កម្ពុជា​-ចិន​រួមគ្នា​បណ្ដុះបណ្ដាល​ ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​ផ្តោត​លើ​បច្ចេកវិទ្យា​ឌីជីថល​

ដើម្បី​រួមចំណែក​បំពេញ​តម្រូវការ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ ធ្វើ​យ៉ាងណា​ឱ្យ​ពួកគេ​ទទួល​បាន​នូវ​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​ឌីជីថល​ក្រសួងទេសចរណ៍​ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ហៃ​ណាន​ប្រទេស​ចិន​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្តី​ពី​ការ​អភិវឌ្ឍ​ និង​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ ឆ្ពោះទៅ​ឧស្សាហកម្ម​ 4.0​ ដែល​កម្មវិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​ មាន​រយៈពេល​ 15ថ្ងៃ​ និង​មានការ​អញ្ជើញ​ចូលរួម​ពីរ​ដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍​ និង​ទីប្រឹក្សា​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ហៃ​ណាន​។

លោក​ ហ័ង​ ឆាង​ស៊ាង​ (HUANG​Changxiong​) ទីប្រឹក្សា​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ហៃ​ណាន​ បាន​បញ្ជាក់​ថា​ ការ​ពង្រឹង​ និង​អភិវឌ្ឍន៍​សាមគ្គីភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ គឺជា​ទស្សនៈ​មូលដ្ឋាន​នៃ​គោលនយោបាយ​ការ​បរទេស​របស់​រដ្ឋាភិបាល​ចិន​ ក្នុង​នោះ​ការ​ផ្ដល់​ជំនួយ​លើ​ការ​បណ្តុះបណ្តាល​ ក៏​ជា​ខ្លឹមសារ​សំខាន់​របស់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ហៃ​ណាន​ផង​ដែរ​ ដែល​ជា​សេដ្ឋកិច្ច​ នយោបាយ​ ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​នៃ​ការអភិវឌ្ឍន៍​ “ខ្សែក្រវាត់​ និង​ផ្លូវ​” របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

លោក​បាន​លើកឡើង​ដែរ​ថា​ “លក្ខណៈ​នៃ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍​ក្នុង​បរិបទ​ឧស្សាហកម្ម​ 4.0​ នឹង​ត្រូវ​យក​មក​បង្រៀន​ដល់​សិក្ខាកាម​កម្ពុជា​ ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​បណ្តាញ​ទិន្ន​ន័យ​ធំៗ​ និង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ ដែល​ជា​បច្ចេក​ វិទ្យា​ស្នូល​ក្នុង​ការគ្រប់គ្រង​សេវាកម្ម​ទេសចរណ៍​”។

ឯកឧត្តម​ ហោ​ មុនី​រ័ត្ន​ រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ បាន​រំឭក​ថា​ កាលពី​ឆ្នាំ2018​ ភាគី​កម្ពុជា​-ចិន​បាន​សហការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​នៅ​ខេត្ត​ព្រះសីហនុ​ម្ដង​ហើយ​ ដោយពេល​នោះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​ 50នាក់​ មក​ពី​ស្ថាប័នរដ្ឋ​ និង​ឯកជន​។ ទន្ទឹម​នេះ​ ក្នុង​ឆ្នាំ2018​ កន្លងទៅ​ កម្ពុជា​ក៏​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជាង​ 6,2លាន​នាក់​ កើន​ឡើង​ 10.7​% និង​នាំមក​នូវ​ប្រាក់ចំណូល​ប្រមាណ​ 4,356លាន​ដុល្លារ​អាមេរិក​។

ឯកឧត្តម​ បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ចិន​មក​កម្ពុជា​មាន​ចំនួន​ 636​ជើង​ក្នុង​ 1សប្តាហ៍​ មក​ពីទី​ក្រុង​ចំនួន38​ ក្នុង​ប្រទេស​ចិន​ តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន25ក្រុមហ៊ុន​។ លោក​បន្ត​ថា​ កម្ពុជា​ត្រូវការ​វិនិយោគិន​ និង​ដៃគូ​អភិវឌ្ឍន៍​បន្ថែម​ទៀត​ ដើម្បី​បង្កើត​ផលិតផល​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ ទ្រទ្រង់​ទេស​ចរ​ណ៍​ថ្មី​ៗ ព្រមទាំង​ពង្រីក​ការ​តភ្ជាប់​ជើងហោះហើរ​ ពីទី​ក្រុង​នា​នាៗ​ របស់​ប្រទេស​ចិន​បន្ថែម​ទៀត​។

