ប្រធាន​ CVEA​ ៖ ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ នៅតែ​ចង់​កៀរគរ​អ្នក​វិនិយោគ​អន្តរជាតិ​ ជាពិសេស​ជប៉ុន​

យើង​ឃើញ​ហើយ​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ ប្រព័ន្ធ​បច្ចេកវិទ្យា​ Digital​ ត្រូវ​បាន​ក្លាយទៅជា​ឧបករណ៍​មួយ​ដ៏​មាន​សារៈសំខាន់​មួយ​ដែល​រួមចំណែក​យ៉ាងសកម្ម​ផង​ដែរ​ក្នុង​ការ​ជួយ​ជំរុញ​ដល់​ការទិញ​-លក់​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​ឡើង​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​ផង​ដែរ​ និង​ជា​ការ​បង្ហាញ​ពី​ការ​អភិវឌ្ឍ​បែប​ថ្មី​ក្នុង​សម័យ​បច្ចេកវិទ្យា​ និង​ជំរុញ​ឱ្យ​មាន​លំហូរ​ចូល​នៃ​ការ​វិនិយោគ​បរទេស​មក​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។

សក្តា​នុ​ពល​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ត្រូវ​បាន​ក្រុម​អ្នក​វិនិយោគ​បរទេស​ ជាពិសេស​វិនិយោគិន​ជនជាតិ​ចិន​បាន​ដាក់​ទុន​វិនិយោគ​ច្រើនជាង​គេ​។ ជាពិសេស​គម្រោង​សំណង់​អគារ​ខ្ពស់​ៗនៅក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ដែល​មាន​សក្ដានុពល​ធំៗ​មួយចំនួន​ សុទ្ធតែ​ជា​គម្រោង​អភិវឌ្ឍន៍​របស់​វិនិយោគិន​ចិន​ច្រើនជាង​គេ​ទាំងអស់​។ តែ​យ៉ាងណា​ក្តី​ បើ​និយាយ​ពី​វិនិយោគិន​បរទេស​នៅ​កម្ពុជា​ ជប៉ុន​ គឺជា​អ្នក​វិនិយោគ​ធំ​ទី2​ បន្ទាប់ពី​ចិន​ ដូច្នេះ​ការ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​ គឺជា​រឿង​ល្អ​ប្រសើរ​ និង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា​។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ឬ CVEA​ បាន​មានប្រសាសន៍​ឱ្យ​ដឹងមុន​ពេល​ទៅ​ចូលរួម​សន្និសីទ​អចលនទ្រព្យ​ពិភពលោក​នៅ​ប្រទេស​ជប៉ុន​ថា​៖ “វិនិយោគិន​ជប៉ុន​ គឺជា​អ្នក​វិនិយោគ​ដ៏​ហ្មត់ចត់​ ហើយ​មុននឹង​គេដាក់​ទុន​វិនិយោគ​លើ​អ្វីមួយ​គេ​បាន​សិក្សា​ច្បាស់លាស់​ណាស់​ពីទី​ផ្សារ​ និង​សក្ដានុពល​នៃ​វិស័យ​ដែលគេ​បម្រុង​នឹង​វិនិយោគ​នោះ​។ កត្តា​ទាំងនេះ​ហើយដែល​ជំរុញ​ឱ្យ​ពួក​យើង​ត្រូវ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នេះ​ឱ្យ​បាន​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ផ្ដល់​នូវ​ប្រាក់ចំណូល​ដល់​ជាតិ​របស់​យើង​ ក៏ដូចជា​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ​”។

លោក​បាន​មានប្រសាសន៍​បន្ត​ថា​៖ “នៅក្នុង​កិច្ចប្រជុំ​សន្និសីទ​អចលនទ្រព្យ​ពិភពលោក​នៅ​ប្រទេស​ជប៉ុន​លើក​នេះ​ ខ្ញុំ​រំពឹង​ថា​នឹង​ហុច​ផល​ល្អ​មក​កម្ពុជា​ច្រើន​ ជាពិសេស​ក្នុង​វិស័យ​អចលនទ្រព្យ​ ហើយ​សមាជិក​របស់​សមាគម​ដែល​នឹង​ចូលរួម​ប្រជុំ​ក្នុង​សន្និសីទ​នេះ​ ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ក្នុង​ការ​ផ្សព្វផ្សាយ​ និង​បង្ហាញ​ពី​សក្ដានុពល​នៃ​វិស័យ​អចលនទ្រព្យ​ដល់​វិនិយោគិន​ដែល​ចូលរួម​ក្នុង​សន្និសីទ​នោះ​ដែរ​ ក្នុង​នោះ​ជប៉ុន​ គឺជា​គោលដៅ​សម្រាប់​ការ​ផ្សព្វផ្សាយ​របស់​ពួក​យើង​”។

លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ចក​ម្ម​កម្ពុជា​ បាន​មានប្រសាសន៍​អំពី​សក្ដានុពល​របស់​វិស័យ​នេះ​ដែរ​ថា​ វិស័យ​អចលនទ្រព្យ​សម្រាប់​វិនិយោគិន​បរទេស​ គឺ​នៅ​មានការ​ចាប់អារម្មណ៍​ និង​មាន​សម្ទុះ​ខ្លាំង​ឥត​ស្រកស្រុត​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ គឺ​មិនមែន​មានតែ​អ្នក​វិនិយោគ​ខ្មែរ​ក្នុង​ស្រុក​តែម្នាក់ឯង​ទេ​ គឺ​មានការ​ចូលរួម​ដោយ​ផ្ទាល់​ពី​វិនិយោគិន​បរទេស​ ដែល​ក្នុង​នោះ​យើង​ឃើញ​មាន​ចិន​ ជប៉ុន​ កូរ៉េ​ ថៃ​ ម៉ាឡេស៊ី​ និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​ តែ​ដោយឡែក​នៅ​ប៉ែក​ខាង​អឺរ៉ុប​នៅ​មាន​ចំនួន​តិច​នៅឡើយ​។

លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​៖ “អ្វី​ដែល​ជំរុញ​ឱ្យ​មាន​វិនិយោគិន​បរទេស​មក​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​យើង​ គឺទី1​-កត្តា​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​។ ទី2​-ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ច្បាប់​ គឺ​ច្បាប់​វិនិយោគ​របស់​យើង​បាន​បើកចំហ​ឱ្យ​គេ​មក​វិនិយោគ​ បើក​ក្រុមហ៊ុន​ និង​មាន​សិទ្ធិ​កាន់កាប់​ភាគហ៊ុន100​% និង​ការ​លើកទឹកចិត្ត​ចំពោះ​ពន្ធ​លើ​ប្រាក់ចំណេញ​(មិន​បង់​ពី​ 3ទៅ​ 9ឆ្នាំ​)សម្រាប់​អ្នក​វិនិយោគ​នៅ​កម្ពុជា​ ដែល​នេះ​ជា​កត្តា​ទាក់ទាញ​។ ទី3​-ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ យើង​ជាស​មា​ជិ​ក សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មួយ​ដែរ​ ហើយក៏​ជាស​មា​ជិ​ករបស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​(WTO​) មួយ​ដែរ​។ ទី4​-ចំពោះ​តម្លៃ​ដី​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ​ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេសជិតខាង​ក្នុង​តំបន់​ ដូចជា​ថៃ​ វៀតណាម​ ជាដើម​ គឺ​យើង​នៅ​មានតម្លៃ​ទាប​ជាងគេ​ ដែល​អាច​ឱ្យ​វិនិយោគិន​បរទេស​គេ​មក​វិនិយោគ​វិស័យ​នេះ​បាន​ប្រាក់ចំណេញ​។ កត្តា​ទាំងនេះ​ហើយដែល​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​សក្ដានុពល​ និង​នៅតែ​អាច​កៀរគរ​អ្នក​វិនិយោគ​អន្តរជាតិ​បាន​”។

លោក​ ច្រឹក​ សុ​ខនីម​ ក៏បាន​បញ្ជាក់​បន្ថែម​ទៀត​ដែរ​ថា​ “យើង​នឹង​លើកយក​ប្រធានបទ​ថា​ “ហេតុអ្វី​ត្រូវ​វិនិយោគ​នៅ​កម្ពុជា​” មក​ពិភាក្សា​នៅពេល​នោះ​ ដោយ​ក្នុង​នោះ​យើង​បាន​ត្រៀម​ក្នុង​ការ​ពន្យល់​ពួកគេ​ឱ្យ​បាន​យល់​ពី​កម្ពុជា​រួចរាល់​ហើយ​។ បច្ចុប្បន្ន​ កម្ពុជា​មាន​លំហូរ​សាច់ប្រាក់​ល្អ​ ហើយ​ការ​ផ្ដល់​អាទិភាព​ឱ្យ​វិនិយោគិន​បរទេស​នៅ​កម្ពុជា​ក៏​មាន​លក្ខណៈ​ខុស​ពី​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​អាស៊ាន​ដែរ​។ ហើយ​ចំណុច​សំខាន់​ដែល​វិនិយោគិន​បរទេស​គួរតែ​ចូល​មករ​កស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ គឺ​ជនបរទេស​មាន​សិទ្ធិ​បើក​ក្រុមហ៊ុន​ និង​កាន់កាប់​ភាគហ៊ុន100​%។ ទាំងនេះ​ហើយដែល​វិនិយោគិន​បរទេស​គួរតែ​មក​វិនិយោគ​នៅ​កម្ពុជា​”។

គួរ​បញ្ជាក់​ថា​ បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា​មាន​គម្រោង​របស់​ជប៉ុន​ធំៗ​មួយចំនួន​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ ដូចជា​គម្រោង​ផ្សារ​ទំនើប​ អ៊ី​អន​ ម៉ល​ ភ្នំពេញ​ ដែល​រហូតមកដល់​ពេលនេះ​មាន​ផ្សារ​ទំនើប​ អ៊ី​អន​ ម៉ល​ សែនសុខ​ ក៏បាន​បើក​ដំណើរការ​ហើយ​ដែរ​ និង​កំពុង​រៀបចំ​ដំណើរការ​សាងសង់​គម្រោង​ផ្សារ​ទំនើប​ អ៊ី​អន​ ម៉​លទី3​ ទៀតផង​ដែល​នឹង​ស្ថិតនៅ​ប៉ែក​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​ និង​នៅ​មាន​គម្រោង​វិនិយោគ​ជាច្រើន​ទៀត​ដែល​ជប៉ុន​បាន​បោះទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយក៏​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ​៕

Advertisement