អ្នកជំនាញ​៖ ការ​វិនិយោគ​លើ​អចលនទ្រព្យ​ឱ្យ​ទទួល​បាន​ប្រាក់ចំណេញ​មិនមែន​ជា​រឿង​ងាយស្រួល​

អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​រួមគ្នា​ចែករំលែក​បទ​ពិសោធ​អំពី​ប្រធានបទ​“ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ទទួល​បាន​ប្រាក់ចំណេញ​” ដែល​ការចែក​រំលែក​បទ​ពិសោធ​អំពី​អ្នកជំនាញ​ទាំងនេះ​បាន​ធ្វើ​ឱ្យ​អ្នកចូលរួម​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​ យល់​ថា​ ការ​វិនិយោគ​លើ​អចលនទ្រព្យ​មិនមែន​ជា​ការ​ងាយ​ទេ​ដើម្បី​ត្រូវការ​ទទួល​បាន​នូវ​ជោគជ័យ​នោះ​។

លោក​ ម៉ាន់​ ច័ន្ទ​ឌី​ អគ្គនាយក​ក្រុមហ៊ុន​ Premium​ Housing​ Co​., Ltd​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​ របៀប​ប្រើប្រាស់​ទុន​វិនិយោគ​ក្នុង​វិស័យ​អចលនវត្ថុ​ ដោយ​លោក​បាន​លើក​បង្ហាញ​ពីក​ត្តា​មួយចំនួន​ ដែល​អ្នក​ប្រឡូក​ក្នុង​វិស័យ​នេះ​គួរ​ធ្វើ​ ដោយ​ត្រូវ​ប្រើប្រាស់​ទុន​បែប​ណា​ដើម្បី​ឱ្យ​ទទួល​បានផល​ចំណេញ​ និង​ធ្វើការ​រកស៊ី​បាន​យូរអង្វែង​។

លោក​បាន​បន្ដ​ថា​៖“ការ​វិនិយោគ​លើ​អចលន​ទ្រព្យ​ ឱ្យ​ទទួល​បាន​ប្រាក់ចំណេញ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ឡើយ​។ គឺ​ត្រូវ​បែងចែក​ប្រភេទ​វិនិយោគ​រួមមាន​៖ ការ​ផ្ដោត​ការ​វិនិយោគ​ជាចម្បង​លើ​អចលនទ្រព្យ​ប្រភេទ​ផ្ទះ​ដែល​ជា​អចលនទ្រព្យ​មាន​តម្រូវការ​កើនឡើង​គ្រប់ពេល​។ អាច​ខ្ចីប្រាក់​ពី​ធនាគារ​មក​ធ្វើការ​វិនិយោគ​បាន​ច្រើន​ និង​ការប្រាក់​ទាប​ ហើយ​អចលនទ្រព្យ​ប្រភេទ​ផ្ទះ​នេះ​ អាច​ឱ្យ​យើង​រក​កម្រៃ​បាន​ពី​ការជួល​បន្ថែម​ជាដើម​”។

លោក​បាន​បញ្ជាក់​ថា​ ដោយ​ចាប់ផ្ដើម​ពី​ទុន​វិនិយោគ​បន្ដិចបន្ដួច​សិន​មុននឹង​បន្ថែម​ដើមទុន​ឱ្យ​កើនឡើង​ ជា​វិធី​ល្អ​មួយ​ដែល​អាច​ឱ្យ​យើង​ដក​ស្រង​បទ​ពិសោធ​ពី​កំហុសឆ្គង​ក្នុង​ការ​វិនិយោគ​លើក​ក្រោយ​ៗទៀត​។ ការ​ជ្រើសរើស​ផ្ទះ​ដែល​មាន​អ្នកជិតខាង​ល្អ​ ប្រសើរ​ជា​ផ្ទះ​ដែល​មាន​ទីតាំង​ល្អ​ វា​នឹង​ជួយ​ឱ្យ​ផ្ទះ​មានតម្លៃ​ល្អ​ទៅ​ថ្ងៃក្រោយ​។ ជ្រើសរើស​អចលនទ្រព្យ​ដែល​មនុស្ស​ភាគច្រើន​ចង់​រស់នៅ​ និង​មាន​តម្រូវការ​ជួល​ច្រើន​។