សម្រាប់​ឆ្នាំ2019​ កម្ពុជា​ក៏​រំពឹង​ថា​ នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ 6,7លាន​នាក់​ ហើយ​នៅ​ឆ្នាំ​ 2020​ ប្រមាណ​ជាង​ 7លាន​នាក់​។ ឯកឧត្ដម​បាន​បញ្ជាក់​ថា​ “ភ្ញៀវ​ទេសចរ​ចិន​ គឺជា​ទីផ្សារ​ដែល​ធំជាង​គេ​លេខ1​ របស់​កម្ពុជា​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​”។

ឯកឧត្ដម​បាន​បញ្ជាក់​ថា​ នៅ​ឆ្នាំ2018​ កន្លងទៅ​ កម្ពុជា​ទទួល​បាន​ទេសចរ​ចិន​ចំនួន​ 2លាន​នាក់​ មាន​ការ​កើនឡើង​ 33​% ហើយ​នៅ​ឆ្នាំ2019​ នេះ​ យើង​រំពឹង​ថា​ ទេសចរ​ចិន​ នឹង​កើនឡើង​ដល់​ 2.6លាន​នាក់​និង​ 3លាន​នាក់​នៅ​ឆ្នាំ2020​។

ឯកឧត្តម​រដ្ឋលេខាធិការ​ក៏បាន​បញ្ជាក់​ទៀត​ដែរ​ថា​៖“ដើម្បី​ឆ្លើយតប​នឹង​កំណើន​ភ្ញៀវ​ទេសចរ​ នៅ​ឆ្នាំ2020​ កម្ពុជា​ត្រូវការ​កម្លាំង​ពលកម្ម​ថ្មី​ចំនួន​ប្រមាណ​ 20ម៉ឺន​នាក់​បន្ថែម​ទៀត​ ដូចនេះ​ក្រសួង​ទេសចរណ៍​កំពុង​ដោះស្រាយ​បញ្ហា​ប្រឈម​ខាងលើ​ ពោល​គឺ​ត្រូវ​ជំរុញ​ការ​បណ្តុះបណ្តាល​កម្លាំង​ពលកម្ម​ថ្មី​ និង​បំពាក់បំប៉ន​ជំនាញ​បន្ថែម​ទៀត​ ដល់​អ្នក​កំពុង​បម្រើការ​ងារ​ក្នុង​វិស័យ​ទេសចរណ៍​។ ដោយ​ហេតុ​ថា​ នា​ពេល​បច្ចុប្បន្ន​ អ្នក​កំពុង​បម្រើការ​ងារ​ក្នុង​វិស័យ​ទេសចរណ៍​មាន​ចំនួន​ប្រមាណ​តែ​ 20​% ប៉ុណ្ណោះ​ដែល​បាន​ឆ្លងកាត់​ការសិក្សា​ជំនាញ​ទេសចរណ៍​តាម​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទេសចរណ៍​ សាកល​វិទ្យាល័យ​ទេសចរណ៍​ និង​វគ្គ​បណ្ដុះបណ្ដាល​ខ្លី​”។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​ ក្រសួងទេសចរណ៍​បាន​និង​កំពុង​ដាក់​ឱ្យ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ស្ដីពី​ ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឌីជីថល​ ដូចជា​ការចុះបញ្ជី​អាជ្ញាប័ណ្ណ​ទេសចរណ៍​តាម​ប្រព័ន្ធ​ Online ​ប្រព័ន្ធ​ចំណាត់ថ្នាក់​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​Online​ ប្រព័ន្ធ​គ្រប់គ្រង​មគ្គុទេ្ទសក៍​ទេសចរណ៍​ Online​ ប្រព័ន្ធ​វាយតម្លៃ​ចលនា​ប្រឡងប្រណាំង​“ទីក្រុង​ស្អាត​ រមណីយដ្ឋាន​ស្អាត​ សេវា​ល្អ​ បដិសណ្ឋារ​កិច្ច​ល្អ​” តាម​ប្រព័ន្ធ​ QR​-Code​ និង​ប្រព័ន្ធ​ទូរស័ព្ទ​វៃឆ្លាត​ ព្រម​ជាមួយ​ការ​រីកចម្រើន​នៃ​មធ្យោបាយ​ទូទាត់​សម្រាប់​ទេសចរណ៍​តាម​ប្រព័ន្ធ​ QR​-Code​ មធ្យោបាយ​ដឹកជញ្ជូន​វៃឆ្លាត​ (Pass​ App​ ឬ Grab​) ជាដើម​។

