អង្គភាពប្រឆាំងអំពើពុករលួយ ជ្រើសរើសអ្នកសង្កេតការណ៍សម្រាប់ការប្រឡងបាក់ឌុប

បន្ទាប់ពីមានកំណែទម្រង់ប្រព័ន្ធអប់រំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬដែលគ្រប់គ្នាហៅថា ការប្រឡងបាក់ឌុប កាន់តែមានភាពសុក្រឹត និងតឹងតែងឡើង។ ភាពល្អប្រសើរឡើងនៃលទ្ធផលប្រឡងនៅទូទាំងប្រទេសនេះ មានការចូលរួមពីគ្រប់សមាសភាពសង្គម ជាពិសេសស្ថាប័នសំខាន់ៗដែលបានតាមដានការអនុវត្តចំពោះគ្រូ និងសិស្ស។

នៅឆ្នាំនេះ អង្គភាពប្រឆាំងអំពើពុករលួយបានចេញសេចក្តីប្រកាសជាថ្មីម្តងទៀតដើម្បីជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលមានសមាសភាពនានាមកពីសមាគម អង្គការសង្គមស៊ីវិល និងបុគ្គលឯកជន ដើម្បីចូលរួមចំណែកឃ្លាំមើលការប្រឡងសម្រាប់ឆ្នាំសិក្សា 2016-2017 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 21 ខែសីហា ឆ្នាំ2017នេះ។

បេក្ខជនដែលចាប់អារម្មណ៍សូមដាក់ពាក្យចាប់ពីថ្ងៃទី03 ខែកក្កដា នេះតទៅ ដោយក្នុងមានលក្ខខណ្ឌមួយចំនួនដូចជា មានធនធាន និងមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនសម្រាប់បំពេញការងារ មិនដើរសុំថវិកាពីអ្នកដទៃដើម្បីបំពេញការងារ។
ចៀសវាងមានទំនាស់ផលប្រយោជន៍ជាមួយបេក្ខជនក្នុងមណ្ឌលប្រឡង និងធានាថាការចូលរួមសង្កេតការណ៍មិនមានប៉ះពាល់ដល់ការងាររដ្ឋ និងឯកជន រួមទាំងលក្ខខណ្ឌមួយចំនួនទៀតដែលកំណត់ដោយអង្គភាពប្រឆាំងអំពើពុករលួយ។

បេក្ខជនត្រូវផ្ញើរូបថត2សន្លឹក អត្តសញ្ញាណប័ណ្ណថតចម្លង 1សន្លឹក ឬកាតនិស្សិត ចំពោះអ្នកស្ម័គ្រចិត្តដែលធ្លាប់ចូលរួម សូមភ្ជាប់ជាមួយនូវលិខិតសរសើរ ឬប័ណ្ណពាក់សម្គាល់ខ្លួនសង្កេតការណ៍ថតចម្លងមួយច្បាប់៕

Advertisement