កម្ពុជា​កំពុង​ជំរុញ​ឱ្យ​មានការ​វិនិយោគ​បន្ថែម​លើ​វិស័យ​កសិកម្ម​ដើម្បី​នាំចេញ​

កសិកម្ម​ ជា​វិស័យ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​ បើ​ទោះបីជា​បច្ចុប្បន្ន​នេះ​ ឧស្សាហកម្ម​ និង​សេវាកម្ម​បាន​ចូលរួម​ចំណែក​ក្នុង​ការ​រក​ប្រភព​ចំណូល​ច្រើន​សម្រាប់​ថវិកាជាតិ​ជា​រៀងរាល់​ឆ្នាំ​ក៏ដោយ​។

ស្រប​ពេល​ដែល​វិស័យ​កសិកម្ម​នៅតែ​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា​ ថ្មី​ៗនេះ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការស្វែងរក​ការ​វិនិយោគ​បន្ថែម​ពី​ប្រទេស​ដៃគូ​សំ​ខាន់​ៗលើ​ការកែច្នៃ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

នៅក្នុង​ជំនួប​ជាមួយ​មន្ត្រី​ទទួលបន្ទុក​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ អម​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ បាន​លើកឡើង​ថា​ កម្ពុជា​ចង់​បានការ​វិនិយោគ​បន្ថែម​ពី​ប្រទេស​ចិន​ លើ​ឧស្សាហកម្ម​កែច្នៃ​ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម​ ដើម្បី​ធ្វើ​ពិពិធ​កម្មការ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ដោយសារ​កម្ពុជា​មាន​ផលិតផល​កសិកម្ម​មិនទាន់​កែច្នៃ​ច្រើន​ ដូចជា​ផ្លែស្វាយ​កំពង់ស្ពឺ​ ផ្លែ​មៀន​ប៉ៃលិន​ និង​ផ្លែឈើ​ហូប​ផ្លែ​ជាច្រើន​ផ្សេងទៀត​។ ឯកឧត្តម​បន្ថែម​ថា​ ក្រសួង​ពាណិជ្ជកម្ម​កំពុង​ជំរុញ​ឱ្យ​មានការ​នាំចេញ​ផលិតផល​ទៅកាន់​តែ​ទីផ្សារ​ចិន​ តាមរយៈ​ការចូលរួម​ព្រឹត្តិ​ការណ៍​នានា​ និង​ការ​បង្ហាញ​តាម​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ នៅ​ប្រទេស​ចិន​។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ក៏បាន​ស្នើសុំ​ឱ្យ​ភាគី​ចិន​ជួយ​សម្រួល​ដល់​ការនាំចេញ​ផលិតផល​កសិកម្ម​ខ្មែរ​ និង​ជួយ​កៀងគរ​ក្រុមហ៊ុន​ចិន​ ដែល​មាន​ឯកទេស​ច្បាស់លាស់​មក​វិនិយោគ​បន្ថែម​នៅក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​បន្ត​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ទ្វេភាគី​។ លើស​ពីនេះ​ទៅទៀត​ ក្រសួង​នឹង​បន្ត​សហការ​ជាមួយគ្នា​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ (e-commerce​) ដើម្បី​ជំរុញ​ការ​លក់​ និង​នាំចេញ​ផលិតផល​ខ្មែរ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កាន់តែ​ប្រសើរ​ឡើង​។

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ថ្មី​ៗនេះ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ក៏បាន​ជំរុញ​ឱ្យ​ប្រទេស​បេ​ឡា​រុស​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​វិនិយោគ​លើ​ការកែច្នៃ​ និង​នាំចេញ​ផលិតផល​របស់​កម្ពុជា​ទៅបរទេស​ផង​ដែរ​។

ក្នុង​នោះ​ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​លើកឡើង​ថា​ ប្រទេស​បេ​ឡា​រុ​សជា​ប្រទេស​ដែល​បាន​ផ្គត់ផ្គង់​គ្រឿងយន្ត​កសិកម្ម​មក​ប្រជាពលរដ្ឋ​កម្ពុជា​ ហេតុនេះ​យើង​ចង់ឱ្យ​ប្រទេស​នេះ​ពិនិត្យ​លទ្ធភាព​បន្ថែម​ដើម្បី​វិនិយោគ​ឱ្យ​កាន់តែ​ធំ​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម​សម្រាប់​នាំចេញ​។

ឯកឧត្តម​ វេង​ សា​ខុន​ បាន​មានប្រសាសន៍​ថា​៖ “កម្ពុជា​បាន​វិវឌ្ឍ​ពី​ការប្រើ​ប្រាស់​កម្លាំង​អូសទាញ​ដោយ​គោក្របី​ មក​ការប្រើ​ប្រាស់​គ្រឿងយន្ត​បាន​ជាង​ 97​%ទៅ​ហើយ​ នេះ​គឺជា​យន្តការ​អាទិភាព​ ក្នុង​ការ​លើកកម្ពស់​ទំនើបកម្ម​កសិកម្ម​ និង​យន្តការ​ពាណិជ្ជកម្ម​-កសិកម្ម​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់ក្រ​សួង​”។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​ ចង់​ជំរុញ​ឱ្យ​ប្រទេស​បេ​ឡា​រុស​ បង្កើន​ការ​ផ្គត់ផ្គង់​បន្ថែម​នូវ​គ្រឿង​យន្ត​ទំនើប​ៗផ្នែក​កសិកម្ម​ដើម្បី​ធ្វើការ​ប្រមូល​ផល​ និង​ជំរុញ​ឱ្យ​ការ​ធ្វើ​កសិកម្ម​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ឆ្លើយតប​ជាមួយ​តម្រូវការ​សម្រាប់​ការនាំចេញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បើ​យោង​តាម​ប្រសាសន៍​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​កាលពី​ដំណាច់ខែ​មីនា​ ឆ្នាំ2019​ បាន​បង្ហាញថា​ រយៈពេល​ 3ខែ​ដើមឆ្នាំ2019​ នេះ​ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​សរុប​ជា​ផ្លូវការ​ប្រមាណ1.4លាន​តោន​។ ដោយឡែក​ការ​ផ្គត់ផ្គង់​បន្លែស្រស់​ទៅកាន់​ទីផ្សារ​អឺរ៉ុប​មាន​ប្រមាណ​ជាង​ 50តោន​។ បច្ចុប្បន្ន​ទីផ្សារ​នាំចេញ​ផលិតផល​កសិកម្ម​សំ​ខាន់​ៗរបស់​កម្ពុជា​ រួមមាន​ប្រទេស​បារាំង​មាន​ប្រមាណ​ 40​% ចិន​មាន​ប្រមាណ​ 40​% រួម​ទាំង​ទីផ្សារ​អឺរ៉ុប​ និង​ទីផ្សារ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ​។ ចំណែក​ឯការនាំចេញ​ចេកអំបូង​លឿង​ពី​កម្ពុជា​ដោយ​ផ្ទាល់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ បាន​ចាប់ផ្ដើម​ជា​ផ្លូវការ​កាលពី​ខែមករា​ ឆ្នាំ2019​ ក្រោយ​កម្ពុជា​ និង​ចិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​ពិធីសារ​មួយ​ដែល​ធ្វើ​ឱ្យ​អាច​នាំចេញ​ទៅកាន់​ប្រទេស​ចិន​បាន​ ដោយ​ប្រទេស​ចិន​បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំចេញ​ផ្លែ​ចេក​ 30ម៉ឺន​តោន​ក្នុង​ 1ឆ្នាំ​៕

Advertisement