CVEA​ បង្ហាញ​កំណត់សម្គាល់​ និង​បទ​ពិសោធ​ដែល​បាន​ពី​សន្និសីទ​អចលនទ្រព្យ​អន្តរជាតិ​

ចំណុច​សំ​ខាន់​ៗមួយចំនួន​ដែល​ជា​ប្រធានបទ​ទាក់ទិន​នឹង​អចលនទ្រព្យ​ ត្រូវ​បាន​ក្លាយជា​ បទ​បង្ហាញ​របស់​ប្រតិភូ​នៃ​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​(CVEA​)ដែល​បាន​លើកយក​មក​ដើម្បី​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការ​អញ្ជើញ​ចូលរួម​នៅក្នុង​ព្រឹត្តិ​ការណ៍​សន្និសីទ​អចលនទ្រព្យ​អន្តរជាតិ​ប្រចាំឆ្នាំ2019​ នៅ​ប្រទេស​ជប៉ុន​ ដើម្បី​បង្កើន​សក្តា​នុ​ពល​លើ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​)បាន​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“ខ្ញុំ​បាន​ត្រៀម​ធ្វើ​បទ​បង្ហាញ​ផ្ដោត​លើ​ប្រទេស​កម្ពុជា​ឱ្យ​អ្នក​វិនិយោគ​បរទេស​បាន​យល់ថា​ ហេតុអ្វី​កម្ពុជា​ត្រូវការ​ការ​វិនិយោគ​ និង​ក៏​ដើម្បី​បាន​ចាត់ទុកថា​ ការចូលរួម​នេះ​ គឺ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ដែល​ត្រូវ​រៀនសូត្រ​ពី​បណ្ដា​ប្រទេស​រីកចម្រើន​លើ​ពិភពលោក​ ពិសេស​ម្ចាស់ផ្ទះ​ជប៉ុន​។ នេះ​គឺជា​ឱកាស​ដ៏​ល្អ​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បរទេស​មកកាន់​កម្ពុជា​ និង​ពី​កម្ពុជា​ទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​”។

លោក​បាន​បន្ត​ទៀត​ថា​ តាម​ការចូលរួម​នៅក្នុង​សន្និសីទ​អចលនទ្រព្យ​អន្តរជាតិ​នៅក្នុង​ប្រទេស​ជប៉ុន​នោះ​ អ្វី​ដែល​យើង​ទទួល​បាន​មកវិញ​គឺ​៖ ទី1​-បទ​ពិសោធ​នៃ​បណ្តា​ប្រទេស​ទាំង8​ នៃ​បណ្តា​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ និង​ការចែក​រំលែក​នូវ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ ជាពិសេស​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​ និង​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ផ្សេង​ៗទៀត​។ ទី2​-បរិបទ​ និង​បែបផែន​នៅក្នុង​ការ​វិនិយោគ​ពី​ប្រទេស​យើង​ទៅកាន់​ប្រទេស​គេ​ និង​ពី​ប្រទេស​គេ​មកកាន់​ប្រទេស​កម្ពុជា​យើង​វិញ​ដែរ​ ដើម្បី​ណែនាំ​ការ​វិនិយោគ​ ដែល​នេះ​ គឺ​ជា​សក្តា​នុ​ពល​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​។ ទី3​-ពាក់ព័ន្ធ​នឹង​ទំនាក់​-ទំនងជា​មួយ​អ្ន​កិ​វិនិយោគ​ថា​ តើ​អ្នក​វិនិយោគ​នាំមក​នូវ​ម៉ូដែល​ និង​បច្ចេកវិទ្យា​សំ​ខាន់​ៗមក​ក្នុង​ប្រទេស​យើង​ជាមួយ​នឹង​សក្តា​នុ​ពល​នៃ​ការ​អភិវឌ្ឍ​បែប​ណា​នៅក្នុង​ប្រទេស​របស់​យើង​។

