អ្នក​ជំនា​ញៈ​ តម្លៃ​ដីធ្លី​ ផ្ទះសំបែង​ វីឡា​ ខុន​ដូ​ នៅតែ​មាន​ទីផ្សារ​ខ្ពស់​

ក្នុង​វេទិកា​រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា​ស្តី​ពី​ស្ថានភាព​អចលនវត្ថុ​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​និង​ទៅ​ថ្ងៃ​អនាគត​ កាលពី​ថ្ងៃទី19​ ខែកញ្ញា​ ឆ្នាំ2019​ អ្នកជំនាញ​ខាង​អចលនទ្រព្យ​បាន​ព្យាករ​ថា​ តម្លៃ​ដីធ្លី​ផ្ទះសំបែង​ វីឡា​ ខុន​ដូ​ នៅតែ​មាន​ទីផ្សារ​ខ្ពស់​ក្នុង​រយៈពេល​ 3ទៅ​ 5ឆ្នាំខាងមុខ​ទៀត​ ទោះបី​មាន​ភាព​រអាក់រអួល​ និង​ការ​រំខាន​មួយចំនួន​តូច​ក៏ដោយ​។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​អះអាង​ថា​“ដោយ​ឈរ​លើក​ត្តា​ជាច្រើន​ ក្នុង​នោះ​មាន​ដូចជា​ប្រទេស​មាន​សន្តិភាព​ ហើយ​តម្រូវការ​រស់នៅ​តាម​ខុន​ដូ​កាន់តែ​ច្រើន​ និន្នាការ​នៃ​ការរស់នៅ​បែក​គ្រួសារ​មាន​សមាជិក​ច្រើន​នៃ​មនុស្ស​សម័យថ្មី​ ការ​កើនឡើង​នៃ​ចំណូល​ក្នុង​ស្រុក​សរុប​ ឥទ្ធិពល​នៃ​ការចូលរួម​វិនិយោគ​របស់​ក្រុម​ហ៊ុន​ធំៗ​មក​ពីក្រៅ​ប្រទេស​នោះ​ បាន​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​មាន​ភាពរឹងមាំ​”។

លោក​បាន​បន្ត​ថា​ បច្ចុប្បន្ន​នៅក្នុង​ខេត្ត​ចំនួន5​ មាន​ខេត្ត​ព្រះសីហនុ​ ខេត្តសៀមរាប​ ខេត្តបាត់ដំបង​ ខេត្តកោះកុង​ និង​ខេត្តកំពត​ បាន​ចូលរួម​យ៉ាងសកម្ម​ជា​ទិសដៅ​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។ លោក​ក៏បាន​បង្ហាញ​គោលការណ៍​ 2ចំណុច​ដើម្បី​វិនិយោគ​ដី​ឡូត៍​ឱ្យ​បាន​ជោគជ័យ​ដោយ​ ទី1​-ត្រូវ​មើល​ពី​ចំនួន​ប្រជាជន​តិច​ ឬច្រើន​នៅ​តំបន់​ដែល​ត្រូវ​វិនិយោគ​។ ទី2​-មើល​តំបន់​នោះ​ តើមាន​ការ​អភិវឌ្ឍ​ ដូចជា​មាន​ផ្សារ​ រោងចក្រ​សហគ្រាស​ និង​អគារ​ពាណិជ្ជ​កម្ម​ផ្សេង​ៗឬទេ​?។

លោក​បាន​បន្ដ​ថា​ កាលពី​ជំនាន់​មុន​ឱ្យ​តែ​ពេល​បោះ​ឆ្នោត​ម្ដង​ៗ ប្រជាជន​ចាប់ផ្ដើម​លក់​ដីធ្លី​របស់​ខ្លួន​ ដោយសារ​ពួកគាត់​មានការ​ភ័យ​បារម្ភ​ច្រើន​ នេះ​បើជា​ទស្សនៈ​របស់​ប្រជាជន​កាលពី​ 15ឆ្នាំមុន​។ ប៉ុន្ដែ​ឥឡូវ​កម្រិតយល់ដឹង​របស់​ប្រជាជន​ នៅពេល​បច្ចុប្បន្ន​នេះ​ មានការ​ចេះដឹង​ច្រើន​ ដូច្នេះ​ពួកគាត់​មានការ​គិតពិចារណា​ច្រើន​ដោយ​មិនសូវ​ជា​ជឿ​លើ​ពាក្យឃោសនា​ប៉ុន្មាន​ឡើយ​។ បើ​តាម​លោក​ច្រឹក​ សុ​ខនីម​ សម្រាប់​ជំហាន​ទី2​ នៅ​ថ្ងៃ​អនាគត​ អចលនទ្រព្យ​នឹង​មាន​ទីផ្សារ​ខ្ពស់​សម្រាប់​ខេត្ត​ជុំវិញ​បឹងទន្លេសាប​។បន្ទាប់ពី​បង្ហាញ​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​នៅ​រយៈពេល5ឆ្នាំខាងមុខ​ហើយ​ លោក​ ច្រឹក​ សុ​ខនីម​ ក៏បាន​បង្ហាញ​ពី​វិស័យ​ដី​ឡូត៍​ ដែល​បច្ចុប្បន្ន​នេះ​កំពុង​មាន​សម្ទុះ​ខ្លាំង​ ដោយមាន​ការ​ពុះ​ដី​លក់​យ៉ាង​សស្រោកសស្រាំ​ផង​ដែរ​។

