ប្រព័ន្ធ​ចុះ​ទិដ្ឋាការ​បញ្ជិកា​ផលិតផល​ឱសថ​តាម​ប្រព័ន្ធ​អន​ឡាញ​ ​ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​

ក្នុង​ការ​លើកកម្ពស់​ការងារ​គ្រប់គ្រង​ផលិតផល​ឱសថ​ ​និង​គ្រឿងសម្អាង​ឱ្យ​បាន​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​ ​សំដៅ​ចូលរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល​ក្នុង​ប្រទេស​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ ​«​ប្រព័ន្ធ​ចុះ​ទិដ្ឋាការ​ ​បញ្ជិកា​ផលិតផល​ឱសថ​តាម​ប្រព័ន្ធ​អន​ឡា​ញក​ម្ពុ​ជា​»​ ​(​Cambodia​ ​Pharmaceutical​ ​Online​ ​Registration​ ​System​ ​“​CamPORS​”​)​ ​។​

​លោក​សាស្ត្រា​ចារ្យ​ ​ម៉ម​ ​ប៊ុ​ន​ហេង​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ​បាន​ថ្លែង​ថា​៖​«​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡា​ញនា​ពេលនេះ​ ​គឺ​ដើម្បី​លើកកម្ពស់​ការងារ​គ្រប់គ្រង​ផលិតផល​ឱសថ​ ​និង​គ្រឿងសម្អាង​ឱ្យ​បាន​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​ ​សំដៅ​ចូលរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល​ក្នុង​ប្រទេស​ ​ហើយ​ការប្រើ​ប្រាស់​ប្រព័ន្ធ​ចុះ​ទិដ្ឋាការ​បញ្ជិកា​ផលិតផល​ឱសថ​តាម​ប្រព័ន្ធ​អន​ឡា​ញក​ម្ពុ​ជា​ ​ឬហៅ​ថា​ ​CamPORS​ ​នេះ​ក៏​ជា​កំណែទម្រង់​មួយ​ដ៏​មាន​សារៈសំខាន់​ ​និង​ជា​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​សុខាភិបាល​កម្ពុជា​ក្នុង​ការគ្រប់គ្រង​ផលិតផល​ឱសថ​ ​និង​គ្រឿងសម្អាង​ផង​ដែរ​។​

​ ​ក្រសួងសុខាភិបាល​បាន​ដាក់ចេញ​នូវ​យន្តការ​គ្រប់គ្រង​ ​ត្រួតពិនិត្យ​ ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ ​និង​គ្រឿងសម្អាង​ក្លែងក្លាយ​ ​និង​អន់​គុណភាព​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដូចជា​ ​៖​
​1​−​ ​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថ​កិ​ច្ច​ផ្សេង​ៗ​ទៀត​ក្នុង​ការ​ចុះ​បង្ក្រាប​ករណី​ចែកចាយ​ ​ឬ​លក់​ផលិតផល​ឱសថ​ ​និង​គ្រឿងសម្អាង​ខុសច្បាប់​។​
​2​−​ ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​លក់​ឱសថ​តាម​ ​online​ ​ដែល​ជា​ផលិតផល​គ្មាន​ប្រភព​ច្បាស់លាស់​ ​ឬ​ក្លែងក្លាយ​ ​គ្មាន​ការ​ទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​ ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​។​
​3​–​ ​ការប្រើ​ប្រព័ន្ធ​អន​ឡាញ​ ​CamPORS​ ​និង​ ​QR​ ​Code​ ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ត្រួតពិនិត្យ​។​
​ ​លោកស្រី​វេជ្ជបណ្ឌិត​ ​ឱ​ ​វណ្ណ​ឌីន​ ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ ​និង​ជា​ប្រធាន​ដឹកនាំ​ក្រុមការងារ​អភិវឌ្ឍន៍​ប្រព័ន្ធ​អន​ឡាញ​ ​CamPORS​ ​នេះ​ ​បាន​លើកឡើង​អំពី​អត្ថ​ប្រយោជន៍​នៃ​ប្រព័ន្ធ​នេះ​ថា​ ​ប្រព័ន្ធ​នេះ​នឹង​ជួយ​កាត់បន្ថយ​បាន​នូវ​ការ​ចំណាយ​ ​ធានា​បាន​នូវ​តម្លាភាព​ ​គណនេយ្យ​ភាព​ ​ប្រសិទ្ធភាព​ ​បង្ក​លក្ខណៈ​ងាយស្រួល​ ​ឆាប់រហ័ស​ ​អាច​ធ្វើ​បាន​គ្រប់ពេលវេលា​ ​និង​គ្រប់​ទីកន្លែង​ ​ព្រមទាំង​សម្រួល​ដល់​ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ផលិតផល​ឱសថ​ ​និង​គ្រឿងសម្អាង​លើ​ទីផ្សារ​។​

