កសិកម្ម ជាមុខវិជ្ជាសំខាន់មួយដែលគួរជំរុញនៅកម្ពុជា

កម្ពុជា ជាប្រទេសដែលមានប្រជាជនភាគច្រើនប្រកបរបរកសិកម្ម តែពេលកន្លងមកមុខរបរមួយនេះបែរជាមិនសូវសម្បូរអ្នកជំនាញទៅវិញ ដោយសារតែនិស្សិតនៅកម្ពុជាមិនសូវជ្រើសរើសយកមុខវិជ្ជាកសិកម្មធ្វើជាអាជីពប្រចាំជីវិតឡើយ។

ថ្មីៗនេះដោយសារតែកង្វះអ្នកជំនាញផ្នែកកសិកម្ម បានធ្វើឱ្យកសិផលនៅកម្ពុជាមិនអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារបាន ដែលបណ្តាលឱ្យផលិតផលកសិកម្មជាច្រើនត្រូវហូរចូលពីបរទេសមកកាន់ទីផ្សារនានានៅក្នុងប្រទេស។ ដើម្បីឆ្លើយតបជាមួយនឹងបញ្ហាទាំងអស់នេះ មានពាណិជ្ជករមួយចំនួនចាប់ផ្តើមមើលឃើញពីសក្តានុពលនៃវិស័យកសិកម្ម ហើយបានចាប់ផ្តើមងាកមកធ្វើការវិនិយោគលើការដាំបន្លែ និងចិញ្ចឹមសត្វក្នុងស្រុកដើម្បីផ្គត់ផ្គង់ទៅកាន់ផ្សារទំនើបនានាដែលធ្វើឱ្យពួកគេទទួលបានប្រាក់ចំណេញយ៉ាងច្រើនជាមួយនឹងឱកាសការងារសម្រាប់ប្រជាជនខ្មែរជាច្រើនរូបផ្សេងទៀតផង។

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងរបស់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺថា ប្រទេសកម្ពុជាកំពុងខ្វះខាតអ្នកជំនាញ និងកម្លាំងពលកម្មលើវិស័យកសិកម្ម តែសម្បូរផ្នែកសេវាកម្ម ដែលធ្វើឱ្យធនធានមនុស្សលើវិស័យកសិកម្មរបស់យើងមិនអាចឆ្លើយតបបានជាមួយតម្រូវការការងារផ្នែកវិទ្យាសាស្រ្តកសិកម្មនៅក្នុងស្រុក។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញផងដែរឱ្យគ្រឹះស្ថានសិក្សាទាំងអស់ គួរពង្រីកការបណ្តុះបណ្តាលជំនាញកសិកម្ម និងបច្ចេកវិទ្យាដល់និស្សិតរបស់ខ្លួនដើម្បីបំពេញតម្រូវការក្នុងស្រុក ក៏ដូចជាការអភិវឌ្ឍលទ្ធភាពផ្នែកកសិកម្ម និងកសិឧស្សាហកម្មនៅក្នុងប្រទេសដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតផងដែរ៕

Advertisement