ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​នៅ​កម្ពុជា​បន្ត​មាន​កំណើន​ក្នុង​ការ​វិនិយោគ​លំនៅ​ដ្ឋាន​

ប្រមាណ7​ ខែ​នៃ​ឆ្នាំ2019កន្លងមក​នេះ​ការ​រីក​លូតលាស់​ និង​វត្តមាន​សំ​ណង់​ថ្មី​ៗ មិន​ថមថយ​នោះ​ទេ​នៅ​ទូទាំង​ប្រទេស​ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​ ក្រុង​ព្រះសីហនុ​ ប៉ោយប៉ែត​ និង​ខេ​ត្ត​សក្តា​នុ​ពល​មួយចំនួន​ទៀត​ ដ្បិតតែ​ការ​លក់​ហាក់​ថមថយ​ ជាង​កាលពី​ឆ្នាំ​កន្លងទៅ​បន្តិច​មែន​។ ការ​ថមថយ​នៃ​វិស័យ​លំនៅឋាន​នា​ពេល​បច្ចុប្បន្ន​នេះ​ មិនមែន​បណ្តាល​មក​ពី​ការ​ទទួលរង​នូវ​ឥទ្ធិពល​វិបត្តិសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ ឬប្រទេស​ណាមួយ​នោះ​ទេ​ ប៉ុន្តែ​គឺ​បណ្តាល​មក​ពី​សកម្មភាព​អភិវឌ្ឍន៍​ផ្ទាល់​នៅក្នុង​ប្រទេស​។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក​អគ្គលេខាធិការ​សមាគម​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​។

លោក​ សួស​ ចិន្តា​ អគ្គលេខាធិការ​សមាគម​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ CVEA​ បាន​ប្រាប់​ឡា​រ៉ែ​ននា​ពេល​ថ្មី​ៗនេះ​ថា​ ភាព​ប្រឈម​នៃ​វិស័យ​អចលនទ្រព្យ​ វា​មាន​វដ្ត​របស់​វា​ តែ​ចំពោះ​លំនៅឋាន​ ដែល​មិនសូវ​មាន​សម្ទុះ​នៃ​ការ​លក់​ គឺ​ប្រភេទ​ផ្ទះ​តម្លៃ​មធ្យម​ ដោយសារតែ​ភាគច្រើន​ត្រូវ​បាន​អ្នកមាន​ធនធាន​ទិញទុក​វិនិយោគ​បន្ត​ដើម្បី​ទទួល​បាន​ប្រាក់ចំណេញ​ ដែល​វា​មិនមែន​ជា​តម្រូវ​-ការពិត​ប្រាកដ​នោះ​ទេ​។

ចំណែក​ទីផ្សារ​ នៅតែ​មាន​តម្រូវការ​ ពិសេស​លំនៅឋាន​ Low​ Class​ ពិបាក​រក​អ្នក​វិនិយោគ​ព្រោះ​ធ្វើ​លក់​ពុំ​ទាន់​តម្រូវការ​ទេ​។បានន័យ​ថា​តម្រូវការ​ខ្ពស់​ជាង​ការ​ផ្គត់ផ្គង់​ គឺ​ប្រភេទ​លំនៅឋាន​មានតម្លៃ​ត្រឹម3ម៉ឺន​ដុល្លារ​ ទោះបី​រដ្ឋាភិបាល​មាន​គោលនយោបាយ​ក្នុង​ការ​លើកទឹកចិត្ត​ក៏ដោយ​។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ក៏បាន​លើកឡើង​ថា​ រាល់ថ្ងៃ​នេះ​វិស័យ​សំណង់​គឺ​ទទួល​បានការ​គាំទ្រ​ ហើយ​តាមរយៈ​ការសិក្សា​ ប្រជាជន​មួយចំនួន​គឺ​គាត់​ខ្វះ​លំនៅឋាន​ ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​ ដូចនេះ​ហើយ​ ទើប​មាន​អ្នក​អភិវឌ្ឍ​ផ្ទះ​តម្លៃ​មធ្យម​ជាច្រើន​ បាន​សម្រុក​សាងសង់​នៅ​ក្បែរ​ក្រុង​ ដើម្បី​ជា​តម្រូវការ​របស់​អតិថិជន​។ ក៏ប៉ុន្តែ​ទាក់ទង​ទៅ​នឹង​តម្លៃ​នៃ​អចលនទ្រព្យ​វិញ​ វា​គឺជា​ការប្រកួត​ប្រជែង​គ្នា​ ដែល​ក្នុង​នោះ​គម្រោង​ដែល​មាន​រចនាប័ទ្ម​ល្អ​គឺ​ស្រួល​លក់​ជាង​ បើ​ធៀប​ទៅ​នឹង​គម្រោង​ដែល​ពុំសូវ​មាន​រចនាប័ទ្ម​ល្អ​។

យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ឥណទាន​កម្ពុជា​។ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ នៅតែ​មាន​ភាព​វិជ្ជមាន​ ដោយ​ទំហំ​កម្ចី​ទិញ​អចលនទ្រព្យ​ (Mortgage​) គិត​មកដល់​ត្រីមាស​ទី2ឆ្នាំ​2019នេះ​ មាន​ទំហំ​ទឹកប្រាក់​ជិត​ 3,5ពាន់​លាន​ដុល្លារ​ កើនឡើង​ប្រមាណ30​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីមុន​។

របាយការណ៍​ដដែល​បានឱ្យ​ដឹង​ថា​ កម្ចី​អចលនទ្រព្យ​ក្នុង​ត្រីមាស2​ ឆ្នាំនេះ​ មាន​ 47.79​% នៃ​សមតុល្យ​ឥណទាន​ជា​លក្ខណៈ​បុគ្គល​សរុប​ ដែល​មាន​ទំហំ​ទឹកប្រាក់​ 7.16ប៊ី​លា​នដុ​លា្ល​រអា​មេ​រិក​ដោយ​កើន​ឡើង6.80​% ធៀប​នឹង​ត្រីមាស​ទី​ 1 ឆ្នាំ2019នេះ​។ ការ​ស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​ បង្ហាញ​អំពី​បំណង​របស់​អ្នកប្រើ​ប្រាស់​ក្នុង​ការ​ទទួល​បាន​ឥណទាន​ក្នុង​លក្ខណៈ​ជា​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ប័ណ្ណឥណទាន​ និង​កម្ចី​អចលនទ្រព្យ​។

លោក​ អឿ​ សុធា​រ័ត្ន​ នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា​ មានប្រសាសន៍​ថា​៖“នៅក្នុង​ត្រីមាស​ទី2នេះ​ ចំនួន​នៃ​ការ​ស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​មានការ​ធ្លាក់ចុះ​។ ទោះបី​យ៉ាងណា​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ ក្នុង​ឆ្នាំ2018​ ចំនួន​នៃ​ការ​ស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​សរុប​បាន​កើន​ឡើង9.03​%ខណៈ​ដែល​ទំហំ​ទឹកប្រាក់​នៃ​ការ​ស្នើសុំ​ឥណទាន​ កើនឡើង​ជិត​ទ្វេដង​”។

លោក​បន្ត​ថា​៖“ចំនួន​គណនី​ឥណទាន​លក្ខណៈ​បុគ្គល​ បាន​កើនឡើង​ជាលំដាប់​ ចាប់តាំងពី​ឆ្នាំ2018​ ក្នុង​ចន្លោះ​ពី5​% ទៅ7​%ក្នុង​ត្រីមាស​នីមួយ​។ ខណៈ​ សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​សរុប​កើនឡើង​ ចន្លោះ​ពី6​% ទៅ8​%។ ជា​រួម​អនុបាត​នៃ​ឥណទាន​ មិន​ដំណើរការ​លើស​ពី30ថ្ងៃ​ របស់​ផលិតផល​ឥណទាន​ទាំង3​ នៅតែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ និង​នៅតែ​បន្ត​ស្ថិតនៅ​ក្នុង​កម្រិត​ ទាប1.19​%”។

លោក​ អឿ​ សុធា​រ័ត្ន​ បាន​បង្ហាញ​សុទិដ្ឋិនិយម​ក្នុង​របាយការណ៍​ថា​ ស្ថានភាព​នេះ​ កើតមាន​ដោយសារ​តែ​តម្រូវការ​ផ្ទះនៅ​កម្ពុជា​មានការ​កើនឡើង​តាមរយៈ​កំណើន​នៃ​ជីវភាព​ប្រជាជន​ បូករួម​នឹង​ភាព​ងាយស្រួល​ក្នុង​ការខ្ចី​ប្រាក់​ ឬបង់​រំលស់​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​។ ជាពិសេស​ កំណើន​នៃ​ការទិញ​ផ្ទះ​ ក៏​កើនឡើង​ស្រប​ពេល​ដែល​ការសាងសង់​ផ្ទះ​សម្រាប់​លក់​ ជា​លក្ខណៈ​បុរី​ ឬផ្ទះល្វែង​មាន​ច្រើន​ផង​ដែរ​។

