សៀវភៅ​ ភាពជា​អ្នកមាន​កំពូល​ គឺជា​គម្ពីរ​អ្នកមាន​សម្រាប់​មនុស្ស​គ្រប់គ្នា​ និង​គ្រប់​គ្រួសារ​

September 6, 2019​ ម៉ោង 4:22 pm

តើ​សៀវភៅ​ភាពជា​អ្នកមាន​កំពូល​ ជា​សៀវភៅ​អ្វី​? សៀវភៅ​នេះ​ គឺជា​សៀវភៅ​ដែល​បាន​ធ្វើការ​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ ពី​គំនិត​ ពី​ទស្សនៈ​ ពី​ការ​ចាប់ផ្តើម​អាជីវកម្ម​ ពី​ភាពជា​អ្នកដឹកនាំ​ និង​ពី​រូបភាព​ខ្លឹមសារ​សំ​ខាន់​ៗរបស់​កំពូល​អ្នកមាន​លើ​លោក​ចំនួន30រូប​ ថា​តើ​ពួកគេ​ធ្វើ​ម៉េច​ បាន​ក្លាយជា​កំពូល​អ្នកមាន​នៅ​លើ​លោក​យើង​នេះ​? តើ​ពួកគេ​មាន​ប្រភព​មក​ពីណា​ និង​ធ្វើ​យ៉ាងដូច​ម្តេច​ បាន​អាច​ក្លាយជា​អ្នកមាន​កំពូល​ នៅក្នុង​បរិបទ​ពិភពលោក​ពោរពេញ​ទៅ​ដោយ​ការប្រកួត​ប្រជែង​ ការ​ផ្លាស់​ប្តូរ​ និង​ការ​ប្រឈម​នេះ​? តើ​ពួកគេ​ទាំង30រូប​នេះ​ មានទ្រព្យ​សម្បត្តិ​ និង​ឥទ្ធិពល​ខ្លាំង​យ៉ាងណា​? តើ​ហេតុអ្វីបានជា​ពួកគេ​សឹងតែ​ជា​អ្នកបង្កើត​ឱ្យ​មាន​ពិភពលោក​ ដែល​យើង​កំពុង​រស់នៅ​សព្វថ្ងៃ​នេះ​?

តើ​សៀវភៅ​ភាពជា​អ្នកមាន​កំពូល​ កើតឡើង​យ៉ាងដូច​ម្តេច​? សៀវភៅ​នេះ​ គឺជា​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​រយៈពេល3ឆ្នាំ​ពេញ​ និង5ឆ្នាំ​មិន​ពេញ​ ពី​ប្រភព​សៀវភៅ​ ពី​អីុន​ធើ​ណិ​ត និង​ពី​ You​ Tube​ជាច្រើន​ ដោយ​ផ្តោត​ទៅលើ​សំណួរ​ថា​ តើ​ពួកគេ​ធ្វើ​យ៉ាងម៉េច​បាន​ក្លាយជា​កំពូល​អ្នកមាន​ ជាពិសេស​តើ​ពួកគេ​មានគំនិត​ មាន​សកម្មភាព​ និង​មាន​ភាពជា​អ្នកដឹកនាំ​យ៉ាងដូច​ម្តេច​? សៀវភៅ​នេះ​ គឺ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​ឯកសារ​ដែល​មានស្រាប់​ជាច្រើន​ប្រភព​ យក​មក​ពិនិត្យ​ពិចារណា​ យក​មក​ផ្ទៀងផ្ទាត់​ យក​មក​រៀបរៀង​និង​ចងក្រង​មាតិកា​ និង​ធ្វើការ​-កែ​លម្អ​ម្តង​ហើយ​ម្តង​ទៀត​ រហូត​ទាល់​ពេញចិត្ត​ ដោយ​មិន​យក​ពី​សៀវភៅ​ណាមួយ​ ឬធ្វើតាម​គំរូ​សៀវភៅ​ណាមួយ​ឡើយ​។ ចំនួន​មនុស្ស30នាក់​ គឺ​ចេញពី​កំណត់​ដោយខ្លួនឯង​ ការបែងចែក​ជា6​ក្រុម​ និង​ការ​ជ្រើសរើស​លំដាប់​កំពូល​មនុស្ស​ទាំង5​ក្នុង​អាណាចក្រ​នី​មួយ​ៗ គឺ​ធ្វើឡើង​ដោយខ្លួនឯង​។

