កម្ពុជា​-ឡាវ​-វៀតណាម​ ដាក់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ក្នុង​តំបន់​សម្រាប់​ឆ្នាំ2020​-2025​

ប្រទេស​កម្ពុជា​-ឡាវ​-វៀតណាម​ (CLV​-DTA​) បាន​ចាប់ផ្តើម​ដាក់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​រួមគ្នា​សម្រាប់​ឆ្នាំ2020​-2025​ សំដៅ​ជំរុញ​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ លើកកម្ពស់​គុណភាព​សេវាកម្ម​ អភិវឌ្ឍន៍​ធនធានមនុស្ស​ ជំរុញ​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​ទេសចរណ៍​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង3​។

កម្ពុជា​-ឡាវ​-វៀតណាម​ បាន​បើក​កិច្ចប្រជុំ​បច្ចេកទេស​មួយ​ឡើង​កាលពី​ដំណាច់ខែ​សីហា​ នៅ​ខេត្ត​ចំប៉ា​សាក់​របស់​ប្រទេស​ឡាវ​ ដោយ​បាន​យកចិត្ត​ទុកដាក់​ពិភាក្សា​លម្អិត​លើ​សេចក្តី​ព្រាង​ផែនការ​យុទ្ធសាស្ត្រ​ និង​កំណត់​នូវ​យុទ្ធសាស្ត្រ​សំ​ខាន់​ៗក្នុង​ការ​រួមគ្នា​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ក្របខ័ណ្ឌ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ឱ្យ​ប្រែក្លាយ​ទៅជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​។

សម្រាប់​កម្ពុជា​ រួមមាន​ខេត្តក្រចេះ​ ស្ទឹងត្រែង​ មណ្ឌលគិរី​ និង​រតនគិរី​ បាន​យកចិត្ត​ទុកដាក់​ដាក់​បញ្ចូល​សក្តា​នុ​ពល​របស់​ខ្លួន​ដើម្បី​ភ្ជាប់​ការ​ធ្វើ​ទេសចរណ៍​ឆ្លងខេត្ត​ និង​ឆ្លង​ប្រទេស​ និង​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ ពង្រឹងគុណភាព​សេវាកម្ម​ សុខ​សុវត្ថិភាព​ទេសចរណ៍​ អភិវឌ្ឍន៍​ធនធានមនុស្ស​ និង​ជំរុញ​ផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា​ក្នុង​តំបន់​។

ក្នុង​នោះ​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​ក៏​បា​នប​ញ្ជូល​សកម្មភាព​សំ​ខាន់​ៗរបស់​ខេត្ត​ទៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ខាងលើ​ ដូចជា​ការ​ជំ​រុញ​សក្តា​នុ​ពល​សត្វ​ផ្សោត​ទន្លេមេគង្គ​ ការ​ពង្រឹង​សហគមន៍​អេកូ​ទេសចរណ៍​ ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ និង​ការរៀបចំ​អភិវឌ្ឍន៍​តំបន់​ទេស​ចរ​ណ៍​ថ្មី​ៗសំដៅ​អភិវឌ្ឍ​ទេសចរណ៍​ក្នុង​ខេត្ត​ប្រកបដោយ​និរន្តរភាព​ ការទទួលខុសត្រូវ​ និង​ផ្តល់​អត្ថ​ប្រយោជន៍​ផ្ទាល់​ដល់​ប្រជាជន​ក្នុង​ខេត្ត​។

លោក​ ធួន​ ស៊ី​ណាន​ ប្រធាន​សមាគម​ PATA​ បាន​ឱ្យ​ដឹង​ថា​៖“ការ​អភិវឌ្ឍ​តំបន់ត្រីកោណ​របស់​ប្រទេស​ទាំង3​ ជា​តំបន់​ទេសចរណ៍​នេះ​ ពិតជា​ល្អ​បំផុត​ ព្រោះ​ជា​តំបន់​ដែល​មិនសូវ​អ៊ូអរ​បើ​ធៀប​ទៅ​នឹង​តំបន់​ជាប់​ព្រំដែន​កម្ពុជា​-ថៃ​មាន​ភាព​អ៊ូអរ​ជាង​។ គម្រោង​រដ្ឋាភិបាល​ដែល​ចង់​ប្រែក្លាយ​តំបន់ត្រីកោណ​ទៅជា​តំបន់​ទេសចរណ៍​នេះ​មាន​យូរណាស់​មក​ហើយ​ ហើយ​បើ​ពេលនេះ​រដ្ឋាភិបាល​ធ្វើ​ឱ្យ​គម្រោង​នេះ​ឱ្យ​កើតឡើង​មែន​ គឺ​ពិតជា​រឿង​មួយ​ល្អ​ណាស់​”។

