ធនាគារពិភពលោក៖ កម្ពុជាបោះជំហានលើផ្លូវត្រូវក្នុងកំណើនសេដ្ឋកិច្ច និងជំរុញការនាំចេញកសិផល

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលជួបជាមួយលោកស្រី វិចតូរៀ ខ្វាខ្វា(Victoria Kwakwa) អនុប្រធានធនាគារពិភពលោក (World Bank) ខណៈដែលលោកស្រី បានត្រឡប់មកវិញ ក្រោយពីខកខានមកកម្ពុជាកាលពី 3ឆ្នាំកន្លងទៅ ដោយលោកស្រិបានសង្កេតឃើញថា កម្ពុជាកំពុងរីកចម្រើនខ្លាំង ក្នុងកំណើនសេដ្ឋកិច្ចជាមធ្យម7-8% ដ៏គួរឱ្យកោតសរសើរ ជាមួយនឹងអត្រាកាត់បន្ថយភាពក្រីក្រ និងអត្រាស្លាប់របស់ទារកនៅពេលកើតក៏បានថយចុះ។ នេះបញ្ជាក់ថា កម្ពុជាកំពុងតែបោះជំហានលើផ្លូវមួយត្រឹមត្រូវ ដែលក្នុងនាមធនាគារពិភពលោក លោកស្រីសូមសម្តែងនូវការអបអរសាទរ ចំពោះជោគជ័យដែលកម្ពុជាទទួលបាន។ទន្ទឹមនឹងនេះ លោកស្រីក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា ដែលបន្ទាប់ពីការវិលត្រឡប់របស់លោកស្រីមកកម្ពុជាវិញនោះ ធនាគារពិភពលោក និងប្រទេសកម្ពុជា គឺជាដៃគូដ៏ល្អ មានជំនឿជាក់នឹងគ្នាទៅវិញទៅមក។ ការចូលរួមរបស់ធនាគារពិភពលោក នៅក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ក៏ដូចជាក្នុងវិស័យកសិកម្មផងដែរ គឺដើម្បីរួមចំណែកក្នុងការជំរុញការបង្កើនទិន្នផល និងការនាំចេញរបស់កសិផលកម្ពុជា។

លោកស្រី Victoria Kwakwa បានថ្លែងថា កន្លងមកនេះធនាគារពិភពលោកបានធ្វើការយ៉ាងច្រើនជាមួយនឹងសហគមន៍ផ្សេងៗ ដែលប្រជាពលរដ្ឋទទួលបានដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល និងបានទទួលយកធ្វើការដាំដុះ ទទួលបានលទ្ធផលជាទីគាប់ចិត្ត។ លោកស្រីបន្ដទៀតថា ដីសង្គមកិច្ចដែលបានចែកជូនប្រជាពលរដ្ឋនោះ គឺប្រជាពលរដ្ឋបានធ្វើការដាំដុះ លើកស្ទួយវិស័យកសិកម្ម ក៏ដូចជាជីវភាពរស់នៅប្រជាពលរដ្ឋខ្លួនឯងដែរ ហើយនៅក្នុងតំបន់នោះ ក៏មានសាលារៀន និងមណ្ឌលថែទាំសុខភាព សម្រាប់ប្រជាពលរដ្ឋនៅផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអ្វីដែលជាការលើកឡើងរបស់លោកស្រី Victoria Kwakwa ហើយក៏បានជម្រាបជូនទៅលោកស្រីវិញថា នៅកម្ពុជា ការផ្តល់ដី សម្បទានសង្គមកិច្ច គឺជានយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ តែក៏បានកាត់យកមកវិញនូវដីសម្បទានសេដ្ឋកិច្ចណា ដែលមិនអនុវត្តតាមគោលការណ៍ និងមិនបានធ្វើការដាំដុះតាមផែនការមេ ឬក៏មិនគោរពតាមច្បាប់របស់រាជរដ្ឋាភិបាលដែរ។ ដីទាំងនោះ ក៏បានបែងចែកទៅដល់ប្រជាជនកម្ពុជាដែលគ្មានដីប្រើប្រាស់សម្រាប់បង្កបង្កើនផល និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផង ដែលនេះគឺជាការងារសំខាន់ណាស់ ព្រោះដីសម្បទានសង្គមកិច្ចត្រូវការតភ្ជាប់ជាមួយនឹងវិស័យកសិកម្ម។ក្នុងន័យនេះសម្តេចតេជោក៏បានលើកទឹកចិត្តឱ្យធនាគារពិភពលោកចូលរួមយ៉ាងសកម្មថែមទៀតជាមួយនឹងប្រជាពលរដ្ឋកម្ពុជាដែលទទួលបានដីសង្គមកិច្ចពីរាជរដ្ឋាភិបាល ដើម្បីជំរុញធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានការដាំដុះ អនុវត្តកសិកម្មល្អ និងទទួលផលបានល្អ ដើម្បីលើកស្ទួយជីវភាពគ្រួសារពួកគាត់ផង ព្រមទាំងចូលរួមចំណែកលើកស្ទួយវិស័យសេដ្ឋកិច្ចកម្ពុជាផងដែរ។

សម្ដេចក៏បានលើកឡើងពីសារៈសំខាន់ នៃហេដ្ឋារចនាសម្ព័ន្ធផងដែរ ដែលកន្លងមកហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ គឺបាននិងកំពុងតែអភិវឌ្ឍ ប៉ុន្តែត្រូវការធនធានច្រើនសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ហើយកន្លងមកធនាគារអភិវឌ្ឍន៍អាស៊ី និងកូរ៉េបានដើររួមគ្នា ដែលកសាងផ្លូវលំពីផ្លូវដីក្រហមទៅកាន់ផ្លូវកៅស៊ូ 2ជាន់ (DBST) ហើយឥឡូវនេះ គឺមានគុណភាពល្អសម្រាប់តំបន់ដាច់ស្រយាល និងតំបន់ជនបទ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យធនាគារពិភពលោកពិនិត្យមើលលទ្ធភាពចូលរួមក្នុងការដាក់កម្មវិធីការកសាងផ្លូវ កែប្រែផ្លូវជនបទពីដីក្រហម ទៅជាផ្លូវកៅស៊ូ 2ជាន់វិញ ដោយសារមូលហេតុថា ធនាគារពិភពលោក កំពុងតែចូលរួមយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍតំបន់ជនបទនោះស្រាប់។ លោកស្រី Victoria Kwakwa បានសន្យាពង្រឹងកិច្ចសហការជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងនាមជាដៃគូដែលជួយគ្នា និងស្តាប់យោបល់គ្នាទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍកម្ពុជាឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030 ខាងមុខ៕

Advertisement