ដោយឡែក​នៅក្នុង​របាយការណ៍​របស់ក្រ​សួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​នៅក្នុង​រយៈពេល​7ខែ​ ឆ្នាំ2019​ នេះ​បាន​បង្ហាញថា​ វិស័យ​សំណង់​នៅ​កម្ពុជា​មាន​គម្រោង​សរុប​ចំនួន​ 525​ គម្រោង​ដែល​គិតជា​ទឹកប្រាក់​មាន​ទុន​វិនិយោគ​ចំនួន​ 11,73703​, 873ដុល្លារ​។របាយការណ៍​បូកសរុប​ការងារ​ប្រចាំខែ​កក្កដា​ឆ្នាំ2019​ និង​ទិសដៅ​បន្ត​បាន​បង្ហាញថា​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ខែកក្កដា​ឆ្នាំ2018​ វិស័យ​សំណង់​មាន​គម្រោង​ត្រឹមតែ​ 330​ គម្រោង​ប៉ុណ្ណោះ​ ដែល​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង​ 843លាន​ដុល្លារ​មានការ​កើនឡើង​ជាង​ 39​%។គម្រោង​សំណង់​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​ក្រសួង​ មាន​ចំនួន​សរុប​ចំនួន​ 44​ គម្រោង​ ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង1,044​ លាន​ដុល្លារ​ ខណៈ​កាលពី​ឆ្នាំ2018​ មាន​ចំនួន​តែ​ 41គម្រោង​ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​ 806​ លាន​ដុល្លារ​ គឺ​មានការ​កើនឡើង​ជាង29​%។

ចំណែក​គម្រោង​សំណង់​ស្ថិត​ក្រោម​សមត្ថកិច្ច​រដ្ឋបាល​រាជធានី​ ខេត្ត​វិញ​ មាន​ចំនួន​សរុប​ចំនួន​ 481​ គម្រោង​ ដែល​មានតម្លៃ​ទុន​វិនិយោគ​ប្រមាណ​ជាង​ 129​ លាន​ដុល្លារ​ ខណៈ​កាលពី​ឆ្នាំ2018មាន​ចំនួន​ 289គម្រោង​ មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​ 36ដុល្លារ​ គឺ​មានការ​កើនឡើង​ជាង​ 251​%។

របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា​ សម្រាប់​វិស័យ​សំណង់​អគារ​ សំណង់​លំនៅឋាន​នៅ​ទូទាំង​ប្រទេស​គិត​ត្រឹម​ខែកក្កដា​នេះ​មាន​ចំនួន​សរុប438​គម្រោង​ ដែល​មាន​ទុន​វិយោគ​ ជាង​ 473ដុល្លារ​ ស្មើ​និង​ 801ខ្នង​។

ដោយឡែក​ គម្រោង​អគា​ខ្ពស់​ៗចាប់ពី​កម្ពស់​5ជាន់ឡើង​ នៅ​ទូទាំង​ប្រទេស​ក្នុង​ខែកក្កដា​ ឆ្នាំ2019​មា​នន​ចំនួន​ 69​ អគារ​ ក្នុង​នោះ​កម្ពស់​ចាប់ពី​ 5ជាន់​ ទៅដល់​កម្ពស់9ជាន់​មាន​ 34អគារ​ ពី​កម្ពស់10ជាន់​ទៅ​កម្ពស់19ជាន់​មាន​ចំនួន24អគារ​ ពី​កម្ពស់​ 30​ជាន់​ទៅ​ 39ជាន់​មាន​ចំនួន​ 7អគារ​ពី​កម្ពស់​ 40ជាន់ឡើង​ទៅ​ មាន​ចំនួន1អគារ​។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​ថ្លែង​ថា​៖“សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រក្សា​បាន​កំណើន​ល្អ​ប្រសើរ​ហើយ​នយោបាយ​នៅតែ​មាន​ស្ថិរភាព​ ហេតុនេះ​ការ​វិនិយោគ​នៅតែ​បន្ត​កើនឡើង​ ជាក់ស្តែង​យើង​ឃើញ​កម្រិត​ឥណទាន​ក្នុង​វិស័យ​នេះ​នៅតែ​បន្ត​កើនឡើង​។

ទោះជា​មានការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​របស់​ចិន​បន្តិចបន្តួច​ក្តី​ ប៉ុន្តែ​កម្ពុជា​មិន​រង​ផល​ប៉ះពាល់​នោះ​ទេ​ ព្រោះ​មាន​អ្នក​វិនិយោគ​ជាច្រើន​ បាន​ចូល​មក​ដូចជា​អ្នក​វិនិយោគ​កូរ៉េ​ អ្នក​វិនិយោគ​ជប៉ុន​កំពុងតែ​ចូល​មក​កាន់​កម្ពុជា​ ដើម្បី​វិនិយោគ​លើ​វិស័យ​នេះ​”៕

Advertisement