ការនាំ​ចេញទៅ​អាមេរិក កើនឡើង​ក្នុង​ឆមាស​ទី1ឆ្នាំនេះ

ទិន្នន័យ​ចុងក្រោយ​ពី​រដ្ឋាភិបាល​អាមេរិក​បាន​បង្ហាញថា​ ការនាំចេញ​របស់​កម្ពុជា​ទៅ​កាន់​សហរដ្ឋអាមេរិក​បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ឆមាស​ទី1នៃ​ឆ្នាំនេះ​ គឺ​កើនឡើង​ដល់​ជាង​ 2ពាន់​លាន​ដុល្លារ​នៅ​ចុងខែ​មិថុនា​។

ទិន្នន័យ​បាន​បង្ហាញថា​ ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ដែល​មាន​ទីផ្សារ​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ​បាន​កើន​ឡើង​ 30​%ចាប់ពី​ខែមករា​ ដល់​ខែមិថុនា​។

ទំនិញ​កម្ពុជា​មានតម្លៃ​ 2.24​ ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ទិញ​ដោយ​សហរដ្ឋអាមេរិក​។ ពោល​គឺ​ ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​ទាំង2​ ក៏បាន​កើនឡើង​ 30​% ដែល​ឈាន​ដល់​ 2.5ពាន់​លាន​ដុល្លារ​។ ការនាំចូល​ផលិតផល​អាមេរិក​ពី​កម្ពុជា​មានតម្លៃ​ 264លាន​ដុល្លារ​។

ចាប់តាំងពី​ខែកក្កដា​ ឆ្នាំ2016​ មក​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ផ្តល់​អត្ថ​ប្រយោជន៍​ដោយ​មិន​គិត​ពន្ធ​សម្រាប់​ការនាំចេញ​ទំនិញ​សម្រាប់​ការ​ធ្វើដំណើរ​ ដូចជា​វ៉ា​លី​សស្ពាយ​ កាបូប​ស្ពាយ​ និង​កាបូប​សម្រាប់​ការ​ធ្វើដំណើរ​នាំចេញ​ទៅ​សហរដ្ឋអាមេរិក​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ជី​អេ​សភី​ (GSP​)។

នៅ​ឆ្នាំ2016​ ដដែល​ ទំនិញ​កម្ពុជា​ដែល​នាំចេញ​ក្រោម​គម្រោង​ប្រព័ន្ធ​ GSP​ នេះ​ មាន​ចំនួន 50លាន​ដុល្លារ​។ យោង​តាម​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ2018​ តួលេខ​នេះ​បាន​កើនឡើង​ដល់​ 400​លាន​ដុល្លារ​អាមេរិក​។

កាលពី​ខែមុន​ ឯកឧត្តម​ វង្សី​ វិសុទ្ធ​ រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍​ថា​៖“កំណើន​នៃ​ការនាំចេញ​ គឺ​ខ្លាំង​ និង​នៅតែ​រឹងមាំ​ពេញ​មួយឆ្នាំ​។ក្នុងរយៈពេល​ 6ខែ​ដើមឆ្នាំ​នេះ​ មិន​មានការ​ធ្លាក់ចុះ​ទេ​”។

ឯកឧត្ដម​រដ្ឋលេខាធិការ​បាន​បញ្ជាក់​បន្ត​ថា​៖ “វិស័យ​កាត់ដេរ​កំពុង​ដំណើរការ​ល្អ​ ព្រោះ​ការនាំចូល​វត្ថុធាតុដើម​បាន​កើនឡើង​។ ប្រសិនបើ​ការ​នាំ​-ចូល​វត្ថុធាតុដើម​កើនឡើង​ក្នុង​ឆមាស​ទី1នៃ​ឆ្នាំនេះ​ ការនាំចេញ​ក្នុង​ឆមាស​ទី2​ ក៏​នឹង​កើនឡើង​ដែរ​”។

លោក​ កាំង​ ម៉ូ​នី​កា​ អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ឬហៅ​កាត់​ថា​ GMAC ​បាន​មានប្រសាសន៍​ថា​ ទោះបី​មាន​ជំនឿ​ជា​រួម​ថា​ទំនាក់ទំនង​ទ្វេភាគី​(កម្ពុជា​-អាមេរិក​)កាន់តែ​យ៉ាប់យ៉ឺន​ក៏ដោយ​ តែ​ប្រទេស​ទាំង2​ ក៏​នៅតែ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ល្អ​។ អ្នកខ្លះ​យល់ថា​ ទំនាក់ទំនង​ការទូត​ និង​នយោបាយ​ គឺ​អាក្រក់​។ ប៉ុន្តែ​សម្រាប់​យើង​ដែល​ជា​វិស័យ​ឯកជន​ ទំនាក់ទំនង​ គឺ​នៅ​ល្អ​។ ឥឡូវនេះ​ប្រទេស​កម្ពុជា​ បាន​ក្លាយជា​អ្នកផ្គត់ផ្គង់​ជំនួស​សម្រាប់​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​ដែល​បាន​នាំចូល​ពី​ប្រទេស​ចិន​ពីមុន​។

