ADB​-IMF​៖ សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រីកចម្រើន​ និង​ចំណូលជាតិ​នៅតែ​រឹងមាំ​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ Asian​ Development​ Bank​ (ADB​) ថ្មី​ៗនេះ​បាន​ចេញ​របាយការណ៍​ មួយ​ដែល​ឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​នៅតែ​បន្ត​សម្រេច​បាន​កំណើន​រឹងមាំ​ក្នុង​ឆ្នាំនេះ​ បើ​ ទោះបីជា​ផលិតកម្ម​កសិកម្ម​មានការ​កើនឡើង​យឺត​ជាង​ការ​រំពឹង​ទុក​ក៏ដោយ​។

ការ​ធ្វើ​បច្ចុប្បន្នភាព​ របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន​ អំពី​សេដ្ឋកិច្ច​ដែល​មានឈ្មោះ​ថា​ ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី​ Asian​ Development​ Outlook​(ADO​) ឆ្នាំ2019​ ADB​ បាន​រក្សា​ការ​ព្យាករ​ របស់​ខ្លួន​អំពី​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​(ផ.ស.ស​)សម្រាប់​ប្រទេស​កម្ពុជា​កម្រិត7.0​% សម្រាប់​ឆ្នាំនេះ​ និង​ 6.8​% សម្រាប់​ឆ្នាំ2020​។

លោកស្រី​ Sunniya​ Durrani​-Jamal​ នាយិកា​ប្រចាំ​ប្រទេស​របស់​ធនាគារ​ ADB​ ទទួលបន្ទុក​ប្រទេស​កម្ពុជា​ថ្លែង​ថា​៖ “សេដ្ឋកិច្ច​កម្ពុជា​បន្ត​កើនឡើង​ក្នុង​ល្បឿន​ដ៏​រឹងមាំ​ដោយសារតែ​ភាព​ខ្លាំង​ជា​បន្ត​នៅ​ក្នុង​វិស័យ​ទូទៅ​ជាច្រើន​ ដូចជា​វិស័យ​កាត់ដេរ​ ទេសចរណ៍​ ពាណិជ្ជកម្ម​ និង​សំណង់​នៅតែ​បន្ត​មាន​ភាពរឹងមាំ​។ ទោះបី​យ៉ាងនេះ​ក្តី​ ADB​ បានឱ្យ​ដឹង​ថា​ កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ​ពិពិធ​កម្ម​ ផលិតផល​នាំចេញ​របស់​ខ្លួន​ក្រៅពី​វិស័យ​ដែល​មានស្រាប់​បច្ចុប្បន្ន​”។

លោកស្រី​បន្ត​ថា​៖“ជាមួយនឹង​ការ​កើនឡើង​ភាព​មិន​ច្បាស់លាស់​នៅក្នុង​បរិយាកាស​ពាណិជ្ជកម្ម​ពិភពលោក​ ព្រមទាំង​ផល​ប៉ះពាល់​របស់​វា​មក​លើ​វិស័យ​សេវាកម្ម​ ដូចជា​ ទេសចរណ៍​កម្ពុជា​ត្រូវការ​យុទ្ធសាស្ត្រ​ពិពិធ​កម្ម​មួយ​ជាបន្ទាន់​ ដែល​ផ្តោត​លើ​អ្វី​ដែល​មាន​ភាព​សមស្រប​សម្រាប់​ខ្លួនឯង​ ព្រមទាំង​ផ្តោត​លើ​ផលិតផល​ និង​សេវាកម្ម​ដែល​មានតម្លៃ​បន្ថែម​ខ្ពស់​ជាង​មុន​”។

លោកស្រី​បន្ត​ថា​ ការ​ធ្វើបែប​នេះ​តម្រូវ​ឱ្យ​កាត់បន្ថយ​ហានិភ័យ​ ដែល​កើតឡើង​ពី​ការ​ផ្តល់​ឥណទាន​ដល់​វិស័យ​អចលនទ្រព្យ​ ដែល​កំពុងតែ​មានការ​កើន​ឡើង​ ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ប្រកបដោយ​ជំនាញ​និង​មាន​ផលិតភាព​ខ្ពស់​ជាង​មុន​ ដើម្បី​រក្សា​តុល្យភាព​នឹង​ប្រាក់ឈ្នួល​ ដែល​កំពុង​កើនឡើង​ និង​ទាក់ទាញ​ការ​វិនិយោគមូលធន​ប្រកបដោយ​គុណភាព​ខ្ពស់​ ដែល​ទាំងអស់​នេះ​ត្រូវការ​ឱ្យ​មាន​ផង​ដែរ​នូវ​អភិបាលកិច្ច​ល្អ​ និង​ស្ថាប័ន​ដែល​រឹងមាំ​។

