សហគ្រាស​ធុន​តូច​ និង​មធ្យម​ ស្វែងរក​ការ​គាំទ្រ​ដើម្បី​ជំរុញ​ការប្រកួត​ប្រជែង​ទីផ្សារ​

សហព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ (The​ Federation​ of​ Association​ of​ Small​ and​ Medium​ Enterprises​ of​ Cambodia​ ឬ Fasmec​) កំពុង​អំពាវនាវ​សុំ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ដើម្បី​ផ្តល់​ការ​លើកទឹកចិត្ត​លើ​ពន្ធ​ ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម​ និង​បង្កើន​ការប្រកួត​ប្រជែង​ទីផ្សារ​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SME​)។ នេះ​បើ​តាម​ការ​ថ្លែង​របស់​ប្រធាន​ FASMAC​ នៅក្នុង​សិក្ខាសាលា​នៅ​ទីស្នាក់ការ​គយ​ និង​រដ្ឋាករ​។

លោក​ឧកញ៉ា​ តែ​ តាំង​ប៉រ​ ប្រធាន​សហព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ (Fasmec​)បាន​ថ្លែង​ថា​ សមាគម​នៅតែ​បន្ត​គាំទ្រ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​ប្រើប្រាស់​វត្ថុធាតុដើម​កសិកម្ម​ក្នុង​ស្រុក​ រួម​ទាំង​បង្កើន​សមត្ថភាព​របស់​ពួកគេ​។

លោក​បាន​កត់សម្គាល់​ថា​ កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការប្រកួត​ប្រជែង​នៃ​ផលិតផល​ក្នុង​ស្រុក​ ជាពិសេស​នៅពេល​ប្រៀបធៀប​នឹង​ផលិតផល​នាំចូល​។ ដោយ​សមាគម​គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ អំពី​បញ្ហា​ដែល​សហគ្រាស​ធុន​តូច​ និង​មធ្យម​កំពុង​ប្រឈម​ និង​ស្នើសុំ​ជំនួយ​ ដើម្បី​កែ​លម្អ​អាជីវកម្ម​ដែល​ធ្វើការ​ជាមួយ​វត្ថុធាតុដើម​កសិកម្ម​។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ថា​៖“យើង​ចង់​ជំរុញ​អាជីវកម្ម​ដែល​ប្រើប្រាស់​វត្ថុធាតុដើម​កសិកម្ម​ ដើម្បី​ផលិត​ផលិតផល​អាហារ​ ដូច្នេះ​យើង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​រក​វិធី​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម​ ពេលវេលា​ និង​ការ​ចំណាយ​ដើម្បី​ជំរុញ​ផលិតផល​ក្នុង​ស្រុក​”។

លោក​បាន​បន្ថែម​ថា​៖“បច្ចុប្បន្ន​ផលិតផល​ក្នុង​ស្រុក​ ពាក់ព័ន្ធ​នឹង​ថ្លៃដើម​ផលិតកម្ម​ខ្ពស់​បើ​ប្រៀបធៀប​នឹង​ផលិតផល​សម្រេច​នាំចូល​ ដូច្នេះ​យើង​ព្យាយាម​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម​ដើម្បី​ធ្វើ​ឱ្យ​ផលិតផល​របស់​យើង​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការប្រកួត​ប្រជែង​”។

លោក​បាន​មានប្រសាសន៍​ទៀត​ថា​ ធនាគារ​ SME​ នឹង​អនុញ្ញាត​ឱ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​ស្រុក​បន្ថែម​ទៀត​ដើម្បី​ពង្រីក​ប្រតិបត្តិ​ការ​របស់​ខ្លួន​។ ធនាគារ​សម្រាប់​សគ្រាស​ធុន​តូច​ និង​មធ្យម​ ជា​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​ការ​ទទួល​បាន​មូលនិធិ​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ក្នុង​ស្រុក​ដែល​នឹងអាច​រកបាន​នៅ​ចុងឆ្នាំ​នេះ​។

