ស្រប​ពេល​ច្បាប់​អនុម័ត​ក្រុមហ៊ុន​ក្នុង​ស្រុក​វិនិយោគ​លើ​ដំណាំ​ឫស្សី​ នឹងអាច​ផ្គត់ផ្គង់​លើ​ទីផ្សារ​បាន​

ដោយសារ​នៅក្នុង​ប្រទេស​កម្ពុជា​សម្បូរ​ទៅ​ដោយ​ដើម​ឫស្សី​ និង​បច្ចុប្បន្ន​កសិករ​បាន​នាំគ្នា​ដាំ​ដើម​ឫស្សី​ជា​លក្ខណៈ​អាជីវកម្ម​ច្រើន​នោះ​ កាលពី​ខែ​ឧសភា​ ឆ្នាំ2019​ ឯកឧត្តម​ វេង​ សា​ខុន​ បាន​ជួប​ជាមួយ​លោកស្រី​ Jiang​ Zehui​ សហប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​អង្គការ​អន្តរជាតិ​ឫស្សី​ និង​ផ្តៅ​ ដើម្បី​ពិភាក្សា​ពី​កិច្ច​សហប្រតិបត្តិ​ការ​ និង​ការចូលរួម​ជាស​មា​ជិ​កនៃ​អង្គការ​មួយ​នេះ​។

អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី​ និង​ផ្ដៅ​ បាន​បង្កើត​ឡើង​ឆ្នាំ1999​ ដោយមាន​សន្ធិសញ្ញា​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ​។អង្គការ​ឬស្សី​ និង​ផ្តៅ​អន្តរជាតិ​ ហៅ​កាត់​ថា​ អុី​នបារ​INBAR​ ឬ International​ Network​ for​ Bamboo​ and​ Rattan​) ដែល​មាន​ការិយាល័យ​កណ្តាល​នៅ​ប្រទេស​ចិន​ គឺជា​អង្គការ​អភិវឌ្ឍន៍​ពហុភាគី​មួយ​ដែល​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​បរិស្ថាន​ដោយ​ប្រើប្រាស់​ដើម​ឫស្សី​ និង​ផ្តៅ​។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ INBAR​ បាន​ឱ្យ​ដឹង​ថា​ ការ​ជួញដូរ​ឬស្សី​ និង​ផ្តៅ​ទៅ​អន្តរជាតិ​ មាន​តម្លៃ​ជិត​ 2ពាន់​លាន​ដុល្លារ​ក្នុង​ 1ឆ្នាំ​។ INBAR​ បានឱ្យ​ដឹង​ទៀត​ថា​ ឫស្សី​ និង​ផ្តៅ​ ជា​ផលិតផល​ព្រៃ​ មិនមែន​ជា​ឈើ​ មានតម្លៃ​បំផុត​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​ជា​សក្តា​នុ​ពល​តែមួយគត់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ ព្រមទាំង​បញ្ហា​ប្រឈម​នៃ​បាត់បង់​ធនធាន​ធម្មជាតិ​ និង​ផ្តល់​ភាព​ប្រសើរ​ឡើង​នូវ​ជីវភាពរស់នៅ​ដល់​ប្រជាជន​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។

ឯកឧត្តម​ វេង​ សុ​ខុន​រដ្ឋមន្ត្រី​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​មានប្រសាសន៍​ថា​ ចំពោះ​ការ​ចូល​ជាស​មា​ជិ​កនៃ​អង្គការ​បណ្តាញ​អន្ដរ​ជាតិ​ ឫស្សី​ និង​ផ្ដៅ​ កម្ពុជា​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ជាច្រើន​។

ទី1​- ​បាន​ស្វែងយល់​អំពី​ដំណើរការ​វិវឌ្ឍ​នៃ​ការ​ដាំដុះ​ដើម​ឫស្សី​ថា​ តើមាន​អត្ថ​ប្រយោជន៍​បែប​ណា​ទៅដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​ ឬក៏​ឆ្លើយតប​ទៅតាម​ទីផ្សារ​ពិភពលោក​។ ​;ទី2​-ការ​កសាង​សមត្ថភាព​របស់​មន្ដ្រី​របស់​យើង​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដាំដុះ​ឫស្សី​ ជាពិសេស​រដ្ឋបាល​ព្រៃឈើ​។ ​;ទី3​-ការ​ដាំដុះ​ឫស្សី​នេះ​ ទាញ​អត្ថ​ប្រយោជន៍​សំខាន់​ទៅ​ដល់​ការថែទាំ​បរិស្ថាន​បៃតង​របស់​កម្ពុជា​ដែល​មាន​និ​រន្ដរ​ភាពល្អ​ប្រសើរ​។

