ម្ហូប​អាម៉ុក​ខ្មែរ​ ត្រូវ​បាន​អ្នកជំនាញ​ច្នៃ​ដាក់​ក្នុង​កំប៉ុង​ ទុក​បាន​យូរ​ មានគុណ​ភាព​ខ្ពស់​ និង​រសជាតិ​ឆ្ងាញ់​

អាម៉ុក​ ជា​ម្ហូប​ខ្មែរ​ដ៏​ល្បីល្បាញ​ដែល​ភ្ញៀវ​ទេសចរ​បរទេស​ជាច្រើន​បាន​កោតសរសើរ​ថា​ ជា​អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ តែ​ប្រជាជន​ខ្មែរ​ ជាពិសេស​យុវវ័យ​មួយចំនួន​បែរជា​មិនសូវ​ស្គាល់​ទៅវិញ​។ ចំណុច​ដែល​ធ្វើ​ឱ្យ​អាម៉ុក​ខ្មែរ​ ក្លាយជា​ម្ហូបអាហារ​ដែល​គ្រប់គ្នា​អត់​មិន​សរសើរ​មិនបាន​នោះ​ គឺ​វា​ត្រូវ​ចម្អិន​ឡើង​ដោយ​គ្រឿងផ្សំ​ស្រស់​ល្អ​ ថ្មី​ៗ និង​ត្រូវការ​បច្ចេកទេស​ក្នុង​ការ​ធ្វើ​យ៉ាង​យកចិត្ត​ទុកដាក់​ដើម្បី​ឱ្យ​រសជាតិ​ ក្លិន​ រួម​ទាំង​រូបរាង​អាច​ទាក់ទាញ​បាន​ព្រមគ្នា​នៅក្នុង​ចាន​តែមួយ​។

ដោយ​មើលឃើញ​ថា​ អាម៉ុក​ជា​ម្ហូបអាហារ​បែប​វប្បធម៌​ដ៏​ពិសេស​ដែល​មាន​ប្រវត្តិ​ជា​យូរលង់​មក​ហើយ​ និង​ជា​អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ដែល​អាច​ធ្វើ​ឱ្យ​ប្រជាជន​ក្នុង​ស្រុក​ និង​ភ្ញៀវ​ទេសចរ​បរទេស​គាំទ្រ​ខ្លាំង​ថែមទៀត​នោះ​ អ្នកជំនាញ​ចំណីអាហារ​មួយ​ក្រុម​ បានសម្រេច​ចិត្ត​បង្កើត​អាម៉ុក​ដាក់​កំប៉ុង​ក្នុង​គោលបំណង​ផ្តល់​ជម្រើស​កាន់តែ​ប្រសើរ​ឡើង​ដល់​អ្នកទទួល​ទាន​ និង​នាំចេញ​ទៅក្រៅ​ប្រទេស​ដើម្បី​ឱ្យ​បរទេស​បាន​ស្គាល់​ពី​ម្ហូបអាហារ​ខ្មែរ​ថែមទៀត​ផង​។