ក្រៅពី​គយ​ និង​រដ្ឋាករ​ បញ្ហា​ផ្សេងទៀត​ដែល​សហគ្រាស​ធុន​តូច​ និង​មធ្យម​កំពុង​ប្រឈម​នោះ​ រួមមាន​ថ្លៃ​អគ្គិសនី​ និង​កម្លាំង​ពលកម្ម​នឹង​ត្រូវលើ​កឡើង​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​រដ្ឋាភិបាល​ – ឯកជន​ស្តី​ពី​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​គ្រោង​ធ្វើឡើង​នៅ​ខែក្រោយ​។

យោង​តាម​ FASMAC​ ប្រទេស​កម្ពុជា​មាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ចំនួន​ជាង​ 500,000​ សហគ្រាស​ ក្នុង​នោះ​មាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ចំនួន​ 150,000សហគ្រាស​កំពុង​កែច្នៃ​វត្ថុ​ ធាតុ​ដើម​កសិកម្ម​ទៅជា​ផលិតផល​ម្ហូបអាហារ​។ សមាគម​បាន​ឱ្យ​ដឹង​ថា​ តាម​ការ​ប៉ាន់ស្មាន​ មាន​ 10​% នៃ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ចំនួន​ 150,000កន្លែង​នោះ​បាន​នាំចេញ​ផលិតផល​របស់​ខ្លួន​ទៅ​ទីផ្សារ​បរទេស​។

ថ្លែង​នៅក្នុង​សិក្ខាសាលា​ដែល​បាន​ធ្វើឡើង​ ឯកឧត្តម​ គុណ​ ញឹម​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​លើកទឹកចិត្ត​ដល់​ម្ចាស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដើម្បី​ពិភាក្សា​អំពី​ការ​លើកទឹកចិត្ត​លើ​ពន្ធគយ​ និង​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​។ឯកឧត្តម​បាន​មានប្រសាសន៍​ថា​៖“សហគ្រាស​ធុន​តូច​ និង​មធ្យម​គឺជា​ឆ្អឹងខ្នង​ស្នូល​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ ហើយ​កំពុង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​បង្កើត​ការងារ​”។

លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នថា​៖“ការ​លើកទឹកចិត្ត​ដល់​ម្ចាស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ជា​ប្រការ​សំខាន់ណាស់​ក្នុង​ការជំរុញ​ និង​លើកស្ទួយ​វិស័យSME​។ រដ្ឋាភិបាល​គួរ​ផ្តល់​ការ​លើកទឹកចិត្ត​លើ​ពន្ធ​ ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម​ និង​បង្កើន​ការប្រកួត​ប្រជែង​ទីផ្សារ​របស់​ពួកគេ​។ ជា​ការ​ឆ្លុះបញ្ចាំង​លើ​ការងារ​នេះ​ តំបន់SMEពិសេស​ គួរតែ​ត្រូវ​បាន​បង្កើត​ឡើង​ ដូច​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែរ​”។

លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​៖“បញ្ហា​ដែល​សហគ្រាស​ធុន​តូច​ និង​មធ្យម​កំពុង​ប្រឈម​ រួមមាន​ថ្លៃ​អគ្គិសនី​ និង​កម្លាំង​ពលកម្ម​ នឹង​ត្រូវលើ​កឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​រដ្ឋាភិបាល​ – ឯកជន​ស្តី​ពី​សហគ្រាស​ធុន​តូច​និង​មធ្យម​ដែល​គ្រោង​ធ្វើ​នា​ពេល​ខាងមុខ​ យើង​សង្ឃឹមថានឹង​ទទួល​បានការ​សម្របសម្រួល​នូវ​ការ​ដោះស្រាយ​បញ្ហា​សំ​ខាន់​ៗពាក់ព័ន្ធ​នឹង​ថ្លៃដើម​ផលិតកម្ម​ខ្ពស់​ ជាដើម​”។