បន្ទាប់ពី​ជំនួប​រវាង​ឯកឧត្ដម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រក្ខា​ ប្រមាញ់​ និង​នេសាទ​ ជាមួយ​អង្គការ​ឬស្សី​ និង​ផ្តៅ​អន្តរជាតិ​ រួចមក​ ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​បាន​ប្រកាស​ថា​ ខ្លួន​គ្រោង​នឹង​ពង្រីក​ការ​ដាំ​ឫស្សី​លើ​ផ្ទៃដី​ 1ម៉ឺន​ហិ​កតា​ នៅ​ឃុំ​ប្រធាតុ​ ស្រុក​អូរ​រាំង​ឱ ខេត្ត​ត្បូងឃ្មុំ​ ហើយនឹង​បង្កើត​រោងចក្រ​កែច្នៃ​ ដោយ​ប្រើ​វត្ថុធាតុដើម​ពីដើម​ឫស្សី​ និង​ផ្តៅ​ ដើម្បី​ផលិត​ជា​សម្ភារ​ និង​គ្រឿងសង្ហារិម​ សម្រាប់​ផ្គត់ផ្គង់​នឹង​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ និង​អន្តរជាតិ​ផង​ដែរ​។

ក្រុមហ៊ុន​ អាន​ ម៉ា​ឌី​ គ្រុប​ បាន​ចេញ​សេចក្តី​ប្រកាស​មួយ​បញ្ជាក់​អំពី​គម្រោងការ​ដែល​ក្រុមហ៊ុន​មាន​ ដែល​ប្រកាស​នេះ​បាន​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​តែ​ប៉ុណ្ណោះ​ បន្ទាប់ពី​ព្រឹទ្ធសភា​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​បង្កើត​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី​ និង​ផ្តៅ​ក្រោយពី​បាន​អនុម័ត​ច្បាប់​ដែល​បាន​បញ្ជូន​មក​ពីរ​ដ្ឋ​សភាជាតិ​។

លោក​ឧកញ៉ា​ អាន​ ម៉ា​ឌី​ ប្រធាន​ក្រុមប្រឹក្សានាយក​ បាន​មានប្រសាសន៍​ថា​៖“ក្រុមហ៊ុន​ដំបូង​ឡើយ​ បាន​ធ្វើការ​ដាំដុះ​លើ​ផ្ទៃដី​តែ​ 25ហិ​កតា​ប៉ុណ្ណោះ​។ លោក​បាន​បន្ថែម​ថា​ ដីចម្ការ​នេះ​នឹង​ពង្រីក​រហូតដល់​ 1ម៉ឺន​ហិ​កតា​ដើម្បី​ដាំ​ឫស្សី​ និង​ផ្តៅ​ ព្រោះ​ទិន្នផល​វា​មាន​សក្តា​នុ​ពល​យ៉ាង​ខ្លាំង​នៅក្នុង​ទីផ្សារ​ជាស​កល​”។

“ហេតុនេះ​ហើយ​ទើប​ក្រុមហ៊ុន​មាន​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​មួយ​ ដើម្បី​ផលិត​សម្ភារ​តុបតែង​ និង​គ្រឿងសង្ហារិម​ផង​ដែរ​”។ នេះ​បើ​យោង​តាម​ប្រសាសន៍​លោក​ឧកញ៉ា​ អាន​ ម៉ា​ឌី​ ដែល​បាន​បញ្ជាក់​ប្រាប់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅក្នុង​ចម្ការ​ឫស្សី​របស់​ក្រុមហ៊ុន​។លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​ក្រុមហ៊ុន​អាន​ ម៉ា​ឌី​ បាន​បញ្ជាក់​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“ការ​ដាំដុះ​ដើម​ឫស្សី​ គឺ​យើង​ប្រមូល​ផល​រហូត​។ នៅ​ពេល​ដែល​យើង​ដាំដុះ​បាន​រយៈពេល​ 4ឆ្នាំ​យើង​នឹង​ទទួល​បានផល​(ដើម​ឬស្សី​ចាប់ផ្តើម​ចាស់​ដែល​អាចយ​កទៅ​ប្រើការ​បាន​)ជា​បន្ដ​បន្ទាប់​”។