របាយការណ៍​នេះ​ បាន​កត់សម្គាល់​អំពី​ហានិភ័យ​ចំពោះ​ផលិតកម្ម​ដែល​អាច​រង​ផល​ប៉ះពាល់​ ពី​ការប្រែប្រួល​អាកាសធាតុ​។ គ្រោះ​រាំងស្ងួត​ដែល​បាន​កើតឡើង​ នៅ​អំឡុង​ពាក់កណ្តាល​ឆ្នាំ​ដំបូង​ បាន​ធ្វើ​ឱ្យ​ផលិតកម្ម​កសិផល​ និង​ជលផល​មានការ​ធ្លាក់ចុះ​ ដោយ​បាន​កាត់បន្ថយ​កំណើន​សេដ្ឋកិច្ច​ នៅក្នុង​វិស័យ​កសិកម្ម​ មក​ត្រឹម​ប្រមាណ​ 1.1​% សម្រាប់​ឆ្នាំ​នេះ​។ កំណើន​វិស័យ​ឧស្សាហកម្ម​ មាន​ ភាពរឹងមាំ​ដោយសារ​កំណើន​ដ៏​ឆាប់រហ័ស​នៃ​ផលិតកម្ម​កាត់​-ដេរ​សម្លៀកបំពាក់​ ស្បែកជើង​ ជាពិសេស​ទំនិញ​សម្រាប់​ការ​ធ្វើដំណើរ​ដែល​បាន​នាំ​ឱ្យ​មានការ​ដំឡើង​ការ​ព្យាករ​របស់​ ADB​ ពី​ 10.1​% កាល​ ពី​ខែ​មេសា​ ទៅជា​ 10.6​% សម្រាប់​វិស័យ​នេះ​។

ដោយសារ​ប្រេងឥន្ធនៈ​មានតម្លៃ​ទាប​ជាង​មុន​និង​តម្លៃ​ស្បៀងអាហារ​មានការ​កើនឡើង​តិច​អតិផរណា​មានកម្រិត​ទាប​ត្រឹម​ 1.4​% នៅ​ចុងខែ​មិថុនា​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ឆ្នាំ2018​ និង​រំពឹង​ថា​ នឹង​មានកម្រិត​ 2.2​% ជាមធ្យម​ សម្រាប់​ឆ្នាំ2019​។

កំណើន​នៃ​ការនាំចូល​លឿន​ជាង​ការ​រំពឹង​ទុក​ បើ​ទោះបី​ការនាំចេញ​ទំនិញ​ និង​ការ​មកដល់​នៃ​ភ្ញៀវ​ទេសចរ​មានការ​កើនឡើង​យ៉ាង​រឹងមាំ​ក៏ដោយ​។ ដូច្នេះ​ឱនភាព​គណនីចរន្ត​ (ដោយ​មិនរាប់​បញ្ចូល​ជំនួយឥតសំណង​) ត្រូវ​បាន​រំពឹង​ថា​ នឹង​កើនឡើង​នៅ​ក្នុងរយៈពេល​នៃ​ការ​ព្យាករ​នេះ​។ ឱនភាព​នេះ​ទទួល​បាន​ហិរញ្ញប្បទាន​ពី​លំហូរ​ចូល​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ដែល​នឹង​បន្ត​គរ​ពូន​ទុនបម្រុង​ដុល​អន្តរជាតិ​ឱ្យ​ឡើង​ដល់​ប្រមាណ​ 12.3ពាន់​លាន​ដុល្លារ​ត្រឹម​ដំណាច់ឆ្នាំ​នេះ​ ដែល​អាច​រ៉ាប់រង​ចំណាយ​សម្រាប់​ការនាំចូល​បាន​រយៈពេល​ 6ខែ​។

ដោយឡែក​មន្ត្រី​ជាន់ខ្ពស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (International​ Monetary​ Fund​ ឬIMF​) ក៏បាន​កោត​សសើរ​ចំពោះ​ការ​រីកចម្រើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ និង​ចំណូលជាតិ​រឹងមាំ​ខណៈ​មន្ត្រី​រូប​នេះ​ចុះ​បំពេញបេសកកម្ម​ សម្រាប់​រយៈពេល​ 2សប្តាហ៍​នៅ​កម្ពុជា​ ដើម្បី​សិក្សា​ និង​វាយតម្លៃ​ក្របខ័ណ្ឌ​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​ ។

