អ្នកជំនាញ​៖ ការ​វិនិយោគ​លើ​អចលនទ្រព្យ​ នៅតែ​ពុំ​ទាន់​អស់​ឱកាស​ទេ​

អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ តែង​បាន​ធ្វើការ​ព្យាករ​អំពី​ស្ថានភាព​អចលនទ្រព្យ​នា​ពេល​បច្ចុប្បន្ន​នេះ​ថា​ គឺ​ស្ទើរតែ​ជុំវិញ​ក្រុង​ទៅ​ហើយដែល​ជា​តំបន់​កំពុង​អភិវឌ្ឍន៍​មាន​ចម្ងាយ​ប្រមាណ​ជាង​ 20​-30គីឡូម៉ែត្រ​ពីទី​ក្រុងភ្នំពេញ​ គឺជា​ទីតាំង​ដែល​កំពុង​មាន​សក្ដានុពល​ទាំង​បច្ចុប្បន្ន​ និង​អនាគត​ ព្រោះ​ថា​ នៅ​ទីនោះ​មាន​ទីប្រជុំ​ជន​ធំៗ​ និង​គម្រោង​អភិវឌ្ឍ​ន៍​ធំៗ​ ដែល​បាន​និង​កំពុង​កកើត​ឡើង​។

ជាមួយនឹង​ការ​លើកឡើង​ខាងលើ​នេះ​ លោក​ សួស​ ចិន្តា​ អគ្គលេខាធិការ​សមាគម​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ផ្តល់​បទ​សម្ភាស​ប្រាប់​ ឡា​រ៉ែ​ន ពាណិជ្ជ​ តាម​ទូរស័ព្ទ​ថា​៖“វិស័យ​អចលនទ្រព្យ​ និង​សំណង់​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ហើយ​ភាព​រីកចម្រើន​នៅក្នុង​វិស័យ​នេះ​នឹង​បន្ត​លើស​ពី​ 5ឆ្នាំទៅ​មុខ​ទៀត​”។

លោក​បាន​បន្ត​ថា​ បើ​និយាយ​ជា​រួម​ គឺ​វដ្ត​របស់​វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​គេ​ព្យាករ​ថា​នៅ​តំបន់​អាស៊ី​ 25​-35ឆ្នាំ​ ចំណែក​នៅ​តំបន់​អឺរ៉ុប​គឺ​ 30ឆ្នាំ​ទើប​អាច​ជួបនឹង​ភាព​ប្រឈម​ ឬផល​ប៉ះពាល់​របស់​វា​។ បើ​យើង​វាស់​ស្ទង់​អំពី​វិបត្តិសេដ្ឋកិច្ច​នៅ​ឆ្នាំ2008​ មកទល់​ឆ្នាំ​ទើបតែ​ជិត​ឆ្នាំ​គឺ​វា​អាច​នៅ​ដំណើរការ​ជាង​ឆ្នាំទៅ​មុខ​ទៀត​ ដែល​អាច​នៅ​ដំណើរការ​ល្អ​មិន​មាន​ភាព​ប្រឈម​ ឬផល​ប៉ះពាល់​អ្វី​នៅក្នុង​វិស័យ​អចលនវត្ថុ​នេះ​ទេ​។ នេះ​បើ​យើង​និយាយ​ពី​វដ្ត​របស់​វិស័យ​នេះ​។