យោង​តាម​លោក​ ម៉ូ​នី​កា​ ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក​មិន​ត្រឹមតែ​មានការ​កើន​ឡើង​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​មានការ​ធ្វើ​ពិពិធ​កម្ម​ថែមទៀត​ផង​ ពោល​គឺ​បង្វែរ​ការនាំចេញ​ ទៅ​សហគមន៍​ មកកាន់​ទិសដៅ​ប្រទេស​អាមេរិក​វិញ​។

លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក​ នៅ​តែ​ល្អ​។ ការនាំចេញ​ទៅ​សហរដ្ឋអាមេរិក​នៅតែ​កើន​ឡើង​ ដោយសារ​យើង​ស្ថិតនៅ​ក្រោម​ប្រព័ន្ធ​ មានការ​អនុគ្រោះ​ពន្ធ ​(GSP​)។ កំណើន​រោងចក្រ​ដែល​បាន​ចូល​មក​ផលិត​ស្បែកជើង​ កាបូប​ជាច្រើន​ប្រភេទ​ និង​ផលិត​សម្លៀកបំពាក់​ នៅតែ​មានការ​កើនឡើង​ ដោយ​បន្ថែម​ពីលើ​របស់​ដែល​យើង​មាន​ចាស់​រួច​មក​ហើយ​ ធ្វើ​ឱ្យ​ការនាំចេញ​របស់​យើង​មិន​មានការ​ថមថយ​ទេ​”។

លោក​ឧកញ៉ា​បាន​បន្ត​ថា​៖ “សព្វថ្ងៃ​យើង​កំពុង​តែ​ជំរុញ​ការងារ​ពាណិជ្ជកម្ម​នេះ​បន្ថែម​ទៀត​ដោយ​ទំនាក់ទំនង​ជាមួយ​ការិយាល័យ​ពាណិជ្ជកម្ម​ខាង​ស្ថានទូត​អាម​រិក​ ហើយ​ខាង​គាត់​ក៏បាន​នាំ​ប្រតិភូ​មក​ដែរ​ ផ្នែក​ផលិតផល​កសិកម្ម​ និង​ធ្វើ​ជំនួប​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង2​ ដើម្បី​ជំរុញ​ការ​នាំ​យក​ផលិតផល​កសិកម្ម​បន្ថែម​ទៀត​ ដោយ​មិន​នាំ​តែ​ផលិតផល​វាយនភណ្ឌ​កាត់ដេរ​នោះ​ទេ​”។

លោក​ឧកញ៉ា​បាន​បញ្ជាក់​ទៀត​ថា​ ថ្មី​ៗនេះ​ក៏​មាន​ប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-អាស៊ាន​បាន​ធ្វើ​ជំនួប​ពាណិជ្ជកម្ម​ ដើម្បី​ជំរុញ​ផ្នែក​កសិកម្ម​នេះ​ដែរ​ ព្រោះ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ ស្បែកជើង​ គឺ​យើង​បាន​នាំចេញ​ជាបន្តបន្ទាប់​ហើយ​ ដោយឡែក​តែ​ផលិតផល​កសិកម្ម​ដែល​យើង​កំពុង​ជំរុញ​ឱ្យ​មានការ​នាំចេញ​ផង​ដែរ​ ព្រោះ​ផលិតផល​កសិកម្ម​ដែល​យើង​នាំទៅ​កាន់​សហរដ្ឋ​ នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​។

លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​បញ្ជាក់​បន្ថែម​ថា​៖ “ប៉ុន្តែ​យើង​បាន​នាំចូល​គ្រឿងចក្រ​កសិកម្ម​ ពី​សហរដ្ឋអាមេរិក​ច្រើន​គួរសម​ ដើម្បី​ផលិត​កែច្នៃ​ផលិតផល​កសិកម្ម​របស់​យើង​ដែល​កំពុងតែ​រីក​លូតលាស់​ និង​ជំរុញ​ការនាំចេញ​ផលិត​ផលកសិ​-ឧស្សាហកម្ម​របស់​យើង​នេះ​។ ជាពិសេស​មួយទៀត​នោះ​ គឺ​យើង​ចង់​ជំរុញ​ផ្នែក​ទេសចរណ៍​ទៅកាន់​ប្រទេស​អាមេរិក​ គឺ​យើង​ចង់​ទទួល​បាន​ភ្ញៀវ​ទេសចរ​ពី​អាមេរិក​ឱ្យ​បាន​ច្រើន​ផង​ដែរ​”៕

Advertisement