លោក​ តាន់​ បូរី​វត្ថិ​ សហ​ស្ថាបនិក​ក្រុម​ ខេម​-ឃ្វី​ស៊ីន​ បាន​លើកឡើង​ថា​ មូលហេតុ​សំខាន់​ដែល​នាំ​ឱ្យ​ក្រុម​របស់​លោក​ដែល​សុទ្ធតែ​ជា​អ្នកជំនាញ​ខាង​គីមី​ចំណីអាហារ​ផលិត​ម្ហូប​អាម៉ុក​នេះ​ឡើង​ គឺ​ដោយសារតែ​លោក​មើលឃើញ​ថា​ អាម៉ុក​ ជាមុ​ខម្ហូប​ល្បី​មួយ​របស់​ប្រទេសខ្មែរ​យើង​ ហើយក៏​ជា​ម្ហូប​ដែល​មាន​សក្តា​នុ​ពល​ផង​ដែរ​សម្រាប់​ការ​បង្ហាញ​ទៅ​ខាងក្រៅ​(បរទេស​)។ ក្រៅពី​នេះ​ វា​ក៏​ជា​ការចូលរួម​ចំណែក​ដើម្បី​ជួយ​ដល់​វប្បធម៌​ប្រពៃណី​របស់​យើង​ផង​ដែរ​ ព្រោះ​អាម៉ុក​ ជា​ម្ហូប​បុរាណ​ដែល​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​សម្រាប់​ប្រជាជន​ខ្មែរ​។ តែ​គួរ​ឱ្យ​ស្ដាយ​ដែរ​ព្រោះ​តាម​ការស្ទង់មតិ​ យើង​បានដឹង​ថា​ យុវជន​អាយុ​ក្រោម​ 22ឆ្នាំ​ ប្រមាណ​ 28​% មិនដែល​ស្គាល់​ម្ហូប​ឈ្មោះ​អាម៉ុក​នេះ​ទេ​។ ហេតុនេះ​ហើយ​ទើប​លោក​ចង់​បង្កើត​អាម៉ុក​ ដែល​អាច​ដាក់​ក្នុង​កំប៉ុង​ និង​រក្សាទុក​បាន​យូរ​ ដើម្បី​ចែកចាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ទៅដល់​ប្រជាជន​ខ្មែរ​ និង​ភ្ញៀវ​ទេសចរ​បរទេស​បាន​ពិសា​។

លោក តាន់ បូរី​វត្ថិ សហ​ស្ថាបនិក​ក្រុម ខេ​ម-ឃ្វី​ស៊ីន

លោក​ តាន់​ បូរី​វត្ថិ​ បាន​និយាយ​ថា​៖ “យើង​ចង់​ឱ្យ​អាម៉ុក​កំប៉ុង​ របស់​យើង​ត្រូវ​បាន​គេ​និយម​ចូលចិត្ត​ និង​ចែកចាយ​ឱ្យ​បាន​ច្រើនជាង​ត្រីខ​ ឬប្រភេទ​អាហារ​កំប៉ុង​ដែល​នាំចូល​ផ្សេងទៀត​។ ការបង្កើត​ផលិតផល​មួយ​នេះ​ជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់​ដើម្បី​ជំរុញ​ឱ្យ​មានការ​ផលិត​ម្ហូបអាហារ​ក្នុង​ស្រុក​ដោយខ្លួនឯង​”។

លោក ថេ​ង ប៉ុន​លៀង សហ​ស្ថាបនិក​អា​ម៉ុក​កំប៉ុង​

បន្ថែម​ពីលើ​នេះ​ លោក​ ថេង​ ប៉ុន​លៀង​ សហ​ស្ថាបនិក​អាម៉ុក​កំប៉ុង​ម្នាក់ទៀត​ បាន​លើកឡើង​ផង​ដែរ​ថា​ អាម៉ុក​កំប៉ុង​នេះ​ធ្វើឡើង​ដើម្បី​ជួយ​ដល់​ប្រជាជន​ខ្មែរយើង​មួយចំនួន​ដែល​ជា​អតិថិជន​គោលដៅ​របស់​យើង​ គឺ​ប្រជាជន​ដែល​មាន​វ័យ​ចន្លោះ​ពី​ 20​ឆ្នាំ​ ដល់​ 54ឆ្នាំ​។ បុគ្គល​សំ​ខាន់​ៗដែល​យើង​ចង់​សម្រួល​ឱ្យ​កាន់តែ​ល្អ​ទៀត​នោះ​ គឺ​ស្ត្រី​មេផ្ទះ​ ដែល​ពេលខ្លះ​គាត់​ត្រូវ​ចំណាយពេល​វេលា​ច្រើន​ក្នុង​ការ​ធ្វើម្ហូប​ ឬទិញ​គ្រឿងផ្សំ​ច្រើនមុខ​ ព្រមទាំង​ចំណាយពេល​យូរ​ដើម្បី​ចម្អិនម្ហូប​អាហារ​។ ប្រសិនបើ​យើង​ផ្តល់​ឱ្យ​គាត់​នូវ​ជម្រើស​អាហារ​បែប​ងាយស្រួល​ ហើយ​មាន​រសជាតិ​ឆ្ងាញ់​ទៀតផង​នោះ​ គាត់​នឹងអាច​មាន​ភាព​ធូរស្រាល​ខ្លះ​ពី​ភាព​មមាញឹក​ក្នុង​ការ​មើល​ថែទាំ​ក្រុម​គ្រូ​សារ​របស់​គាត់​។ ក្រៅពី​នេះ​ គឺ​អ្នកធ្វើការ​ងារ​ ដែល​បច្ចុប្បន្ន​នេះ​យើង​ឃើញ​ហើយ​ថា​ ការរស់នៅ​របស់​ប្រជាជន​យើង​កាន់តែ​មមាញឹក​ខ្លាំង​ឡើង​ៗ ដែល​ធ្វើ​ឱ្យ​ពួកគាត់​មិន​មាន​ពេលវេលា​ច្រើន​ក្នុង​ការ​ចម្អិនម្ហូប​អាហារ​ដោយខ្លួនឯង​ឡើយ​។ ការ​ផ្តល់​នូវ​ម្ហូបអាហារ​ខ្មែរ​សម្រេច​បែបនេះ​ នឹង​ធ្វើ​ឱ្យ​គាត់​មាន​ជម្រើស​ថ្មី​មួយទៀត​ ហើយ​មាន​អារម្មណ៍ល្អ​ដូច​បាន​ទទួលទាន​ម្ហូបអាហារ​ដែល​ម្តាយ​របស់​គាត់​ធ្វើ​ឱ្យ​ ឬអាហារ​ដែល​គាត់​ធ្លាប់​ទទួលទាន​ពី​ក្មេង​ៗជាដើម​។