លោក​បាន​បញ្ជាក់​ទៀត​ថា​ បើ​យើង​និយាយ​ពី​ទីផ្សារ​ក្នុង​វិស័យ​ធនាគារ​ ឬអ្នក​វិនិយោគ​វិញ​ យើង​យោង​ទៅដល់​វិស័យ​ធនាគារ​ គេ​បានឱ្យ​កម្ចី​ដល់​ទៅ​ 15​ ទៅ​ 25ឆ្នាំ​ គឺ​នៅ​មាន​រយៈពេល​វែង​ទម្រាំដល់​ពេល​ដែល​អាច​មាន​ភាព​ប្រឈម​ ឬមានផល​ប៉ះពាល់​។ ដូច្នេះ​បានន័យ​ថា​ គេ​បាន​សិក្សា​វា​រួច​ទៅ​ហើយ​អំពី​ភាព​ប្រឈម​របស់​អចលនទ្រព្យ​។ នេះ​បើ​យើង​សំអាង​ទៅលើ​វដ្ត​ និង​ទីផ្សារ​អចលនទ្រព្យ​។បើ​តាម​ការសិក្សា​របស់​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​ ការ​ព្យាករ​ឆ្នាំ​នៃ​ភាព​ប្រឈម​នៃ​វិស័យ​អចលនទ្រព្យ​ យើង​ឃើញថា​ វិស័យ​នេះ​ វា​អាច​នៅ​មាន​បន្ត​ការ​កើនឡើង​ ដោយ​អ្នក​វិ​និ​យោ​គធំៗ​ អ្នកខ្លះ​គាត់​ពុំ​ទាន់​បញ្ចប់​គម្រោង​របស់​គាត់​ផង​។ គាត់​ពុំ​មានការ​ភ័យខ្លាច​ទេ​ ហើយ​គាត់​នៅតែ​បន្ត​វិនិយោគ​ពី​ 10ឆ្នាំ​ ឬជាង​ 10ឆ្នាំទៅ​មុខ​ទៀត​។

លោក​អគ្គលេខាធិការ​សមាគម​ក៏បាន​បញ្ជាក់​ទៀត​ដែរ​ថា​៖“បើ​គិតទៅ​ដល់​អ្វី​ដែល​អាច​ថា​វា​កើន​ឡើង​ទៅមុខ​ទៀត​នោះ​ គឺ​យើង​សំអាង​ទៅលើ​ការ​ព្យាករ​អំពី​វដ្ត​ និង​ទីផ្សារ​តែ​សម្រាប់​ការ​រីកចម្រើន​ក្នុង​វិស័យ​នេះ​ទាំងមូល​ គេ​អាច​ចែក​វា​ចេញ​ជា3​ គឺ​៖ទី1​-លំនៅ​ឋានៈ​ អ្នករក​ស៊ី​ គេ​មើលទៅ​លើ​ ការ​វិនិយោគ​លំនៅឋាន​ (មាន​លំនៅឋាន​បែប​បុរី​ បែប​ផ្ទះល្វែង​ បែប​វីឡា​កូនកាត់​ ដែលគេ​អាច​បែងចែក​ជា​ 3ទៀត​គឺ​៖លំដាប់​ខ្ពស់​ (Hight​ Class​) លំដាប់​មធ្យម​ (Midle​ Class​) និង​លំដាប់​ទាប​ (Low​ Class​)។ តែLow​ Class​ពិបាក​រក​អ្នក​វិនិយោគ​ ព្រោះ​ធ្វើ​លក់​ពុំ​ទាន់​តម្រូវការ​ទេ​។ បានន័យ​ថា​ តម្រូវការ​ខ្ពស់​ជាង​ការ​ផ្គត់ផ្គង់​ ការសាងសង់​កម្រិតទាប​ក្នុង​តម្លៃ​ក្រោម​ 3ម៉ឺន​ដុល្លារ​ជាង​ រក​អ្នកធ្វើ​លក់​ឱ្យ​អត់មាន​ទេ​ ទោះបី​រដ្ឋាភិបាល​មាន​គោលនយោបាយ​លើកទឹកចិត្ត​ក៏ដោយ​ និង​ទោះជា​នៅក្នុង​តំបន់​ប៉ូល​សំខាន់​ ឬតំបន់​អភិវឌ្ឍន៍​ បណ្តា​ខេត្ត​ក្រុង​ដែល​មាន​សក្តា​នុ​ពល​ក៏ដោយ​ ក៏​ពុំ​មានតម្លៃ​ទាប​នេះ​ដែរ​ គឺ​មានតែ​តម្លៃ​ខ្ពស់​ និង​លក់ដាច់​អស់​ក្នុង​គម្រោង​តែម្តង​។

