ក្រសួង​ពាណិជ្ជកម្ម​ផ្តើម​រៀបចំ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ ការ​ផ្តល់​សុពលភាព​លើ​ឯកសារ​ទស្សនទាន​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ គឺជា​ផែនទី​បង្ហាញផ្លូវ​មួយ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​។

លោកជំទាវ​ តឹក​រ៉េ​ត កំរង​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ បាន​ថ្លែង​ថា​៖ “ការ​វិវឌ្ឍ​ដ៏​លឿន​នៃ​បច្ចេកវិទ្យា​ឌីជីថល​បាន​បង្កើត​ឡើង​នូវ​កាលានុវត្ត​ភាព​ ក៏ដូចជា​ការ​ប្រឈម​ជាច្រើន​ដែល​ទាមទារ​ឱ្យ​មាន​ការ​គិតគូរ​ឱ្យ​ច្បាស់លាស់​លើ​ការប្រព្រឹត្ត​ទៅ​នៃ​ការងារ​នានា​ ការពឹងផ្អែក​បច្ចេកវិទ្យា​ជា​មធ្យោបាយ​ ហើយ​ការងារ​ទាំងនេះ​ត្រូវ​បាន​រំលេច​យ៉ាង​ច្បាស់​លាស់​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី6​ ត្រង់​មុំ​ទី3​ ដែល​តម្រូវ​ឱ្យ​មានការ​ពិនិត្យ​ និង​ត្រៀមខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ និង​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​”។

លោកជំទាវ​បន្ត​ទៀត​ថា​ ជា​កិច្ច​ឆ្លើយតប​ និង​ចូលរួម​វិភាគទាន​ទៅលើ​ការសម្រេច​បាន​នូវ​ គោលដៅ​អាទិភាព​ទាំងនោះ​ ក្រសួង​ពាណិជ្ជកម្ម​បានសម្រេច​ចិត្ត​ធ្វើការ​រៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ដើម្បី​ជា​ផែនទី​បង្ហាញផ្លូវ​មួយ​ច្បាស់លាស់​ដល់​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​។

ការរៀបចំ​យុទ្ធសាស្ត្រ​នេះ​ដែរ​ ក៏​ជា​តម្រូវការ​ដ៏​សំខាន់​ និង​ឆ្លើយតបទៅនឹង​អនុសាសន៍​មួយ​ ចំនួន​ទៀត​នៅក្នុង​ឯកសារ​ និង​យុទ្ធ​សា​ស្ត្រផ្សេង​ៗ ដូចជា​ឯកសារ​ Cambodia​ eTrade​ Readiness​ Assess​ment​ ដែល​បាន​រៀបចំឡើង​ដោយ​អង្គការ​ UNCTAD​ នៅ​ឆ្នាំ2017​ និង​ថ្មី​ៗនេះ​នៅក្នុង​សមា​ ហរ​ណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ 2019​-2023​ ជាពិសេស​ជំពូក​ទី11​ ស្ដីពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ និង​ជំពូក​ទី12​ ស្ដីពី​សេដ្ឋកិច្ច​ឌីជីថល​ និង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​។

សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​សម្រួល​ពាណិជ្ជកម្ម​ តាមរយៈ​ការកាត់បន្ថយ​នីតិវិធី​រដ្ឋបាល​ ជួយ​សន្សំ​ថវិកា​ និង​ពេលវេលា​នាំចេញ​-នាំចូល​ ព្រមទាំង​ធានា​បាន​នូវ​តម្លាភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​ ស្របតាម​គោលការណ៍​នៃ​អភិបាលកិច្ច​ល្អ​ ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

នៅក្នុង​បរិបទ​នៃ​សេដ្ឋកិច្ច​ឌីជីថល​ ប្រទេស​ជាច្រើន​រួម​ទាំង​កម្ពុជា​បាន​កំពុង​ធ្វើ​កំណែទម្រង់​នីតិវិធី​រដ្ឋបាល​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ដើម្បី​បង្កើន​ល្បឿន​ និង​ប្រសិទ្ធភាព​នៃ​ការដោះដូរ​ទំនិញ​ និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​ខ្លួន​។ដូច្នេះ​កិច្ចប្រឹងប្រែង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​សេវា​សាធារណៈ​ តាមរយៈ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​សំ​ខាន់​ៗជាមួយ​ប្រព័ន្ធ​បង់ប្រាក់​អេឡិចត្រូនិក​ និង​តភ្ជាប់​ទៅ​កាន់​បញ្ជរ​ជាតិ​តែមួយ​ ការ​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​មេ​បច្ចេកវិទ្យា​ (ITC​ Master​ Plan​) ការ​ដាក់​ឱ្យ​ដំណើរការ​បច្ចេកវិទ្យា​ Cloud​ និង​ការ​ដាក់បញ្ចូល​ផែនការ​សកម្ម​ភាព​ថ្មី​ៗស្តី​ពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ (CTIS​) ឆ្នាំ2019​-2023​ ជាដើម​។

លោកជំទាវ​ តឹក​រ៉េ​ត កំរង​ ក៏បាន​បន្ថែម​ទៀត​ដែរ​ថា​៖“លើស​ពីនោះ​ទៀត​ យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ក៏​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​វិស័យ​ឯកជន​ដែល​ត្រូវការ​ឯកសារ​មួយ​សម្រាប់​បញ្ជាក់​ជូន​អំពី​ចក្ខុវិស័យ​ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​នេះ​ ដែល​ជា​ចលករ​មួយ​សំខាន់​ក្នុង​ការ​សំដៅ​ជំរុញ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាមរយៈ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​”។

លោកជំទាវ​ តឹក​រ៉េ​ត កំរង​ បាន​បញ្ជាក់​ថា​៖“ការរៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​វេលា​នេះ​ ជា​ការ​មួយ​ដ៏​ត្រឹមត្រូវ​ គាប់​ជួន​ជាមួយនឹង​ការ​ជិត​សម្រេច​បាន​នូវ​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ហើយ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​បាន​ឆ្លងផុត​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​រួចហើយ​ បន្ទាប់​ទៀត​នឹង​ត្រូវ​បញ្ជូន​បន្ត​ដើម្បី​ស្នើសុំ​ការ​អនុម័ត​ដោយ​រដ្ឋសភា​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​”៕

Advertisement