ធនាគារជាតិ​ NBC​ និង​ភាព​ប្រឈម​ជាមួយ​អ្នក​ផ្តល់​ប្រាក់កម្ចី​ក្នុង​ស្រុកក្រៅ​ច្បាប់​

ដោយសារ​សម័យ​បច្ចេកវិទ្យា​ជឿនលឿន​ គេហទំព័រ​ជាច្រើន​បាន​បង្ហាញ​ចេញ​នូវ​ការ​ផ្សព្វផ្សាយ​យ៉ាង​គគ្រឹកគគ្រេង​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ ការ​លក់​ផលិតផល​តាម​អន​ឡាញ​ និង​មុខរបរ​ផ្សេង​ដោយ​ឡែ​កៗ​ពីគ្នា​។ ដោយឡែក​ គេហទំព័រ​ក្រុមហ៊ុន​ផ្តល់​ប្រាក់កម្ចី​ជាច្រើន​ ក៏​កំពុង​ធ្វើ​ប្រតិបត្តិ​ការ​ តាមរយៈ​ការ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក ក៏ដូចជា​ការចែក​ខិត្តប័ណ្ណ​ផ្សេង​ៗ ដែល​រៀបរាប់​ពី​ការ​ផ្តល់​កម្ចី​មានការ​ប្រាក់​ ការ​ផ្តល់​សេវា​កម្ចី​រហ័ស​ មាន​លក្ខខណ្ឌ​ងាយស្រួល​ មិន​តម្រូវ​ឱ្យ​មាន​វត្ថុ​បញ្ចាំ​ និង​អ្នកធានា​ជាដើម​។

លោក​ យក់​ ចំរើន​ឬទ្ធិ​ អគ្គនាយក​ ក្រុមហ៊ុន​ធានារ៉ាប់រង​ ហ្វ័​រតេ​ បាន​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“ការ​ផ្តល់​សេវា​កម្ចី​ប្រាក់​ដែល​យើង​ឃើញ​មានការ​ផ្សព្វផ្សាយ​ទាំងនោះ​ គេ​អាច​កត់សម្គាល់​បាន​ 2ប្រភេទ​គឺ1​ ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ​ ពួកគេ​ត្រូវ​គ្រប់គ្រង​ដោយ​ធនាគារជាតិ​ និង2​ ក្រុមហ៊ុន​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ដែល​ចេញ​ដោយ​ធនាគារជាតិ​ គឺជា​ក្រុមហ៊ុន​ក្រៅ​ប្រព័ន្ធ​”។

លោក​អគ្គនាយក​ បានឱ្យ​ដឹង​ថា​៖“ធនាគារជាតិ​នៃ​កម្ពុជា​ គ្មាន​សិ​ទិ្ធ​ផ្តល់​អាជ្ញាប័ណ្ណ​ ដល់​ក្រុមហ៊ុន​សេវា​កម្ចី​ក្រៅ​ប្រព័ន្ធ​ទេ​។ ធនាគារ​ផ្តល់​អាជ្ញាប័ណ្ណ​ តែ​ទៅលើ​ធនាគារពាណិជ្ជ​ ធនាគារ​ឯកទេស​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ដូច្នេះ​កម្ចី​ក្រៅ​ប្រព័ន្ធ​ អត់មាន​នរណា​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យ​ទេ​ វា​មាន​អាជ្ញាប័ណ្ណ​មួយ​ដែល​ចេញ​ដោយ​ក្រសួងហិរញ្ញវត្ថុ​ និយាយ​ពី​រឿង​បញ្ចាំ​ ជា​ការខ្ចី​ប្រាក់​ដែល​ត្រូវ​យក​របស់​ទៅ​បញ្ចាំ​តែប៉ុណ្ណោះ​”។