លោក​ឧកញ៉ា​ លឹម​ ហេង​ក៏បាន​បញ្ជាក់​បន្ថែម​ទៀតផង​ដែរ​ថា​៖“ប្រសិនបើ​មានការ​គាំពារ​ពីរ​ដ្ឋ​ច្រើន​ សភា​ពាណិជ្ជកម្ម​ក៏​នឹង​ជំរុញ​បញ្ហា​នេះ​ឱ្យ​ដំណើរការ​ ព្រោះ​វា​ដូចជា​ការ​ធ្វើ​ទំនើបកម្ម​ដែរ​ ដោយ​យើង​យក​បច្ចេកវិទ្យា​មក​ផលិត​ ដើម្បី​ឱ្យ​ថ្លៃដើម​ទាប​ ព្រោះ​ការប្រើ​មនុស្ស​ បច្ចុប្បន្ន​ប្រាក់ខែ​គោល​ឡើង​ដល់​ 190​$ហើយ​ ដូច្នេះ​ថ្លៃដើម​ការផលិត​ក៏​ឡើង​តាម​ហ្នឹង​ដែរ​ តែ​នៅ​ថ្ងៃ​អនាគត​សហព័ន្ធ​មួយ​សម្រាប់​ SME​ ក៏​នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ការ​រីកចម្រើន​របស់​វិស័យ​នេះ​ដែរ​”។

ក្នុង​សិក្ខាសាលា​ ស្តី​ពី​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ កាលពី​ខែសីហា​កន្លងទៅ​ ឯកឧត្តម​ ហេង​ សុខ​គង់​ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ បាន​បញ្ជាក់​ដែរ​ថា​៖“តាម​វេទិកា​រាជរដ្ឋាភិបាល​ វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​ ជា​វិស័យ​អាទិភាព​ និង​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ​ ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ ដើម្បី​ជួយ​វិស័យ​នេះ​ អាច​ធ្វើ​ទំនើបកម្ម​ នឹង​ដើរ​ឱ្យ​ទាន់​ចង្វាក់​ផលិតកម្ម​ពិភពលោក​ ព្រោះ​វិស័យ​ SME​ គឺ​ជាផ្នែក​មួយ​ជួយ​ដល់​ផលិតផល​សរុប​ ក្នុង​ស្រុក​មាន​កំណើន​ល្អ​ ជាពិសេស​ជួយ​បង្កើន​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង32.8​% នៅ​ឆ្នាំ2018​ ពោល​គឺ​លឿន​ជាង​ផែនការ​រហូតដល់​ទៅ​ 5ឆ្នាំ​។

ដូច្នេះ​រាជរដ្ឋាភិបាល​បាន​រៀបចំ​វិធាន​ និង​នីតិវិធី​លម្អិត​ដើម្បី​អនុវត្ត​ តាមដាន​វឌ្ឍនភាព​ និង​វាយតម្លៃ​ប្រសិទ្ធភាព​ នៃ​ការអនុវត្ត​ និង​រៀបចំ​ស្នើ​នូវ​វិធានការ​បន្ថែម​ក្នុងករណី​ចាំបាច់​ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​នេះ​”។

ឯកឧត្តម​ ហេង​ សុខ​គង់​ បញ្ជាក់​ថា​៖“ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​នៃ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​ ក៏ដូចជា​វិស័យ​ឌីជីថល​ ស្រប​ទៅ​នឹង​ការ​រីកចម្រើន​របស់​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី4​ កម្ពុជា​ក៏​គ្រោង​ប្រើប្រាស់​ផ្កាយរណប​ដោយខ្លួនឯង​នៅក្នុង​អំឡុង​ឆ្នាំ2022​ ហើយក៏​គ្រោង​នឹង​ប្រើប្រាស់​ឌីជីថល​ ខេម​បូ​ឌា​ នៅក្នុង​អំឡុង​ឆ្នាំ2023​ ខាងមុខនេះ​ផង​ដែរ​”៕

Advertisement