ការ​ដាក់​រូបភាព​ ការ​រំលេច​គំនិត​ឬគតិបណ្ឌិត​ ការរចនា​ទំព័រ​នី​មួយ​ៗ គឺជា​គំនិត​ ដើម្បី​ទាក់ទាញ​ឱ្យ​មនុស្ស​ចូលចិត្ត​អាន​ ងាយ​ចាប់បាន​ចំណុច​ខ្លឹម​សំ​ខាន់​ៗ និង​យល់​ច្បាស់​ពី​ហេតុផល​របស់​កំពូល​អ្នកមាន​ម្នាក់​។

សៀវភៅ​នេះ​អាច​និយាយ​បាន​ថា​ គឺ​មានតែ១គត់​នៅ​លើ​លោក​ ព្រោះ​វា​កើតឡើង​ពី​ការ​ខិតខំ​ ការ​ច្នៃប្រឌិត​របស់ខ្ញុំ​ និង​ក្រុមការងារ​។

តើ​ហេតុអ្វីបានជា​យើងខ្ញុំ​អ្នកស្រាវជ្រាវ​ភាពជា​អ្នកដឹកនាំ​ សរសេរ​សៀវភៅ​ភាពជា​អ្នកមាន​កំពូល​?ការដែល​បាន​ក្លាយជា​អ្នកដឹកនាំ​ គឺជា​គោលបំណង​ដ៏​ពិសិដ្ឋ​ និង​ដ៏​ធំ​មហិមា​របស់​មនុស្សជាតិ​។ មនុស្ស​ដែល​មាន​ភាពជា​អ្នកដឹកនាំ​ គឺ​អាច​ចាប់ផ្តើម​ពី​អ្វី​ៗគ្រប់យ៉ាង​ មិនថា​ពួកគេ​នៅ​ទីតាំង​ណា​ទេ​ តែ​ពួកគេ​សុទ្ធតែ​អាច​ចាប់ផ្តើម​ ដើម្បី​ក្លាយជា​អ្នកដឹកនាំ​។ ពួកគេ​អាច​កំណត់​គោលដៅ​ និង​ជោគវាសនា​របស់​ខ្លួន​ តែ​មនុស្ស​ភាគច្រើន​បំផុត​តែង​និយាយ​ថា​ ខ្លួន​គ្មាន​សិទ្ធិ​ គ្មាន​សេរីភាព​ គ្មាន​ឱកាស​ និង​គ្មាន​អំណាច​ដើម្បី​ធ្វើអ្វី​ដែល​ខ្លួន​ចង់​ដើម្បី​សម្រេច​អ្វី​ដែល​ខ្លួន​ប្រាថ្នា​ ពោល​គឺ​ ដោយសារតែ​ប្រាក់​។ ប្រាក់​ គឺ​ហាក់បី​ដូចជា​របាំង​ និង​ជារ​នាំង​មួយ​យ៉ាង​ធំ​បំផុត​ ដែល​មនុស្ស​មិន​ងាយ​បំបែក​បាន​ឡើយ​។ ដោយសារតែ​ប្រាក់​ បាន​ធ្វើ​ឱ្យ​មនុស្ស​ធ្វើអ្វី​ដែល​ខ្លួន​មិន​ចង់​ និង​ទទួល​បានអ្វី​ដែល​ខ្លួន​មិន​ប្រាថ្នា​។ ដោយសារតែ​ប្រាក់​បាន​ធ្វើ​ឱ្យ​មនុស្ស​ប្រាថ្នា​ផ្សេង​ និង​ធ្វើ​ផ្សឹង​។ ដោយសារ​តែ​ប្រាក់​ បាន​ធ្វើ​ឱ្យ​មនុស្ស​មានតែ​សេចក្តី​ប្រាថ្នា​ តែ​គ្មាន​សកម្មភាព​ និង​រស់​ដោយ​ការឈឺចាប់​។

មាន​មនុស្ស​ច្រើនណាស់​ បាន​ក្លាយជា​មនុស្ស​គ្មាន​គុណធម៌​ គ្មាន​សច្ចធម៌​ គ្មាន​សីលធម៌​ និង​បាន​ប្រព្រឹត្ត​អំពើថោកទាប​ ឃោរឃៅ​ ព្រៃផ្សៃ​មិន​ស្មើ​សត្វតិរច្ឆាន​ គឺ​ដោយសារតែ​ប្រាក់​។ មានរឿង​រ៉ាវ​ច្រើនណាស់​នៅ​លើ​លោក​យើង​នេះ​ គឺ​ដោយសារតែ​ប្រាក់​ ដូចជា​ ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា​ លែងលះ​គ្នា​ ធ្វើ​ឱ្យ​កូន​រងទុក្ខ​វេទនា​ និរាស​ព្រាត់ប្រាស​ និង​គ្មាន​សុភមង្គល​។

