ផ្លែ​ដូងក្រអូប​ខ្មែរ​កំពុង​មាន​ទីផ្សារ​ល្អ​ និង​ត្រៀម​នាំចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស​

ដូងក្រអូប​បាន​ក្លាយជា​ផ្លែឈើ​ពាណិជ្ជកម្ម​មួយ​ក្នុងចំណោម​ផ្លែឈើ​ចំនួន​ 6មុខ​ដែល​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​បាន​ប្រកាស​ឱ្យ​កសិករ​ម្ចាស់​ចម្ការ​ ម្ចាស់​កសិដ្ឋាន​ ម្ចាស់​សហគ្រាស​ និង​សិប្បកម្ម​កែច្នៃ​ផ្លែឈើ​ដែល​មានបំណង​ចង់​នាំចេញ​ផលិតផល​របស់​ខ្លួន​ទៅក្រៅ​ប្រទេស​ ជាពិសេស​ប្រទេស​ចិន​នោះ​ អាច​ទំនាក់ទំនង​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​នៅ​អគ្គនាយក​ដ្ឋាន​កសិកម្ម​បាន​។

យោង​តាម​សេចក្តី​ប្រកាស​របស់ក្រ​សួង​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ កាលពី​ពេល​ថ្មី​ៗកន្លងទៅ​នេះ​ បានឱ្យ​ដឹង​ថា​ ដំណាំ​កសិកម្ម​ហូប​ផ្លែ​ចំនួន​6មុខ​ ដែល​រួមមាន​ផ្លែ​សា្វ​យស្រស់​ ផ្លែ​មៀន​ប៉ៃលិន​ម្រេច​ ផ្លែ​ស្រកានាគ​ ទឹកមាត់​ត្រចៀកកាំ​ និង​ដូង​ក្រអូប​ ត្រូវ​បាន​ជំរុញ​ឱ្យ​មានការ​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នៅ​ឆ្នាំ2020​ ដែល​នេះ​ជា​ដំណឹង​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ម្ចាស់​រោងចក្រ​កែច្នៃ​ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម​ និង​កសិករ​ដែល​ដាំដំណាំ​ហូប​ផ្លែ​ផ្សេង​។នៅក្នុង​សេចក្តី​ប្រកាស​ដដែល​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ មុននឹង​អាច​ធ្វើការ​នាំចេញ​បាន​ ប្រទេស​ចិន​បាន​តម្រូវ​ឱ្យ​ប្រទេស​កម្ពុជា​ធ្វើតាម​លក្ខខណ្ឌ​អនា​ម័យ​ផ្សេង​ៗឱ្យ​ត្រឹមត្រូវ​។ អាស្រ័យហេតុ​នេះ​ អគ្គនាយក​ដ្ឋាន​កសិកម្ម​បាន​អំពាវនាវ​ដល់​កសិករ​និង​ម្ចាស់​រោងចក្រ​កែច្នៃ​ និង​វេច​ខ្ចប់​ ដែល​មានបំណង​ចង់​នាំចេញ​ផលិតផល​ខាងលើ​ទៅ​ប្រទេស​ចិន​នោះ​អាច​ទំនាក់ទំនង​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​នៅ​នាយកដ្ឋាន​ការពារ​ដំណាំ​អនាម័យ​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​ ចាប់ពី​ថ្ងែ​ជូនដំណឹង​នេះ​តទៅ​រៀងរាល់​ម៉ោង​ធ្វើការ​ ដើម្បី​ឱ្យ​អគ្គនាយក​ដ្ឋាន​កសិកម្ម​ចាត់​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ និង​បណ្តុះបណ្តាល​កែតម្រូវ​បច្ចេកទេស​ជូន​តាម​ជាក់ស្តែង​ ដើម្បី​ធានា​នូវ​អនុលោម​ភាព​តាម​លក្ខខណ្ឌ​អនាម័យ​របស់​ប្រទេស​ចិន​។ អាស្រ័យហេតុ​នេះ​ហើយ​ ទើប​កសិករ​អ្នក​ដាំ​ដើមដូង​ក្រអូប​មួយចំនួន​បាន​និង​កំពុង​ពង្រីក​ការ​ដាំ​ដើមដូង​ក្រអូប​របស់​ខ្លួន​បន្ថែម​ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​ចិន​។