តាម​ការ​បញ្ជាក់​របស់​លោក​សុ​ខនីម​ បានឱ្យ​ដឹង​ថា​ ៖“ការចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​នេះ​ ក្រុម​ប្រតិភូ​ CVEA​ បាន​ទទួល​នូវ​អ្វី​ជា​សំខាន់​នោះ​ គឺ​ការ​រៀន​ពី​ម៉ូដែល​ នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ ប្រទេស​នី​មួយ​ៗដែល​បាន​ចូលរួម​។ តាមរយៈ​ការ​ធ្វើទស្សនកិច្ច​តំបន់​អចលនទ្រព្យ​ប្រទេស​ជប៉ុន​ ដែល​មាន​អគារ​កម្ពស់​ 70​-80ជាន់​ដែល​បំពាក់​ឧបករណ៍​ការពារ​ការ​រញ្ជួយ​ផែនដី​ផង​ តែ​ក៏​គេ​នៅតែ​អាច​ដឹកនាំ​ការ​កសាង​បាន​”។

លោក​ប្រធាន​សមាគម​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា​៖“បើ​យើង​ប្រៀបធៀប​សេដ្ឋកិច្ច​ក្នុង​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ គឺ​យើង​ដើរ​នៅ​ក្រោយគេ​ឆ្ងាយណាស់​ បើ​ប្រៀបធៀប​ជា​ឆ្នាំ​ ប្រហែលជា​ក្រោយ​ប្រទេស​ជប៉ុន​ប្រមាណ​ 25​ឆ្នាំមុន​។ គឺ​យើង​នៅ​ឆ្ងាយ​ពី​គេ​នៅឡើយ​ ព្រោះ​គេ​មាន​ការ​អភិវឌ្ឍ​ច្រើនជាង​យើង​ មាន​បទ​ពិសោធ​ខ្លាំង​ និង​ល្អ​ជាង​យើង​។ វិស័យ​អចលនទ្រព្យ​គេ​មានការ​-គិតគូរ​បាន​ល្អ​ និង​ការរៀបចំ​បាន​ល្អ​”។

ប៉ុន្តែ​លោក​ប្រធាន​សមាគម​ CVEA​ ក៏បាន​បញ្ជាក់​ដែរ​ថា​៖“ប៉ុន្តែ​ប្រទេស​កម្ពុជា​យើង​មិន​អន់​នោះ​ទេ​ យើង​ដើរលឿន​ ទោះជា​យើង​អភិវឌ្ឍ​ក្រោយគេ​មែន​តែ​យើង​ដើរលឿន​សម្រាប់​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​នេះ​។ ព្រោះ​បើ​តាម​ការ​ព្យាករ​ ក្នុងរយៈពេល​ប្រហែលជា​ 15ឆ្នាំ​ ទៅមុខ​ទៀត​ កម្ពុជា​អាច​នឹង​ឈាន​បាន​ប្រហាក់​ប្រហែល​នឹង​ប្រទេស​គេ​បាន​ហើយ​ ទោះបី​មិនដល់​គេ​ ព្រោះ​ពេលនោះ​គេ​អាច​កែប្រែ​បន្ថែម​ តែ​ក្នុង​ចន្លោះ15ឆ្នាំ​ យើង​នឹង​ឃើញ​អគារ​ខ្ពស់​ៗច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ​ និង​តំបន់​ប៉ូល​អភិវឌ្ឍន៍​សំ​ខាន់​ៗមួយចំនួន​”។

សូម​បញ្ជាក់​ថា​ ការចូលរួម​សន្និសីទ​អចលនទ្រព្យ​អន្តរជាតិ​ប្រចាំឆ្នាំ2019​ (International​ Real​ Estate​Conference​ 2019​) IREC​ នៅ​ប្រទេស​ជប៉ុន​ គឺ​ក្នុង​គោលបំណង​បង្កើន​ទំនាក់ទំនង​ កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ ជាពិសេស​ពង្រីក​ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​អចលនទ្រព្យ​ ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​ និង​ដើម្បី​ស្វែងយល់​ ក៏ដូចជា​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទីផ្សារ​អចលនទ្រព្យ​ និង​កៀងគរ​ក្រុម​អ្នក​វិនិយោគ​អន្តរជាតិ​ឱ្យ​ចូលមកធ្វើការ​វិនិយោគ​នៅ​កម្ពុជា​។

