កម្ពុជា​-ជប៉ុន​រំពឹង​ជំរុញ​ពាណិជ្ជកម្ម​តាមរយៈ​ការ​ចុះ​អនុស្សរណៈ​

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ និង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ហៅ​កាត់​ថា​ JETRO​ (ជេត្រូ​) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU​) ដោយ​រំពឹង​ថា​ នឹងអាច​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​កម្ពុជា​បន្ថែម​ទៀត​ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​ និង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ និង​វិស័យ​សំណង់​ ខណៈ​ដែល​ប្រទេស​ជប៉ុន​ក៏​ជា​អ្នក​វិនិយោគ​ធំ​មួយ​ដែរ​នៅ​កម្ពុជា​។

ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្ដិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​មានប្រសាសន៍​ថា​ អនុស្សរណៈ​នេះ​នឹង​ជួយ​ពង្រឹង​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​ និង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ ក្នុង​គោលបំណង​បង្កើត​នូវ​ភាពជា​ដៃគូ​គ្រប់ជ្រុងជ្រោយ​រវាង​ក្រសួង​ពាណិជ្ជកម្ម​ និង​ JETRO​ ។

ជាមួយគ្នា​នោះ​ផង​ដែរ​ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​កត់សម្គាល់​នូវ​សកម្មភាព​មួយចំនួន​ដែល​ JETRO​បាន​អនុវត្ត​នៅ​កម្ពុជា​ ដែល​រួមមាន​ការផ្គូផ្គង​ធុរកិច្ច​ ការសិក្សា​វិភាគ​ ការចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ក្នុង​ស្រុក​ ការសម្រប​សម្រួល​បញ្ហា​ជូន​ក្រុមហ៊ុន​ជប៉ុន​ ការ​បណ្ដុះបណ្ដាល​មន្ត្រី​ និង​វិស័យ​ឯកជន​ និង​ការ​ជួយ​ដល់​ក្រុមហ៊ុន​កម្ពុជា​ចូលរួម​ក្នុង​ពិព័រណ៍​ជប៉ុន​។

ឯកឧត្តម​បាន​បន្ត​ថា​ តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​ប្រមូល​ព័ត៌មាន​ពិត​ពីទី​ផ្សារ​កម្ពុជា​របស់​ JETRO​ បាន​ផ្ដល់​ទំនុកចិត្ត​ដល់​ក្រុមហ៊ុនAeon​ មក​វិនិយោគ​ផ្សារ​ទំនើប​នៅ​កម្ពុជា​ជាបន្តបន្ទាប់​ ហើយ​ការបង្កើត​ផ្សារ​ទំនើបAeon​ ជាបន្តបន្ទាប់​នេះ​គឺជា​តម្លៃបន្ថែម​មួយ​នៃ​ការ​វិនិយោគ​ ដោយក្រុម​ហ៊ុន​ជប៉ុន​បាន​នាំ​យក​មក​ជាមួយ​នូវ​ស្ដ​ង់​ដា​ល្អ​ៗជាច្រើន​ ដូច​ជា​ស្ដ​ង់​ដា​អនាម័យ​មក​ប្រើប្រាស់​ក្នុង​ទីផ្សារ​កម្ពុជា​។

លោកស្រី​បណ្ឌិត​ យូ​រី​ សា​តូ​ នាយិកា​រង​នៃ​អង្គការ​ JETRO​ បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​សម្របសម្រួល​របស់ក្រ​សួង​ពាណិជ្ជកម្ម​ចំពោះ​ធុរកិច្ច​ជប៉ុន​។ លោកស្រី​បាន​កត់សម្គាល់​នូវ​កំណែទម្រង់​មួយចំនួន​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​ និង​អនុវត្ត​ក្នុង​ការសម្រួល​ដល់​ការ​ប្រកប​ធុរកិច្ច​ និង​ពាណិជ្ជកម្ម​ ដែល​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​លោកស្រី​នឹង​ពាំនាំ​ទៅ​ផ្សព្វផ្សាយ​។

