ត្រឹម​ឆ្នាំ2030​ ការ​អភិវឌ្ឍ​លំនៅឋាន​នឹង​កើនឡើង​ដល់​ជិត​កន្លះ​លាន​ខ្នង​

យោង​តាម​របាយការណ៍​របស់​ក្រុម​អ្នកជំនាញ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​VTrust​ Appraisal​ ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​បាន​បង្ហាញថា​ នៅក្នុងចំណោម​ខណ្ឌ​ទាំង14​ នៅ​រាជធានី​ភ្នំពេញ​ មាន​ខណ្ឌ​ចំនួន7​ បាន​និង​កំពុង​មាន​សកម្មភាព​មមាញឹក​ក្នុង​ការសាងសង់​សំណង់​លំនៅឋាន​ ដើម្បី​ផ្គត់ផ្គង់​ទៅតាម​តម្រូវការ​ដែល​នឹង​ធ្វើ​ឱ្យ​កើនឡើង​រហូតដល់​ជិត​កន្លះ​លាន​ខ្នង​នៅ​ឆ្នាំ2030​។

ឯកសារ​ដែល​មាន​ចំណងជើង​ថា​ “ភ្នំពេញ​ឆ្នាំ​2030​” បាន​បង្ហាញថា​ លំនៅឋាន​ដែល​បាន​ និង​កំពុង​សាងសង់​នឹង​កើនឡើង​ 3ដង​ក្នុងរយៈពេល​ 13ឆ្នាំ​ខាងមុខ​។ ក្រុមហ៊ុន​វាយតម្លៃ​ខាងលើ​បាន​អះអាង​ថា​បច្ចុប្បន្ន​ចំនួន​លំនៅឋាន​សរុប​មាន​ចំនួន​ 150,000​ខ្នង​ ប៉ុន្តែ​នឹង​កើនឡើង​ដល់​ 450,000​ នៅ​ឆ្នាំ2030​។

របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា​ ខណ្ឌ​ទាំង7​ ដែល​បាន​ជាប់​ក្នុង​កំណត់ត្រា​ក្នុង​ការ​ផ្គត់ផ្គង់​លំនៅឋាន​យ៉ាងសកម្ម​ ដែល​ជំរុញ​ឱ្យ​មាន​កំណើន​លំនៅ​ឋាន​ថ្មី​ៗនៅក្នុង​រាជធានី​ភ្នំពេញ​នោះ​ រួមមាន​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ខណ្ឌ​សែនសុខ​ ខណ្ឌដង្កោ​ ខណ្ឌឫស្សីកែវ​ ខណ្ឌ​ច្បារអំពៅ​ ខណ្ឌ​មាន​ ជ័យ​ និង​ខណ្ឌ​ជ្រោយ​ចង្វា​រ។

ក្នុងចំណោម​ខណ្ឌ​ទាំងនេះ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បច្ចុប្បន្ន​មានការ​ផ្គត់ផ្គង់​ធំជាង​គេ​ ដែល​មានផ្ទះ​ជិត​ 50,000ខ្នង​។ ខណ្ឌ​សែនសុខ​ និង​ខណ្ឌដង្កោ​ មាន​ត្រឹមតែ​ប្រមាណ​ជាង​ 2ម៉ឺន​ខ្នង​ប៉ុណ្ណោះ​ តែ​ទោះ​យ៉ាងណាក្ដី​ របាយការណ៍​របស់​ វី​ត្រាស់​ បាន​ព្យាករ​ថា​ មាន​ការ​រីកចម្រើន​យ៉ាង​ខ្លាំង​នៅ​ខណ្ឌដង្កោ​ ដែល​ការ​ព្យាករ​នេះ​បាន​អះអាង​ថា​ នឹង​មានផ្ទះ​ជិត​ 100,000​ខ្នង​នៅ​ឆ្នាំ2030​។

របាយការណ៍​របស់​ VTrust​ នេះ​បាន​រំពឹង​ថា​ ជា​មធ្យម​ ការ​ផ្គត់ផ្គង់​លំនៅឋាន​បាន​កើន​ដល់25,000​ខ្នង​ក្នុង​ 1ឆ្នាំ​ និង​មាន​អត្រាកំណើន​ 9%នៃ​ការ​ផ្គត់ផ្គង់​លំនៅឋាន​ ដោយសារ​កំណើន​ប្រជាសាស្ត្រ​ និង​ការ​កើនឡើង​នូវ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ ស្រប​ពេល​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រក្សា​បាន​ភាពល្អ​ប្រសើរ​។

លោក​ ហ៊ឹម​ សីហា​ នាយក​ផ្នែក​ស្រាវជ្រាវ​របស់​ V-Trust​ Appraisal​ ដែល​ជា​អ្នកនិពន្ធ​របាយការណ៍​ “ភ្នំពេញ​ឆ្នាំ2030​” បាន​លើកឡើង​ថា​ រាជធានី​ភ្នំពេញ​បាន​មើលឃើញ​កំណើនប្រជាជន​ប្រមាណ​ 4%ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ នៅពេល​ដែល​ប្រជាជន​កាន់តែ​ស្វែងរក​ឱកាស​នៅក្នុង​ទីក្រុង​ ហើយ​ប្រជាជន​ទាំងអស់​នេះ​ជា​អ្នកចំណូលថ្មី​មក​ពី​តាម​បណ្តា​ខេ​ត្ត​ផ្សេង​ៗ