លោកស្រី​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រសួងសុខាភិបាល​នឹង​ចាប់ផ្តើម​អនុវត្ត​ការប្រើ​ប្រព័ន្ធ​ ​QR​ ​Code​ ​នៅ​លើ​វិញ្ញាបនបត្រ​ ​និង​បាន​ចេញប្រកាស​របស់ក្រ​សួង​រួចហើយ​លើ​ការ​បិទ​ដាក់លើ​ប្រអប់​ផលិតផល​ឱសថ​ ​និង​គ្រឿងសម្អាង​នូវ​ ​QR​ ​Code​ ​ដើម្បី​ពង្រឹង​ការងារ​គ្រប់គ្រង​ឱសថ​ ​ឧបករណ៍​បរិក្ខារ​ពេទ្យ​ ​និង​គ្រឿងសម្អាង​ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ ​និង​ត្រួតពិនិត្យ​ផលិតផល​លើ​ទីផ្សារ​កម្ពុជា​។​

លោកស្រី​វេជ្ជបណ្ឌិត​ ​Li​ ​Ailan​ ​តំណាង​អង្គការសុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ ​ក៏បាន​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក៏ដូចជា​ក្រសួងសុខាភិបាល​ចំពោះ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ចុះ​ទិដ្ឋាការ​បញ្ជិកា​ផលិតផល​ឱសថ​តាម​ប្រព័ន្ធ​អន​ឡា​ញក​ម្ពុ​ជា​ប្រកបដោយ​ជោគជ័យ​នេះ​ដែរ​។​ ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​នៃ​អង្គការសុខភាព​ពិភពលោក​ ​មានតែ​ប្រទេស​មួយចំនួន​តូច​ប៉ុណ្ណោះ​ ​ដែល​ភាគច្រើន​មាន​ប្រាក់ចំណូល​ខ្ពស់​មាន​ប្រើ​ប្រព័ន្ធ​អន​ឡាញ​មួយ​នេះ​។​ ​ដូច្នេះ​កម្ពុជា​ ​ជា​ប្រទេស​មួយ​ក្នុងចំណោម​ចំនួន​ប្រទេស​ចំនួន​ដ៏​តិចតួច​បំផុត​ដែល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡា​ញនេះ​។​

​លោកស្រី​ក៏បាន​បន្ថែម​ទៀត​ថា​ ​ផលិតផល​ឱសថ​មានគុណ​ភាព​ ​គឺ​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​បង្ការ​ ​ការ​ព្យាបាល​ ​និង​ការ​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​ ​ដូច្នេះ​បទប្បញ្ញត្តិ​គឺ​ចាំបាច់​ ​ដើម្បី​ធានា​បាន​នូវ​គុណភាព​ ​សុវត្ថិភាព​ ​និង​ប្រសិទ្ធភាព​ ​។​ ​យើង​នឹង​គាំទ្រ​ដល់​ការ​កសាង​សមត្ថភាព​ ​លើកកម្ពស់​បទប្បញ្ញត្តិ​ ​និង​ការ​ខិតខំ​ប្រឹងប្រែង​របស់ក្រ​សួង​សុខាភិបាល​ដើម្បី​លើកកម្ពស់​ចំណេះដឹង​ ​និង​ជំនាញ​វិជ្ជាជីវៈ​ក្នុង​ការអនុវត្ត​និ​តិ​វិធី​ក្នុង​ការគ្រប់គ្រង​ផលិតផល​ឱសថ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត​៕​


Advertisement