លោក​ ថេង​ ប៉ុន​លៀង​ បាន​និយាយ​ថា​៖ “អតិថិជន​គោលដៅ​របស់​យើង​សំខាន់​មួយ​ប្រភេទ​ផ្សេងទៀត​ គឺ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​គាត់​មក​កម្សាន្ត​នៅក្នុង​ប្រទេស​កម្ពុជា​។ ពេល​ពួកគាត់​មក​ប្រទេសខ្មែរ​ គាត់​ប្រាកដជា​ចង់​ភ្លក្ស​ ឬសាកល្បង​អាហារ​ខ្មែរយើង​មិនខាន​ តែ​អាហារ​នៅក្នុង​ភោជនីយដ្ឋាន​ គឺ​មិន​អាច​ទុក​បាន​យូរ​ទេ​ ប្រសិនបើ​គាត់​ចង់​ទិញទុក​ទទួលទាន​បន្ថែម​ទៀត​ ប្រាកដជា​រក​មិនបានទេ​។ ហេតុនេះ​ហើយ​ ទើប​យើង​បង្កើត​អាម៉ុក​កំប៉ុង​នេះ​ឡើង​ ដើម្បី​អាច​ធ្វើ​ឱ្យ​គាត់​មាន​ភាព​រីករាយ​ក្នុង​ការទិញ​បន្ថែម​ ទុក​ញ៉ាំ​ទៀត​ ប្រសិន​គាត់​គិតថា​ឆ្ងាញ់​ ហើយ​ថែមទាំង​អាច​ចែករំលែក​ទៅ​មនុស្ស​ដែល​គាត់​បាន​ស្គាល់​ទៀតផង​”។

កញ្ញា ផ សុថាវី សហ​ស្ថាបនិក​អា​ម៉ុក​កំប៉ុង

ទន្ទឹម​នឹងគ្នា​នេះ​ដែរ​ កញ្ញា​ ផ សុ​ថា​វី​ សមាជិក​ម្នាក់​ទៀត​ក្នុង​ការបង្កើត​អាម៉ុក​កំប៉ុង​ខ្មែរ​នេះ​ដែរ​ បាន​បញ្ជាក់​ថា​ ថ្វី​ដ្បិតតែ​អាម៉ុក​កំប៉ុង​នេះ​ជា​ប្រភេទ​អាហារ​កំប៉ុង​ក៏​ពិតមែន​ តែ​វា​មិនមែន​ជា​ប្រភេទ​អាហារ​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ​ទេ​ ព្រោះ​យើង​ប្រើ​វិធីសាស្ត្រ​ធម្មជាតិ​ មិន​ប្រើប្រាស់​សារធាតុគីមី​ទេ​ និង​អាច​រក្សាទុក​បាន​រហូតដល់​ទៅ​ជិត​កន្លះ​ឆ្នាំ​ឯណោះ​។

