ក្រសួង​កសិកម្ម​ ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​កសិកម្ម​ និង​លើកកម្ពស់​អភិក្រម​ “រដ្ឋ​-ឯកជន​-ដៃគូ​អភិវឌ្ឍន៍​-សហគមន៍​”

ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​កំណែទម្រង់​ទាំង​គោលនយោបាយ​ ទិសដៅ​ និង​ការអនុវត្ត​របស់​ខ្លួន​ ពោល​គឺ​ ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​កសិកម្ម​ និង​លើកកម្ពស់​អភិក្រម​“រដ្ឋ​-ឯកជន​-ដៃគូ​អភិវឌ្ឍន៍​-សហគមន៍​”។

ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​បាន​ថ្លែង​ថា​៖“វា​ជា​កិច្ចការ​ដ៏​សំខាន់​ក្នុង​ការ​ជជែក​ដោយ​បើកចំហ​ រវាង​ការងារ​របស់​រាជរដ្ឋាភិបាល​ ដែល​មាន​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ជាមួយនឹង​អ្នកធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​ទៅលើ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ធ្វើ​ធុរកិច្ច​ ដើម្បី​ធានា​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ក៏ដូចជា​ធានា​ដល់​ការប្រកួត​ប្រជែង​ទំនិញ​កម្ពុជា​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ផង​ដែរ​”។

ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏បាន​គូសបញ្ជាក់​អំពី​ការ​វិវឌ្ឍ​រីកចម្រើន​ ពី​ប្រទេស​ដែល​អសន្តិសុខ​ស្បៀង​ មក​ជា​ប្រទេស​ដែល​មាន​អតិរេក​ស្បៀង​ និង​ធ្វើការ​នាំចេញ​ផលិតផល​កសិកម្ម​ទៅ​ទីផ្សារ​ពិភពលោក​។ ជាស​មិទ្ធ​ផល​ដ៏​ធំធេង​ដែល​សម្រេច​បាន​ តែ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ទៀត​ដែល​ទាមទារ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​រួមគ្នា​ដោះស្រាយ​ ដើម្បី​បន្ត​ការ​អភិវឌ្ឍ​វិស័យ​នេះ​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​ចីរភាព​ ធ្វើ​យ៉ាងណា​ជួយ​ប្រជាកសិករ​យើង​ដើរ​ឱ្យ​ទាន់​បរិបទ​សេដ្ឋកិច្ច​ជាតិ​ ជាពិសេស​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​ជាតិ​ ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នា​ឆ្នាំ2030​ និង​ចំណូល​កម្រិតខ្ពស់​នា​ឆ្នាំ2050​។

ក្នុង​ន័យ​នេះ​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​កំណែទម្រង់​ទាំង​គោលនយោបាយ​ ទិសដៅ​ និង​ការអនុវត្ត​របស់​ខ្លួន​ ពោល​គឺ​ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​កសិកម្ម​និង​លើកកម្ពស់​អភិក្រម​“រដ្ឋ​-ឯកជន​-ដៃគូ​អភិវឌ្ឍន៍​សហគមន៍​”ដោយ​ផ្តោត​ជា​សំខាន់​លើ​យន្តការ​ពាណិជ្ជកម្ម​-កសិកម្ម​ ការកែច្នៃ​ផលិតផល​កសិកម្ម​ ការ​បំពេញ​ខ្សែ​ចង្វាក់​ផលិតកម្ម​កសិកម្ម​ ការផលិត​ពូជសុទ្ធ​ និង​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ដើម្បី​បង្កើន​ការប្រកួត​ប្រជែង​ដល់​ប្រជាកសិករ​។ នេះ​បើ​តាម​ប្រសាសន៍​ឯកឧត្តម​ វេង​ សា​ខុន​។

ឯកឧត្តម​ ក៏បាន​កោតសរសើរ​វិស័យ​នេះ​ ចំពោះ​សមិទ្ធផល​របស់​ខ្លួន​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ដែរ​ ប៉ុន្តែ​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​កាន់តែ​ខ្លាំង​ឡើង​ ក្នុងចំណោម​តួអង្គ​ទាំងអស់​ដើម្បី​បន្ត​អភិវឌ្ឍន៍​ឧស្សាហកម្ម​នេះ​។

ឯកឧត្តម​ វេង​ សា​ខុន​ បាន​មានប្រសាសន៍​ទៀត​ថា​៖“ក្រសួង​កសិកម្ម​បាន​និង​កំពុងធ្វើការ​កែទម្រង់​គោលនយោបាយ​ ធ្វើ​ទំនើបកម្ម​វិស័យ​នេះ​ និង​លើកកម្ពស់​ភាពជា​ដៃគូ​ផលិតករ​សាធារណៈ​-ឯកជន​ដែល​ផ្តោត​លើ​ការ​បង្កើន​គុណ​ ភាព​ និង​ការប្រកួត​ប្រជែង​ តាមរយៈ​គម្រោង​កសិកម្ម​តាម​កិច្ចសន្យា​”។

