តើគ្រឿងសម្អាងក្លែងក្លាយប៉ះពាល់សុខភាពស្រ្តីយ៉ាងណាខ្លះ?

ភ្នំពេញ៖ បច្ចុប្បន្នគេសង្កេតឃើញថា ផលិតផលគ្រឿងសម្អាងថែរក្សាសក់ ថែរក្សាស្បែក និងស្ប៉ាជាដើមត្រូវបានគេដាក់លក់យ៉ាងព្រោងព្រាតតាមទីផ្សារអនឡាញ ដោយមិនមានច្បាប់អនុញ្ញាតពីក្រសួងមានសមត្ថកិច្ចណាមួយឡើយ ដែលវាជាការបង្កឱ្យកើតមានហានិភ័យយ៉ាងខ្លាំងចំពោះសុខភាពរបស់អ្នកប្រើប្រាស់។

អ្នកស្រី ស្រ៊ាត មុំសោភា អគ្គលេខាធិការសមាគមសហគ្រិនស្ត្រីកម្ពុជាបានមានប្រសាសន៍ក្នុងសន្និសីទស្តីពីគម្រោងរៀបចំការតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិលើកទី2 ស្តីពីសម្រស់ គ្រឿងសម្អាង ផលិតផលថែរក្សាសក់ ផលិតផលថែរក្សាស្បែក និងស្ប៉ាឆ្នាំ2017 ដែលគ្រោងធ្វើចាប់ពីថ្ងៃទី15 ដល់ថ្ងៃទី17 កញ្ញាខាងមុខនេះថា ផលិតផលគ្រឿងសម្អាងដែលផ្សព្វផ្សាយលក់តាមប្រព័ន្ធអនឡាញសព្វថ្ងៃកំពុងតែបង្កនូវហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់ដ៏គួរឱ្យព្រួយបារម្ភជាពិសេសមនុស្សស្រី ដោយសារតែផលិតផលទាំងនោះមិនមានប្រភពច្បាស់លាស់ និងមិនមានការត្រួតពិនិត្យគុណភាពឱ្យបានត្រឹមត្រូវពីក្រសួង ឬស្ថាប័នពាក់ព័ន្ធ។

អ្នកស្រីបានបញ្ជាក់បន្ថែមថា ការថែរក្សាសម្ផស្សនៅប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការរីកចម្រើនខ្លាំង ដោយសារប្រជាជនវ័យក្មេងជាច្រើនចូលចិត្តថែរក្សារូបសម្ផស្សខុសពីសម្រស់របស់ខ្លួនដែលធម្មជាតិផ្តល់ឱ្យ ដោយការប្រើប្រាស់ផលិតផលថែរក្សាសម្ផស្សមិនមានគុណភាព ឬក្លែងក្លាយគ្មានម៉ាកសញ្ញាច្បាស់លាស់ដែលទទួលស្គាល់ដោយក្រសួងនេះ មិនត្រឹមតែបានបំផ្លាញសម្រស់របស់ខ្លួនប៉ុណ្ណោះទេ តែវាថែមទាំងប៉ះពាល់ដល់សុខភាពស្បែក ហើយបង្កទៅជាជំងឺមហារីកស្បែក និងឈានទៅមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផងក៏មានដែរ។

ករណីនេះអ្នកប្រើប្រាស់ជាពិសេសស្រ្តីគួរជ្រើសរើសប្រើផលិតផលណាដែលមានស្លាកសញ្ញាឡូហ្គោក្រុមហ៊ុន កាលបរិច្ឆេទច្បាស់លាស់ត្រឹមត្រូវ និងមានការទទួលស្គាល់ដោយក្រសួងជំនាញដើម្បីចៀសវាងការប៉ះពាល់ដល់សុខភាពរបស់ខ្លួន។ ជាមួយគ្នានេះដែរ អ្នកស្រីក៏បានអំពាវនាវដល់ក្រសួង និងស្ថាប័នមានសមត្ថកិច្ចដែលពាក់ព័ន្ធនឹងរឿងនេះ គួរចាត់វិធានការលើផលិតផលក្លែងក្លាយណាដែលកំពុងចរាចរយ៉ាងសេរីនៅលើទីផ្សារ ជាពិសេសទីផ្សារអនឡាញនេះផង៕

Advertisement