ចំពោះ​វិធីសាស្ត្រ​ចម្អិន​ គឺ​មាន​ភាព​ងាយស្រួល​ខ្លាំង​ណាស់​ ដោយ​គាត់​គ្រាន់តែ​យកចេញ​ពី​ទូទឹកកក​មក​ ហើយ​កម្តៅ​ គឺជា​ការ​ស្រេច​ ចំណែក​ឯរសជាតិ​ គឺ​នៅ​រក្សា​ភាព​ដើម​ស្រស់​ៗដដែល​។ ចំណែក​បរិមាណ​វិញ​ គឺ​ក្នុង​កំប៉ុង​នី​មួយ​ៗមាន​ទម្ងន់​ 200ក្រាម​ ដោយ​យើង​នឹង​លក់​ក្នុង​តម្លៃ​ប្រហែលជា​ 1ម៉ឺន​រៀល​ ឬចន្លោះ​ពី​ 2ដុល្លារ​ ទៅ2.5ដុល្លារ​។

កញ្ញា​ ផ សុ​ថា​វី​ បាន​និយាយ​ថា​៖ “អាម៉ុក​ដែល​យើង​ផលិត​នេះ​ គឺ​ដាក់​ក្នុង​កំប៉ុង​កែវ​ និង​មានការ​វេច​ខ្ចប់​ដោយ​រចនា​ឱ្យ​មាន​សោភណភាព​លក្ខណៈ​បែប​ខ្មែរ​ ដើម្បី​បង្ហាញ​ពីអ​ត្ត​សញ្ញាណ​របស់​ខ្មែរ​។ យើង​ចង់ឱ្យ​អាហារ​របស់​យើង​មាន​ស្តង់​ដា​ និង​ទទួល​បានការ​គាំទ្រ​កាន់តែ​ច្រើន​ ដែល​វា​ក៏​ជា​ការចូលរួម​ផ្សព្វផ្សាយ​ម្ហូបអាហារ​ខ្មែរ​ឱ្យ​កាន់តែ​ទូលំទូលាយ​ផង​ដែរ​”។

កញ្ញា ងួន គីមលាង សហ​ស្ថាបនិក​អា​ម៉ុក​កំប៉ុង

សហ​ស្ថាបនិក​មួយ​រូប​ទៀត​ គឺ​កញ្ញា​ ងួន​ គី​មលាង​បាន​លើកឡើង​ថា​ ទន្ទឹម​នឹង​យើង​មើលឃើញ​ពី​ភាព​វិជ្ជមាន​ក្នុង​ការចូលរួម​បង្កើនផលិតផល​ក្នុង​ស្រុក​ និង​ផ្សព្វផ្សាយ​ពី​ម្ហូប​ខ្មែរ​ហើយ​ ក្រុម​របស់​យើង​ក៏​មាន​បញ្ហា​ប្រឈម​មួយចំនួន​ផង​ដែរ​ នោះ​គឺ​ប្រភព​នៃ​គ្រឿងផ្សំ​។ ត្រី​ដែល​អាចយ​កម​កធ្វើ​អាម៉ុក​បាន​ល្អ​ គឺ​ត្រីរ៉ស់​ ព្រោះ​វា​មានសាច់​ស្វិត​ល្អ​ ហើយ​មាន​រសជាតិ​ឆ្ងាញ់​ ត្រូវជា​មួយ​រសជាតិ​បែប​ខ្មែរ​ តែ​ត្រីរ៉ស់​ជា​ប្រភេទ​ត្រី​ដែល​ក្រ​ធំ​ និង​មិនសូវ​សម្បូរ​។ ចំណែក​ឯត្រី​មួយ​ប្រភេទ​ទៀត​ដែល​ងាយ​ចិញ្ចឹម​ ហើយ​អាច​ធ្វើ​បាន​ដែរ​នោះ​ គឺ​ត្រី​ឆ្ដោ​ តែ​ការ​ចិញ្ចឹម​ត្រីឆ្តោ​ ត្រូវ​បាន​ហាមឃាត់​ ព្រោះ​វា​ជា​ប្រភេទ​ត្រី​ដែល​ស៊ី​កូន​ត្រី​ជា​អាហារ​ ហេតុនេះ​យើង​ក៏​មិន​ចង់​ប្រើប្រាស់​ប្រភេទ​ត្រី​នេះ​ដែរ​។ ជា​ដំណោះស្រាយ​ យើង​ព្យាយាម​ស្វែងរក​ប្រភព​ឱ្យ​បាន​ច្រើន​ទីតាំង​ ដើម្បី​ធានា​ថា​ យើង​អាច​មាន​និរន្តរភាព​ក្នុង​ការ​ផ្គត់ផ្គង់​សាច់​ត្រី​។

