បច្ចេកវិទ្យា​ឌីជីថល​វិស័យ​ទេសចរណ៍​ ក៏​ជា​កត្តា​សំខាន់​ក្នុង​ការជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​ឆ្នាំ2020​

មន្ត្រី​ក្រសួងទេសចរណ៍​បាន​ចាត់ទុកថា​ ការប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​បាន​និង​កំពុង​រួម​ចំណែក​ក្នុង​វិស័យ​ទេសចរណ៍​យ៉ាង​ខ្លាំង​ក្នុង​ការជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​ ប៉ុន្តែ​វា​ទាមទារ​ជាចាំបាច់​នូវ​ការ​បណ្ដុះបណ្ដាល​បំប៉ន​សមត្ថភាព​បន្ថែម​ដល់​មន្ត្រី​ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​។ នេះ​បើ​តាម​ប្រសាសន៍​របស់​ឯកឧត្ដម​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​។

ឯកឧត្តម​ ហោ​ មុនី​រ័ត្ន​ រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ “ការ​អភិវឌ្ឍ​ និង​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ ឆ្ពោះទៅ​ឧស្សាហកម្ម​ 4.0​” ដែល​បាន​ប្រព្រឹត្តទៅ​រយៈពេល​ 10ថ្ងៃ​ដោយ​មាន​ប្រធានបទ​សំ​ខាន់​ៗមួយចំនួន​ ដូចជា​៖ 1- ការ​ស្វែងយល់​អំពី​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​ការបង្កើត​អាជីវកម្ម​ Online​,ECommerce​។ 2- របៀប​នៃ​ការសិក្សា​ និង​វិភាគ​ទីផ្សារ​ ជំរុញ​ការ​-ផ្សព្វផ្សាយ​ផលិតផល​ និង​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​ដោយ​ប្រើ​បច្ចេកវិទ្យា​ឌីជីថល​។ 3- ការកែទម្រង់​នៃ​ការ​ធ្វើ​ធុរកិច្ច​ពី​ Offline​ to Online​ ដែល​កំពុង​មាន​និន្នាការ​កើនឡើង​ ដូច​ករណីOnline​ Travel​ Agent​ (OTA​)។ 4- ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ក្នុង​ការគ្រប់គ្រង​គោលដៅ​ទេសចរណ៍​ដោយ​ប្រើ​បច្ចេកវិទ្យា​ Internet​ of​ Things​,V Rand​ AR​, GPS​ Technology​។ 5- ការ​ស្វែងយល់​ពីអ​នាគ​តនៃ​វិស័យ​ទេសចរណ៍​ តាមរយៈ​ការ​វិវឌ្ឍ​នៃ​ឧស្សាហកម្ម​ 4.0​ ជាដើម​។

ឯកឧត្តម​ រដ្ឋលេខាធិការ​បានឱ្យ​ដឹង​ថា​ ទាំងអស់​នេះ​សុទ្ធតែ​ជា​បច្ចេក​វិទ្យា​ថ្មី​ៗ ដែល​ពិភពលោក​កំពុង​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​ ហើយ​បាន​ក្លាយទៅជា​កត្តា​ចម្បង​ ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍​ ប្រកបដោយ​ការប្រកួត​ប្រជែង​ខ្ពស់​។ ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្សជា​ភារកិច្ច​ចម្បង​ ដែល​មិន​អាច​មើល​រំលង​បាន​ ក្នុង​ការ​ឆ្លើយតប​នឹង​កំណើន​ 2ខ្ទង់​ នៃ​ទេសចរ​អន្តរជាតិ​ដែល​មក​កម្ពុជា​ជា​រៀងរាល់​ឆ្នាំ​។

មន្ត្រី​ជាន់ខ្ពស់​ក្រសួងទេសចរណ៍​រូប​នេះ​ក៏បាន​បញ្ជាក់​ដែរ​ថា​ នៅ​ឆ្នាំ2020​ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង​ 7លាន​នាក់​ ដែល​នឹង​នាំមក​នូវ​ចំណូល​ប្រមាណ​ 5ប៊ី​លាន​ដុល្លារ​ បង្កើត​ឱកាស​ការងារ​បាន​ប្រមាណ​ជិត​ 1លាន​នាក់​ និង​នៅ​ឆ្នាំ2030​ អាច​នឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ​ 15លាន​នាក់​ហើយនឹង​នាំមក​នូវ​ចំណូល​ប្រមាណ​ 10ប៊ី​លាន​ដុល្លារ​បង្កើត​ឱកាស​ការងារ​ប្រមាណ​ជិត​ 2លាន​នាក់​។