លោក​ឧកញ៉ា​បាន​បន្ថែម​ថា​៖“បច្ចុប្បន្ន​នេះ​ ដើម​ឫស្សី​ត្រូវ​បាន​គេ​យក​ទៅ​កែច្នៃ​ជា​សម្ភារ​ និង​គ្រឿង​សង្ហារិម​ ។ ឫស្សី​ភាគច្រើន​ គឺ​ដុះ​នៅក្នុង​តំបន់​សើម​ ហើយ​វា​ក៏​មានលទ្ធភាព​ដុះ​នៅ​តំបន់​ដែល​ដី​មាន​សំណើម​ និង​នៅ​ជើងភ្នំ​។ ក្រុមហ៊ុន​ខ្ញុំ​ បាន​នាំចេញ​គំរូ​ដើម​ឬស្សី​សម្រាប់​កែច្នៃ​ទៅ​ប្រទេស​ម៉ាឡេស៊ី​រួចហើយ​ ដោយក្រុម​ហ៊ុន​ខ្ញុំ​មាន​ចម្ការ​ឬស្សី​នៅ​ខេត្ត​រតនគីរី​ 2-3ពាន់​ហិ​កតា​ដែរ​ សម្រាប់​ការនាំចេញ​នេះ​ និង​បាន​ធ្វើការ​ដាំ​ឬស្សី​នៅ​តាម​ខេត្ត​ផ្សេងទៀត​ជាច្រើន​”។

លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​៖“ចំពោះ​គុណភាព​ដើម​ឬស្សី​របស់​ខ្មែរយើង​នេះ​ ក្រុមហ៊ុន​គ្រឿងសង្ហារិម​លំដាប់​ពិភពលោក​ បាន​ទទួលស្គាល់​នូវ​គុណភាព​ថា​ មានសាច់​ក្រាស់​ ស្វិត​ល្អ​ អាច​ទទួលយក​បាន​ក្នុង​ការកែច្នៃ​ជា​គ្រឿងសង្ហារិម​ ព្រោះ​ជា​ការកាត់បន្ថយ​ការប្រើ​ប្រាស់​ឈើ​ ដើម្បី​កុំឱ្យ​មាន​បទល្មើស​ព្រៃឈើ​ ដោយ​ងាក​មក​ប្រើប្រាស់​ដើម​ឬស្សី​វិញ​”។

លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​បញ្ជាក់​ទៀត​ថា​៖“ដោយសារ​យើង​ពុំ​ទាន់​មាន​តួលេខ​ក្នុង​ស្រុក​យើង​អំពី​ចំនួន​នៃ​ការប្រើ​ប្រាស់​ដើម​ឬស្សី​ទេ​ និង​ពិបាក​ក្នុង​ការ​ប៉ាន់ស្មាន​។ បើ​យើង​មាន​ផលិតផល​ យើង​លក់​ជាក់ស្តែង​ទើប​អាច​ប៉ាន់ស្មាន​បាន​ ព្រោះ​និរន្តរភាព​នៃ​ការ​ផ្គត់ផ្គង់​ឬស្សី​ និង​ផ្តៅ​នេះ​ មិនទាន់​មាន​ស្ថិរភាព​ទេ​ ព្រោះ​មាននៅ​ពលរដ្ឋ​ និង​សហគមន៍​ខ្លះ​ តួលេខ​នៅ​រាយប៉ាយ​ យើង​មិនទាន់​មាន​របាយការណ៍​ច្បាស់លាស់​នៅឡើយ​។ តែ​ខ្ញុំ​សង្ឃឹមថា​ ប្រសិនបើ​មាន​ដំណើរការ​ នៅ​ថ្ងៃខាងមុខ​ការ​ផ្គត់ផ្គង់​ឬស្សី​ នឹង​គ្រប់គ្រាន់​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​”។ជា​រួម​គម្រោង​វិនិយោគ​នេះ​ គឺ​កំពុង​ឆ្លើយតប​ទៅ​នឹង​គោលនយោបាយ​នៃ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​ 2019​-2023​ និង​ជាពិសេស​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការអនុវត្ត​ច្បាប់​ស្តី​ពី​ ​;“ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី​ និង​ផ្តៅ​”។ ម្យ៉ាងវិញទៀត​គម្រោង​នេះ​ នឹង​ចូលរួម​អភិវឌ្ឍ​ធនធាន​ឫស្សី​ ប្រកបដោយ​និរន្តរភាព​ ទាញ​ប្រយោជន៍​ សម្រាប់​សង្គម​ សេដ្ឋកិច្ច​ បរិស្ថាន​បៃតង​ និង​បង្កើត​គម្រប​ព្រៃឈើ​ផង​ដែរ​៕