លើស​ពីនេះ​ ក្រសួងទេសចរណ៍​ក៏បាន​និង​កំពុង​រៀបចំ​ឯកសារ​ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ឌីជីថល​ ឆ្នាំ2020​-2023​ ដែល​ជាឯក​សារ​គោល​សម្រាប់​ជំរុញ​ការប្រើ​ប្រាស់​ និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ឌីជីថល​ សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ ឆ្ពោះទៅ​រក​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ដែល​កំពុង​បង្ហាញ​ពី​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​ពិភពលោក​ ដែល​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ការកំណត់​ឡើងវិញ​នូវ​កត្តាផលិតកម្ម​ ការគ្រប់គ្រង​ ឥរិយាបថ​នៃ​ការប្រើ​ប្រាស់​ និង​រចនា​សម្ព័ន​សេដ្ឋកិច្ច​។

លោកជំទាវ​ ឆាយ​ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“វគ្គ​បណ្តុះបណ្តាល​នេះ​មានប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា​យើង​ព្រោះ​ទេសចរ​បាន​ស្វែងយល់​តាម​ App​ &​; Digital​ ដែល​វិស័យ​ទេសចរណ៍​កម្ពុជា​ បាន​និង​កំពុង​ដាក់​ឱ្យ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​នេះ​។ វា​ក៏​មាន​ភាព​ចាំបាច់​ណាស់​ដែរ​ក្នុង​ការជំរុញ​ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ ដែល​វគ្គ​បណ្តុះបណ្តាល​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍​ឌីជីថល​នេះ​ ជា​ការ​ផ្តល់​កិច្ចសហការ​ដោយ​ខេត្ត​ហៃ​ណា​នប្រ​ទេស​ចិន​នេះ​”។

លោកជំទាវ​ បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា​៖“លំហូរ​ទេសចរ​នៃ​បណ្តា​ប្រទេស​ជាច្រើន​ជាពិសេស​ជនជាតិ​ចិន​មក​ក្នុង​តំបន់​អាស៊ាន​ មាន​ចំនួន​កាន់តែ​ច្រើនឡើង​ ធ្វើ​ឱ្យ​ការជំរុញ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​យើង​កាន់តែ​មាន​សម្ទុះ​ ដោយសារតែ​ការ​ធ្វើ​ទេសចរណ៍​ក្រៅ​ស្រុក​របស់​អ្នកទេសចរ​ចិន​គ្រប់​វ័យ​ មាន​តួលេខ​ឈានមុខ​នៅ​ស្ទើរគ្រប់​ប្រទេស​ រួម​ទាំង​ទេសចរ​ដែល​មកកាន់​ប្រទេស​កម្ពុជា​ផង​ដែរ​”។

លោកជំទាវ​ ឆាយ​ ស៊ី​វលី​ន ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​៖“វគ្គ​បណ្ដុះបណ្ដាល​ស្តី​ពី​ការ​អភិវឌ្ឍ​ និង​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ ឆ្ពោះទៅ​ឧស្សាហកម្ម​ 4.0​ នេះ​ មាន​សកម្មភាព​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​ស្ដីពី​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឌីជីថល​របស់ក្រ​សួង​ទេសចរណ៍​ដែល​បាន​កំពុង​ដាក់​ឱ្យ​អនុវត្ត​ដែរ​”៕

Advertisement