លោក​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​៖ “យើង​ត្រូវ​ទិញ​អចលនទ្រព្យ​ឱ្យ​បាន​ក្នុង​តម្លៃ​ទាប​ ដែល​អាច​ជា​ផ្ទះ​ចាស់​ឬម្ចាស់​អចលនទ្រព្យ​មាន​បញ្ហា​ហិរញ្ញវត្ថុ​ ដោយ​ព្យាយាម​ចរចា​តម្លៃ​ឱ្យ​បាន​ទាប​ជាង​ទីផ្សារ​ដើម្បី​ឱ្យ​យើង​បាន​ចំណេញ​តាំងពី​យើង​ចាប់ផ្តើម​ទិញ​ និង​ត្រូវ​វិនិយោគ​លើ​អចលនទ្រព្យ​ដែល​នៅ​ជិត​យើង​ ព្រោះ​គឺជា​ទីតាំង​យើង​ស្គាល់​ ហើយ​វា​ងាយស្រួល​ស្រាវជ្រាវ​តម្លៃ​ទិញ​-លក់​នៅកន្លែង​នោះ​បាន​ច្បាស់​”។ ដើម្បី​ឱ្យ​ប្រាកដ​ក្នុងចិត្ត​ មុននឹង​សម្រេចចិត្ត​ទិញ​ ត្រូវ​អង្កេត​តាមដាន​អចលនទ្រព្យ​គោលដៅ​គ្រប់ពេលវេលា​ ដើម្បី​ឱ្យ​ដឹងពី​អ្វី​ដែល​បាន​កើនឡើង​ក្នុង​កន្លែង​នោះ​ ឬតំបន់​នោះ​ថា​តើ​ នឹង​មាន​ហាង​លក់ដូរ​កំពុង​សង់​ ឬក៏​មាន​គម្រោង​សាងសង់​អគារ​ខ្ពស់​ដែរ​ឬទេ​? ហើយ​ត្រូវ​ធ្វើ​ផែនការ​គ្រប់យ៉ាង​ឱ្យ​បាន​ហ្មត់ចត់​ និង​ដំណើរការ​តាម​ជំ​ហាន​មួយ​ៗច្បាស់លាស់​មុន​ពេល​សម្រេចចិត្ត​ ដោយ​គិត​តាម​ក្បួនខ្នាត​ឱ្យ​បាន​ល្អិតល្អន់​ជាមុន​។ យើង​ត្រូវ​គិតថា​ទិញ​យក​មក​ធ្វើអ្វី​? បានផល​តបស្នង​ត្រឡប់មកវិញ​ប៉ុន្មាន​? សម្រាប់​តម្លៃ​អចលនទ្រព្យ​ទាំងនោះ​ ដើម្បី​ឱ្យ​មាន​លំហូរ​សាច់ប្រាក់​វិជ្ជមាន​”។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ម៉ាន់​ ច័ន្ទ​ឌី​។

