ផលិតផល​គ្រាប់ស្វាយ​ចន្ទី​កម្ពុជា​ កំពុង​ផ្គត់ផ្គង់​គ្រប់​ទីផ្សារ​ក្នុង​ស្រុក​ និង​ជំរុញ​ការនាំចេញ​

ដំណាំ​ស្វាយចន្ទី​ ជា​ប្រភេទ​ដំណាំ​សក្ដានុពល​ ដែល​អាច​រស់​បាន​ប្រមាណ​ជាជាង​ 30ឆ្នាំ​ និង​ចាប់ផ្ដើម​ផ្ដល់​ផល​ចាប់ពី​អាយុ​បាន​ 3ឆ្នាំ​។ ម្យ៉ាងវិញទៀត​ តម្រូវការ​លើ​ទីផ្សារ​អន្តរជាតិ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ និង​ទទួល​ទិញ​ក្នុង​តម្លៃ​ខ្ពស់​ពី​ប្រទេស​កែច្នៃ​ផលិតផល​គ្រាប់ស្វាយ​ចន្ទី​ទៀតផង​ ដែល​នេះ​ជា​មូលហេតុ​សំខាន់​សម្រាប់​កសិករ​ដែល​មាន​ដី​មិនសូវ​មាន​ជីវជាតិ​ ដែល​ទុក​ទំនេរ​ចោល​ គឺ​អាច​បង្វែរ​មក​ដាំដំណាំ​ស្វាយចន្ទី​ សម្រាប់​បង្កើន​ចំណូល​ក្នុង​គ្រួសារ​បាន​។

ស្វាយចន្ទី​ គឺជា​ប្រភេទ​ដំណាំ​ងាយស្រួល​ដាំ​ និង​ថែទាំ​ ឆ្នាំនេះ​ស្វាយចន្ទី​ហាក់​បាន​ថ្លៃ​ឡើងវិញ​បន្តិច​ ធ្វើ​ឱ្យ​ប្រជាកសិករ​ពេញចិត្ត​ចំពោះ​តម្លៃ​ទីផ្សារ​នេះ​ ក៏ប៉ុន្តែ​ កសិករ​ដែល​និយម​ដាំដំណាំ​ប្រភេទ​នេះ​ភាគច្រើន​ក្នុង​ខេត្ត​កំពង់ចាម​ ដោយ​ដាំ​មិនទាន់​បាន​ទទួល​ទិន្នផល​ខ្ពស់​ ស្របតាម​តម្រូវការ​នាំចេញ​ទៅក្រៅ​ប្រទេស​នៅឡើយ​។

លោក​ ឆេង​ ថុង​ ប្រធាន​សហគមន៍​កសិកម្ម​សំបូរ​មានជ័យ​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ បាន​ ប្រាប់​ ឡា​រ៉ែ​ន ពាណិជ្ជ​ ឱ្យ​ដឹង​ថា​៖ “សហគមន៍​ក៏​មាន​ដាំ​ដើម​ស្វាយចន្ទី​ច្រើន​ហិ​កតា​ដែរ​សម្រាប់​ឈ្មួញនាំចេញ​ និង​សម្រាប់​លក់​ក្នុង​ស្រុក​។ ដោយ​តម្លៃ​ទីផ្សារ​គ្រាប់ស្វាយ​ចន្ទី​នៅដើម​រដូវ​ឆ្នាំនេះ​ បាន​ឡើង​ថ្លៃជាង​ពី​ពេល​មុន​ៗបន្តិច​ សម្រាប់​សហគមន៍​ខ្ញុំ​ យើង​បាន​ផ្គត់ផ្គង់​គ្រាប់ស្វាយ​ចន្ទី​ក្នុង​ទីផ្សារ​បាន​ច្រើន​គួរសម​ដែរ​។ សព្វថ្ងៃ​ សហគមន៍​យើង​មានផ្ទៃ​ដី​ប្រមាណ​ 270ហិ​កតា​ ដែល​ក្នុង​ចំនួន​នេះ​យើង​ប្រមូល​ផល​បាន​ប្រមាណ​ 70​%នៃ​ផ្ទៃដី​ដាំដុះ​ទាំងអស់​”។

