ងៀត​សាច់គោ​ឆ្ងាញ់​កំពង់ចាម​ កំពុង​ល្បី​ និង​លក់ដាច់​ខ្លាំង​នៅ​ទីផ្សារ​ក្នុង​ស្រុក​ ដល់​ថ្នាក់​ធ្វើមិនទាន់​

ក្នុងចំណោម​ឈ្មួញ​ត្រី​ងៀត​ធំៗ​នៅ​ខេត្ត​កំពង់ចាម​លោក​ សុខ​ ឃីម​ ម្ចាស់​“សិប្បកម្ម​ត្រីងៀត​ឆ្ងាញ់​កំពង់ចាម​” ជា​អ្នក​កែច្នៃ​ផលិតផល​ត្រី​ធ្វើជា​ត្រីងៀត​ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​។ លោក​ សុខ​ឃីម​ រស់នៅ​ភូមិ​កំ​ប៉ាល​ ឃុំ​សណ្តែក​ ស្រុក​បាធាយ​ ខេត្ត​កំពង់ចាម​ដែល​ធ្លាប់​បាន​ប្រាប់​ ឡា​រ៉ែ​ន ពាណិជ្ជ​ថា​ ផលិតផល​ត្រីងៀត​ឆ្ងាញ់​កំពង់ចាម​របស់​លោក​ទទួល​បាន​ចំណាប់​អារម្មណ៍​ច្រើន​ពីអ​តិថិ​ជន​ក្នុង​ស្រុក​ ក៏ដូចជា​ក្រៅ​ស្រុក​ដែរ​ ដោយមាន​ការ​ជាវ​និង​បញ្ជាទិញ​ជាហូរហែ​មក​នោះ​ ឥឡូវនេះ​ លោក​ក៏​មាន​ងៀត​សាច់គោ​ឆ្ងាញ់​កំពង់ចាម​ ជា​ផលិតផល​ថ្មី​ដែល​បាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​រួចហើយ​។

ដោយសារ​ថា​ អ្នក​រស់នៅ​ជាប់​ទន្លេមេគង្គ​មាន​ជំនាញ​ខាង​ការកែច្នៃ​ត្រី​ស្រស់​ទៅជា​អាហារ​បម្រុង​ដែល​អាច​រក្សាទុក​បរិភោគ​បាន​យូរ​ មាន​ដូចជា​ ប្រហុក​ ផ្អក​ ត្រីឆ្អើរ​ ត្រីងៀត​ ត្រីប្រឡាក់​ជាដើម​នោះ​ សាច់ងៀត​គោ​ឆ្ងាញ់​កំពង់ចាម​ ក៏​ជា​អាហារ​បម្រុង​ដ៏​ពេញនិយម​មួយ​ដែរ​ ដែល​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ត្រូវ​បាន​អតិថិជន​ចាប់ផ្តើម​បញ្ជាទិញ​ និង​កំពុង​ចាប់អារម្មណ៍​ជាវ​ផលិតផល​របស់​លោក​ក្នុង​ចំនួន​ច្រើនឡើង​ជាលំដាប់​។

អ្នកស្រី​ ម៉ៃ​យ៉ា​ ជា​ប្រពន្ធ​ លោក​សុខ​ ឃីម​ បាន​ប្រាប់​ ឡា​រ៉ែ​ន ពាណិជ្ជ​ ថា​៖“ប្រមាណ​ជា​ 2-3ឆ្នាំ​ចុងក្រោយ​នេះ​ ក្រៅពី​អាជីវកម្ម​ត្រីងៀត​លក្ខណៈ​គ្រួសារ​របស់ខ្ញុំ​ហើយ​ ខ្ញុំ​បាន​ពង្រីក​ខ្លួន​ដោយ​បាន​ធ្វើការ​ផ្សព្វផ្សាយ​តាម​ហ្វេ​សប៊ុ​ក និងYouTube​ ដោយ​គ្រួសារ​ខ្ញុំ​បាន​ធ្វើសាច់​ងៀត​គោ​ដំណាលគ្នា​នឹង​ការ​ធ្វើត្រី​ងៀត​ផង​ដែរ​ ធ្វើ​ឱ្យ​មានការ​ទទួលស្គាល់​ច្រើនឡើង​ ហើយ​ទីផ្សារ​ក៏​មានការ​រីកចម្រើន​ធំជាង​មុន​ដែរ​”។

