រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ផ្តើមចេញវិក្កយបត្របង់ថ្លៃទឹករៀងរាល់មួយខែម្តង

ភ្នំពេញៈ រដ្ឋាករទឹកក្រុងភ្នំពេញនឹងចាប់ផ្តើមចេញវិក្កយបត្រថ្លៃទឹក រៀងរាល់មួយខែម្តងដែលការអនុវត្តនេះនឹងគ្របដណ្តប់នៅក្រុងភ្នំពេញ និងក្រុងតាខ្មៅ ដែលធ្លាប់តែទទួលវិក្កយបត្របង់ថ្លៃទីកចំនួន2ខែម្តង។

លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី29 ខែមិថុនានេះថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានប្រកាសលើគោលការណ៍អនុវត្តន៍ ការបញ្ចុះតម្លៃទឹកស្អាត និងបន្ទាប់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានរៀបចំការបញ្ចុះតម្លៃទឹកស្អាតរួចមក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក៏បានប្តូរវិក្កយបត្រថ្មីដែរ គឺការចេញវិក្កយបត្របង់ថ្លៃទឹកនៅរៀងរាល់មួយខែម្តងវិញ សម្រាប់អតិថិជននៅក្រុងភ្នំពេញ និងក្រុងតាខ្មៅ ខណៈដែលពីមុនធ្លាប់តែទទួលបានវិក្កយបត្របង់ថ្លៃទឹកចំនួន2ខែម្តងនោះ។ ការអនុវត្តថ្មីនេះបានចាប់ផ្តើមប្រកាសអនុវត្ត ចាប់តាំងពីថ្ងៃទី15 ខែឧសភា ឆ្នាំ2017មកម្ល៉េះ។

លោកបន្តថា ពាក់ព័ន្ធនឹងការប្តូវិក្កយបត្រចេញមួយខែម្តងនេះ គឺជាការធ្វើឲ្យកាន់តែប្រសើរជាងការចេញវិក្កយបត្រចំនួ2ខែម្តង ព្រោះបច្ចុប្បន្នការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋក៏មានការកើនឡើងជាបន្តបន្ទាប់ដែរ និងជាពិសេសការចេញវិក្កយបត្រមួយខែម្តង គឺចៀសវាងនូវការភ្លាំងភ្លេចដល់អតិថិជន។

គិតមកដល់ពេលនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតបានចំនួន 56ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ និងបានតបណ្តាញចូលផ្ទះប្រជាពលរដ្ឋបានចំនួនជាង 31ម៉ឺនខ្នងផ្ទះដែលជាទឹកមានគុណភាពខ្ពស់ និងមានតម្លៃថោកសមរម្យ ក្នុងនោះសម្រាប់គម្រោងផែនការនៃការផ្គត់ផ្គង់ទឹកស្អាត ចាប់ពីពេលនេះរហូតដល់ឆ្នាំ2030 រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺធ្វើយ៉ាងណាជំរុញការអភិឌ្ឍវិស័យទឹកស្អាតនៅរាជធានីភ្នំពេញឲ្យបាន 100ភាគរយ៕

Advertisement