លោក​បាន​បញ្ជាក់​ថា​៖“នៅ​ប្រទេស​ណា​ ក៏​មាន​ដែរ​ក្រុមហ៊ុន​កម្ចី​ក្រៅ​ប្រព័ន្ធ​ តែ​នៅ​ប្រទេស​គេ​ប្រជាពលរដ្ឋ​មានការ​ចេះដឹង​ច្រើន​ក្នុង​រឿង​សេដ្ឋកិច្ច​នេះ​ គេ​ពុំ​ដែល​ដាក់​ជំនឿ​ទៅលើ​ប្រភេទ​ក្រុមហ៊ុន​ក្រៅ​ប្រព័ន្ធ​ទាំងនោះ​ទេ​ តែ​នៅ​ស្រុក​យើង​ ដោយសារតែ​ការយល់​ដឹង​មានកម្រិត​ និង​ស្ថានភាព​ជំរុញ​និង​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​យើង​នៅ​មិនទាន់​រឹងមាំ​ ធ្វើ​ឱ្យ​ក្រុមហ៊ុន​កម្ចី​ក្រៅ​ប្រព័ន្ធ​អាច​ឆ្លៀតឱកាស​បាន​ ខណៈ​ដែល​ពលរដ្ឋ​កំពុង​ត្រូវការ​ដើមទុន​យ៉ាង​បន្ទាន់​ស្រាប់​”។

លោក​បាន​ពន្យល់​ទាក់ទង​ទៅ​នឹង​ក្រុមហ៊ុន​កម្ចី​“ឥណទាន​ភ្នំពេញ​” ដែល​ត្រូវ​បាន​ព្រមាន​ឱ្យ​ប្រុងប្រយ័ត្ន​អំពី​កម្ចី​របស់​ក្រុមហ៊ុន​ ដែល​ពុំ​ទាន់​មាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​ថា​៖“ប្រសិនបើ​ក្រុមហ៊ុន​កម្ចី​ “ឥណទាន​ភ្នំពេញ​” គាត់​ចង់​ធ្វើ​ឥណទាន​ គាត់​អាច​ទៅចុះ​ឈ្មោះ​យក​អាជ្ញាប័ណ្ណ​ ពី​ធនាគារជាតិ​ ប្រសិនបើ​គាត់​មិនទៅ​យក​អាជ្ញាប័ណ្ណ​ទេ​ គឺ​បានន័យ​ថា​ក្រៅច្បាប់​ហើយ​”។

លោក​បាន​បញ្ជាក់​ថា​៖“ហេតុអ្វីបានជា​យើង​ត្រូវ​យក​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​? ពីព្រោះ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ គឺជា​ការគ្រប់គ្រង​ច្បាស់លាស់​ របស់​ធនាគារជាតិ​ ទី1​- ប្រភព​ទុន​បាន​មក​ពីណា​? ទី2​-ការប្រាក់​យក​ចំនួន​ប៉ុន្មាន​ភាគរយ​។ ទី3​-កម្ចី​ល្អ​ប៉ុន្មាន​? អាក្រក់​ប៉ុន្មាន​? និង​ទី4​-មាន​សោធន​ភាព​ ឬអត់​?។ នេះ​គឺជា​ច្បាប់​គ្រប់គ្រង​របស់​ធនាគារជាតិ​ដែល​គាត់​មាន​សិទ្ធិ​ក្នុង​ការគ្រប់គ្រង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​”។

លោក​អគ្គនាយក​បានឱ្យ​ដឹង​ទៀត​ថា​ ជាទូទៅ​នៅ​គ្រប់​ប្រទេស​ទាំងអស់​ ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៃ​ធនាគារជាតិ​ គេ​គ្រប់គ្រង​តឹងរ៉ឹង​ណាស់​។ យើង​ក្រឡេក​មើលក្នុង​ឆ្នាំ1997​ ការ​បើក​ឱ្យ​មាន​ធនាគារ​ច្រើន​ធ្វើ​ឱ្យ​មាន​ការ​លំបាក​គ្រប់គ្រង​ ហើយ​ធនាគារ​ខ្លះ​ប្រមូលប្រាក់​បាន​ហើយ​ រត់បាត់​អស់​ក៏​មាន​។