លោក​ ហូ​ វណ្ឌី​ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“នៅក្នុង​គម្រោងការ​អភិវឌ្ឍ​តំបន់ត្រីកោណ​ឱ្យ​ជា​តំបន់​ទេសចរណ៍​ មិនមែន​ថា​ តំបន់​នោះ​គ្មានអ្វី​ទាក់ទាញ​នោះ​ទេ​ គឺ​មាន​ គ្រាន់តែ​យើង​ពុំ​ទាន់បាន​តុបតែង​ឱ្យ​វា​មាន​ភាព​ទាក់ទាញ​តែប៉ុណ្ណោះ​។ ពោល​គឺ​តំបន់​នោះ​ប្រៀប​បាន​នឹង​មនុស្ស​ដែល​ពុំ​ទាន់​តុបតែង​លម្អ​ខ្លួន​អ៊ីចឹង​ដែរ​”។

លោក​បាន​បន្ត​ថា​ តំបន់​ព្រំដែន​កម្ពុជា​-ឡាវ​-វៀតណាម​នោះ​ វា​មាន​ទី1​- ភាពជា​ធម្មជាតិ​ និង​អ្វី​ដែល​កើត​ចេញពី​ធម្មជាតិ​។ ទី2​-ត្រូវ​មានការ​កែច្នៃ​ ដើម្បី​ឱ្យ​តំបន់​ហ្នឹង​មាន​ភាព​ទាក់ទាញ​។ នៅពេល​មានការ​កែច្នៃ​ និង​ការ​តុបតែង​ហើយ​នោះ​ យើង​នឹង​មានការ​បន្ត​វិនិយោគ​។ ឧទាហរណ៍​បើ​យើង​រៀបចំ​ដើម្បី​ទាក់ទាញ​ទេសចរ​ នោះ​វិ​ស័យ​ផ្សេង​ៗនឹង​ទៅ​តាម​គ្នា​។ ការ​វិនិយោគ​ បើ​ពុំ​មាន​មនុស្ស​ចាប់អារម្មណ៍​ទៅលេង​ទេ​ ការ​វិនិយោគ​វា​នឹង​មិន​មាន​និរន្តរភាព​ទេ​ព្រោះ​វា​មិន​មាន​ចលករ​ជំរុញ​។

លោក​បាន​បន្ថែម​ថា​ តែបើ​សិន​ជា​មាន​មនុស្ស​ទៅកាន់​ទីនោះ​ ទីនោះ​វា​នឹង​នាំមក​នូវ​កត្តា3​ ជា​សំខាន់​គឺ​ការ​ដឹកជញ្ជូន​ ការ​ហូបចុក​ទទួលទាន​ និង​ការ​-ស្នាក់នៅ​។ បើ​មានក​ត្តា​ 3នេះ​នាំមុខ​ដើរទៅ​មុន​ ឬមានការ​ផុលផុស​ហើយ​នោះ​ កត្តា​ផ្សេង​ៗទៀត​នឹង​ទៅតាម​ក្រោយ​ និង​អាច​ទាក់ទាញ​ខ្លាំង​ទៀតផង​។ ដូច​ខេត្ត​ព្រះសីហនុ​ពីមុន​អ៊ីចឹង​ អត់​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ អត់មាន​ជើង​យន្តហោះ​ច្រើន​ ពុំសូវ​មាន​ភ្ញៀវ​ទេសចរ​ទេ​ តែ​ឥឡូវ​អ្វី​ៗក៏​មាន​ អ្នកទេសចរ​ និង​អ្នក​ទៅ​អភិវឌ្ឍ​ និង​វិនិយោគ​យ៉ាង​ភ្លូកទឹកភ្លូកដី​។

