ទេសចរណ៍​សហគមន៍​ មាន​ចំណូល​ល្អ​ អាច​ជួយ​វិស័យ​កសិកម្ម​ និង​ប្រជាជន​ក្នុង​តំបន់​បាន​ទៀតផង​

August 31, 2019​ ម៉ោង 4:19 pm

មានមុខ​របរ​ជាច្រើន​នៅ​កម្ពុជា​ដែល​ប្រជាជន​មិនសូវ​ចាប់អារម្មណ៍​ តែ​វា​ជាមុ​ខរ​បរ​ដែល​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ដល់​ម្ចាស់​អាជីវកម្ម​ខ្លួនឯង​ផង​ និង​ដល់​ប្រជាជន​ក្នុង​សហគមន៍​ផង​។ ការកែច្នៃ​ដី​ទំនេរ​ ឬតំបន់​ដែល​មាន​សក្តា​នុ​ពល​ទេសចរណ៍​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​សហគមន៍​ ជា​ចំណុច​ល្អ​មួយ​ដែល​ប្រជាជនទូទៅ​មិនសូវ​ចាប់អារម្មណ៍​ បើ​ទោះបីជា​វា​ផ្តល់​ផលប្រយោជន៍​ច្រើន​ និង​យូរអង្វែង​ក៏ដោយ​។

លោក​ ពត​ សុផល​ សហ​ស្ថាបនិក​អង្គការ​ OBT ​ដែល​បាន​បង្កើត​ជា​តំបន់​ទេសចរណ៍​សហគមន៍​នៅ​ខេត្ត​កំពង់ចាម​បាន​លើកឡើង​ថា​ ការបង្កើត​ឱ្យ​មាន​តំបន់​ទេសចរណ៍​សហគមន៍​អាច​ផ្តល់​ផល​ចំណេញ​ច្រើន​ដល់​ប្រជាជន​ក្នុង​សហគមន៍​ឱ្យ​មាន​ជីវភាព​ធូរធារ​ និង​អាច​ជួយ​អភិវឌ្ឍ​សមត្ថ​ភា​ពកូន​ៗរបស់​គាត់​បាន​ល្អ​ថែមទៀត​ផង​។ លោក​ថា​ ផល​ចំណេញ​ដែល​ម្ចាស់​ទីតាំង​ទទួល​បាន​ពី​ការ​គាំទ្រ​ និង​ថ្លៃ​សេវា​ស្នាក់នៅ​ ក៏ដូចជា​ថ្លៃ​ម្ហូបអាហារ​ជាដើម​ពី​ភ្ញៀវ​ទេសចរ​ដែល​មក​ស្នាក់នៅ​កម្សាន្ត​នៅក្នុង​សហគមន៍​។ ចំណែក​ឯប្រជាជន​នៅក្នុង​សហគមន៍​វិញ​ គាត់​ក៏អាច​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​លក់​ផលិតផល​កសិកម្ម​របស់​គាត់​ដើម្បី​ផ្គត់ផ្គង់​ឱ្យ​តំបន់​ទេសចរណ៍​ទាំងអស់​នោះ​ផង​ដែរ​។ ជា​ធម្មតា​ប្រជាជន​យើង​ច្រើនតែ​ទុក​ដី​ទំនេរ​នៅ​ជុំវិញ​ផ្ទះ​ចោល​ដោយ​មិនបាន​ប្រើប្រាស់​វា​ឱ្យ​អស់​ពី​សក្តា​នុ​ពល​នោះ​ទេ​ ហេតុនេះ​នៅពេល​ដែល​មាន​ទីតាំង​ទេសចរណ៍​នៅ​ជិត​ផ្ទះ​របស់​គាត់​ គាត់​អាច​ប្រើប្រាស់​ដី​ទាំងអស់​នោះ​ដើម្បី​បង្កើត​ជា​កន្លែង​ចិញ្ចឹមសត្វ​ និង​ដាំដំណាំ​តាម​បែប​ធម្មជាតិ​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​គេ​បាន​ ព្រោះ​ភ្ញៀវ​ទេសចរណ៍​ទៅលេង​សហគមន៍​ភាគច្រើន​ ចង់​ទទួលទាន​អា​ហា​រស្រស់ៗ​បែប​ធម្មជាតិ​។

បន្លែសរីរាង្គដែលដាំនៅក្នុងសហគមន៍ទេសចរណ៍កសិកម្ម

លោក​ សុផល​ បាន​បញ្ជាក់​ផង​ដែរ​ថា​ តំបន់​ដែល​លោក​បាន​បង្កើត​ឡើងជា​ទេសចរណ៍​សហគមន៍​នេះ​ គឺ​ប្រើប្រាស់​ដី​ដែល​នៅ​ជិត​មាត់ទន្លេ​ដែល​មាន​ទេសភាព​ស្រស់​ស្អាត​ដើម្បី​កែច្នៃ​ និង​អភិវឌ្ឍ​ឱ្យ​មានផ្ទះ​ស្នាក់នៅ​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ភាគ​ច្រើន​ជា​បរទេស​មក​ស្នាក់នៅ​ក្នុង​តម្លៃ​សមរម្យ​។ ទន្ទឹម​នឹង​នោះ​លោក​ក៏បាន​បង្កើត​ជា​សាលារៀន​នៅ​ទីនោះ​ដើម្បី​ជួយ​បង្រៀន​កូន​អ្នកភូមិ​ឱ្យ​ចេះ​ភាសាអង់គ្លេស​ ជំនាញ​ទេសចរណ៍​ និង​ជំនាញ​មួយ​ចំនួន​ទៀត​ ដែល​ផ្តល់​ផល​ចំណេញ​សម្រាប់​កុមារ​នៅ​ក្នុង​សហគមន៍​ ស្រប​ពេល​ដែល​វា​ក៏​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ក៏​មាន​ភាព​ស្និទ្ធស្នាល​ និង​អាច​ចំណាយពេល​វេលា​បង្រៀន​ពួកគេ​ពី​ភាសាអង់គ្លេស​ ហើយ​រៀន​ពី​ភាសាខ្មែរ​ពី​ក្មេង​ៗទាំងនោះ​មកវិញ​ទៀតផង​។

