គម្រោង​វិនិយោគ​សាធារណៈ​ឆ្លើយតបទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ និង​កំណើន​ម៉ាក្រូ​សេដ្ឋកិច្ច​

គណៈរដ្ឋ​មន្ត្រី​បាន​ផ្តល់​ភ្លើង​ខៀវ​ដល់​កម្មវិធី​វិនិយោគ​សាធារណៈ​ដែល​នឹង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​និង​ដៃគូ​អភិវឌ្ឍន៍​ចំណាយ​ទុន​ 14.4ពាន់​លាន​ដុល្លារ​ក្នុង​គម្រោង​ជាង​ 600គម្រោង​ក្នុងរយៈពេល​ 3ឆ្នាំ​ខាង​មុខ​។ ចំនួន​នេះ​ គឺ​ខ្ពស់​ជាង​កម្មវិធី​វិនិយោគ​សាធារណៈ​ចុងក្រោយ​ចំនួន​ 9ពាន់​លាន​ដុល្លារ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​គណៈរដ្ឋ​មន្ត្រី​។

កម្មវិធី​វិនិយោគ​សាធារណៈ​ឆ្នាំ2017​-2019​ ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ឆ្នាំ2016​ មាន​ទឹកប្រាក់​ចំនួន​ 5.23ពាន់​លាន​ដុល្លារ​សម្រាប់​វិនិយោគ​លើ​ 519គម្រោង​។ កម្មវិធី​វិនិយោគ​សាធារណៈ​សម្រាប់​ឆ្នាំ2020​-2022​ ត្រូវ​បាន​អនុម័ត​កាលពី​សប្តាហ៍​មុន​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋ​មន្ត្រី​ស្ថិត​ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​។ឯកឧត្តម​ ផៃ​ ស៊ី​ផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​មានប្រសាសន៍​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ករបស់​លោក​ថា​ កម្មវិធី​នេះ​នឹង​ធានា​បាន​នូវ​ការ​បន្ត​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​។ កម្ពុជា​ គឺជា​ប្រទេស​ មួយ​ក្នុងចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​បំផុត​នៅ​អាស៊ី​។

ឯកឧត្តម​មានប្រសាសន៍​ថា​៖“គោលបំណង​របស់​កម្មវិធី​ គឺ​ដើម្បី​ធានា​កំណើន​សេដ្ឋកិច្ច​ក្នុងរង្វង់​7% ក្នុង​ 1ឆ្នាំ​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​បន្ថែម​ទៀត​តាមរយៈ​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ និង​ការ​អភិវឌ្ឍ​ជនបទ​។ ថវិកា​ចំនួន​ 53.8​%នឹង​ត្រូវ​ទៅដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ហើយ​ថវិកា​ដែល​នៅសល់​នឹង​ប្រើ​សម្រាប់​គម្រោង​ផ្នែក​ហិរញ្ញវត្ថុ​សង្គម​ និង​សេវាកម្ម​”។

ចំពោះ​ទំហំ​ទឹកប្រាក់​ដែល​រាជរដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​ត្រូវ​ចំណាយ​ចំនួន​ 14.4ពាន់​លាន​ដុល្លារ​ ដែល​ជា​ការ​ចំណាយ​ដ៏​ធំ​បំផុត​នេះ​នឹង​មក​ដល់​ដោយ​ត្រូវ​បាន​បែងចែក​នៅ​ឆ្នាំ2020​ ជាមួយនឹង​ទឹកប្រាក់​ចំនួន​ 4.5ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ2021​ ចំនួន​ 5.1ពាន់​លាន​ដុល្លារ​ និង​ 4.8ពាន់​លាន​ដុល្លារ​ត្រូវ​បាន​រក្សាទុក​ដោយឡែក​សម្រាប់​ឆ្នាំ2022​។ ដោយ​មូលនិធិ​នេះ​នឹង​ទៅដល់​ការអនុវត្ត​គម្រោង​វិនិយោគ​ចំនួន​608គម្រោង​ដែល​ក្នុង​នោះ​មាន​ 171គម្រោង​កំពុង​ដំណើរការ​ ហើយ​ត្រូវការ​ថវិកា​បន្ថែម​។នេះ​បើ​តាម​តួលេខ​ពី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។

គម្រោង​ទាំងនេះ​រួមមាន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗ ដូចជា​ផ្លូវអាកាស​យានដ្ឋាន​ ទំនប់ទឹក​ កំពង់ផែ​ ស្ពាន​ និង​គំនិត​ផ្តួចផ្តើម​ដើម្បី​អភិវឌ្ឍ​វិស័យ​ជលផល​ កសិកម្ម​ សុខភាព​ និង​ថាមពល​របស់​ប្រទេស​កម្ពុជា​។រហូតមកដល់​ពេលនេះ​ រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​បាន​ប្តេជ្ញា​រួមគ្នា​សម្រាប់​ទឹកប្រាក់​ចំនួន​ 8.4​ពាន់​លាន​ដុល្លារ​ ដោយ​រដ្ឋាភិបាល​កំពុង​ស្វែងរក​ថវិកា​ចំនួន​ 6ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ដើម្បី​ ចំណាយ​ទៅលើ​កម្មវិធី​ទាំងមូល​ ហើយ​គេ​យល់ថា​ ដៃគូ​អភិវឌ្ឍន៍​ទាំងនេះ​រួមមាន​ប្រទេស​ចិន​ ជប៉ុន​កូរ៉េ​ខាងត្បូង​ និង​សហគមន៍​អឺរ៉ុប​ដែល​ស្ថិត​ក្នុងចំណោម​ប្រភព​វិនិយោគ​ និង​ជំនួយ​អភិវឌ្ឍន៍​ធំជាង​គេ​។