លោក​ ម៉ាន់​ ច័ន្ទ​ឌី​ អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​បង្ហាញ​ពី​ប្រធានបទ​ “ស្ថានភាព​វិស័យ​ដី​ឡូត៍​” ដោយ​លោក​បាន​បង្ហាញ​ពី​សញ្ញា​វិជ្ជា​មាន​ថា​ វិស័យ​ដី​ឡូត៍​នៅតែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដែល​អ្នកមាន​ចំណូល​ទាប​ និង​មធ្យម​អាច​វិនិយោគ​ទៅលើ​ដី​ឡូ​ត៍​តូច​ៗនេះ​បាន​។ ជាមួយគ្នា​នេះ​ លោក​បាន​បញ្ជាក់​ថា​ សន្សំ​លុយ​នៅក្នុង​ដី​ឡូត៍​ ប្រសើរ​ជាង​សន្សំ​លុយ​នៅក្នុង​ធនាគារ​។ ការទិញ​ដីធ្លី​ត្រឹមត្រូវ​ដោយមាន​ការ​ដឹងឮ​ពិតប្រាកដ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ថា​ ជា​ដី​ស្របច្បាប់​សម្រាប់​ទុក​លក់​បន្ត​ នៅតែ​មាន​សក្តា​នុ​ពល​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​នេះ​។លោក​ច័ន្ទ​ឌី​ ក៏បាន​ក្រើន​រំឭក​ដល់​អ្នក​ចង់​រកស៊ី​វិស័យ​ដីធ្លី​នេះ​ថា​“មុន​វិនិយោគ​ត្រូវ​ពិនិត្យមើល​ការិយាល័យ​របស់​គេ​ឱ្យ​បាន​ច្បាស់លាស់​ ប្លង់ដី​ឱ្យ​បាន​ច្បាស់លាស់​ កិច្ចសន្យា​គួរ​ឱ្យ​ជឿជាក់​បាន​កម្រិត​ណា​? មិនមែន​កិច្ចសន្យា​គ្រាន់តែ​ក្រដាស​បន្តិច​ក៏​ជឿជាក់​ដែរ​នោះ​ទេ​”។

លោក​ ហ៊ឹម​ សីហា​ នាយក​ផ្នែក​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ VTRUST​ APPRAISAL​ បានឱ្យ​ដឹង​ថា​ តម្រូវការ​ផ្ទះសំបែង​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​សព្វថ្ងៃ​នេះ​ គឺ​ស្ថិត​ក្នុង​កម្រិតខ្ពស់​ ដោយ​ក្នុង​ 1ឆ្នាំ​មាន​ចំនួន​ 2ម៉ឺន​ខ្នង​(ផ្ទះ​ផ្ទាល់​ដី​ និង​ផ្ទះ​ក្នុង​បុរី​ជាដើម​)។ ដោយឡែក​ខុន​ដូ​មាន​ចំនួន​ 1ម៉ឺន​ខ្នង​ ចំពោះ​ចំនួន​អគារ​ដែល​បាន​សាងសង់​ចប់​ និង​កំពុង​សាងសង់​មាន​ចំនួន​ 6ម៉ឺន​ខ្នង​ ហើយ​ចំនួន​នេះ​មានការ​កើនឡើង​ជាបន្តបន្ទាប់​ បើ​បូកសរុប​នឹង​អគារ​គ្រប់​ប្រភេទ​ទាំងអស់​ផង​ អាច​ឈាន​ដល់​ 5សែន​ខ្នង​ក្នុង​ឆ្នាំ2030​ ប៉ុន្តែ​តម្រូវការ​នៅពេល​នោះ​អាច​ឈាន​ដល់​ 81ម៉ឺន​ខ្នង​។នាយក​ផ្នែក​ស្រាវជ្រាវ​រូប​នេះ​បាន​បញ្ជាក់​ថា​៖“ការ​ផ្គត់ផ្គង​នេះ​មិនទាន់​គ្រប់គ្រាន់​ទេ​ យើង​ផ្គត់ផ្គង់​បានតែ​ជាង​ 5សែន​ខ្នង​ទេ​នៅ​ឆ្នាំ2030​ មានន័យថា​ កម្លាំង​នៃ​ការ​ស្រូប​ទាញ​ខ្លាំង​មែនទែន​ នេះ​ផ្នែក​មួយ​នៃ​ការ​ទស្សន៍ទាយ​របស់​យើង​”។

សូម​បញ្ជាក់​ផង​ដែរ​ថា​ វេទិកា​ស្តី​ពីអ​ចលនវត្ថុ​នៅ​កម្ពុជា​ ក្នុង​ពេល​បច្ចុប្បន្ន​ និង​នៅ​ថ្ងៃ​អនាគត​រៀបចំឡើង​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា​ និង​មាន​ការចូលរួម​ពី​លោក​ ពុយ​គា​ អគ្គលេខាធិការ​ក្លិប​អ្នកកាសែត​កម្ពុជា​ លោក​ ហ៊ឹម​ សីហា​ នាយក​ផ្នែក​ស្រាវជ្រាវ​ VTRUST​ លោក​ ពឹង​ សេរី​ អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ និង​លោក​ ម៉ាន់​ ច័ន្ទ​ឌី​អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​៕

Advertisement