លោកជំទាវ លឹម ឈីវហូ ប្រាប់ពីវិធីសាស្រ្តធ្វើជាអ្នកមាន

ភ្នំពេញៈ ស្រ្តីជើងខ្លាំងក្នុងវិស័យជំនួញនៅកម្ពុជាបានចាប់ផ្តើមមុខជំនួញតាំងពីដើមទសវត្សរ៍ទី90 ដែលពេលនោះគេស្គាល់គាត់ត្រឹមតែជាថៅកែស្រីម្នាក់ប៉ុណ្ណោះ ប៉ុន្តែពេលនេះលោកជំទាវមានក្រុមហ៊ុនមិនតិចជាង 20ឡើយនៅក្នុងដៃរហូតមកទល់ពេលនេះ។

លោកជំទាវឧកញ៉ា លឹម ឈីវហូ ជាអគ្គនាយិកាក្រុមហ៊ុនជាច្រើន រួមមានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មជ្ឈមណ្ឌលពាណិជ្ជកម្មអ៊ែតវូដ កំពង់ផែស្ទឹងហាវ តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត និងក្រុមហ៊ុននាំចូលស្រាល្បីៗនៅកម្ពុជាជាច្រើនទៀត។

តើលោកអ្នកចង់ធ្វើជាអ្នកមានឬទេ? លោកជំទាវលឹម ឈីវហូបានផ្តល់ជាដំបូន្មានថា ដើម្បីសម្រេចបានអ្វីមួយយើងត្រូវលើកទិសដៅនាពេលអនាគតថា តើខ្លួនឯងចង់បានអ្វី? ឪពុកម្តាយចែកចំណេះដឹងឱ្យ តែអាចមិនចែកទ្រព្យសម្បត្តិឱ្យទេ ដូច្នេះពេលចង់បើកក្រុមហ៊ុនអ្វីមួយយើងត្រូវធ្វើការឲ្យគេដើម្បីយកបទពិសោធសិន។ លោកជំទាវបន្តថា ពេលនេះផ្ទះកំពុងមានឱ្យបង់រំលស់ ពេលប្អូនៗបានទទួលប្រាក់ខែ កុំចង់ដើរលេងហ៊ឺហារច្រើនពេក សូមទិញផ្ទះបង់រំលស់ ដោយអត់ធ្មត់ គឺរយៈពេល5 ឬ10ឆ្នាំក្រោយប្អូននឹងមានលុយដុំកាន់នៅក្នុងដៃអាចទិញដីទុក ឬអាចបើកក្រុមហ៊ុនរកស៊ីពីតូចរហូតដល់ធំបាន។

លោកជំទាវបានបន្តថា ពេលនេះធនាគារក៏មានផ្តល់ឥណទានផងដែរ ហេតុនេះត្រូវរៀនដើម្បីយកចំណេះសិន ហើយត្រូវសួរខ្លួនឯងថា តើទិសដៅអនាគតចង់បានអ្វី? បន្ទាប់មកសម្រួចឆន្ទៈរបស់ខ្លួនទៅតាមនោះ។ លោកជំទាវបន្តថា ពេលយើងមានប្រាក់ខែ 200ដុល្លារ ឬ500ដុល្លារ ឬ1,000ដុល្លារ តើយើងមានតួនាទីជាអ្វី? ប្រាក់ខែទទួលបានអាស្រ័យលើសមត្ថភាពរបស់យើងទាំងអស់គ្នា។

លោកជំទាវបន្តថា “បើយើងមានភាពស្មោះត្រង់ មានការខិតខំប្រឹងប្រែង យើងអាចជោគជ័យទាំងអស់គ្នាបានហើយ”។ លោកជំទាវបន្តថា “បើយើងមានប្រាក់ខែ1,000ដុល្លារ ប្រពន្ធសន្សំបន្តិច ប្តីសន្សំបន្តិច យើងអាចសន្សំបាន 500ដុល្លារក្នុងមួយខែ។ យើងអាចសល់លុយ និងយកទៅទិញដី ឬផ្ទះបង់រំលស់ យើងអាចបានលុយទាំងដុំ និងអាចធ្វើអ្នកមានបានហើយ៕

Advertisement