ចំណែក​លោក​ សុវណ្ណ​ ពិសិដ្ឋ​ នាយក​ប្រតិបត្តិ​សមាគម​ផ្ដៅ​កម្ពុជា​ បានឱ្យ​ដឹង​ថាស​មា​គម​លោក​មាន​សមាជិក​ និង​បណ្ដាញ​ ទាំង​សិប្បកម្ម​កែច្នៃ​ សហ​-គមន៍​តាម​មូលដ្ឋាន​ និង​ដៃគូ​សហការ​ជា​អង្គការ​អន្តរជាតិ​ជាដើម​។ លោក​ប្រាប់​ថា​ ពីមុន​សមាគម​នេះ​គ្រប​ដណ្ដាប់6ខេត្ត​ តែ​ដោយសារ​ខ្វះ​ថវិកា​សមាគម​នេះ​បាន​ចងក្រង​សហគមន៍​តែ​នៅ​ខេត្ត​ចំនួន3​ប៉ុណ្ណោះ​ ដែល​រួមមាន​ខេត្តកោះកុង​ ព្រះសីហនុ​ និង​ខេត្តកំពត​។

លោក​ សុវណ្ណ​ ពិសិដ្ឋ​ អះអាង​ថា​ សមាគម​មាន​បច្ចេកទេស​ យក​ផល​ពី​អនុផល​ឫស្សី​ ផ្ដៅ​ ដើម្បី​ធានា​និរន្តរភាព​របស់​វា​មិន​ឱ្យ​បាត់បង់​។ បណ្ដាញ​សហគមន៍​ក្នុង3ខេត្ត​នេះ​ មាន​វិសាលភាព​លើ​ផ្ទៃដី​ជាង​8ពាន់​ហិ​កតា​ ដែល​អាច​ទទួលផល​ឫស្សី​ ផ្ដៅ​ ប្រមាណ​ជាង3000តោន​ក្នុង1ឆ្នាំ​ តែ​សមាគម​ទើបតែ​អាច​ទាញ​ផល​បាន​ 300តោន​ក្នុង1ឆ្នាំ​ប៉ុណ្ណោះ​។ សូមជម្រាប​ដែរ​ថា​ យោង​តាម​សេចក្តី​ប្រកាស​របស់​ព្រឹទ្ធសភា​ ដី​ប្រហែល4ម៉ឺន​ហិ​កតា​នឹង​ត្រូវ​ផ្តល់​ជូន​ដើម្បី​លើកទឹកចិត្ត​កសិករ​ឱ្យ​ដាំ​ និង​កែច្នៃ​ឫស្សី​ និង​ផ្តៅ​ ហើយនឹង​បង្កើត​បណ្តាញ​ទីផ្សារ​អន្ដរ​ជាតិ​មួយ​ សម្រាប់​លក់​ផលិតផល​របស់​ពួកគេ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា​បាន​និយាយ​ថា​ ការ​ផ្ដួចផ្ដើម​នេះ​គឺ​សំដៅ​ផ្សព្វផ្សាយ​ឱ្យ​មានការ​ដាំដុះ​ឫស្សី​ និង​ផ្តៅ​ និង​ការកែច្នៃ​នៅ​កម្ពុជា​ហើយ​រដ្ឋាភិបាល​នឹង​សហការ​ជាមួយនឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ ដើម្បី​ធានា​បាន​នូវ​ភាព​ជោគជ័យ​។សេចក្តី​ថ្លែងការណ៍​បាន​បញ្ជាក់​ថា​ ការ​ផ្តល់​ដីសម្បទាន​ និង​យន្តការ​ទីផ្សារ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​របស់​កសិករ​ និង​ជួយ​អភិរក្ស​ដើមឈើ​ និង​ព្រៃឈើ​៕

Advertisement