លោក​ក៏បាន​បញ្ជាក់​ដែរ​ថា​ តំបន់ត្រីកោណ​នេះ​នឹង​ជួយ​ជំរុញ​ចរន្ត​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ និង​ទៅកាន់​ពិភពលោក​បាន​កាន់តែ​ទូលំទូលាយ​ ក្រៅពី​នេះ​តំបន់ត្រីកោណ​មិនមែន​ត្រឹមតែ​ជាគោល​ដៅ​ទេសចរណ៍​ប៉ុណ្ណោះទេ​ តែ​វា​នឹង​ជួយ​ជំរុញ​លើ​វិស័យ​សេដ្ឋ​កិ​ច្ច​ផ្សេង​ៗទៀតផង​ដែរ​ ដូចជា​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ជាដើម​ រួម​ទាំង​ការ​ផ្លាស់​ប្តូរ​ទិដ្ឋភាព​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​ ពាណិជ្ជកម្ម​ និង​ទំនាក់ទំនង​រវាង​ប្រជាជន​នឹង​ប្រជាជន​នៃ​ប្រទេស​ទាំង3​ និង​ទៅកាន់​បណ្តា​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​ទៀតផង​។

លោក​ វណ្ណ​ឌី​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​៖“តំបន់​ត្រីកោណ​នេះ​អាច​ជា​កន្លែង​ដែល​ទាក់ទាញ​ទេសចរ​ខ្លាំង​ ដោយសារ​ប៉ូល​ទេសចរណ៍​មួយ​នេះ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ខាង​អាកាសធាតុ​។ កម្ពុជា​-វៀត​-ណាម​-ឡាវ​ រួម​ទាំង​ថៃ​ផង​ បាន​បង្កើត​តំបន់​មរកត​មួយ​នេះ​ឡើង​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ 4ក្នុង​តំបន់​នេះ​ និង​ការ​តភ្ជាប់​ទេសចរណ៍​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត​ ដូចជា​ពី​កម្ពុជា​ទៅ​វៀតណាម​ ឬពី​វៀតណាម​មក​កម្ពុជា​ ជាដើម​ ដោយ​តភ្ជាប់​ទាំង​ផ្លូវទឹក​ ផ្លូវគោក​ និង​ផ្លូវអាកាស​ តែ​យ៉ាងណាក៏ដោយ​លុះត្រាតែ​ប្រទេស​ទាំងនេះ​មាន​ទំនង​ទំនាក់​ការទូត​ល្អ​ ទើប​អាច​ជំរុញ​ឱ្យ​មាន​កំណើន​ទេសចរ​មក​ពី​ប្រទស​ផ្សេងទៀត​ឱ្យ​កើនឡើង​បាន​”។

លោក​ ហូ​ វណ្ណ​ឌី​ បាន​បញ្ជាក់​ទៀត​ថា​៖“ទេសចរណ៍​ជា​អ្នកនាំ​លាភ​ នាំ​សំណាង​ដល់​ប្រទេស​ដែល​ខ្លួន​ទៅ​ទស្សនា​ ដោយ​ក្នុង​នោះ​ពួកគេ​ត្រូវការ​របស់​3យ៉ាង​ជា​សំខាន់​ គឺ​ការ​ធ្វើដំណើរ​ដោយ​សុខ​សុវត្ថិភាព​ ការ​ទទួលទាន​អាហារ​ឆ្ងាញ់​ និង​មាន​អនាម័យ​ និង​ការ​ស្នាក់នៅ​ប្រកបដោយ​ផាសុកភាព​ និង​សន្តិសុខ​។

ជាមួយគ្នា​នេះ​ដែរ​ យើង​ក៏​កំពុង​ស្ថិតនៅ​ក្នុង​សមាគម​អាស៊ាន​ដែល​អាច​ធ្វើ​ពាណិជ្ជកម្ម​ដោយសេរី​ក្នុង​តំបន់​។ ដូច្នេះ​បើ​យើង​ជំរុញ​កត្តា​ទាំង3​ ឱ្យទៅ​មុខ​ដោយ​រលូន​នោះ​ វិស័យ​ទេសចរណ៍​ និង​ពាណិជ្ជកម្ម​ក៏​នឹង​មានការ​កើនឡើង​ព្រមគ្នា​ ហើយ​យើង​សង្ឃឹម​ថា​ វា​នឹង​មានការ​កើនឡើង​ ដោយ​ឡាវ​ វៀតណាម​ និង​ប្រទេស​ដទៃទៀត​ក៏អាច​ចូល​មក​ និង​ឆ្លងកាត់​តំបន់​នេះ​បាន​ដើម្បី​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​ផង​ដែរ​”៕

Advertisement