RDB​ ជំរុញ​ការសាងសង់​រោងម៉ាស៊ីន​កិន​ និង​ឃ្លាំង​ស្តុក​ស្រូវ​ ដើម្បី​នាំចេញ​អង្ករ​ឱ្យ​បាន​ 1លាន​តោន​

September 16, 2019​ ម៉ោង 3:29 pm

រោងម៉ាស៊ីន​កិនស្រូវ​ ដែល​ត្រូវ​បាន​ជ្រើសរើស​នៅក្នុង​ខេត្ត​ចំនួន3​ រួមមាន​ខេត្តបាត់ដំបង​ ខេត្ត​កំពង់ធំ​ និង​ខេត្តព្រៃវែង​ ត្រូវ​បាន​ផ្តល់​ប្រាក់កម្ចី​ចំនួន​ 10លាន​ដុល្លារ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (the​ Asian​ Development​ Bank​ ​;ឬ ADB​) ដើម្បី​សាងសង់​ឃ្លាំង​ស្តុក​ និង​ឡសម្ងួត​ស្រូវ​។

គម្រោង​រោងម៉ាស៊ីន​កិនស្រូវ​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​(Rural​ Development​ Bank​ ឬ RDB​) និង​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​ស្រូវ​ធន់​នឹង​អាកាសធាតុ​ (ស្រូវ​ – អេ​សឌី​ភី​) របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។ ក្រោម​កិច្ច​ព្រមព្រៀង​នេះ​រោងម៉ាស៊ីន​កិន​ស្រូវ​នឹង​សាងសង់​កន្លែង​ស្តុក​ និង​ឡសម្ងួត​ ដោយ​ប្រើ​ប្រាក់កម្ចី​របស់​ ADB​ និង​ជា​កិច្ច​ព្រមព្រៀង​មាន​សារៈសំខាន់​ក្នុង​ការសម្រេច​គោលដៅ​របស់​រដ្ឋាភិបាល​ដើម្បី​ឈាន​ដល់​ការនាំចេញ​អង្ករ​ឱ្យ​បាន​1លាន​តោន​ក្នុង​ 1ឆ្នាំ​។

ឃ្លាំង​ស្តុក​ និង​ឡសម្ងួត​ស្រូវ​ ធ្លាប់​ត្រូវ​បាន​សាងសង់​នៅ​ខេត្តបាត់ដំបង​ កំពង់ធំ​ ព្រៃវែង​ និង​តាកែវ​ ដែល​ជាផ្នែក​មួយ​នៃ​មូលនិធិ​បន្ទាន់​របស់​ RDB​ ដែល​ជា​គម្រោង​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល​ដើម្បី​ជួយ​ដល់​វិស័យ​នេះ​។ មូលនិធិ​បន្ទាន់​របស់​ RDB​ មាន​ទឹកប្រាក់​ចំនួន​ 30លាន​ដុល្លារ​។ ប្រាក់កម្ចី​ក្នុង​គម្រោង​នេះ​ត្រូវតែ​សង​ក្នុងរយៈពេល​ 10ឆ្នាំ​ ជាមួយនឹង​អត្រា​ការប្រាក់5​%។ គំនិត​ផ្តួចផ្តើម​ នេះ​មាន​គោលបំណង​ដើម្បី​បង្កើន​សមត្ថភាព​ផ្ទុក​របស់​រោងម៉ាស៊ីន​កិនស្រូវ​នៅ​រដូវ​ប្រមូល​ផល​ និង​បង្កើន​តម្លៃ​ស្រូវ​សម្រាប់​កសិករ​ផង​។

អ្នកផ្គត់ផ្គង់​សំ​ខាន់​ៗបាន​លើកឡើង​ថា​ បច្ចុប្បន្ន​ តម្រូវការ​អង្ករ​សរីរាង្គ​នៅ​សហភាព​អឺរ៉ុប​ និង​ទីផ្សារ​សំ​ខាន់​ៗដទៃទៀត​ ដូចជា​សហរដ្ឋអាមេរិក​ អូស្ត្រាលី​ និង​ចិន​កំពុងតែ​កើនឡើង​ នៅពេល​អ្នកប្រើ​ប្រាស់​មានការ​ផ្តោត​លើ​បរិស្ថាន​ និង​សុខភាព​។