ប្តី​ប្រពន្ធ​បង្ខំចិត្ត​ចាក​ឆ្ងាយ​ចោល​គ្នា​ ឬចា​កចោល​គ្រួសារ​ ទៅ​ធ្វើការ​នៅ​ទីក្រុង​ ឬនៅ​បរទេស​ ទុក​ឱ្យ​កូន​ក្រុម​គ្រួសារ​ មាន​ភាព​រងា​ឯកា​ ពេល​ឈឺ​ពេល​ជា​គ្មាន​ភាព​កក់ក្តៅ​។ ឪពុក​ម្តាយកូន​បងប្អូន​ឈ្លោះ​គ្នា​ ដណ្តើម​ទ្រព្យសម្បត្តិ​គ្នា​ ទាមទារ​កេរអាករ​គ្នា​ កាត់កាល់​គ្នា​ចោល​ បាត់បង់​អស់​នូវ​ភាពជា​សាច់ឈាម​នឹងគ្នា​។ ឪពុក​ម្តាយ​លក់ខ្លួន​ លក់​ឧត្តមគតិ​ លក់​មនសិការ​ ឬកូន​លក់ខ្លួន​ ដើម្បី​ជីវភាព​គ្រួសារ​ បាត់បង់​អស់​នូវ​អនាគត​ កិត្តិយស​ សីលធម៌​ និង​គុណធម៌​។ បងប្អូន​ឈ្លោះ​គ្នា​ កិបកេង​ប្រវ័ញ្ច​គ្នា​ ក្បត់គ្នា​ កាត់កាល់​គ្នា​ចោល​បាត់បង់​អស់​នូវ​ភាពជា​បងប្អូន​នឹងគ្នា​។ មិត្តភក្តិ​ឈ្លោះ​គ្នា​ កុហក​បោកប្រាស់​គ្នា​ គុំកួន​សងសឹក​គ្នា​បាត់បង់​អស់​នូវ​ចំណងមិត្តភាព​ សាមគ្គីភាព​ និង​កិច្ចសហការ​ល្អ​យូរអង្វែង​។ មនុស្ស​ប្រព្រឹត្ត​អំពើ​ហិង្សា​ លួច​ ឆក់​ ប្លន់​ សម្លាប់​គ្នា​ បាត់បង់​អស់​នូវ​ភាពជា​មនុស្ស​ដូចគ្នា​។ល។

តើ​មនុស្ស​បង្កើត​ប្រាក់​ ឬប្រាក់​បង្កើត​មនុស្ស​? តើ​ហេតុអ្វីបានជា​មនុស្ស​ច្រើនណាស់​មិន​អាច​រស់​ពីលើ​ប្រាក់​បាន​? មនុស្ស​រស់នៅ​មាន​ក្បាល​ជា​អ្នកដឹកនាំ​បញ្ជា​ មានន័យថា​មនុស្ស​មាន​ខួរ​ មាន​វិចារណញ្ញាណ​ មាន​សុភ​វិនិច្ឆ័យ​ ចេះ​គិត​ ចេះ​វិភាគ​ ចេះ​ថ្លឹងថ្លែង​ ចេះ​ពិចារណា​ ចេះដឹង​ល្អអាក្រក់​.. ចុះបើ​មនុស្ស​ត្រូវ​បាន​ដឹកនាំ​បញ្ជា​ដោយ​ប្រាក់​ មានន័យថា​មនុស្ស​គ្មានខួរ​ គ្មាន​វិចារណញ្ញាណ​ គ្មាន​សុភ​វិនិច្ឆ័យ​ មិន​ចេះ​គិត​ មិន​ចេះ​វិភាគ​ មិន​ចេះ​ថ្លឹងថ្លែង​ មិន​ចេះ​ពិចារណា​ មិនដឹង​ល្អអាក្រក់​… តើ​អនិច្ចា​មនុស្សជាតិ​នេះ​នឹង​ទៅជា​យ៉ាងណា​? បើ​មនុស្ស​រស់​ដោយ​ឥត​ចេះ​ពិចារណា​ដូចជា​សត្វ​ មនុស្ស​រស់​ឥត​ចេះ​គិត​ដូចជា​វត្ថុ​ តើ​តម្លៃ​ជីវិត​មនុស្សជាតិ​នេះ​ នឹង​ទៅជា​យ៉ាងដូច​ម្តេច​ទៅ​?