ឯកឧត្តម​ក៏បាន​ណែនាំ​ឱ្យ​មន្ត្រី​រាជការ​ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់​លើ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ​ ធ្វើ​យ៉ាងណា​ដើរ​ឱ្យ​ទាន់​ការ​រីកចម្រើន​របស់​ពិភពលោក​នា​សម័យ​ទំនើប​នេះ​។

ស្របតាម​ចក្ខុវិស័យ​ នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ 2017​-2025​ នៅ​ឆ្នាំ2020​ ក្រសួងទេសចរណ៍​ ត្រូវ​ជំរុញ​ឱ្យ​អ្នកជំនាញ​យ៉ាងតិច​ 50​% ត្រូវ​មាន​វិញ្ញាបនបត្រ​ ឬសញ្ញា​បត្រ​បញ្ជាក់​សមត្ថភាព​ស្របតាម​ស្តង់​ដា​ជាតិ​ និង​អាស៊ាន​ តាមរយៈ​ការ​បណ្តុះ​ បណ្តាល​ ឬការវាយតម្លៃ​សមត្ថភាព​ ហើយ​នៅ​ឆ្នាំ2025​ ត្រូវ​សម្រេច​ឱ្យ​បាន​យុទ្ធនាការ​ “បុគ្គលិក​ ម្នាក់​ជំនាញ​មួយ​”ពោល​គឺ​ជំរុញ​ឱ្យ​អ្នកជំនាញ​ទេសចរណ៍​ទាំងអស់​ត្រូវ​មាន​វិញ្ញាបនបត្រ​ ឬសញ្ញា​បត្រ​ បញ្ជាក់​សមត្ថភាព​។

ឯកឧត្តម​ ហោ​ មុនី​រ័ត្ន​ បាន​លើកឡើង​ថា​ វិស័យ​ទេសចរណ៍​កម្ពុជា​ បាន​នាំ​ចំណូល​ចូល​សេដ្ឋកិច្ច​ជាតិ​ ប្រមាណ​ 4,375លាន​ដុល្លារ​ ស្មើនឹង​ 12.7​% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​) និង​បាន​បង្កើត​ការងារ​ផ្ទាល់​ជាង​ 62ម៉ឺន​នាក់​ ស្មើនឹង​ 13​% នៃ​ការងារ​សរុប​។

ឯកឧត្ដម​ក៏បាន​លើកឡើង​ដែរ​អំពី​សារៈសំខាន់​នៃ​ទីផ្សារ​ប្រទេស​ចិន​ដែល​ចាំបាច់​ត្រូវ​បំពេញ​តាម​តម្រូវការ​ដ៏​ធំធេង​នៃ​ផ្នែក​ផ្សព្វផ្សាយ​ ទីផ្សារ​ រចនាសម្ព័ន្ធ​ និង​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​ក្នុង​វិស័យ​ទេសចរណ៍​។

កាលពី​ខែកក្កដា​កន្លងទៅ​ កម្ពុជា​ក៏បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ App​ “Kingdom​ of​ Wonder​” ជា​ផ្លូវការ​នៅ​លើ​ទូរស័ព្ទ​ដៃ​ ឬ Mobile​ Application​ ផង​ដែរ​ ដើម្បី​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា​តាម​ប្រព័ន្ធ​ឌីជីថល​ទៅកាន់​ទីផ្សារ​ទេសចរណ៍​ពិភពលោក​ ឱ្យ​កាន់តែ​មាន​សក្កា​នុ​ពល​បន្ថែម​ទៀត​។

App​ “Kingdom​ of​ Wonder​”ដែល​អាច​ប្រើ​នៅ​លើ​ទូរស័ព្ទ​ដៃ​នេះ​ គឺ​អាច​ឱ្យ​ពលរដ្ឋ​ ពិសេស​ទេសចរ​ជាតិ​-អន្តរជាតិ​ទាញ​យក​ (Download​ ) ដោយ​ឥត​គិត​ថ្លៃ​ នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ IOS​ (App​ Store​) និង​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Android​ (Play​ Store​) ដែល​ពិធី​ប្រកាស​ឱ្យ​ប្រើប្រាស់App​ នេះ​ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី16​ កក្កដា​ ឆ្នាំ2019​ នៅ​សណ្ឋាគារ​សុខា​ ខេត្តសៀមរាប​ ក្រោម​អធិបតីភាព​ លោក​ គុជ​ បញ្ញា​សា​អនុរដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍​។