លោក​ Jarkko​ Turunen​ ក្រុមការងារ​បេសកកម្ម​ Article​ IV​ របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) បាន​ឱ្យ​ដឹង​យ៉ាង​ដូច្នេះ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដោយ​លោក​បាន​មានប្រសាសន៍​ថា​ បេសកកម្ម​របស់​ក្រុមការងារ​ Article​ IV​ មាន​គោលបំណង​៖ 1-វាយតម្លៃ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​សកល​ តំបន់​ និង​នយោបាយ​ភូមិសាស្ត្រ​មក​លើ​ក្របខ័ណ្ឌ​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​។ 2- វាយតម្លៃ​ និង​ផ្តល់​អនុសាសន៍​គន្លឹះ​ សម្រាប់​ពិចារណា​លើ​វិធានការ​ គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​ និង​អាទិភាព​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំពុង​អនុវត្ត​ និង​ត្រៀម​នឹង​ដាក់ចេញ​សម្រាប់​ជំហាន​បន្ទាប់​។ 3-ការ​ប៉ាន់ស្មាន​តម្រូវការ​ និង​ប្រភព​ហិរញ្ញប្បទាន​ក្នុង​ការ​គាំទ្រ​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ (CSDGs​) និង4​-យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សមត្ថភាព​មន្ត្រី​ជំនាញ​កម្ពុជា​ ដែល​រួមមាន​ជំនាញ​វិភាគ​ និង​ស្តង់ដារ​គ្រប់គ្រង​ និង​ផ្សព្វផ្សាយ​ទិន្នន័យ​ ។

លោក​ Jarkko​ Turunen​ ប្រធាន​បេសកកម្ម​ បាន​វាយតម្លៃ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​សម្រេច​បាន​នូវ​សមិទ្ធផល​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ និង​ចំណូលជាតិ​ប្រកប​ ដោយ​ភាពរឹងមាំ​ និង​ផ្លែផ្កា​។

លោក​បាន​ថ្លែងអំណរគុណ​ ដល់​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​បន្ត​រៀបចំ​ផ្តល់​កិច្ចសហការ​យ៉ាងសកម្ម​ សម្រាប់​ក្រុមការងារ​បេសកកម្ម​ Article​ IV​ ក្នុង​ការវាយតម្លៃ​ក្របខ័ណ្ឌ​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​ និង​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​អគ្គនាយក​ដ្ឋាន​ / ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ឱកាស​បំពេញ​ការងារ​បេសកកម្ម​នេះ​។

ក្នុង​ឱកាស​នោះ​ដែរ​ លោក​ Jarkko​ Turunen​ ប្រធាន​ក្រុម​បេសកកម្ម​សម្រាប់​កម្ពុជា​ បាន​ចូល​ជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម​ ជា​ ចាន់​តូ​ អគ្គ​ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​ដោយ​ឯកឧត្តម​អគ្គ​ទេសាភិបាល​បាន​ថ្លែង​ឱ្យ​ដឹង​ថា​ គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​ មាន​សុខភាព​ល្អ​ប្រសើរ​ និង​បាន​រួមចំណែក​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ និង​បាន​ពង្រឹង​ការ​ត្រួតពិនិត្យ​ និង​បទប្បញ្ញត្តិ​ជាមួយនឹង​ការ​ដាក់ចេញ​បន្តបន្ទាប់​នូវ​គោលនយោបាយ​ម៉ាក្រូ​ប្រុងប្រយ័ត្ន​ ការបោះផ្សាយ​របាយការណ៍​ ស្ថិរភាព​ហិរញ្ញវត្ថុ​ និង​ពង្រឹង​បណ្តាញ​ការពារ​ស្ថិរភាព​ធនាគារ​ឱ្យ​បាន​រឹងមាំ​ស្របតាម​ស្តង់​ដា​អន្តរជាតិ​។

សូមជម្រាប​ថា​ បេសកកម្ម​ Article​ IV​ ត្រូវ​បាន​មូលនិធិ​រូបិយវត្ថុ​អន្ដរ​ជាតិ​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​ សម្រាប់​ប្រទេស​ជាស​មា​ជិ​ក ដើម្បី​ពិនិត្យ​តាមដាន​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ និង​ផ្តល់​អនុសាសន៍​ សម្រាប់​ការអនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​។

ឯកឧត្តម​អគ្គ​ទេសាភិបាល​ក៏បាន​ជម្រាប​ជូន​គណៈប្រតិភូ​ពី​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​នា​ពេល​កន្លងមក​ ពិសេស​នៅ​ឆ្នាំ2018​ ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​អត្រា7.5​%។ ឆ្នាំ2019​ រាជរដ្ឋាភិបាល​ រំពឹង​ថា​ កំណើន​នឹង​បន្ត​កើន​ក្នុងរង្វង់​ 7.1​% ដែល​ជា​កម្រិត​ខ្ពស់​ក្នុង​តំបន់​។ ទន្ទឹម​នេះ​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ល្អ​ប្រសើរ​ ដោយ​អតិផរណា​នៅ​ឆមាស​ទី1​ មាន​អត្រា1.9​% ហើយ​រំពឹង​ថា​ មានកម្រិត2.2​% សម្រាប់​ឆ្នាំ2019​៕

Advertisement