លោក​ សន​ សៀប​ អគ្គនាយក​ក្រុមហ៊ុន​ Key​ Real​ Estate​ Co.Ltd​ ក៏បាន​បង្ហាញ​ពី​ការវាយតម្លៃ​អចលនទ្រព្យ​មុន​ពេល​វិនិយោគ​ដែរ​ ដោយ​លោក​បាន​លើកឡើង​ថា​៖ “មុន​ពេល​វិនិយោគ​គួរ​មើល​ពី​ទីតាំង​ ទំហំ​ ជម្រៅ​ ក្បាលដី​ និង​រូបរាង​ដី​ជាដើម​ ដើម្បី​ឱ្យ​ការ​វិនិយោគ​មានដំណើរ​ការ​ល្អ​ប្រសើរ​ ដោយ​ផ្តោត​ទៅលើ​ចំណុច2​ គឺ​៖ ទី1​-រូបមន្ត​ប្រៀបធៀប​ ទី2​-រូបមន្ត​វិនិយោគ​។ គឺ​យើង​ត្រូវ​ប្រមូល​ព័ត៌មាន​ ដើម្បី​ឱ្យ​ដឹងពី​ទីផ្សារ​ ដោយ​ពិចារណា​ទៅលើ​តម្លៃ​ណាមួយ​ដែល​សមស្រប​សម្រាប់​យើង​អាច​ធ្វើការ​វិនិយោគ​បាន​។ ពោល​គឺ​យើង​យក​មក​វិភាគ​តាម​ទិន្នន័យ​ទីផ្សារ​ បន្ទាប់មក​គឺ​យើង​បាន​តម្លៃ​ទីផ្សារ​ដែល​យើង​ត្រូវ​យក​មក​ធ្វើការ​វិនិយោគ​”។ លោក​ សន​ សៀប​ ក៏បាន​បន្ថែម​ទៀត​ដែរ​ថា​៖“កត្តា​ដែល​យើង​គួរ​វាយតម្លៃ​មុន​វិនិយោគ​ គឺ​ ដើម្បី​ឱ្យ​ដឹងពី​កត្តា​នៃ​ការ​លក់​ត្រឡប់ទៅវិញ​ ដោយ​បាន​មក​ពី​ការ​លក់​ ឬជួល​ និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ផល​ចំណេញ​ថា​ តើ​យើង​ត្រូវ​ធ្វើការ​វិនិយោគ​លំនៅ​ដ្ឋាន​ ខុន​ដូ​ អា​ផា​តមិន​ ឬក៏​ផ្ទះល្វែង​ ដែល​ការពិចារណា​ គឺ​ស្ថិតនៅ​លើ​អ្នក​វិនិយោគ​ខ្លួនឯង​ដែល​បាន​វិភាគ​ទៅតាម​ទិន្នន័យ​ទីផ្សារ​ដែល​បាន​ប្រមូល​មក​”។

លោក​ ព្រាប​ កុល​ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បាន​បង្ហាញ​ពី​ការ​កសាង​ទំនុកចិត្ត​ រវាង​ភ្នាក់ងារ​អចលនទ្រព្យ​ និង​វិនិយោគិន​ ដើម្បី​ភាព​ជោគជ័យ​ក្នុង​ការ​វិ​និ​យោ​គម្រោង​ធំ​។ គឺ​ការ​កសាង​ទំនុកចិត្ត​ត្រូវ​មាន​ភាព​ស្មោះត្រង់​ ត្រូវ​មានការ​ធ្វើការងារ​ជា​ក្រុម​ដើម្បី​បន្ថែម​នូវ​ទំនុកចិត្ត​សម្រាប់​ដៃគូ​ម្ខាងទៀត​ ការគោរព​ពេលវេលា​ ការ​បង្ហាញ​ពី​ទឹកដម​នៃ​ការ​ទំនាក់ទំនង​រវាង​គ្នា​ និង​ការគោរព​ចំពោះ​ដៃគូ​ម្ខាងទៀត​ជាដើម​។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ក៏បាន​ធ្វើ​បទ​បង្ហាញ​ពី​ការ​វិនិយោគ​លើ​វិស័យ​អចល​ទ្រព្យ​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​ផង​ដែរ​ ដោយ​លោក​លើកឡើង​ថា​៖ “ដើម្បី​វិនិយោគ​លើ​អចលនទ្រព្យ​ ទទួល​បាន​ប្រាក់ចំណេញ​ត្រូវ​វិនិយោគ​ដោយ​មើលទៅ​លើ​ស្ថានភាព​ផ្លូវ​ និង​ទីតាំង​ឱ្យ​សមស្រប​នឹង​តម្រូវការ​ជាក់ស្ដែង​។