លោក​បានឱ្យ​ដឹងផង​ដែរ​ថា​៖ “នៅ​ខេត្ត​កំពង់ចាម​ យើងខ្ញុំ​សង្កេតឃើញ​ថា​ ដំណាំ​ស្វាយចន្ទី​ដែល​ប្រជាពលរដ្ឋ​យើង​ដាំ​ មានពូជ​ 2ប្រភេទ​ គឺ​ពូជ​គ្រាប់​ក្នុង​ស្រុក​ធម្មតា​ និង​ពូជ​តត្រួយ​ ហៅថា​ M23​។ ពូជ​ថ្មី​M23​ នេះ​ គេ​នាំចូល​មក​ពី​ប្រទេស​ម៉ាឡេស៊ី​។ ពូជ​M23នេះ​ មាន​គ្រាប់​ធំៗ​ណាស់​”។ លោក​បន្ថែម​ថា​ លោក​បាន​កត់សម្គាល់​ឃើញថា​ ចន្ទី​ពូជ​ M23នេះ​ គ្រាប់​វា​ស្ងួត​ៗតែ​ 120គ្រាប់​ប៉ុណ្ណោះ​ គឺ​មាន​ទម្ងន់​ 1Kg​ទៅ​ហើយ​ ឯចន្ទី​ពូជ​ធម្មតា​ក្នុង​ស្រុក​វិញ​ គឺ​ប្រហែល​ជា​ 200គ្រាប់​ឯណោះ​ ទើបបាន​ទម្ងន់​ 1Kg​”។

បើ​តាម​ប្រសាសន៍​របស់​លោក​ ឆេង​ ថុង​ បាន​ឱ្យ​ដឹង​ថា​៖ “នៅ​លើ​ផ្ទៃដី​ដែល​សហគមន៍​ខ្ញុំ​បាន​ដាំដុះ​សព្វថ្ងៃ​នេះ​ ខ្ញុំ​អាច​ប្រមូល​ផល​ស្វាយចន្ទី​បាន​ប្រមាណ​283.5តោន​ ឬក្នុង​ដី​ដាំដុះ​ 270ហិ​កតា​នេះ​ យើង​ទទួល​បាន​ចំណូល​សរុប​ប្រមាណ​ជា​ 1,415,000,000​រៀល​(1,415ប៊ី​លាន​រៀល​)សម្រាប់​ការ​ប្រមូល​ផល​ 1ឆ្នាំ​។ បើ​គិតជា​មធ្យម​ក្នុង​ 1ហិ​កតា​ យើង​ទទួល​បានផល​ប្រមាណ​ជា​ 1.5តោន​”។

ដោយឡែក​តម្លៃនៅលើទីផ្សារ​ លោ​កថុង​ បាន​ប្រាប់​ កាសែត​ឡា​រ៉ែ​ន ពាណិជ្ជ​ ថា​៖“គ្រាប់ស្វាយ​ចន្ទី​ នៅ​មានតម្លៃ​ខ្ពស់​ តែ​ក៏​មានការ​ឡើងចុះ​ខ្លាំង​ដែរ​ ដោយសារតែ​មានការ​ប្រកួតប្រជែង​ច្រើន​ យើង​អាច​លក់​បានតែ​ក្នុង​តម្លៃ​ជាង​ 5,000រៀល​ប៉ុ​ណ្នោះ​ក្នុង​ 1គីឡូក្រាម​។ បច្ចុប្បន្ន​ស្វាយចន្ទី​របស់​សហគមន៍​ត្រូវ​បាន​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​ និង​លក់​ទៅ​ឱ្យ​ឈ្មួញ​ក្នុង​ស្រុក​ និង​ឈ្មួញ​វៀតណាម​ ដោយសារ​សហគមន៍​មិនទាន់​រកបាន​ដៃគូ​ក្នុង​ការ​បោះ​ដុំ​នៅឡើយ​”។