អ្នកស្រី​ ម៉ៃ​យ៉ា​ វ័យ​ 26ឆ្នាំ​ ម្ចាស់​សិប្បកម្ម​ត្រីងៀត​ឆ្ងាញ់​កំពង់ចាម​ ក៏បាន​រំឭក​ឱ្យ​ដឹងផង​ដែរ​ថា​ យើង​ទើបតែ​ចាប់ផ្តើម​ធ្វើ​ងៀត​សាច់គោ​ក្នុង​ឆ្នាំនេះ​ទេ​។ ការ​ធ្វើសាច់​គោ​ងៀត​ដំបូង​នេះ​ គឺ​មានតែ​ប្រមាណ​ជា​ 20​ – 30គីឡូក្រាម​ប៉ុណ្ណោះ​ ពោល​គឺ​ ធ្វើ​ក្នុង1ថ្ងៃ​តែ​ 3 ទៅ​ 4គីឡូ​ប៉ុណ្ណោះ​។ តែម​កដល់ពេល​បច្ចុប្បន្ន​ ថ្ងៃ​ខ្លះ​យើង​ធ្វើ​លក់​បាន​ក្នុង​ 1ថ្ងៃ​រហូតដល់​ 10គីឡូ​ក៏​មាន​ ហើយ​ 2ខែ​ចុងក្រោយ​នេះ​ យើង​លក់​បាន​ដល់​ជាង​ 50គីឡូ​ឯណោះ​ក្នុង​ 1ខែ​។ ឯសាច់គោ​ដែល​យក​មក​ផលិត​ជា​សាច់ងៀត​វិញ​នោះ​ គឺ​យើង​បាន​នាំ​យក​មក​ពី​បងប្អូន​គាត់​ជា​អ្នក​កាប់​គោ​នៅក្នុង​ខេត្ត​ ហើយ​សាច់ងៀត​ដែល​ត្រូវ​ធ្វើ​នោះ​ គឺ​ធ្វើឡើង​ពី​សាច់​គោ​ស្រស់​ៗ ថ្មី​ៗ និង​សាច់​ល្អ​ៗ។

អ្នកស្រី​ ម៉ៃ​យ៉ា​ បានឱ្យ​ដឹង​ទៀត​ថា​៖“ការកែច្នៃ​សាច់គោ​ធ្វើជា​សាច់ងៀត​ គឺ​មិន​ចាំបាច់​មាន​រដូវ​កាល​ទេ​ គឺ​អាច​ធ្វើ​បាន​រាល់ថ្ងៃ​ ឱ្យ​តែ​មានសាច់​ល្អ​ ប៉ុន្តែ​ឥឡូវ​ឱ្យ​តែ​មាន​អ្នកបញ្ជា​ទិញ​ គឺ​យើង​ត្រូវ​រៀបចំ​ធ្វើ​ឱ្យ​ម៉ូយ​ជា​បន្ត​បន្ទប់​ ដោយ​សាច់ងៀត​មួយចំនួន​ធំ​ត្រូវលក់​ទៅ​ម៉ូយ​នៅ​ភ្នំពេញ​ ហើយក៏​មាន​មួយចំនួន​ទៀត​ នាំទៅ​ខេ​ត្ត​ផ្សេង​ៗផង​ដែរ​ គឺ​មាន​នាំចេញ​ទៅ​ស្ទើរគ្រប់​ខេត្ត​ក្រុង​ក្នុង​ស្រុកខ្មែរ​យើង​”។