យោង​តាម​គេហទំព័រ​ ក្រុមហ៊ុន​ផ្តល់​ប្រាក់កម្ចី​ ឥណទាន​ភ្នំពេញ​ គឺជា​ក្រុមហ៊ុន​ផ្តល់​ប្រាក់កម្ចី​ឈាន​មុខ​គេ​មួយ​នៅក្នុង​ប្រទេស​។ ក្រុមហ៊ុន​មាន​ឯកទេស​ លើ​ប្រាក់កម្ចី​ផ្ទាល់ខ្លួន​ ការ​បញ្ចាំ​ និង​អាជីវកម្ម​។ គេហទំព័រ​សន្យា​ផ្តល់​ប្រាក់កម្ចី​មាន​អត្រា​ការប្រាក់​ទាប​ ដែល​នឹង​ត្រូវ​បាន​អនុម័ត​ក្នុងរយៈពេល24ម៉ោង​ ដោយ​គ្មាន​នីតិវិធី​ស្មុគស្មាញ​ និង​កត់សម្គាល់​ថា​ រយៈពេល​សង​ត្រឡប់​មាន​ចាប់ពី​ 1ឆ្នាំទៅ​ 8 ឆ្នាំ​។

ប៉ុន្តែ​ថ្មី​ៗនេះ​ធនាគារជាតិនៃកម្ពុជា​បាន​ព្រមាន​ក្រុមហ៊ុន​ប្រាក់កម្ចី​ ឥណទាន​ភ្នំពេញ​ ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​ ដែល​សន្យា​ថា​ នឹង​ទទួល​បាន​ប្រាក់​ឆាប់រហ័ស​ដោយ​ធនាគារ​កណ្តាល​បាន​ប្រកាស​ឱ្យ​សាធារណជន​ប្រុងប្រយ័ត្ន​ ចំពោះ​ក្រុមហ៊ុន​ផ្ដល់​កម្ចី​ តាម​ប្រព័ន្ធ​អន​ឡាញ​ឈ្មោះ​“ឥណទាន​ភ្នំពេញ​”មួយ​នេះ​ ដែល​ជា​ក្រុមហ៊ុន​មិន​មាន​អាជ្ញាប័ណ្ណ​ និង​ច្បាប់​អនុញ្ញាត​ពី​ធនាគារជាតិនៃកម្ពុជា​ឡើយ​ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បែរជា​ហ៊ាន​ផ្សព្វផ្សាយ​ផ្តល់​ឥណទាន​ តាម​ប្រព័ន្ធ​អន​ឡា​ញបំ​ពានច្បាប់​ទៅវិញ​។

លោក​ គិត​ សុ​វណ្ណា​រិទ្ធ​ អគ្គនាយករង​ត្រួតពិនិត្យ​នៃ​ធនាគារជាតិនៃកម្ពុជា​ត្រូវ​បាន​គេ​ស្រង់​សម្តី​ថា​ ក្រុមហ៊ុន​ប្រាក់កម្ចី​ ឥណទាន​ភ្នំពេញ​ មិនទាន់​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ធនាគារ​កណ្តាល​ទេ​ ហើយ​បាន​ប្រើប្រាស់​រូបភាព​របស់​ថ្នាក់ដឹកនាំ​ធនាគារជាតិនៃកម្ពុជា​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ ក្នុង​ទីផ្សារ​របស់​ខ្លួន​ដោយ​គ្មាន​ការអនុញ្ញាត​។

