​8ខែ​ ​ដើមឆ្នាំ2019​ ​ទុន​វិនិយោគ​នៅ​កម្ពុជា​មាន​ជាង​ ​6ពាន់​លាន​ដុល្លារ​

​ក្នុងរយៈពេល​ ​8ខែ​ ​ដើមឆ្នាំ2019​ ​គម្រោង​វិនិយោគ​នៅ​កម្ពុជា​មាន​ចំនួន​ ​222គម្រោង​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ​6ពាន់​លាន​ដុល្លារ​ ​ពោល​គឺ​មានការ​កើនឡើង​ចំនួន​ ​81គម្រោង​ ​និង​មាន​ទុន​វិនិយោគ​ប្រមាណ​ ​1.88ពាន់​លាន​ដុល្លារ​ ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ2018​។​ ​ ​នេះ​បើ​តាម​ការ​លើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​សក្តា​នុ​ពល​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​ដោយ​លោក​អគ្គ​លេខាធិ​កា​រង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​។​

​លោក​ ​ជា​ ​វុទ្ធី​ ​អគ្គលេខាធិការ​រង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បញ្ជាក់​ថា​ ​ទន្ទឹម​នឹង​កំណើន​សកម្មភាព​វិនិយោគ​ជា​រួម​ដែល​មានការ​កើនឡើង​ជាបន្តបន្ទាប់​នេះ​ ​គិត​ចាប់តាំងពី​ឆ្នាំ2016​ ​រហូតមកដល់​ខែសីហា​ ​ឆ្នាំ2019​ ​នេះ​ ​សកម្មភាព​វិនិយោគ​តាម​វិស័យ​ ​ដែល​លេចធ្លោ​ជាងគេ​ ​គឺ​វិស័យ​ទេសចរណ៍​មាន​ប្រមាណ​ជា47​%​ ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​មាន24​%​ ​វិស័យ​ឧស្សាហកម្ម​ ​និង​កម្មន្តសាល​ ​មាន23​%​ ​និង​វិ​ស័យ​កសិ​-​ឧស្សាហកម្ម​មាន​ប្រមាណ​ ​6​%​ ​នៃ​ទំហំ​វិនិយោគ​សរុប​។



​ពោល​គឺ​ ​ពី1ឆ្នាំទៅ1ឆ្នាំ​ ​សកម្មភាព​វិនិយោគ​មានការ​កើនឡើង​ជាលំដាប់​ ​រៀងគ្នា​ទាំង​ចំនួន​គម្រោង​ ​ទាំង​ទុន​វិនិយោគ​។​ ​ជាក់ស្តែង​នៅ​ឆ្នាំ2016​ ​លើ​គម្រោង​វិនិយោគ​ចំនួន​ ​171គម្រោង​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ​3.6ពាន់​លាន​ដុល្លារ​អាមេរិក​។​ ​183គម្រោង​ដែល​មាន​ទុន​វិនិយោគ​ ​6.3​ ​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ2017​ ​និង​ ​255គម្រោង​ដែល​មាន​ទុន​វិនិយោគ​ ​6.4ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ2018​។​

​លោក​ ​ជា​ ​វុទ្ធី​ ​បាន​បន្ថែម​ថា​ ​នៅក្នុង​រយៈពេល​ដូចគ្នា​នេះ​ដែរ​ ​សកម្មភាព​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ក៏​មានការ​កើនឡើង​ជាបន្តបន្ទាប់​ផង​ដែរ​ ​ដោយ​ក្នុង​ឆ្នាំ2016​ ​គម្រោង​វិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន​ ​42គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ​283លាន​ដុល្លារ​អាមេរិក​។​ ​នៅក្នុង​ឆ្នាំ2017​ ​មាន​ ​47គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​ ​444លាន​ដុល្លារ​អាមេរិក​ ​និង​នៅ​ឆ្នាំ2018​ ​មាន​ ​79គម្រោង​ ​ដែល​មាន​ទុន​វិយោគ​ ​552លាន​ដុល្លារ​អាមេរិក​។​

​គិត​ត្រឹម​ខែសីហា​ ​ឆ្នាំ2019​ ​នេះ​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ដែល​កំពុង​មាន​ប្រតិបត្តិ​ការ​មាន​ចំនួន23តំបន់​ ​ក្នុង​នោះ​មាន​គម្រោង​វិនិយោគ​ចំនួន​ ​482គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ​3.6ពាន់​លាន​ដុល្លារ​អាមេរិក​ ​ហើយ​ទំហំ​នៃ​ការនាំចេញ​ដែល​មាន​ប្រភព​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ប្រមាណ15​%​ ​នៃ​ទំហំ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ2018​។​