អ្នកស្រី​បាន​បញ្ជាក់​ថា​៖“នៅ​ឆ្នាំនេះ​ ខ្ញុំ​ធ្វើសាច់​គោ​ងៀត​បាន​ច្រើនជាង​ការ​រំពឹង​ទុក​ ព្រោះថា​ការ​បញ្ជាទិញ​សាច់គោ​ងៀត​របស់ខ្ញុំ​មិនមែន​មានតែ​អ្នក​នៅក្នុង​ស្រុក​ទេ​ តែ​នៅ​មាន​អ្នក​នៅ​ក្រៅ​ស្រុក​ក៏បាន​បញ្ជាទិញ​ច្រើន​គួរសម​ដែរ​ ដោយ​គាត់​បាន​មក​ផ្ទាល់ខ្លួន​ឯង​ ហើយ​យើង​រៀបចំ​វេច​ខ្ចប់​ជូន​គាត់​។ សម្រាប់​ការ​បញ្ជាទិញ​ពី​អ្នក​នៅ​ក្រៅ​ស្រុក​ គឺ​មាន​អ្នក​-អាណិកជន​ពី​ប្រទេស​អាមេរិក​ កាណាដា​ អូស្ត្រាលី​ អុី​តា​លី​ ជប៉ុន​ និង​កូរ៉េ​ទៀតផង​ ហើយ​វា​ក៏​ជាទី​ផ្សារ​ដែល​អាច​រីកចម្រើន​នៅពេល​ខាងមុខ​បាន​”។

អ្នកស្រី​បាន​បញ្ជាក់​ថា​៖“សិប្បកម្ម​ខ្ញុំ​មិនមែន​មានតែ​ផលិតផល​ត្រីងៀត​តែមួយមុខ​ទេ​ តែ​ខ្ញុំ​មាន​ផលិតផល​កែច្នៃ​ច្រើនមុខ​ទៀត​ ដូចជា​ងៀត​ត្រីរ៉ស់​ ងៀត​ត្រីឆ្តោ​ ងៀត​ត្រី​កន្ធរ​ ត្រីប្រឡាក់​ ប្រហុក​ ផ្អក​ ត្រីផាត់​ និង​ងៀត​សាច់គោ​នេះ​ ជាដើម​ ហើយ​ងៀត​សាច់គោ​នេះ​ និង​ផលិតផល​កែច្នៃ​ពី​ត្រី​ជាច្រើន​មុខ​ទៀត​ ក៏​ត្រូវ​បាន​គេ​ចាប់ផ្តើម​បញ្ជាទិញ​ច្រើនឡើង​ ដែល​អាច​នឹង​ធ្វើ​ឱ្យ​យើង​ធ្វើមិនទាន់​ ដោយ​ក្នុង​ ខែ​កក្កដា​ និង​សីហា​ជា​ខែ​ដែល​មាន​គេ​បញ្ជាទិញ​គ្រប់មុខ​ ហើយ​ច្រើន​ៗទៀត​”។

ពាក់ព័ន្ធ​នឹង​តម្លៃ​លើ​ទីផ្សារ​វិញ​ អ្នកស្រី​ ម៉ៃ​យ៉ា​បាន​និយាយ​បន្ត​ថា​ បន្ទាប់ពី​ច្នៃ​រួច​ សាច់គោ​ងៀត​នឹង​លក់​ចេញ​ក្នុង​តម្លៃ​ 1គីឡូក្រាម​ថ្លៃ​ 11ម៉ឺន​រៀល​(ឬ27​$) សម្រាប់​សាច់​បន្ទះ​សំប៉ែត​ រី​ឯសាច់ងៀត​មូល​តម្លៃ​ 1គីឡូក្រាម​ 10ម៉ឺន​រៀល​(ឬ25​$)។ តម្លៃ​នេះ​បើ​គិត​នៅ​លើ​ទីផ្សារ​ វា​មិនជា​ថ្លៃជាង​សិប្បកម្ម​កែច្នៃ​ដទៃទៀត​ទេ​ ដោយសារតែ​ផលិតផល​របស់​យើង​មាន​អនាម័យ​ និង​មានការ​ទទួលស្គាល់​ពីអ​តិថិ​ជន​ ដែល​ពួកគាត់​អាច​ទទួលយក​បាន​។