បើ​តាម​លោក​ គុជ​ បញ្ញា​សា​ App​ “Kingdom​ of​Wonder​” គឺ​ជា​បណ្តុំ​ព័ត៌មាន​ទេសចរណ៍​សំ​ខាន់​ៗរបស់​កម្ពុជា​ រួមមាន​គោលដៅ​ទេសចរណ៍​ ព្រឹត្តិ​ការណ៍​ទេសចរណ៍​ ផែនទី​ទេសចរណ៍​ ជើងហោះហើរ​ អាកាសធាតុ​ ភោជនីយដ្ឋាន​ កន្លែង​ស្នាក់នៅ​ មធ្យោបាយ​ធ្វើដំណើរ​ក្នុង​ស្រុក​ និង​ព័ត៌មាន​សំ​ខាន់​ៗដទៃ​ទៀត​ ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការស្វែងរក​ព័ត៌មាន​ និង​គ្រប់ជ្រុងជ្រោយ​សម្រាប់​ភ្ញៀវ​ទេសចរ​ ដែល​មានបំណង​មក​កម្សាន្ត​នៅ​កម្ពុជា​ ទាំង​ពេល​បច្ចុប្បន្ន​ និង​អនាគត​។

លោកជំទាវ​ ឆាយ​ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“វិស័យ​ទេសចរណ៍​យើង​ដើរ​មកដល់​យុគសម័យ​នេះ​ហើយ​ យើង​ត្រូវការ​ បច្ចេកវិទ្យា​ Digital​ ជាចាំបាច់​ បើ​យើង​ក្រឡេក​មើលទៅ​ការ​វិវឌ្ឍ​របស់​ពិភពលោក​ ឬប្រទេស​អាស៊ាន​ជាដើម​ គេ​ដើរមុន​យើង​បាត់​ទៅ​ហើយ​ គឺ​គេ​ងាក​ទៅ​រក​បច្ចេកវិទ្យា​ Digital​ គ្រប់កន្លែង​ហើយ​។

លោកជំទាវ​ បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា​៖“ដូច្នេះ​យើង​ត្រូវ​បត់បែន​ខ្លួន​ទៅតាម​គេ​ នេះ​គឺជា​រឿង​សំខាន់​នៅក្នុង​វិស័យ​ទេសចរណ៍​យើង​ ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​បាន​ឆែកមើល​ព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ​អំពី​កម្ពុជា​ ថា​តើ​គេ​អាច​ទៅលេង​បាន​នៅ​ឯណា​ខ្លះ​? គេ​អាច​មើលឃើញ​ថា​ មាន​អ្វីខ្លះ​? គេ​អាច​ធ្វើ​ផែនការ​ទុកមុន​ គេ​មិន​ចាំបាច់​មកដល់​ទើបបាន​ធ្វើការ​ស្រាវជ្រាវ​នោះ​ទេ​ គេ​រៀប​ផែនការ​ទុកមុន​បាន​ ប្រសិនបើ​មានការ​ជួយ​ពី​បច្ចេកវិទ្យា​ឌីជីថល​នេះ​ គេ​ក៏អាច​ក្តាប់​ព័ត៌មាន​សំ​ខាន់​ៗពី​កន្លែង​ទេសចរណ៍​ដែល​យើង​មានបាន​យ៉ាង​ងាយ​។

លោកជំទាវ​ ឆាយ​ ស៊ី​វលី​ន ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​៖“ដូច្នេះ​យើង​ពិតជា​ត្រូវការ​នូវ​បច្ចេកវិទ្យា​ Digital​ ដែល​ពិតជា​សំខាន់​នៅក្នុង​វិស័យ​ទេសចរណ៍​ ហើយ​បាន​និង​កំពុង​ដាក់​ឱ្យ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​នេះ​។ វា​ក៏​មាន​ភាព​ចាំបាច់​ណាស់​ដែរ​ក្នុង​ការជំរុញ​កំណើន​ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​”៕

Advertisement