បញ្ហា​តម្លៃ​គ្រាប់ស្វាយ​ចន្ទី​កាលពីដើម​ឆ្នាំនេះ​ បាន​ងើប​តម្លៃ​ឡើង​បាន​បន្តិច​ តែបើ​បៀ​បនឹង​ឆ្នាំមុន​គឺ​សម្រាប់​តម្លៃ​នៅក្នុង​ខែកុម្ភៈ​កន្លងមក​ គឺ1Kgគ្រាប់​ស្វាយចន្ទី​ទើប​បេះ​ហើយ​ថ្មី​ៗ តម្លៃ​ 5,800រៀល​ ហើយ​គ្រាប់​ដែល​ហាលថ្ងៃ​ស្ងួត​ហើយ​តម្លៃ​ 6,800​រៀល​។ តម្លៃ​នេះ​បើ​ប្រៀបធៀប​ទៅ​កាលពី​ឆ្នាំមុន​ ក្នុង​ការ​ប្រមូល​ផល​លើកដំបូង​ដូចគ្នា​ គឺ​ខុសគ្នា​ពី​ 3,000​-4,000រៀល​។

ម្យ៉ាងវិញទៀត​នៅ​កម្ពុជា​ ដោយសារ​ខ្វះ​បច្ចេកទេស​ដើម្បី​បក​យក​គ្រាប់ស្វាយ​ចន្ទី​ និង​រោងចក្រ​សម្រាប់​កែច្នៃ​របស់​យើង​នៅ​មានកម្រិត​ ទើប​ធ្វើ​ឱ្យ​យើង​មិន​អាច​ស្រូប​យក​ទិន្នផល​ស្វាយចន្ទី​ទាំងអស់​នោះ​បាន​។ ទន្ទឹម​នឹង​កម្ពុជា​ខ្វះ​រោងចក្រ​កែច្នៃ​ និង​ខ្វះ​បច្ចេកទេស​នេះ​ ប្រទេស​វៀតណាម​គឺជា​អ្នក​ដែល​មាន​តម្រូវការ​ខ្ពស់​ បាន​បំពេញ​កិច្ចសន្យា​បញ្ជាទិញ​ជាមួយ​អន្តរជាតិ​ដែល​បាន​ចូល​មក​ទិញ​ ដើម្បី​កែច្នៃ​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ឆេង​ ថុង​។

លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​បាន​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ ថា​៖“គ្រាប់ស្វាយ​ចន្ទី​យើង​បច្ចុប្បន្ន​នេះ​ ផលិត​បាន​ច្រើន​ ដោយសារតែ​កន្លងមក​ មិន​ត្រឹមតែ​ទីផ្សារ​អាមេរិក​ អឺរ៉ុប​ ឬប្រទេស​ចិន​ទេ​ ដែល​ទិញ​ពី​យើង​ ពិសេស​គឺ​ប្រទេស​វៀតណាម​តែម្តង​ ជាទី​ផ្សារ​មួយ​ធំ​សម្រាប់​កសិករ​កម្ពុជា​ ព្រោះ​ពីដើម​វៀតណាម​គាត់​ច្រើន​ទិញ​គ្រាប់ស្វាយ​ចន្ទី​ពី​ឥណ្ឌា​ និង​ពី​ប្រេស៊ីល​ តែ​វា​មានតម្លៃ​ខ្ពស់​ ទើប​គាត់​សហការ​ជាមួយ​កម្ពុជា​ ឱ្យ​យើង​ដាំ​ឱ្យ​គាត់​”។

លោក​ឧកញ៉ា​បញ្ជាក់​ថា​៖“ស្វាយចន្ទី​ដែល​មិន​ទាន់​បក​សម្បក​ គឺ​នាំចេញ​ទៅ​ប្រទេស​វៀតណាម​ ហើយក៏​មាន​ក្រុមហ៊ុន​ចិន​ និង​ក្រុមហ៊ុន​ខ្មែរយើង​ក្នុង​ស្រុក​បាន​បង្កើត​រោងចក្រ​ដើម្បី​កែច្នៃ​ទៅជា​ផលិតផល​សម្រេច​ដែល​យើង​អាច​បរិភោគ​បាន​ និង​នាំចេញ​ទៅ​ប្រទេស​កូរ៉េ​ និង​ចិន​ ដែល​គាត់​ចាប់អារម្មណ៍​ខ្លាំង​ ឱ្យ​តែ​មាន​ប៉ុន្មាន​ គឺ​គាត់​ទទួលយក​ទាំងអស់​ដែរ​”។