ទាក់ទង​នឹង​តុល្យភាព​ 6ពាន់​លាន​ដុល្លារ​ រដ្ឋាភិបាល​រំពឹង​ថា​ នឹង​ទាញ​យក​ជំនួយ​មិន​ត្រឹមតែ​ ពី​ដៃគូ​អភិវឌ្ឍន៍​របស់​ខ្លួន​ ឬរដ្ឋាភិបាល​បរទេស​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​វិស័យ​ឯកជន​ទៀតផង​។

នៅក្នុង​ការ​ថ្លែង​កាលពី​ខែមុន​ លោក​ ចូន​ ចាន់​នាយក​ប្រតិបត្តិ​ក្រុ​មហ៊ុនហ្គោល​វូល​ ខូ​អិល​ធី​ឌី​ ដែល​ជា​អ្នកគ្រប់គ្រង​ការ​វិនិយោគ​ក្នុង​ស្រុក​ បាន​មានប្រសាសន៍​ថា​ ពួកគេ​បាន​ត្រៀមខ្លួន​ជា​ដៃគូ​ ជាមួយ​រដ្ឋាភិបាល​ដើម្បី​ស្វែងរក​ប្រភព​មូលនិធិ​សម្រាប់​គម្រោង​ធំៗ​នៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ថាមពល​។

សូម​បញ្ជាក់​ថា​ កម្មវិធី​វិនិយោគ​សាធារណៈ​នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយ​ក្រសួងផែនការ​ដោយ​ផ្អែកលើ​ធាតុ​ចូល​ពី​ក្រសួង​ និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ផ្សេង​។ ជា​សរុប​ បរិមាណ​ទុន​តាម​ឆ្នាំ​ របស់​កម្មវិធី​វិនិយោគ​សាធារណៈ​ 3ឆ្នាំ​រំកិល​ 2020​-202​ រួមមាន​៖ ឆ្នាំ2020​ ចំនួន4,556លាន​ដុល្លារ​អាមេរិក​។ ឆ្នាំ​2021ចំនួន​ 5,104ដុល្លារ​អាមេរិក​ និង​ឆ្នាំ2022​ ចំនួន​ 4,827លាន​ដុល្លារ​អាមេរិក​។

បរិមាណ​ទុន​សរុប​ចំនួន​ 14,487លាន​ដុល្លារ​អាមេរិក​ រួមបញ្ចូល​នូវ​បរិមាណ​ទុន​ដែល​បាន​សន្យា​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ដៃគូ​អភិវឌ្ឍន៍​រួចហើយ​មាន​ចំនួន​ 8,597លាន​ដុល្លារ​អាមេរិក​)ក្នុង​នោះ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​ 529.8លាន​ដុល្លារ​អាមេរិក​ និង​ពី​ដៃគូ​អភិវឌ្ឍន៍​ចំនួន​ 8,067.5​លាន​ដុល្លារ​អាមេរិក​) ដោយ​ត្រូវការ​ទុន​បន្ថែមចំនួន​ 5,889.7លា​នដុ​លា្ល​រអា​មេ​រិក​)។

យោង​តាម​វិស័យ​ដូច​បាន​កំណត់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ2019​-2023​ រួមមាន​៖- 6.5​%នៃ​តម្រូវការ​ចំណាយ​វិនិយោគ​សាធារណៈ​សរុប​សម្រាប់​អនុវត្ត​គម្រោង​ក្នុង​វិស័យ​សង្គមកិច្ច​។

– 32.7​% នៃ​តម្រូវការ​ចំណាយ​វិនិយោគ​សាធារណៈ​ សរុប​សម្រាប់​អនុវត្ត​គម្រោង​ក្នុង​វិស័យ​សេដ្ឋកិច្ច​។

– 53.8​% នៃ​តម្រូវការ​ចំណាយ​វិនិយោគ​សាធារណៈ​ សរុប​សម្រាប់​អនុវត្ត​គម្រោង​ក្នុង​វិស័យ​ហេ​ដ្ឋា​ រចនាសម្ព័ន្ធ​។

– 7.0​% នៃ​តម្រូវការ​ចំណាយ​វិនិយោគ​សាធារណៈ​ សរុប​សម្រាប់​អនុវត្ត​គម្រោង​ក្នុង​វិស័យ​សេវា​ និង​កម្មវិធី​អន្តរ​វិស័យ​។

ដោយ​ឈរ​លើ​ក្របខ័ណ្ឌ​ទស្សនៈ​រួម​ដែល​កំណត់​ពី​តួនាទី​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​នៃ​ការ​វិនិយោគ​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ យើង​អាច​ធ្វើ​សេចក្តី​សន្និដ្ឋាន​ជា​រួម​បាន​ថា​ ការធានា​ឱ្យ​មាន​នូវ​កម្មវិធី​វិនិយោគ​សាធារណៈ​មួយ​ ដែល​នឹង​ត្រូវ​រួមចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​ ក៏ដូចជា​ធ្វើជា​ឧបករណ៍​ផ្នែក​គោលនយោបាយ​សម្រាប់​ប្រែក្លាយ​គោលនយោបាយ​អាទិភាព​ជាតិ​ឱ្យទៅ​ជា​ការពិត​ជា​ក់​សែ្តង​ គឺជា​ប្រការ​ចាំបាច់​នៅក្នុង​ដំណើរការ​នៃ​ការរៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​។ ក្នុង​នេះ​ដើម្បី​សម្រេច​បាន​នូវ​ចំណុច​គោលដៅ​នៃ​កំណើន​ម៉ាក្រូ​សេដ្ឋកិច្ច​ជា​រួម​ និង​តាម​វិស័យ​នៅក្នុង​ដំណាក់​ការ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ2019​-2023​៕

Advertisement