លោក​ ពៅ​ ប៊ុ​នថូ​ ជា​ម្ចាស់​កសិដ្ឋាន​ដូងក្រអូប​នៅ​ភូមិ​វាល​ធំ​ ឃុំ​ជើងគោ​ ស្រុក​ព្រៃនប់​ ខេ​ត្ព​ព្រះសីហនុ​បាន​រៀបរាប់​ប្រាប់​កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“មូលហេតុ​ដែល​ខ្ញុំ​ និង​កសិករ​ខ្មែរយើង​មួយចំនួន​ចាប់អារម្មណ៍​ងាក​មក​ដាំ​ដើមដូង​ក្រអូប​មួយ​រយៈ​កន្លងមក​នេះ​ គឺ​ដោយសារ​កត្តា​តម្លៃ​ទីផ្សារ​ដូងក្រអូប​ពុំ​មានការ​ធ្លាក់​ថ្លៃ​ខ្លាំង​ដូច​កសិផល​ផ្សេង​ៗឡើយ​ ព្រោះ​ផ្លែ​ដូងក្រអូប​នេះ​វា​ពេញនិយម​សម្រាប់​ការ​បរិភោគ​របស់​ពលរដ្ឋ​ទូទៅ​ ហើយ​រសជាតិ​វា​មាន​លក្ខណៈ​ល្អ​ប្រសើរ​សម្រាប់​សុខភាព​ទៀតផង​”។

ម្ចាស់​កសិដ្ឋាន​មាន​បទ​ពិសោធ​ខាង​កសិកម្ម​រូប​នេះ​បាន​រៀបរាប់​ថា​៖“កាលពី​ 3-4ឆ្នាំមុន​ នៅ​ស្រុកខ្មែរ​ពុំ​ទាន់​មានការ​បណ្តុះ​ពូជ​ដូងក្រអូប​ទេ​ ព្រោះ​គ្រាប់ពូជ​បណ្តុះ​នៅ​ស្រុក​យើង​ធ្វើ​មិនបាន​ល្អ​ ដូច្នោះ​ហើយ​ទើប​យើង​តែង​នាំ​ពូជ​ពី​ថៃ​មក​ដាំ​ ដូចជា​កសិដ្ឋាន​របស់ខ្ញុំ​ក៏​ដាំដូង​ក្រអូប​ពូជ​ពី​ថៃ​ និង​ម៉ាឡេស៊ី​ដែរ​ ដែល​កសិដ្ឋាន​ក្នុង​ស្រុក​យើង​គេ​នាំចូល​មក​លក់​”។

លោក​ ប៊ុ​នថូ​ បានឱ្យ​ដឹង​ទៀត​ថា​៖“ដើមដូង​ក្រអូប​នេះ​មិន​ពិបាក​ដាំ​ និង​ថែទាំ​ដូចដើម​ឈើ​ហូប​ផ្លែ​ផ្សេង​ៗនោះ​ទេ​ ពោល​គឺ​វា​ត្រូវការ​តែ​ទឹក​ និង​ជី​បំប៉ន​គល់​តែប៉ុណ្ណោះ​ ហើយ​ចម្ការ​របស់ខ្ញុំ​មាន​ទីតាំង​នៅ​ជិត​ដៃ​ព្រែក​តែម្ដង​ រឹតតែ​ផ្តល់​ភាព​ងាយស្រួល​ដល់​ការ​មើលថែ​ទាំ​ទៅទៀត​”។

លោក​បានឱ្យ​ដឹង​ថា​ ចំពោះ​វិធី​ដាំ​វិញ​ គេ​ត្រូវ​ជីក​រណ្តៅ​ទំហំ​ 1ម៉ែត្រ​ 4ជ្រុង​ ជម្រៅ​ 1ម៉ែត្រ​ បើ​បាន​ធំ​ និង​ជ្រៅ​ជាង​នេះ​រឹតតែ​ល្អ​ ហើយ​ត្រូវ​លាយ​ដី​ល្អជា​មួយ​ជីកំប៉ុស​ កម្ទេច​ស្លឹកឈើ​ងាប់​ដាក់​ចូល​ឱ្យ​ពេញ​រណ្តៅ​។ ដី​សម្រាប់​ដាំ​ដើមដូង​ក្រអូប​នេះ​ត្រូវ​មាន​ដង្ហើមទឹក​រា​ក់ៗ​ចាប់ពី​ 3ម៉ែត្រ​ទៅ​ 8ម៉ែត្រ​ គិត​ពី​នីវ៉ូទឹក​មក​ដី​ខាងលើ​ ជា​ដី​ដែល​មិន​លិចទឹក​ តែ​ត្រូវ​មាន​សំណើម​ទឹក​ និង​ជា​តំបន់​ដែល​ឧស្សាហ៍​មាន​ភ្លៀង​ធ្លាក់​ទៀតផង​។