លោក​ កាន់​ គន្ធី​ អនុប្រធាន​ក្រុមហ៊ុន​ Amru​ Rice​បាន​មានប្រសាសន៍​ថា​ ក្រុមហ៊ុន​បាន​ចុះ​ កិច្ចសន្យា​កសិកម្ម​ជាមួយ​កសិករ​ប្រមាណ​ជា​ 5,000នាក់​(5,000គ្រួសារ​)ហើយ​នៅ​ឆ្នាំនេះ​ ក្រុមហ៊ុន​មាន​បំណង​នាំចេញ​អង្ករ​សរីរាង្គ​ចំនួន​ 2ម៉ឺន​តោន​ទៅកាន់​ទីផ្សារ​បរទេស​ដែល​ 80​ ទៅ​ 90​%នឹង​ត្រូវ​បញ្ជូន​ទៅ​សហគមន៍​អឺរ៉ុប​។ យើង​កំពុង​ផ្តល់​អាទិភាព​ដល់​ផលិតកម្មស្រូវ​សរីរាង្គ​ និង​ស្រូវ​ដែល​ផលិត​ ក្រោម​កម្មវិធី​ស្រូវ​និរន្តរភាព​។ ពូជស្រូវ​ទាំងនេះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ភាព​អាច​ប្រកួតប្រជែង​បាន​ជាមួយ​បណ្តា​ប្រទេស​ដែល​ផលិត​ស្រូវ​ខ្លាំង​ៗ ដូចជា​ថៃ​ វៀតណាម​ និង​ឥណ្ឌា​ ជាដើម​។

លោក​ គន្ធី​ បាន​ពន្យល់​ថា​ ការ​កើនឡើង​នៃ​តម្រូវការ​ស្រូវ​សរីរាង្គ​ត្រូវ​បាន​ជំរុញ​ដោយ​ការ​ព្រួយបារម្ភ​លើ​ផល​ប៉ះពាល់​បរិស្ថាន​នៃ​ការ​ដាំដុះ​ស្រូវ​ និង​ផ្តោត​សំខាន់​ទៅលើ​ផ្នែក​សុខភាព​អ្នកប្រើ​ប្រាស់​ដែល​មិន​ចង់​ប្រើប្រាស់​ថ្នាំ​សម្លាប់សត្វ​ល្អិត​ និង​សារធាតុគីមី​ផ្សេងទៀត​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​វិស័យ​កសិកម្ម​។

ប្រទេស​កម្ពុជា​ ជា​ប្រទេស​នាំចេញ​អង្ករ​សរីរាង្គ​ធំជាង​គេ​លំដាប់​ទី5​ ទៅកាន់​សហភាព​អឺរ៉ុប​ កាលពី​ឆ្នាំមុន​ ដោយក្រុម​ហ៊ុន​ក្នុង​ស្រុក​ជឿជាក់​ថា​ ការ​នាំ​ចេញ​នឹង​បន្ត​កើនឡើង​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​។យោង​តាម​តួលេខ​ពី​សហគមន៍​អឺរ៉ុប​ ដែល​បាន​ចែករំលែក​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​នាំចេញ​អង្ករ​សរីរាង្គ​ចំនួន​ 8,467តោន​ទៅ​ប្លុក​អឺរ៉ុប​កាលពី​ឆ្នាំមុន​ ដែល​តំណាង​ឱ្យ​ 3,9​%នៃ​ការនាំចូល​អង្ករ​សរីរាង្គ​របស់​សហភាព​អឺរ៉ុប​។ សហរដ្ឋអាមេរិក​ ក៏​ជា​ប្រទេស​នាំចេញ​អង្ករ​សរីរាង្គ​ធំជាង​គេ​ទៅកាន់​សហភាព​អឺរ៉ុប​ផង​ដែរ​ ដែល​មាន​ចំនួន​ជិត​ 70​%នៃ​ទីផ្សារ​អង្ករ​សរីរាង្គ​។