កញ្ញា​ ងួន​ គី​មលាង​ បាន​និយាយ​ថា​៖ “ទោះជា​យើង​ជួប​ការ​លំបាក​បែបនេះ​ក្តី​ តែ​វា​ក៏អាច​ជាស​ញ្ញាណ​ល្អ​មួយ​ផង​ដែរ​នៅក្នុង​បញ្ហា​នេះ​ នោះ​គឺ​យើង​អាច​ជួយ​ប្រជាជន​យើង​ដែល​ចិញ្ចឹម​ត្រីរ៉ស់​ឱ្យ​មាន​ទីផ្សារ​ល្អ​។ កន្លងមក​ឈ្មួញ​ចេះតែ​ទម្លាក់​តម្លៃ​ផលិតផល​របស់​គាត់​ នៅពេល​ពួកគាត់​ប្រមូល​ផល​បាន​ ហេតុនេះ​ការដែល​យើង​ទិញ​ពី​គាត់​ផ្ទាល់​ គឺ​យើង​នឹង​ទទួល​ទិញ​ក្នុង​តម្លៃ​ស្តង់​ដា​មួយ​ដែល​មាន​និរន្តរភាព​”។

លោក​ ប៉ក់​ ចាន់​ចិន​ អ្នកជំនាញ​ខាង​គីមី​ចំណីអាហារ​ និង​ជាស​មា​ជិ​កក្រុម​ផលិត​អាម៉ុក​កំប៉ុង​ផង​ដែរ​នោះ​ បាន​លើកឡើង​ថា​ យើង​សង្ឃឹមថា​ យើង​នឹងអាច​អភិវឌ្ឍ​គុណភាព​ និង​ច្នៃ​រស​ជា​តិ​ល្អ​ៗជាច្រើន​ទៀត​ចេញពី​រសជាតិ​ដើម​នៃ​អាម៉ុក​ខ្មែរ​ដែល​ប្រជាជន​យើង​ធ្លាប់​ទទួលទាន​។ ក្រៅពី​នេះ​ យើង​ក៏​នឹង​ព្យាយាម​ផង​ដែរ​ ក្នុង​ការរចនា​ការ​វេច​ខ្ចប់​ឱ្យ​កាន់តែ​ល្អ​ឡើង​ ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​ជាមួយ​ផលិតផល​បរទេស​ ដូចជា​ត្រីខកំប៉ុង​ ឬផលិតផល​អាហារ​សម្រេច​មួយចំនួន​ទៀត​។ យើង​សង្ឃឹមថា​ក្រោយ​ពេល​យើង​អភិវឌ្ឍ​បាន​កាន់តែ​ប្រសើរ​ឡើង​ហើយ​ ម្ហូប​អាម៉ុក​ដាក់​កំប៉ុង​នេះ​នឹង​ត្រូវ​ចែកចាយ​យ៉ាង​ទូលំទូលាយ​នៅក្នុង​ និង​ក្រៅប្រទេស​ជាមួយ​តម្លៃ​កាន់តែ​សមរម្យ​ជាង​នេះ​៕

Advertisement