តើ​សៀវភៅ​ភាពជា​អ្នកមាន​កំពូល​ មាន​គោលដៅ​អ្វី​? សៀវភៅ​នេះ​ មាន​គោលដៅ​ទី1​ – ជា​សៀវភៅ​ឆន្ទៈ​ចូលរួម​ជួយ​ឱ្យ​មនុស្សជាតិ​យើង​រស់​ផុត​ពី​ប្រាក់​ រស់​ផុត​ពី​ភាព​ឥត​ដឹង​អី​ និង​មក​រស់​ក្នុង​វិចារណញ្ញាណ​ជា​មនុស្ស​ រស់​ក្នុង​ភាព​ថ្លៃថ្នូរ​ រស់​ក្នុង​ភាព​កិត្តិយស​ និង​កសាង​ឧត្តមភាព​ខាងក្នុង​ ពោល​គឺ​ភាពជា​អ្នកដឹកនាំ​ ដោយធ្វើ​ការ​ចាប់ផ្តើម​ពី​អ្វី​ដែល​ខ្លួន​មាន​ ដើម្បី​សម្រេច​នូវ​អ្វី​ដែល​ខ្លួន​ប្រាថ្នា​ ដោយ​គ្មាន​លេស​អ្វី​ដែល​ទាក់ទង​នឹង​ប្រាក់​ទៀត​ឡើយ​។

ទី2​ – ជា​សៀវភៅ​មហិច្ឆតា​បណ្តុះ​ឆន្ទៈ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​មាន​ជំនឿ​ថា​ ពួក​យើង​ក៏អាច​ធ្វើ​បាន​ដូច​កំពូល​អ្នកមាន​លើ​លោក​ទាំង3០រូប​នោះ​ដែរ​។ ភាពជា​អ្នកមាន​កំពូល​ទាំង3០រូប​ខាងលើ​ គឺ​ពួកគេ​បាន​ធ្វើការ​ចាប់ផ្តើម​ពី​គ្រប់​ជ្រុង​នៃ​ជីវិត​។ ដូច្នេះ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ ក៏អាច​ចាប់ផ្តើម​និង​ក្លាយជា​អ្នកមាន​កំពូល​នៅ​លើ​លោក​យើង​នេះ​បាន​ដែរ​។

ទី3​ – ជា​សៀវភៅ​ចម្លើយ​ដើម្បី​ក្លាយជា​អ្នកមាន​។មនុស្ស​គ្រប់គ្នា​ គឺ​ចង់​ក្លាយជា​អ្នកមាន​ ហើយ​សំណួរ​បន្ទាប់​ តើ​ធ្វើ​ម៉េច​? ដូច្នេះ​សៀវភៅ​នេះ​ គឺជា​សៀវភៅ​ចម្លើយ​។ សៀវភៅ​សម្រាប់​មនុស្ស​គ្រប់គ្នា​ និង​គ្រប់​គ្រួសារ​។ សៀវភៅ​នេះ​ មាន​ចម្លើយ​រហូតដល់3០គំរូ​ឬ3០វិធី​ ដើម្បី​ក្លាយជា​អ្នកមាន​។

ទី4​ – ជា​សៀវភៅ​សុបិន​ ប្រាថ្នា​ចង់​ឃើញ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ម្នា​ក់ៗ​ រស់​ខ្ពស់​ជាង​ប្រាក់​។ មនុស្ស​បង្កើត​ប្រាក់​ មិនមែន​ប្រាក់​បង្កើត​មនុស្ស​ទេ​។ មនុស្ស​ថ្លៃជាង​ប្រាក់​ មិនមែន​ប្រាក់​ថ្លៃជាង​មនុស្ស​ទេ​។ មនុស្ស​បង្កើត​មក​ដើម្បី​ស្រឡាញ់​ ប្រាក់​បង្កើត​មក​ដើម្បី​ប្រើប្រាស់​ ដូច្នេះ​ មនុស្ស​មិន​គួរ​ក្លាយជា​ទាសករ​របស់​ប្រាក់​ឡើយ​។

ទី5​ – ជា​សៀវភៅ​អនុវត្ត​ឬជា​គម្ពីរ​អ្នកមាន​ ដែល​បង្ហាញ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ម្នា​ក់ៗ​ ឱ្យ​រក​ឃើញ​និង​ដឹង​ច្បាស់​ពី​របៀប​ឬផ្លូវ​ ដើម្បី​ក្លាយជា​អ្នកមាន​កំពូល​នៅ​លើ​លោក​យើង​នេះ​។ អាន3០ដង​ ដើម្បី​កសាង​ចរិត​ជា​អ្នកមាន​ និង​ក្លាយជា​អ្នកមាន​ពិតប្រាកដ​៕ដោយ​លោក​ ហោ​ ចាន់​រដ្ឋា​ អ្នកស្រាវជ្រាវ​ភាពជា​អ្នក​ដឹកនាំ​ និង​ជា​អ្នកនិពន្ធ​សៀវភៅ​ ភាពជា​អ្នកមាន​កំពូល​៕