លោក​សុ​វណ្ណា​រិទ្ធ​មានប្រសាសន៍​ថា​៖“ក្រុមហ៊ុន​ប្រាក់កម្ចី​ ឥណទាន​ភ្នំពេញ​ មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ បាន​ផ្តល់​ប្រាក់កម្ចី​ ដែល​អតិថិជន​អាច​ដាក់ពាក្យសុំ​តាម​អុីន​ធើ​ណិ​ត ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះ​មិនដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ NBC​ ដើម្បី​អនុវត្ត​សកម្មភាព​នេះ​ទេ​។ យើង​កំពុង​ស្នើ​ឱ្យ​ប្រជាជន​ប្រុងប្រយ័ត្ន​ ជាមួយ​ក្រុមហ៊ុន​ប្រាក់កម្ចី​ ឥណទាន​ភ្នំពេញ​ ដែល​កំពុង​ផ្តល់​ប្រាក់កម្ចី​តាម​អុិន​ធើ​ណិ​តដោយ​គ្មាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិនៃកម្ពុជា​មួយ​នេះ​”។

ប៉ុន្តែ​បើ​យើង​ស្វែងយល់​ពី​ក្រុមហ៊ុន​នេះ​ ក្រុមហ៊ុន​នេះ​បាន​និយាយ​ថា​ ពួកគេ​កំពុង​ដំណើរការ​ ដោយ​ស្របច្បាប់​ ដោយមាន​សាខា2​ គឺ1​ នៅ​មហាវិថី​ព្រះ​នរោត្តម​ និង1ទៀត​នៅ​ខណ្ឌឫស្សីកែវ​។ ដើម្បី​ទទួល​បាន​ប្រាក់កម្ចី​ អតិថិជន​ត្រូវ​បង្ហាញ​អត្តសញ្ញាណ​ប័ណ្ណ​ សៀវភៅ​គ្រួសារ​ និង​របាយការណ៍​ធនាគារ​ ដោយ​ប្រាក់កម្ចី​នឹង​មាន​ចាប់ពី​ 500​ ទៅ​ 25,000ដុល្លារ​អាមេរិក​។

កាលពី​ឆ្នាំមុន​ NBC​ និង​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​ការព្រមាន​មួយ​ប្រឆាំង​នឹង​ការ​កើនឡើង​នៃ​គ្រឹះស្ថាន​ផ្ដល់​ប្រាក់កម្ចី​ដែល​មិន​មាន​អាជ្ញាប័ណ្ណ​ សមាគម​ និងNGO​ ដោយ​លើកឡើង​ថា​ តាមរយៈ​ប្រតិបត្តិ​ការ​នៅ​ក្រៅ​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​។ ការប្រកាស​នេះ​បាន​អំពាវនាវ​ឱ្យ​ប្រតិបត្តិ​ករ​ដែល​មិនបាន​ចុះបញ្ជី​ត្រូវ​មក​ចុះបញ្ជី​ បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​បង្ក្រាប​តាមផ្លូវ​ច្បាប់​។

លោកជំទាវ​ ជា​ សិរី​ អគ្គ​នាយិកា​របស់​ NBC​ ក៏​ធ្លាប់​បាន​ប្រាប់​ដែរ​ថា​ ចាប់តាំងពី​មាន​សេចក្ដីប្រកាស​រួម​មក​ គ្រឹះស្ថាន​គ្មាន​អាជ្ញាប័ណ្ណ​ និង​ក្រៅផ្លូវការ​ បាន​នាំគ្នា​ទៅ​ធនាគារកណ្ដាល​ ដើម្បី​ចុះបញ្ជី​ និង​សុំ​ការយល់ព្រម​ពី​ធនាគារជាតិ​។ លោកជំទាវ​បាន​មាន​ប្រសាសន៍​ថា​ “គ្រឹះស្ថាន​ផ្ដល់​កម្ចី​ក្រៅផ្លូវការ​ជាច្រើន​ បាន​ដាក់ពាក្យ​ទៅ​ NBC​ ដើម្បី​ចុះបញ្ជី​បន្ទាប់ពី​មាន​សេចក្ដីប្រកាស​រួម​នេះ​ ហើយ​គ្រឹះស្ថាន​មួយចំនួន​ ក៏​ត្រូវ​បាន​ផ្ដល់​ការយល់ព្រម​ជា​បណ្តើរ​ៗដែរ​”។

