​ ​ជប៉ុន​ផ្តល់​ជំនួយ​ជាង​ ​40ម៉ឺន​ដុល្លារ​សម្រាប់​គម្រោង​បោសសម្អាត​មីន​ ​

​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(​ស៊ី​ម៉ាក់​)​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ​សហប្រតិបត្តិ​ការ​ជា​ដៃគូ​ជាមួយ​អង្គការ​ ​ជេម៉ា​ស់​(​JMAS​)​របស់​ជប៉ុន​លើ​គម្រោង​លើកកម្ពស់​ការ​អភិវឌ្ឍ​សហគមន៍​ ​តាមរយៈ​ការបោសសម្អាត​មីន​ដែល​មាន​ថវិកា​គាំទ្រ​គម្រោង​ជាង​ ​40ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​រយៈពេល1ឆ្នាំ​។​

​ ​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ខាងលើ​នេះ​ ​មានការ​ចូលរួម​ពី​លោក​ ​ហេង​ ​រតនា​ ​អគ្គនាយក​ស៊ី​ម៉ាក់​ ​និង​លោក​ ​SUENAGA​ ​Noriyoshi​ ​ប្រធាន​អង្គ​ការ​ជេម៉ា​ស់​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​នៅ​ទីបញ្ជាការ​ស៊ី​ម៉ាក់​ភ្នំពេញ​ ​នា​រសៀល​ថ្ងៃទី7​ ​ខែតុលា​ ​ឆ្នាំ2019នេះ​។​

​ ​លោក​ ​ហេង​ ​រតនា​ ​អគ្គនាយក​ស៊ី​ម៉ាក់​បាន​បញ្ជាក់​ថា​ ​គម្រោង​លើកកម្ពស់​ការ​អភិវឌ្ឍ​សហគមន៍​តាមរយៈ​ការបោសសម្អាត​មីន​ដែល​មាន​ថវិកា​គាំទ្រ​គម្រោង​ចំនួន​ ​401,650.27ដុល្លារ​សម្រាប់​រយៈពេល1ឆ្នាំ​ ​គិត​ពី​ថ្ងៃទី8​ ​ខែតុលា​ ​ឆ្នាំ2019​ ​ដល់​ថ្ងៃទី7​ ​ខែតុលា​ ​ឆ្នាំ2020​។​

​ ​លោក​អគ្គនាយក​ស៊ី​ម៉ាក់​បាន​បញ្ជាក់​ទៀត​ថា​ ​គម្រោង​នេះ​ស៊ី​ម៉ាក់​ផ្តោត​សំខាន់​ទៅលើ​ស្រុក​គោលដៅ​ចំនួន2​ ​គឺ​ស្រុក​ម៉ាឡៃ​ ​និង​ស្រុក​អូរជ្រៅ​ ​ដែល​ជាទី​តាំង​ប្រតិបត្តិ​ការ​របស់​គម្រោង​។​

​ ​ជំនួយឥតសំណង​ដែល​រាជរដ្ឋាភិបាល​ជប៉ុន​ផ្ដល់​ជូន​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន​នៅ​កម្ពុជា​ ​គឺ​ត្រូវ​បាន​ផ្ដល់​ឱ្យ​អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន​ ​អង្គការ​ ​JMAS​ ​សម្រាប់​ ​«​គម្រោង​លើកកម្ពស់​ការ​អភិវឌ្ឍ​សហគមន៍​ ​តាមរយៈ​ការបោសសម្អាត​មីន​ ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​»​ ​(​ឆ្នាំទី3​)​។​

​ ​នៅក្នុង​គម្រោង​នេះ​ ​JMAS​ ​នឹង​ធ្វើការ​អភិវឌ្ឍ​លើ​បច្ចេកទេស​បោសសម្អាត​មីន​ដោយ​ប្រើ​ម៉ាស៊ីន​ដោះ​មីន​នៅ​តំបន់​ដែល​ពោរពេញ​ទៅ​ដោយ​គ្រាប់មីន​ ​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ ​(​UXOs​)​ ​នៅ​លាយឡំ​គ្នា​។​

​ ​ ​អង្គការ​នេះ​ក៏​នឹង​ផ្ទេរ​វិធី​សាស្រ្ត​បោសសម្អាត​មីន​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​សុវត្ថិភាព​ទៅ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(​CMAC​)​ ​ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​ ​និង​ពន្លឿន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ឱ្យ​ដី​ប្រទេសជាតិ​មាន​សុវត្ថិភាព​៕​

Advertisement