ដោយឡែក​ សម្រាប់​ទិញ​ដើម្បី​រស់នៅ​ ត្រូវ​មើល​ពី​ភាព​ចូលចិត្ត​នៃ​ការរស់នៅ​ មានន័យថា​ អ្នកខ្លះ​ចូលចិត្ត​រស់នៅ​តាម​ដងទន្លេ​ ចំណែក​អ្នកខ្លះ​ទៀត​ចូលចិត្ត​រស់នៅ​តាម​តំបន់​ស៊ី​វី​ល័យ​ ដូច្នេះ​ក្នុងនាម​យើង​ជា​អ្នកលក់​ គួរតែ​ណែនាំ​បង្ហាញ​ពី​ផលប្រយោជន៍​ក្នុង​តំបន់​ផ្សេងគ្នា​ទាំងនេះ​។ ដូច្នេះ​ក្នុងនាម​ជា​អ្នកជំនាញ​ត្រូវ​យល់​ឱ្យ​ច្បាស់​អំពី​ស្ថានភាព​ និង​តម្រូវការ​របស់​អតិថិជន​ច្បាស់លាស់​ ទើប​អាច​ឱ្យ​ដំណើរការ​នៃ​ការ​លក់​ទទួល​បានផល​ល្អ​ និង​ចំណេញ​ថវិកា​”។

អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​ខាងលើ​ក៏បាន​ថ្លែង​ពី​សកម្មភាព​មួយចំនួន​នៅក្នុង​វិស័យ​អចលនទ្រព្យ​ផង​ដែរ​ ដោយ​លើកឡើង​ពី​នៅ​ការវាយតម្លៃ​ខុសពី​ការពិត​ដែល​ផ្ទុយពី​វិជ្ជាជីវៈ​ ដែល​ទង្វើ​បែបនេះ​អាច​កើតមាន​ចំពោះ​ក្រុម​មួយចំនួន​តូច​ដែល​បង្ក​កើតឡើង​ដោយ​មិន​ស្របច្បាប់​ ឬមិន​បាន​ទទួល​បាន​ការ​បណ្តុះបណ្តាល​ជំនាញ​ជា​អ្នក​អាជីព​ដែល​ករណី​វាយតម្លៃ​អចលនវត្ថុ​ខ្ពស់​ជាង​តម្លៃ​ក្នុង​ទីផ្សារ​ដើម្បី​ទទួល​បាន​ប្រយោជន៍​ទាំងសងខាង​នេះ​ មិនមែន​មានតែ​ក្នុង​ប្រទេស​យើង​នោះ​ទេ​ នៅ​តាម​បណ្តា​ប្រទេស​នានា​លើស​កល​លោក​ក៏​ធ្លាប់​កើតមាន​ដែរ​ រហូត​មាន​ស្ថាប័ន​ដែល​ជា​ក្រុមហ៊ុន​ជំនាញ​ក្នុង​វិស័យ​នេះ​បាន​ចងក្រង​ជា​ក្រមសីលធម៌​ និង​តម្រូវ​ឱ្យ​គោរព​អនុវត្ត​ទាំងអស់គ្នា​។

បច្ចុប្បន្ន​នេះ​នៅ​កម្ពុជា​ មិនទាន់​មានច្បាប់​កំណត់​ពី​កម្រិត​នៃ​ការ​ទទួលទោស​ពី​ការវាយតម្លៃ​អចលនទ្រព្យ​ខុស​នោះ​ទេ​ គឺ​មានតែ​ការបង្កើត​ជា​ច្បាប់​វិជ្ជាជីវៈ​ និង​ក្រមសីលធម៌​ដែល​បង្កើត​ឡើង​ដោយ​សមាគម​ជំនាញ​ដែល​ពាក់ព័ន្ធ​ក្រោម​ការ​រួមគ្នា​បង្កើត​តែប៉ុណ្ណោះ​។ ជា​ដំណោះស្រាយ​ និង​អាច​គេច​ផុត​ពី​ករណី​ទាំងអស់​នេះ​ ទាំង​ម្ចាស់​ក៏ដូចជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ (ធនាគារ​ម្ចាស់បំណុល​) ដែល​ពាក់ព័ន្ធ​ គួរតែ​ស្វែងរក​ក្រុមហ៊ុន​ជំនាញ​ ឬភ្នាក់ងារ​វាយតម្លៃ​ស្របច្បាប់​ធ្វើជា​ដៃគូ​ ចៀសវាង​ការខាតបង់​ផលប្រយោជន៍​៕

Advertisement