លោកស្រី​ តាំង​ ហួរ​ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​អចលនទ្រព្យ​អន្តរជាតិ​នៅ​ប្រទេស​ជប៉ុន​នេះ​ដែរ​ បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នថា​៖“ការចូលរួម​ក្នុង​សន្និសីទ​នេះ​យើង​បាន​ទទួល​បទ​ពិសោធ​ច្រើន​ដែរ​សម្រាប់​យក​មក​អនុវត្ត​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​យើង​។ ពោល​គឺ​យើង​បាន​រៀនសូត្រ​នូវ​អ្វី​ល្អ​ៗពី​គេ​ យើង​មាន​ណេត​វើក​ (Network​) និង​ការ​ផ្លាស់​ប្តូរ​យោបល់​ គំនិត​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​កម្រិត​ពិភពលោក​”។

លោកស្រី​នាយិកា​បាន​បញ្ជាក់​ដែរ​ថា​ យើង​ក៏​បាន​ពិភាក្សា​ដេញដោល​គ្នា​ពី​បញ្ហា​ភ្នាក់ងារ​លក់​ទិញ​អចលនទ្រព្យ​ ដោយ​លើក​ហេតុផល​ពី​ប្រទេស​នី​មួយ​ៗថា​ យើង​ជួបប្រទះ​បញ្ហា​អ្វីខ្លះ​? កង្វះខាត​អ្វី​ខ្លះ​ដែល​យើង​មាន​? ព្រោះ​គោលការណ៍​ និង​ច្បាប់​លក់ដូរ​ វា​ខុស​ៗគ្នា​ទៅតាម​ប្រទេស​នី​មួយ​ៗ ហើយ​យើង​អាចយ​កចំណុច​សំ​ខាន់​ៗមក​អនុវត្ត​ដោយ​ព្យាយាម​កែប្រែ​ និង​បំពេញ​នូវ​ចំណុច​ខ្វះខាត​ដែល​យើង​មាន​ ដើម្បី​ធ្វើ​ឱ្យ​មានការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​យើង​ឱ្យ​ជឿនលឿន​ដូច​គេ​ដែរ​។

លោកស្រី​ តាំង​ ហួរ​ ក៏បាន​បញ្ជាក់​ទៀត​ថា​៖“យើង​ក៏​ទទួល​បាន​នូវ​ការ​ធ្វើ​ Network​ យើង​អាច​ដឹងពី​ព័ត៌មាន​នៃ​ការលក់ដូរ​។ ដូចជា​នៅ​ប្រទេស​មួយ​ចំនួន​ដោយសារ​ដី​ថ្លៃ​ គេ​ច្រើនតែ​លក់​ខុន​ដូ​វិញ​ ព្រោះ​វា​មិនសូវ​ស្មុគស្មាញ​ តែ​សម្រាប់​យើង​តម្លៃ​ដី​នៅ​ថោក​ បើ​ប្រៀប​នឹង​ប្រទេស​គេ​ ដូច្នេះ​យើង​អាច​លក់​ទាំង​ដី​ ទាំង​លំនៅឋាន​ ខុន​ដូ​ និង​សំណង់​អគារ​ផ្សេង​។ល។ ហើយ​សម្រាប់​ប្រទេស​យើង​ អចលនទ្រព្យ​ស្រុក​យើង​ មាន​អ្នក​វិនិយោគ​បរទេស​គេ​ល្បី​ណាស់​ ដោយសារ​យើង​មាន​សក្តា​នុ​ពល​វិស័យ​នេះ​។ តែ​ទោះបី​យើង​មាន​សក្តា​នុ​ពល​វិស័យ​អចលនទ្រព្យ​នេះ​ក៏​ដោយ​ ក៏​យើង​ត្រូវតែ​ខំប្រឹង​រៀនសូត្រ​ពី​គេ​ ដើម្បី​ការ​វិវឌ្ឍ​ទៅមុខ​ បើ​យើង​មិន​រៀនសូត្រ​ យើង​មិន​អាច​មាន​ការ​រីកចម្រើន​បានទេ​”៕

Advertisement