លោក​បាន​បញ្ជាក់​ថា​ គេ​ចាំបាច់​ត្រូវ​រៀប​ប្រព័ន្ធ​បន្តក់​ទឹក​ ឬប្រព័ន្ធ​ទឹក​សាច​ ឬធ្វើ​ប្រឡាយ​ទឹក​ ដែល​ត្រូវ​ចំណាយ​ដើមទុន​ច្រើន​បន្តិច​ ដោយ​គេ​ត្រូវ​បន្តក់​ទឹក​លើ​រណ្ដៅ​កូន​ដូងក្រអូប​ជា​រៀងរាល់ថ្ងៃ​ នៅ​រដូវ​ក្តៅ​ ឬបើ​ទឹក​ឱ្យ​សាច​ដាក់រៀង​រាល់​ 3ថ្ងៃ​ម្តង​ ព្រោះ​ប្រព័ន្ធ​បន្តក់​ទឹក​នេះ​វា​ជួយ​សម្លាប់សត្វ​ល្អិត​ នៅ​ខាងក្រោម​ឫសដូង​ និង​ជួយ​ឱ្យ​ដើមដូង​លូតលាស់​បាន​ល្អ​ ឆាប់​ចេញ​ផ្លែ​ ផ្លែ​បាន​ច្រើន​ ធំៗ​ល្អ​ និង​ផ្លែ​មាន​ទឹក​ច្រើន​។

ការថែទាំ​ គេ​ត្រូវ​ថែម​ជីកំប៉ុស​ និង​ជី NPK​ ភ្ជួរ​ជ្រោយ​ដី​ និង​កាត់​ស្មៅ​រៀងរាល់​ឆ្នាំ​ ដាក់​អំបិល​ជុំវិញ​គល់​ដើម្បី​ការពារ​ពី​សត្វល្អិត​ស៊ី​ឫស​ដួង​ និង​បន្សាប​ជាតិ​អាស៊ីត​របស់​ដី​។ ជី​កំ​ប៉ុ​ស្ត៍​វា​នឹង​ជួយ​ដល់​ការលូតលាស់​បាន​ល្អ​ ធ្វើ​ឱ្យ​ទឹកដូង​មាន​រសជាតិ​ឆ្ងាញ់​ក្រអូប​ សាច់​ក្រាស់​ និង​ផ្អែម​ឆ្ងាញ់​ មាន​សារធាតុ​រ៉ែ​និង​វីតាមីន​ច្រើន​ ជាពិសេស​ធ្វើ​ឱ្យ​ដើមដូង​មាន​សុខភាព​រឹងមាំ​ល្អ​។

លោក​បាន​ប្រាប់​ទៀត​ថា​ កាលពី​ពេល​លោក​យក​ដូងក្រអូប​ពី​ថៃ​មក​ដាំ​ ពេលនោះ​លោក​មិនបាន​រៀន​ពី​បច្ចេកទេស​ដាំដុះ​ទេ​ តែ​លោក​បាន​ស្វែងរក​បទ​ពិសោធ​បច្ចេកទេស​ក្នុង​ការ​ដាំ​ និង​ថែទាំ​ពី​ចម្ការ​របស់​អ្នកស្រុក​ជិតខាង​។ ចំពោះ​ការ​ដាំ​វិញ​ នៅ​ខេត្ត​ព្រះសីហនុ​ និង​កោះកុង​ ក្នុង​ 1ហិ​កតា​គេ​ដាំ​បាន​ 100ដើម​ (គេ​ដាំ​ខុសគ្នា​តាម​តំបន់​) បើ​នៅ​ត្បូងឃ្មុំ​ និង​កំពង់ចាម​វិញ​ គេ​ដាំ​ 1ហិ​កតា​បាន​ 150ដើម​ ទៅតាម​ទម្លាប់​របស់​ពូក​គេ​។