ទាក់ទិន​នឹង​ភាពជា​ដៃគូ​ឯកជន​ លោក​ សុង​ សា​រ៉ន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Amru​ Rice​ និង​បច្ចុប្បន្ន​ទើប​ជាប់ឆ្នោត​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF​) បាន​មានប្រសាសន៍​ថា​ លោក​មានបំណង​ប្រែក្លាយ​វិស័យ​ស្រូវ​-អង្ករ​ឱ្យទៅ​ជា​ឧស្សាហកម្ម​ប្រកបដោយ​ចីរភាព​ និង​ការប្រកួត​ប្រជែង​ ដែល​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការរស់នៅ​របស់​អ្នកចូលរួម​ទាំងអស់​។

លោក​ សា​រ៉ន​ បាន​មានប្រសាសន៍​ថា​៖“ សហព័ន្ធ​គួរតែ​ដំណើរការ​ក្នុង​ភាពជា​ដៃគូ​ផលិត​សាធារណៈ​ និង​ឯកជន​ ហើយ​ការ​ធ្វើ​ទំនើបកម្ម​ឧស្សាហកម្ម​នេះ​ ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ និង​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ នឹង​ត្រូវ​បាន​ផ្តល់​អាទិភាព​។ ក្នុង​ទសវត្សរ៍​ខាងមុខ​ ខ្ញុំ​ជឿជាក់​ថា​ បញ្ហា​ប្រឈម​សំខាន់​បំផុត​សម្រាប់​វិស័យ​នេះ​ គឺ​ការ​ធ្វើ​សាកល​ភាវូបនីយកម្ម​ឌីជីថល​ប្រជានិយម​ និង​ការ​គាំពារ​និយម​។ ទាំងនេះ​មាន​សក្តា​នុ​ពល​ក្នុង​ការ​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​អ្នក​ផលិត​ និង​កសិករ​ដែល​មាន​ប្រាក់ចំណូល​ទាប​ ក៏ដូចជា​ការប្រកួត​ប្រជែង​ក្នុង​វិស័យ​នេះ​ផង​ដែរ​”។

លោក​ប្រធាន​ CRF​ បាន​បន្ថែម​ថា​ ៖“ដើម្បី​ជម្នះ​បញ្ហា​ប្រឈម​ទាំងនេះ​ យើង​ត្រូវ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ រួម​ទាំង​ភ្នាក់ងារ​រដ្ឋាភិបាល​ ទីភ្នាក់ងារ​មិនមែន​រដ្ឋាភិបាល​ ស្ថាប័ន​ក្នុង​ស្រុក​ និង​អន្តរជាតិ​ សហករណ៍​កសិកម្ម​ និង​វិស័យ​ឯកជន​ ជាពិសេស​រោងម៉ាស៊ីន​កិនស្រូវ​ ដើម្បី​លើក​-កម្ពស់​ការប្រកួត​ប្រជែង​នៃ​ខ្សែ​ចង្វាក់​តម្លៃ​។ ពី​កសិដ្ឋាន​រហូតដល់​ទីផ្សារ​ និង​បង្កើត​ការ​ច្នៃប្រឌិត​តម្លៃបន្ថែម​ និង​ផលិតផល​ថ្មី​”។

លោក​ សុង​ សា​រ៉ន​ បាន​បញ្ជាក់​ថា​ សហព័ន្ធ​ត្រូវ​ខិតខំ​លុបបំបាត់​ប្រព័ន្ធ​ដែល​ធ្វើអាជីវកម្ម​កសិករ​ និង​ផលិត​ទំនិញ​មាន​ជាតិគីមី​ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើ​ប្រាស់​។ យើង​នឹង​លើកកម្ពស់​ភាពជា​ដៃគូ​ រវាង​តួអង្គ​ឯកជន​ និង​អ្នក​ផលិត​ដែល​មាន​ប្រាក់ចំណូល​ទាប​ ដែល​ដោះស្រាយ​នូវ​ប្រសិទ្ធភាព​នៃ​ផលិតកម្ម​ស្រូវ​ និង​ពាណិជ្ជកម្ម​ និង​ការបង្កើត​ថ្មី​ ការបង្កើត​និរន្តរភាព​ពាណិជ្ជកម្ម​យុត្តិធម៌​ និង​ការប្រកួត​ប្រជែង​។ គំនិត​ផ្តួចផ្តើម​នៃ​អាជីវកម្ម​ទាំងនេះ​ ជា​ការ​លើកកម្ពស់​ ការ​ដាក់បញ្ចូល​ ក៏​ដូចជា​ការបង្កើត​ថ្មី​ និង​កំណើន​ទីផ្សារ​ផង​ដែរ​៕

Advertisement