យោង​តាម​ប្រកាស​ស្ដីពី​ការចុះបញ្ជី​ និង​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​តាមច្បាប់​កម្ពុជា​ដើម្បី​បានការ​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ NBC​ តម្រូវ​ឱ្យ​គ្រឹះស្ថាន​ផ្ដល់​ប្រាក់កម្ចី​ត្រូវ​មានផល​បត្រ​កម្ចី​ 25,000ដុល្លារ​អាមេរិក​ ឬច្រើនជាង​នេះ​ជាមួយនឹង​ប្រាក់បញ្ញើ​ 250ដុល្លារ​ ឬត្រូវ​មាន​អ្នក​ដាក់​ប្រាក់បញ្ញើ​ 100នាក់​។លោក​ ចំរើន​ឬទ្ធិ​ក៏បាន​ថ្លែងប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ដែរ​ថា​ បច្ចុប្បន្ន​គួរតែ​ត្រូវ​បាន​ត្រួតពិនិត្យ​ឡើងវិញ​ ហើយ​រាល់​ប្រតិបត្តិ​ករ​ឥណទាន​ទាំងអស់​ គឺ​តម្រូវ​ឱ្យ​ចុះបញ្ជី​។ បច្ចុប្បន្ន​ក្រុមហ៊ុន​ក្រៅ​ប្រព័ន្ធ​ គឺ​សុទ្ធតែ​ក្រុមហ៊ុន​ចិន​ភាគច្រើន​ ឬក្រុមហ៊ុន​ក្នុង​ស្រុក​ក៏ដោយ​ ក៏​យើង​មិន​អាច​ធ្វេសប្រហែស​បាន​ដែរ​ ការ​ចង់បាន​កម្ចី​ល្អ​ ពលរដ្ឋ​គួរតែ​ទៅ​រក​កម្ចី​របស់​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​។

លោក​ យក់​ ចំរើន​ឬទ្ធិ​ បាន​អះអាង​ថា​៖ “ដូច្នេះ​ភាព​ប្រឈម​របស់​ប្រព័ន្ធ​កម្ចី​ក្រៅច្បាប់​ គឺទី1​-ការប្រាក់​ខ្ពស់​បំផុត​ បើ​ក្នុង1ខែ​ 5-6% ក្នុង​ 1ឆ្នាំ​ គឺ​ការប្រាក់​នឹង​ឡើង​ដល់​ 60​-70​% តើន​រណារ​កស៊ី​បាន​ដូច្នេះ​? ទី2​ បើ​យើង​មានហេតុ​ការណ៍​កើតឡើង​ អាជ្ញាធរ​ណា​ទទួលស្គាល់​? យើង​ឃើញ​ហេតុការណ៍​កើតឡើង​ពី​ការ​ប្រមូលប្រាក់​វិនិយោគ​អចលន​ទ្រព្យ​ថ្មី​ៗនេះ​ ក្នុង​1ខែ​បានការ​ប្រាក់​ 20​% គឺ​គ្មាន​របររកស៊ី​ណា​ដែល​មានការ​រកចំណូល​បាន​ខ្ពស់​ដល់​ថ្នាក់​ហ្នឹង​ទេ​។ ដូច្នេះ​វា​មាន​ភាព​ប្រឈម​ខ្លាំង​ណាស់​ គឺ​យើង​មិនដឹងជា​ទៅ​ប្តឹង​បែប​ណា​? វា​ពិបាក​រក​អ្នកការពារ​ ពីព្រោះ​អ្នកក្រៅ​ប្រព័ន្ធ​ ពុំ​បាន​ចុះបញ្ជី​នៅ​ធនាគារជាតិ​ទេ​”៕

Advertisement