ជាទូទៅ​ដូងក្រអូប​ឱ្យ​ផល​បាន​ពេញ​ 1ឆ្នាំ​ ប៉ុន្តែ​ការ​ទទួល​បានផល​ពី​ដូង​នេះ​ បាន​ច្រើន​ ឬតិច​ វា​ក៏​អាស្រ័យ​ទៅលើ​ការថែទាំ​ និង​នៅ​តាម​រដូវ​កាល​ផង​ដែរ​។ រដូវវស្សា​ដូង​ឱ្យ​ផល​បាន​ច្រើន​ និង​ល្អ​ តែ​ទិន្នផល​នឹង​ថយ​ចុះ​នៅ​រដូវប្រាំង​ ដោយសារ​អាកាសធាតុ​ក្តៅ​ និង​មាន​ទឹក​មិន​គ្រប់គ្រាន់​។

លោក​ ប៊ុ​នថូ​ប្រាប់​ថា​៖“ដូងក្រអូប​ 1ដើម​នឹង​ហុច​ផល​ឱ្យ​ក្រោយ​រយៈពេល​ថែទាំ​យ៉ាង​យូរ​ 3 ទៅ​ 4ឆ្នាំ​ ដោយ​នឹង​ទទួល​បាន​ទិន្នផល​ពី​ 180​ ទៅ​ 200ផ្លែ​ ឬលើស​ពីនេះ​ក្នុង​ 1ឆ្នាំ​”។លោក​ ប៊ុ​នថូ​ បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​៖“ដើមដូង​ក្រអូប​គេ​អាច​ទទួលផល​បាន​រយៈពេល​ 6-7ខែ​ក្នុង​ 1ឆ្នាំ​ គឺ​ចាប់ពី​ខែ12​ ដល់​ខែ6​ ដល់​ខែ7​ ទិន្នផល​នឹង​ចាប់ផ្តើម​ថយ​ចុះ​។ សម្រាប់​ខ្ញុំ​ ការចែកចាយ​លក់​មិន​លំបាក​ទេ​ គឺ​មាន​ម៉ូយ​ស្រាប់​ ព្រោះ​លក់​ជាង​ 10ឆ្នាំ​មក​ហើយ​ និង​មាន​ម៉ូយ​នៅ​គ្រប់​ខេត្ត​ ដូចជា​ខេត្ត​ព្រះសីហនុ​ កោះកុង​ និង​នៅ​ភ្នំពេញ​ក៏​មាន​”។

លោក​ ប៊ុ​នថូ​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​៖“ខ្ញុំ​មានផ្ទៃ​ដី​ដាំដុះ​ចំនួន​ 45ហិ​កតា​ ស្មើនឹង​ 4,500ដើម​ ខ្ញុំ​អាច​រកចំណូល​បាន​តាមរយៈ​ចម្ការ​ដូងក្រអូប​នេះ​ ដោយមាន​បុគ្គលិក​ កម្មករ​ មើល​ការខុសត្រូវ​ថែទាំ​ចំនួន​ 30នាក់​។ ខ្ញុំ​ក៏​មានបំណង​ចង់​នាំ​ផ្លែ​ដូងក្រអូប​របស់ខ្ញុំ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ដែរ​ ព្រោះថា​ អាច​នឹង​លក់​បាន​ថ្លៃជាង​លក់​ក្នុង​ស្រុក​ និង​ចង់​ដឹង​ថា​ តើ​ផលិតផល​របស់ខ្ញុំ​ត្រូវ​នឹង​ស្តង់​ដា​អនាម័យ​ដែលគេ​កំណត់​ឬទេ​? ម្យ៉ាងទៀត​បច្ចុប្បន្ន​នេះ​ខ្ញុំ​កំពុង​ពង្រីក​ការ​ដាំដូង​ក្រអូប​ចំនួន​ 3,000ដើម​ថែមទៀត​ ព្រោះ​វា​កំពុងតែ​មាន​តម្រូវការ​ទីផ្សារ​ល្អ​ និង​ចង់​ជំរុញ​ការនាំចេញ​ទីផ្សារ​ក្រៅ​ផង​ដែរ​”៕

Advertisement