លោក​ឧកញ៉ា​បាន​បញ្ជាក់​ទៀត​ថា​ បច្ចុប្បន្ន​យើង​មិន​ពិបាក​រក​ទីផ្សារ​ទេ​ តែ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ គឺ4​-5ឆ្នាំ​ជាប់គ្នា​ តម្លៃ​មានការ​ធ្លាក់ចុះ​ខ្លាំង​ ងើប​មិន​រួច​ទេ​ធ្វើ​ឱ្យ​ពិបាក​ចំណេញ​ ហើយ​ថ្លៃ​កម្មករ​ជំនាញ​ក៏​ថ្លៃ​ទៀត​។ លោក​ឧកញ៉ា​បាន​ថ្លែង​ថា​ “ខ្ញុំ​មើលឃើញ​ថា​ ទាំង​វិស័យ​ឯកជន​ និង​រដ្ឋាភិបាល​បាន​ខំ​ជំរុញ​ឱ្យ​មានការ​ដាំ​ស្វាយចន្ទី​ឱ្យ​បាន​ច្រើន​ ព្រោះ​ទីផ្សារ​ក៏​ល្អ​ តម្លៃ​ក៏បាន​ខ្ពស់​ ហើយ​យើង​មិន​ចាំបាច់​កម្មករ​ជំនាញ​ទេ​ និង​ត្រូវការ​កម្មករ​តិច​ ហើយ​ការ​ចំណាយ​ដើមទុន​ដាំ​ស្វាយចន្ទី​ ក៏​មិន​ច្រើន​ដូច​ការ​ដាំ​កៅស៊ូ​ ហើយ​ដំណាំ​ស្វាយចន្ទី​នេះ​ ក៏​វា​ងាយស្រួល​ក្នុង​ការថែទាំ​ដែរ​”។

យោង​តាម​តួលេខ​របស់ក្រ​សួង​កសិកម្ម​ ចម្ការ​ស្វាយចន្ទី​ ក្នុង​ឆ្នាំ2019​ ទាំង​កំពុង​ប្រមូល​ផល​ និង​ទើបបាន​ដាំដុះ​ មាន​ចំនួន​សរុប​ 24,364ហិ​កតា​។ ក្នុង​នោះ​ស្រុក​ដែល​មាន​ដំណាំ​ស្វាយចន្ទី​ច្រើនជាង​គេ​ គឺ​ស្រុក​ស្ទឹងត្រង់​ ស្រុកចំការ​លើ​ ស្រុក​ជើងព្រៃ​ ស្រុក​កំពង់សៀម​ និង​ស្រុក​បាធាយ​។ ដោយឡែក​ការនាំចេញ​គ្រាប់ស្វាយ​ចន្ទី​ទៅក្រៅ​ប្រទេស​ក្នុង​អំឡុង​ឆមាស​ទី1​ ឆ្នាំ2019នេះ​ មាន​ចំនួន​ 167,285.26​ តោន​ ដោយ​ប្រទេស​ដែល​នាំចូល​ រួមមាន​ប្រទេស​វៀតណាម​ រុស្ស៊ី​ កូរ៉េ​ ចិន​ ប៉េរូ​ អា​រ៉ា​ប៊ី​សា​អូ៊​ឌីត​ និង​មីយ៉ាន់ម៉ា​។

លោក​ ឆេង​ ថុង​ បាន​ប្រាប់​ ឡា​រ៉ែ​ន ពាណិជ្ជ​ឱ្យ​ដឹង​ថា​៖ “សហគមន៍​របស់ខ្ញុំ​បាន​និង​កំពុង​គិត​ និង​សិក្សា​ថា​ នឹង​ពង្រីក​ការងារ​នេះ​នា​ពេល​ខាងមុខ​ទៀត​ ដោយចង់​រៀបចំ​ជា​សិប្បកម្ម​កែច្នៃ​ ដោយ​ប្រមូល​ទិញ​គ្រាប់ស្វាយ​ចន្ទី​បន្ថែម​ពី​សហគមន៍​ដទៃទៀត​មក​ធ្វើជា​ផលិតផល​សម្រេច​(បក​ លីង​ វេច​ខ្ចប់​)សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ដែល​កំពុង​មាន​តម្រូវការ​ច្រើន​ និង​នាំចេញ​ទៅ​ប្រទេស​កូរ៉េ​។ ការ​គ្រោងទុក​នេះ​ សហគមន៍​ខ្ញុំ​នឹង​ធ្វើ​នៅ​ឆ្នាំ2020​ ខាងមុខនេះ​”៕

Advertisement