នៅក្នុង​ប្រទេស​ ជាពិសេស​ខេត្ត​នៅ​ជាប់​ភ្នំពេញ​។លោក​បាន​បន្ថែម​ទៀត​ថា​៖“ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ចំនួន​ប្រជាជន​នៅក្នុង​ទីក្រុង​ និង​ការ​កើនឡើង​នៃ​លំហូរ​ជន​អន្តោប្រវេសន៍​ចូល​មក​ថ្មី​ៗ ដែល​មក​ពី​តំបន់​ផ្សេង​ៗនៃ​ប្រទេស​ ដើម្បី​មក​តាំងទី​លំនៅ​ក្នុង​ទីក្រុង​ នឹង​ជំរុញ​តម្រូវការ​ផ្ទះ​កាន់តែ​ច្រើន​នៅ​ទីក្រុង​ភ្នំពេញ​”។

លោក​ សីហា​ បាន​មានប្រសាសន៍​ថា​៖“ដូច្នេះ​កំណើន​នៃ​ចំនួន​ប្រជាសាស្ត្រ​ទាំងនេះ​ គឺ​តម្រូវ​ឱ្យ​មានការ​ផ្គត់ផ្គង់​លំនៅឋាន​ជាចាំបាច់​ ខណៈ​ដែល​ការ​ផ្តល់​កម្ចី​ទិញ​ផ្ទះ​ពី​ធនាគារឯកជន​ក៏​ កាន់តែ​មាន​លក្ខខណ្ឌ​ងាយស្រួល​ដោយ​ការ​បង់​រំលស់​ ផ្តល់​ឱកាស​ដល់​ប្រជាជន​សម្រាប់​វិស័យ​លំនៅឋាន​ដែល​បាន​ជំរុញ​ឱ្យ​មានលទ្ធភាព​អាច​ទិញ​ផ្ទះ​បាន​ ហើយ​កត្តា​នេះ​បាន​ជំរុញ​កំណើន​ការសាងសង់​ និង​ផ្គត់ផ្គង់​បន្ត​ទៀត​”។

លោក​ ង៉ែត​ ជូ​ ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន​ Emerging​ Markets​ Consulting​ (EMC​) ត្រូវ​បាន​គេ​ស្រង់​សម្តី​ថា​៖“មានការ​ព្រួយបារម្ភ​នៅក្នុង​ចំណែក​ទីផ្សារ​លំនៅឋាន​ដែល​មានតម្លៃ​សមរម្យ​។ព្រោះ​តម្រូវការ​កាន់តែ​ច្រើន​ឡើង​ៗសម្រាប់​កម្មសិទ្ធិ​លើ​អចលនទ្រព្យ​ បាន​ជំរុញ​ឱ្យ​តម្លៃ​អចលនទ្រព្យ​កើន​ឡើង​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​”។

លោ​កជូ​បាន​អះអាង​ថា​ បច្ចុប្បន្ន​តម្លៃ​ដីធ្លី​កំពុង​កើនឡើង​ចន្លោះ​ពី​ 7-10​%ក្នុង​ 1ឆ្នាំ​អាស្រ័យ​លើ​ទីតាំង​។ ប្រទេស​កម្ពុជា​អាច​នឹង​ប្រឈម​នឹង​វិបត្តិ​លំនៅឋាន​នា​ពេល​អនាគត​ ជាពិសេស​ក្នុងចំណោម​ប្រជាជន​ដែល​មាន​ប្រាក់ចំណូល​ទាប​។

លោក​ ង៉ែត​ ជូ​ បាន​ថ្លែង​ថា​ ៖“ទោះជាយ៉ាងណា​ ការ​ផ្គត់ផ្គង់​លំនៅឋាន​ដែល​មានតម្លៃ​សមរម្យ​នា​ពេល​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា​ មិន​ឆ្លើយតប​នឹង​កម្រិតជីវភាព​របស់​កម្មករ​ទេ​ ព្រោះ​ផ្ទះ​មួយ​ខ្នង​ត្រូវ​ចំណាយ​ប្រាក់​យ៉ាងតិច​ 25,000ដុល្លារ​។ វិបត្តិ​នេះ​បាន​កើតឡើង​រួចហើយ​នៅ​ក្រុង​ហុងកុង​ ដូច្នេះ​កម្ពុជា​គួរតែ​រៀន​ និង​ត្រៀមខ្លួន​ជាមុន​។ បើ​និយាយ​ពីអ​ត្រា​តម្លៃ​ដីធ្លី​នៅ​កម្ពុជា​ នៅតែ​ទាប​បើ​ប្រៀបធៀប​ទៅ​នឹង​តំបន់​ផ្សេងទៀត​”។

លោក​បាន​លើកឡើង​ដោយ​យក​ទិន្នន័យ​របស់​Global​ Property​ Guide​ ដែល​ថា​ តម្លៃ​ដីធ្លី​ជាមធ្យម​នៅ​ទីក្រុង​ក្នុង​ប្រទេស​កម្ពុជា​ មានតម្លៃ​ប្រមាណ​ 2,900ដុល្លារ​ក្នុង​ 1ម៉ែត្រការ៉េ​។ នៅ​ប្រទេស​ថៃ​មាន​តម្លៃ​ 3,90០ដុល្លារ​ នៅ​ប្រទេស​ឥណ្ឌា​មានតម្លៃ​ 10,90០ដុល្លារ​ នៅ​ប្រទេស​ចិន​មានតម្លៃ​ 11,800​ដុល្លារ​ នៅ​សិង្ហបុរី​មានតម្លៃ​ 13,700ដុល្លារ​ និង​នៅ​ក្រុង​ហុងកុង​មានតម្លៃ​ 28,500ដុល្លារ​ក្នុង1ម៉ែត្រការ៉េ​៕

Advertisement