​ជាមួយគ្នា​នេះ​ ​ក្នុងរយៈពេល​ ​8ខែ​ ​ដើមឆ្នាំ2019​ ​ចំនួន​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ ​និង​កម្មន្តសាល​មានការ​កើនឡើង​ខ្លាំង​ ​ខណៈ​ទុន​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​មានការ​កើនឡើង​យ៉ាង​គំហុក​ ​ប្រមាណ​ជាង94​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​។​ ​ដោយឡែក​ ​តួលេខ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ ​និង​កសិ​-​ឧស្សាហកម្ម​ ​និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ផ្សេង​ៗ​ ​មានការ​ថយ​ចុះ​។​

​រាជរដ្ឋាភិបាល​ស្វាគមន៍​ចំពោះ​អ្នក​វិនិយោគ​គ្រប់​ជាតិសាសន៍​ទាំងអស់​ ​រួម​ទាំង​អ្នក​វិនិយោគ​ក្នុង​ស្រុក​ផង​ដែរ​។​ ​ច្បាប់​វិនិយោគ​របស់​កម្ពុជា​ ​ពុំ​មានការ​រើសអើង​សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា​ ​និង​ផ្តល់​នូវ​ប្រព្រឹត្ត​កម្ម​ដូចគ្នា​ទាំងអស់​។​ ​កត្តា​ទាំងនេះ​ហើយដែល​បណ្តាល​ឱ្យ​កម្ពុជា​មាន​ភាព​ទាក់ទាញ​ ​ទទួល​បាន​គម្រោង​វិនិយោគ​មក​ពី​បណ្តា​ប្រទេស​ជាច្រើន​ ​ក្នុង​នោះ​ការ​វិនិយោគ​ចិន​មាន​ភាព​លេចធ្លោ​ជាងគេ​នៅក្នុង​រយៈពេល​ ​5ឆ្នាំ​ចុងក្រោយ​នេះ​ ​ជាពិសេស​ចាប់ពី​ឆ្នាំ2016​ ​រហូតមកដល់​ខែសីហា​ ​ឆ្នាំ2019​ ​ដែល​ការ​វិនិយោគ​ទាំងនេះ​ពុំ​ផ្តោត​តែ​លើ​ឧស្សាហកម្ម​កាត់ដេរ​ ​ស្បែកជើង​ ​និង​កាបូប​នោះ​ទេ​។​ ​នេះ​បើ​តាម​លោក​ ​ជា​ ​វុទ្ធី​ ​បាន​បញ្ជាក់​។​

​លោក​ ​ជា​ ​វុទ្ធី​ ​អគ្គលេខាធិការ​រង​ ​CDC​ ​បាន​បញ្ជាក់​បន្ថែម​ថា​៖​«​បើ​ពិនិត្យ​ទៅលើ​សកម្មភាព​វិនិយោគ​បរទេស​តាម​ប្រទេស​នី​មួយ​ៗ​ ​ចាប់ពី​ឆ្នាំ2016​ ​ដល់​ខែសីហា​ ​ឆ្នាំ2019​ ​សកម្មភាព​វិនិយោគ​របស់​អ្នក​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ​ដោយ​បាន​ចូលរួម​ចំណែក​ប្រមាណ​ ​56​%​ ​នៃ​ទុន​វិនិយោគ​សរុប​ ​ក្នុង​នោះ​ប្រទេស​ចិន​ឈរ​នៅ​លំដាប់​ទី1​ ​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ​7.9ពាន់​លាន​ដុល្លារ​ ​ស្មើនឹង​ ​35​%​នៃ​ទុន​វិនិយោគ​សរុប​ ​បន្ទាប់មក​គឺ​ប្រទេស​ជប៉ុន​ ​ដែល​មាន​ប្រមាណ​ ​8​%​។​ ​ដោយឡែក​ទុន​វិនិយោគ​ក្នុង​ស្រុក​ ​បាន​បន្ត​ឈរ​នៅ​លំដាប់​លេខ1​ ​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ​10ពាន់​លាន​ដុល្លារ​អាមេរិក​ ​ស្មើនឹង​ប្រមាណ​ ​44,7​%​ ​នៃ​ទុន​វិនិយោគ​សរុប​៕​

Advertisement