ចម ប្រសិទ្ធ៖ ADB កំពុង​ជួយ​ទំនប់​បម្រុង​លើ​វិស័យ​ទឹកស្អាត​នៅតាម​ជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា (ADB) កំពុង​ផ្ដោត​ការយកចិត្តទុកដាក់​លើ​វិស័យ​ទឹកស្អាត​នៅ​ប្រទេស​កម្ពុជា ដោយបាន​អនុវត្ត និង​ដាក់​គម្រោង​នានា ទាក់ទង​នឹង​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត។ ការឱ្យ​ដឹង​នេះ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជួប​ជាមួយ​ប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ប្រចាំ​កម្ពុជា កាលពីពេលថ្មីៗនេះ។

លោក Samiuela Tukuafu ប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ប្រចាំ​កម្ពុជា​បានឱ្យដឹងថា ADB បានដាក់​ផែនការ​កម្មវិធី​ក្នុងប្រទេស​កម្ពុជា​រួមមាន៖ ឆ្នាំ 2017 គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​ទឹក ស្អាត និង​អនាម័យ​ខេត្ត ដែលមាន​ទំហំ​ថវិកា​ឥណទាន​របស់ ADB ចំនួន 50លាន​ដុល្លារ​អាមេរិក និង​ឆ្នាំ 2017 ធ្វើ​គម្រោង​អភិវឌ្ឍ​ដៃគូ​រវាង​រដ្ឋ និង​ឯកជន (PPP)។

លោក Samiuela Tukuafu ប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ប្រចាំ​កម្ពុជា

សម្រាប់​ឆ្នាំ 2018 យើង​នឹងដាក់​គម្រោង​ជំនួយ​បច្ចេកទេស ដែលមាន​ថវិកា​ជា​ជំនួយឥតសំណង​ប្រមាណ 1,5 លាន​ដុល្លារ​អាមេរិក ដើម្បី​សិក្សា​រៀបចំ​គម្រោង​ទឹកស្អាត និង​អនាម័យ​ដំណាក់កាល​ទី2។ ឆ្នាំ 2020 យើង​គ្រោង​នឹង​អនុម័ត​គម្រោង​ទឹកស្អាត និង​អនាម័យ​ខេត្ត​ជំ​ហ៊ាន​ទី2 ដែលមាន​ថវិកា​របស់ ADB ចំនួន 50លាន​ដុល្លារ​អាមេរិក​ទៀត។

ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​កម្ពុជា បានឱ្យដឹង​ដែរ​ថា គម្រោង​ទាំងនេះ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម កំពុង​អនុវត្ត និង​រៀបចំ​បណ្តា​គម្រោង​នានា ដែល​គ្រោង​ស្នើសុំ​នាពេល​អនាគត ទាក់ទង​នឹង​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​កម្ពុជា។

ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម

ឯកឧត្តម​បាន​សាទរ​គម្រោង​បេសកកម្ម​កម្មវិធី​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ADB និង​ស្នើឱ្យ ADB ផ្តល់​សារៈសំខាន់ ចំពោះ​គម្រោង​អភិវឌ្ឃន៍​ជា​អាទិភាព​មួយចំនួន​រួមមាន៖ រោងចក្រ​ទឹកស្អាត​នៅ​ខេត្តស្ទឹងត្រែង ដែល​បច្ចុប្បន្ន​នៅ​ប្រើ​បំពង់​បណ្តាញ​ចាស់​តាំងពី​ជំនាន់​បារាំង កំពុងមាន​បញ្ហា​ធ្លាយ​លេច​ជាច្រើន​កន្លែង ដែល​តម្រូវឱ្យ​មានការ​ផ្លាស់ប្តូរ​ថ្មី និង​កែតម្រូវ​ប្រព័ន្ធ​ដទៃទៀត។

គម្រោង​ផ្គត់ផ្គង់​ពង្រីក​វិសាលភាព​ទឹកស្អាត នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ដែលជា​ទីប្រជុំជន​ជាប់​ព្រំដែន មាន​សកម្មភាព​ពាណិជ្ជ​កម្ម​មមាញឹក ជាពិសេស​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ប្រមូលផ្តុំ​ដោយ​រោងចក្រ សហគ្រាស និង​កម្មករ និង​គម្រោង​ពង្រីក​សេវា​គ្របដណ្តប់​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត នៅ​ខេត្តសៀមរាប ដែលជា​ខេត្ត​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​របស់​ពិភពលោក៕

Advertisement