Sky 31 ប្រកាសបញ្ចប់ការសាងសង់ដល់ជាន់ទី31

ភ្នំពេញ – បន្ទាប់ពីបានបើកការដ្ឋានការសាងសង់កាលពីអំឡុងឆ្នាំ2015 គម្រោង Sky 31 ដែលស្ថិតនៅតំបន់ទួលគោក ត្រូវបានបញ្ចប់ការសាងសង់គ្រោងអគារទាំងស្រុងហើយ ខណៈគម្រោងនេះនឹងអនុញ្ញាតឱ្យអតិថិជនចូលរស់នៅក្នុងឆ្នាំ 2018 ខាងមុខ។

លោក Gan Chee Keong ប្រធានគ្រប់គ្រងទូទៅនៃគម្រោង Sky 31 បានលើកឡើងថា ទួលគោកជាតំបន់មានហេដ្ឋារចនាសម្ព័ន្ធធំទូលាយ និងជាបណ្ដុំនៃមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះជាច្រើន។ ដូច្នេះយើងជឿថា ទីនេះជាកន្លែងល្អបំផុតសម្រាប់ការវិនិយោគខុនដូ។ លោកបានប្រាប់ទៀតថា បច្ចុប្បន្នការលក់បន្ទប់ស្នាក់នៅក្នុងគម្រោងនេះសម្រេចបានប្រហែល65%ហើយ។

SKY 31 ស្ថិតនៅក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Asia Continent & Development Co., Ltd ក្រោមទុន វិនិយោគ90លានដុល្លារ ដោយមានកម្ពស់31ជាន់ និងមាន230យូនីត។ គម្រោងនេះសាងសង់លើដីទំហំ 2,546 ម៉ែត្រការ៉េ។ ក្នុងគម្រោងនេះរួមមានភោជនីយដ្ឋាន ហាងលក់ទំនិញ ក្លិបហាត់ប្រាណ អាងហែលទឹក ហាងលក់គ្រឿងអលង្ការ និងផលិតផលធ្វើពីស្បែកជាច្រើនទៀត។ Sky 31 ជាគម្រោងដ៏ធំមួយនៅតំបន់ទួលគោក ដែលអាចផ្តល់ឱ្យអ្នករស់នៅលើអគារនោះមើលឃើញទេសភាពរាជធានីភ្នំពេញ360ដឺក្រេតែម្តង។

លោក Gan Chee Keong បានថ្លែងបន្តថា ការដែលក្រុមហ៊ុនសម្រេចមកវិនិយោគនៅកម្ពុជា ដោយសារស្ថិរភាពនយោបាយ និងការបើកទូលាយរបស់រដ្ឋាភិបាលចំពោះវិនិយោគិនបរទេស ពិសេសស្ថិរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា និងផ្តល់ឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍខុនដូនៅកម្ពុជា៕

Advertisement