អ្នកនាំ​ចេញ​អង្ករ​ក្នុង​ស្រុក​បានឱ្យ​ដឹង​ថា​ បរិមាណ​អង្ករ​សរីរាង្គ​របស់​កម្ពុជា​ដែល​បាន​ដឹកជញ្ជូន​ទៅកាន់​ប្លុក​អឺរ៉ុប​ បាន​កើនឡើង​ក្នុង​ឆ្នាំនេះ​។ មាន​ប្រហែល​ 90​%នៃ​ការនាំចេញ​អង្ករ​សរីរាង្គ​របស់​កម្ពុជា​ទៅកាន់​សហគមន៍​អឺរ៉ុប​កាលពី​ឆ្នាំមុន​។ ដោយ​តម្រូវការ​អង្ករ​សរីរាង្គ​នៅ​សហភាព​អឺរ៉ុប​កើនឡើង​ប្រហែល15​% ជា​រៀងរាល់​ឆ្នាំ​នោះ​ អង្ករ​សរីរាង្គ​របស់​កម្ពុជា​ត្រូវ​បាន​ងាយ​ស្វែងរក​នៅក្នុង​សហគមន៍​អឺរ៉ុប​ ព្រោះ​វា​មាន​គុណភាព​ល្អ​ និង​អាច​តាមដាន​បាន​។ ចំពោះ​អង្ករ​ផ្កាម្លិះ​សរីរាង្គ​ 1តោន​ មានតម្លៃ​ 1,500ដុល្លារ​ ខណៈ​អង្ករ​សស​រី​រាង្គ និង​សរីរាង្គ​វែង​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ប្រហែល​ 950ដុល្លារ​ក្នុង​ 1តោន​។

ក្រុមហ៊ុន​ក្នុង​ស្រុក​បាន​នាំចេញ​អង្ករ​ជាចម្បង​ 3ប្រភេទ​ គឺ​អង្ករ​ក្រអូប​ (493,597តោន​ត្រូវ​បាន​នាំចេញ​ ឬស្មើនឹង​ 78.8​%នៃ​ការនាំចេញ​អង្ករ​សរុប​) អង្ករ​ពណ៌ស​គ្រាប់​វែង​ (105,990តោន​ ឬ16.9​%) និង​ស្រូវ​រដូវ​វែង​ (26,638តោន​ ឬ 4.2​%)។ ទីផ្សារ​ធំ​បំផុត​សម្រាប់​អង្ករ​កម្ពុជា​ គឺ​សហភាព​អឺរ៉ុប​ដែល​បាន​នាំចូល​ជិត​ 270,000តោន​ ស្មើនឹង​ 42.9​%នៃ​ការនាំចេញ​សរុប​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​កសិកម្ម​បានឱ្យ​ដឹង​ថា​ ការនាំចេញ​អង្ករ​សរុប​របស់​កម្ពុជា​បាន​កើនឡើង​ 3.7​%ក្នុងរយៈពេល​ 7ខែ​នៃ​ឆ្នាំនេះ​ ដែល​ឈាន​ដល់​ 308,013តោន​។ ក្រសួង​កសិកម្ម​ក៏បាន​ឱ្យ​ដឹង​ទៀត​ដែរ​ថា​ ពន្ធគយ​បាន​ដាក់​សម្ពាធ​លើ​តម្លៃ​អង្ករ​កម្ពុជា​នៅ​សហភាព​អឺរ៉ុប​ ដែល​ជា​ការរារាំង​យ៉ាង​ខ្លាំង​ដល់​ការប្រកួត​ប្រជែង​របស់​ខ្លួន​។ ក្រសួង​ក៏​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែរ​ថា​ ជាមួយនឹង​ពន្ធគយ​ទាំងនេះ​ វិស័យ​ស្រូវ​អង្ករ​ត្រូវតែ​ផ្តោត​លើ​ការកាត់បន្ថយ​ថ្លៃដើម​ ដើម្បី​ប្រកួតប្រជែង​នៅ​អឺរ៉ុប​ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ នៅតែ​បន្ត​ជួយ​លើ​អាជីវកម្ម​ស្រូវ​អង្ករ​ ជាពិសេស​ជួយ​ដល់​ក្រុមហ៊ុន​ទាំងអស់​ក្នុង​ការកាត់បន្ថយ​តម្លៃ​ផលិតកម្ម​កែច្នៃ​ និង​ដឹកជញ្ជូន​ ដើម្បី​ធ្វើ​ឱ្យ​អង្ករ​ក្នុង​ស្រុក​មានតម្លៃ​អាច​ប្រកួតប្រជែង​បាន​៕