ទី2​-សម្រាប់​ Comercial​ Buillding​, Service​Aparment​, Office​ Space​, យើង​អាច​និយាយ​ថា​ក្នុង​ចន្លោះ​ពី​ 5 ទៅ​ 7 ឆ្នាំ​ទៀត​វា​អាច​នឹង​ពេញ​(ឆ្អែត​)។ដូចជា​ Service​ Aparment​ នៅ​បឹងកេងកង1​ -2និង3​ វា​ចង់​ឆ្អែត​ហើយ​ តែ​នៅ​តំបន់​ទួលគោក​វិញ​នៅ​ច្រើន​ទៀត​ពុំ​ទាន់​ឆ្អែត​ទេ​។ បើ​និយាយ​ពី​ Office​ Space​ នៅ​មាន​តម្រូវការ​ក្នុង​កម្រិតA​ និងB​ នៅ​មាន​តម្រូវការ​ ឯកម្រិតC​ អស់ហើយ​ ដោយសារ​វា​មានតម្លៃ​ថោក​។

ទី3​-ទាក់ទង​ទៅ​នឹង​ដី​ធ្លីៈ​ ការ​វិនិយោគ​មាន​ច្រើន​ខ្លះ​ទិញ​ទៅ​ធ្វើជា​កសិដ្ឋាន​ ខ្លះ​ទិញ​ទៅ​ពុះ​ឡូត៍​ អ្នកខ្លះ​ទិញ​យក​ទៅ​សាងសង់​។ ចលនា​នេះ​នៅ​មាន​ច្រើន​ បើ​គិតទៅ​ដល់​ Master​ Plan​ របស់ក្រ​សួង​ដែនដី​នគរូបនីយកម្ម​ គឺ​នៅ​មាន​ទំហំ​ធំ​ណាស់​។ ឯប៉ូល​វិញ​ មាន​កំពង់សោម​ សៀមរាប​ កែប​ តំបន់​ជុំវិញ​បឹង​ទន្លេសាប​ បាត់ដំបង​ ប៉ោយប៉ែត​ និង​បាវិត​ ជាដើម​”។

លោក​បាន​បញ្ជាក់​បន្ថែម​ថា​៖ “ចំណុច​ទាំង​ 3នេះ​វា​នៅតែ​ដើរទៅ​តាម​វដ្ត​របស់​វា​ និង​ការ​រីក​ដុះដាល​ដូច​ការ​អភិវឌ្ឍ​សព្វថ្ងៃ​ ដោយសារ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​ល្អ​ មាន​កំណើន​សេដ្ឋកិច្ច7​% មាន​គោលនយោបាយ​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ និង​ច្បាប់​មាន​ភាព​អនុគ្រោះ​ច្រើន​សម្រាប់​វិនិយោគិន​បរទេស​នោះ​ ដូច្នេះ​នឹងអាច​ជួយ​ទាក់ទាញ​ជនបរទេស​ឱ្យ​ចូល​មក​វិនិយោគ​ និង​បណ្តាក់​ទុន​នៅ​កម្ពុជា​ទៀត​ផង​។ ចំពោះ​ប្រទេស​ដែល​មក​វិនិយោគ​ គឺ​មាន​មិន​តិច​ទេ​ ជាង​ 20ប្រទេស​ ហើយ​ប្រទេស​ចិន​មក​វិនិយោគ​ច្រើនជាង​គេ​”។

លោក​សួស​ ចិន្តា​ បាន​បញ្ជាក់​ថា​៖ ​;“ដូច្នេះ​ការ​-វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នេះ​ យើង​នៅ​មាន​ឱកាស​ក្នុង​ការ​រក​ប្រាក់ចំណេញ​ យើង​នៅ​មានឱកាស​ក្នុង​ការ​អភិវឌ្ឍ​ រហូត​ទៅដល់​ 7 ទៅ​ 10​ ឆ្នាំទៅ​មុខ​ទៀត​ ហើយ​បើ​ទោះបី​ការ​ព្យាករ​មិន​ត្រូវ​ចំ​ 100​%ក្ដី​ តែ​ក៏​ត្រូវ​ភាគច្រើន​ និង​ក៏​ជា​ត្រីវិស័យ​របស់​យើង​នៅក្នុង​វិស័យ​អចលនទ្រព្យ​ដែរ​”៕

Advertisement