ​ទូទាត់​ដែល​មាន​មូលដ្ឋាន​លើ​កូដ​ QR​ ។ យោង​តាម​ តំណាង​ធនាគារ​កណ្តាល​បានឱ្យ​ដឹង​ថា​ ប្រព័ន្ធ​ទូទាត់​នា​ពេល​ខាងមុខ​មានបំណង​សម្រួលការ​ផ្លាស់​ប្តូរ​ឆ្លងកាត់​ព្រំដែន​ក្នុង​រូបិយប័ណ្ណ​ក្នុង​ស្រុក​។

កាលពី​ខែមិថុនា​ ធនាគារជាតិនៃកម្ពុជា​បាន​ប្រកាស​ថា​ ធនាគារ​ក្នុង​ស្រុក​ចំនួន2​ និង​ធនាគារ​ ថៃ​មួយ​បាន​ចូលរួម​ជាមួយ​ប្រព័ន្ធ​ទូទាត់ប្រាក់​តាម​ QR​ ដែល​ធនាគារ​កណ្តាល​កំពុង​អភិវឌ្ឍ​ជាមួយ​ ប្រទេស​ថៃ​។ ធនាគារ​នេះ​បានឱ្យ​ដឹង​ថា​ ធនាគារ​ FTB​ ធនាគារ​អេ​ស៊ី​លីដា​ និង​ធនាគារពាណិជ្ជ​ Siam​ Com​ mercial​ Bank​(SCB​) នឹង​ក្លាយជា​ធនាគារ​ឧបត្ថម្ភ​ក្នុង​គម្រោង​នេះ​៕

Advertisement