លោកស្រី​បាន​បញ្ជាក់​ថា​ JETRO​ មានការ​ងារ​ថ្មី​មួយ​ដែល​នឹង​អនុវត្ត​ នោះ​គឺ​ការជំរុញ​នវានុវត្តន៍​ និង​ការបង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌីជីថល​ថ្មី​ (Innovation​ and​ Digital​ Technology​ Startup​) ជាមួយ​នឹង​ការផ្គូផ្គង​ធុរកិច្ច​។

សូម​បញ្ជាក់​ថា​ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដែល​បាន​ចុះ​នា​ពេលនេះ​ ជា​ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​អនុស្សរណៈ​ដែល​ក្រសួង​ពាណិជ្ជកម្ម​ និង​អង្គការ​J ETRO​ បាន​ចុះ​កាលពី​ថ្ងៃទី14​ ខែធ្នូ​ ឆ្នាំ2009​។ កិច្ច​សហប្រតិបត្តិ​ការ​រវាង​ស្ថាប័ន​ទាំង2​ បាន​រួមចំណែក​ដល់​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ជប៉ុន​ដែល​ក្នុង​ឆ្នាំ2009​ មាន​ចំនួន​តិចតួច​ ហើយ​ក្នុង​ឆ្នាំ2018​ បាន​កើនឡើង​ដល់​ចំនួន​ប្រមាណ​ 1.6​ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

ដោយឡែក​គណៈប្រតិភូ​វិនិយោគិន​ជប៉ុន​ចំនួន​14រូប​ ក៏បាន​ជួបពិភាក្សា​ក្នុង​ក្របខ័ណ្ឌ​នៃ​ការអនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការជំរុញ​វិនិយោគ​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ធនាគារ​ មី​ហ៊្សូហូ​ កាលពី​ថ្ងៃទី27​ ខែកុម្ភៈ​ ឆ្នាំ2017កន្លងទៅ​។

ឯកឧត្តម​ សុខ​ ចិន្តា​សោភា​ អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បញ្ជាក់​ថា​៖“នៅក្នុង​ជំនួប​នេះ​ សំដៅ​ជំរុញ​ដល់​ការ​វិនិយោគ​របស់​ជប៉ុន​មក​កម្ពុជា​ និង​លើកកម្ពស់​ភាពជា​ដៃគូ​សហគ្រិន​កម្ពុជា​-ជប៉ុន​ដែល​គណៈប្រតិភូ​វិនិយោគិន​ជប៉ុន​កំពុង​មាន​ប្រតិបត្តិ​ការ​នៅក្នុង​តំបន់​ និង​នៅក្នុង​ប្រទេស​កម្ពុជា​ ដឹកនាំ​ដោយ​លោក​ប្រធាន​ផ្នែក​តំបន់​អាស៊ី​ និង​អូ​សេ​អា​នី​នៃ​ធនាគារ​ មី​ហ្ស៊ូហូ​ ដែល​ជា​ធនាគារ​មួយ​ក្នុងចំណោម​ធនាគារ​ធំជាង​គេ​ទាំង3​នៅ​ប្រទេស​ជប៉ុន​ ដើម្បី​ស្វែងយល់​បន្ថែម​ពី​កាលានុវត្ត​ភាព​វិនិយោគ​នៅ​កម្ពុជា​ទាក់ទិនទៅនឹង​វិស័យ​កសិ​-ឧស្សាហកម្ម​”។

បច្ចុប្បន្ន​នេះ​ វិស័យ​អាទិភាព​ទាំង5​ ដែល​បាន​កំណត់​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ2015​-2025​ ជាពិសេស​វិ​ស័យ​កសិ​-ឧស្សាហកម្ម​ និង​កែច្នៃ​ចំណីអាហារ​ សមស្រប​ទៅ​នឹង​បណ្តា​ក្រុមហ៊ុន​របស់​ជប៉ុន​ដែល​មាន​បច្ចេកវិទ្យា​ និង​ជំនាញ​ខ្ពស់​ និង​ច្បាស់លាស់​ ខណៈ​ដែល​កម្ពុជា​មាន​កសិផល​ប្រកបដោយ​គុណភាព​ខ្ពស់​។

លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ ការ​ចុះ​ MoU​ នេះ​ មិន​ត្រឹមតែ​ខាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ប៉ុណ្ណោះទេ​ សូម្បីតែ​ខាង​ពន្ធដារ​ក៏​មានការ​ចុះ​ MoU​ លើកលែង​ពន្ធ​ត្រួតស៊ីគ្នា​ដែល​ជា​ការ​លើកទឹកចិត្ត​ និង​បើកផ្លូវ​សម្រាប់​ក្រុមហ៊ុន​ជប៉ុន​ដទៃទៀត​ដែល​មិនទាន់​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​ចូល​មក​ស្វែងយល់​ពី​ឱកាស​វិនិយោគ​ផង​ដែរ​។លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​បញ្ជាក់​ទៀត​ថា​៖“ជប៉ុន​ មុន​ពេល​ចូល​វិនិយោគ​នៅ​ប្រទេស​ណាមួយ​ គឺ​ពួកគេ​បាន​សិក្សា​លម្អិត​ពី​ភាព​ប្រឈម​ និង​ឱកាស​រីកចម្រើន​នៃ​មុខ​ជំនួញ​របស់​ពួកគេ​ ដូច្នេះ​ប្រទេស​ណាមួយ​ដែល​ជប៉ុន​ចូល​វិនិយោគ​ហើយ​ គឺ​បាន​បញ្ជាក់​ច្បាស់​ពី​ភាពរឹងមាំ​នៃ​កត្តា​សេដ្ឋកិច្ច​ និង​ស្ថិរភាព​នយោបាយ​ដែល​អំណោយផល​ដល់​ការ​វិនិយោគ​”។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា​៖“ដូច្នេះ​ជាមួយនឹង​ការ​ចូល​មក​សិក្សា​ និង​ស្វែងយល់​ពី​ឱកាស​ទាំងនេះ​ គឺ​មានការ​បង្ហាញផ្លូវ​ពីសំណាក់​បណ្តា​ក្រុមហ៊ុន​ជប៉ុន​ដែល​កំពុង​ដំណើរការ​វិនិយោគ​នៅ​កម្ពុជា​ ដែល​កាន់តែ​បង្កើន​ទំនុកចិត្ត​ខ្លាំង​ឡើង​សម្រាប់​ពួកគេ​បន្ថែម​ទៀត​”។

បច្ចុប្បន្ន​នេះ​ ក្រៅពី​មាន​ភាព​ស្អិតល្មួត​លើ​វិស័យ​ការទូត​ហើយ​ ប្រទេស​ជប៉ុន​បាន​ឈរ​នៅ​លំដាប់​ទី2​ ក្នុងនាម​ជា​ប្រទេស​ដែល​ជួយ​ជ្រោមជ្រែង​ប្រទេស​កម្ពុជា​តាមរយៈ​ការ​ផ្តល់​ជំនួយ​ស្ដារ​ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ជាពិសេស​នៅក្នុង​វិស័យ​សុខាភិបាល​ និង​វិស័យ​អប់រំ​។ ដោយឡែក​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​នៅ​កម្ពុជា​ ប្រទេស​ជប៉ុន​កំពុង​ឈរ​នៅ​លំដាប់​ទី4​ ខណៈ​ដែល​ប្រទេស​វិនិយោគ​ច្រើនជាង​គេ​ទី1​ នៅ​កម្ពុជា​ គឺ​ប្រទេស​ចិន​ដែល​ឈរ​នៅ​លំដាប់​កំពូល​ និង​ប្រទេស​កូរ៉េ​ខាងត្បូង​ឈរ​នៅ​លំដាប់​ទី2​ ហើយ​សិង្ហបុរី​ ឈរ​នៅ​លំដាប់​ទី3​៕

Advertisement