លោក​ ពត​ សុផល​ បាន​និយាយ​ថា​៖ “ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ប្រហែលជា​មិនសូវ​ចាប់អារម្មណ៍​ពី​ការ​ទស្សនា​ទេសភាព​ និង​ទស្សនា​សហគមន៍​ប៉ុន្មាន​ទេ​ប៉ុន្តែ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​វិញ​ គាត់​ពិតជា​ចូលចិត្ត​ការ​ទស្សនា​ពី​ទេសភាព​ប្លែក​ដែល​គ្មាន​នៅក្នុង​ប្រទេស​គាត់​ និង​ចូលចិត្ត​ចូល​ឱ្យ​ដល់​សហគមន៍​របស់​ប្រជាជន​ដើម្បី​ស្វែងយល់​ពី​ភាព​រីករាយ​ក្នុង​ការរស់នៅ​ក្នុង​តំបន់ជនបទ​”។

ក្រៅពី​ការរៀបចំ​ឱ្យ​មាន​ចំណុច​ទាក់ទាញ​ពី​ទេសចរណ៍​ធម្មជាតិ​ដែល​អាច​មើលឃើញ​ព្រះអាទិត្យ​លិច​នៅ​មាត់ទន្លេ​ហើយ​នោះ​ ថ្មី​ៗនេះ​លោក​សុផល​បាន​នឹកឃើញ​របរ​ថ្មី​មួយទៀត​ នោះ​គឺ​ការ​ដាំ​ផ្កាឈូក​រ័ត្ន​ដើម្បី​ចិញ្ចឹម​ឃ្មុំ​នៅ​លើ​ដី​ដែល​សេសសល់​ក្នុង​តំបន់​របស់​គាត់​។ ស្រប​ពេល​ដែល​របរ​ចិញ្ចឹម​ឃ្មុំ​ចាប់ផ្តើម​ដំណើរការ​ល្អ​ ផ្កាឈូករ័ត្ន​ក៏បាន​ក្លាយជា​ទេសភាព​ស្រស់​ស្អាត​សម្រាប់​ថតរូប​កម្សាន្ត​ពីសំណាក់​ប្រជាជន​ខ្មែរ​ទាំង​ក្នុង​ និង​ក្រៅ​ខេត្ត​ផង​ដែរ​។

លោក​បានឱ្យ​ដឹង​ថា​ ដំបូង​ឡើយ​ លោក​មិន​នឹក​ស្មានថា​ វា​អាច​នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង​បែបនេះ​ទេ​ តែ​បន្តិច​ម្តង​ៗប្រជាជន​បាន​មក​ថតរូប​ ហើយ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ច្រើន​ឡើង​ៗ ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ដែល​ឆ្លងកាត់​ទីនោះ​តែងតែ​ចូល​មក​ច្រើន​ឡើង​ៗ ធ្វើ​ឱ្យ​តំបន់​របស់​លោក​អាច​រកចំណូល​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ការ​បណ្តុះបណ្តាល​ និង​អភិវឌ្ឍន៍​បន្ត​ទៀត​។

ភ្ញៀវទេសចរក្នុងស្រុកមកកម្សាន្តនៅចម្ការផ្កាឈូករ័ត្ននៅខេត្តកំពង់ចាម

លោក​ ពត​ សុផល​ បាន​និយាយ​ថា​៖ “តាមពិត​ទៅ​ការបង្កើត​ឱ្យ​មាន​កន្លែង​បែបនេះ​ មិន​ចំណាយ​ច្រើន​ពេក​ទេ​ ព្រោះ​យើង​អាច​ស្វែងរក​ប្រភព​វត្ថុធាតុដើម​សម្រាប់​សាងសង់​បាន​នៅក្នុង​សហគមន៍​ តែ​វា​ត្រូវការ​ការ​យកចិត្ត​ទុកដាក់​ និង​ក្តី​ស្រឡាញ់​ពិតប្រាកដ​ដើម្បី​ធ្វើ​វា​”។

ដើម្បី​ជា​សារ​មួយ​សម្រាប់​ប្រជាជនទូទៅ​លោក​បាន​បញ្ជាក់​ថា​ ប្រសិនបើ​មាន​ដី​ទំនេរ​ គួរ​ប្រើប្រាស់​វា​ឱ្យ​អស់ពី​សក្ដានុពល​ និង​សមត្ថភាព​ ហើយ​កុំ​គិត​បែប​ស្មុគស្មាញ​ច្រើនពេក​ ប្រសិនបើ​យើង​ពិតជា​ស្រឡាញ់​ទេសចរណ៍​ និង​ការ​អភិវឌ្ឍ​សហគមន៍​ពិតប្រាកដ​។ យើង​អាច​ប្រើប្រាស់​ធនធាន​ដែល​មានស្រាប់​ទាំងនោះ​គ្រប់យ៉ាង​ បន្តិច​ម្តង​ៗដើម្បី​អភិវឌ្ឍ​ និង​ទាញ​យក​ផល​យូរអង្វែង​ទាំងអស់គ្នា​ជាមួយ​ប្រជាជន​ក្នុង​សហគមន៍​ ដើម្បី​ការ​រីកចម្រើន​ និង​ចូលរួម​ចំណែក​ក្នុង​ការកាត់បន្ថយ​ភាព​ក្រី​ក្រី​ផង​ដែរ​៕