អ្នកស្រី​ ម៉ៃ​យ៉ា​ ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ បច្ចុប្បន្ន​ការ​-បញ្ជាទិញ​ បើ​គិតជា​មធ្យម​ គឺ​ប្រមាណ​ជា​ 30គីឡូក្រាម​ដែរ​ក្នុង​ 1ខែ​សម្រាប់​សាច់ងៀត​មូល​ ដូច្នេះ​បើ​គិតជា​ប្រាក់​ ក៏​ប្រមាណ​ជា​ 3,000,000រៀល​ដែរ​(30គីឡូ​ x 100.000រៀល​)។

ចំពោះ​ការ​បញ្ជាទិញ​ទៅក្រៅ​ប្រទេស​វិញ​ អ្នកស្រី​ ម៉ៃ​យ៉ា​ បានឱ្យ​ដឹង​ថា​៖“សម្រាប់​ងៀត​សាច់គោ​នេះ​ ខ្ញុំ​ទទួល​បានការ​បញ្ជាទិញ​ទៅក្រៅ​ប្រទេស​ច្រើន​គួរសម​ដែរ​ ហើយ​ម្ចាស់​អ្នកទិញ​ គេ​មក​បញ្ជាទិញ​ផ្ទាល់​ ដោយ​យើង​នឹង​លក់​ក្នុង​តម្លៃ​ដូច​អ្នក​មក​ទិញ​ក្នុង​ស្រុក​ដែរ​(25​-27​$)។ យើង​មិន​អាច​ផ្ញើ​តាម​ប៉ុស្តិ៍​ប្រៃសណីយ៍​ទៅក្រៅ​ប្រទេស​បានទេ​(សម្រាប់​សាច់គោ​ងៀត​)ទាល់តែ​អ្នកទិញ​មក​ទិញ​យក​ទៅ​ដោយខ្លួនឯង​ផ្ទាល់​ មិន​ដូច​ផលិតផល​ត្រី​-ងៀត​ដែល​យើង​អាច​ផ្ញើ​តាម​ប៉ុស្តិ៍​បាន​”។

អ្នកស្រី​ ម៉ៃ​យ៉ា​ បាន​បញ្ជាក់​ពី​គោលបំណង​អាជីវកម្ម​ទៅ​ថ្ងៃមុខ​របស់​អ្នកស្រី​ថា​៖“ខ្ញុំ​មាន​គម្រោង​ពង្រីក​សិប្បកម្ម​ធ្វើត្រី​ងៀត​ និង​សាច់ងៀត​របស់ខ្ញុំ​ឱ្យ​ធំជាង​នេះ​ តែ​នៅ​ពុំ​ទាន់បាន​សម្រេច​ចេញ​ជារូបរាង​នៅឡើយ​ទេ​។ ប៉ុន្តែ​ខ្ញុំ​គិតថា​ វា​នឹង​ចេញ​ជារូបរាង​នា​ពេល​ឆាប់​ៗនេះ​ ដោយ​យើង​ចង់​ស្វែងរក​ទីតាំង​ណាមួយ​ឱ្យ​ងាយស្រួល​ក្នុង​ការ​ធ្វើការ​ចែកចាយ​ទៅកាន់​ទីផ្សារ​ក្នុង​ស្រុក​ ក៏ដូចជា​ទីផ្សារ​ក្រៅ​ស្រុក​ដែរ​ និង​ដើម្បី​សម្រួល​ដល់​ការ​បញ្ជាទិញ​ឱ្យ​បាន​កាន់តែ​ច្រើន​ឡើង​ៗជាលំដាប់​”៕

Advertisement